ការស្រាវជ្រាវសុខភាពថ្នាក់ជាតិបង្ហាញថា កុមារកម្ពុជា ដែលមានអាយុក្រោម ៥ឆ្នាំប្រមាណ ៣២% បានប្រឈមមុខនឹងបញ្ហាខ្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ បណ្ដាលឲ្យពួកគេកើតជំងឺក្រិន មិនលូតលាស់រាងកាយបានល្អទេ។
ក្នុងចំណោមកុមារខ្មែរដែលខ្វះអាហារូបត្ថម្ភនោះ គឺកុមារដែលរស់នៅតាមទីជនបទមានចំនួនប្រមាណ ៣៤% គឺខ្ពស់ជាងកុមារដែលរស់នៅទីក្រុង ១០%។ បញ្ហាក្រិះក្រិនដែលកំពុងតែប្រឈមមុខនេះ អង្គការក្រៅរដ្ឋាភិបាលខ្លះដែលធ្វើការងារជួយសង្គ្រោះកុមារ ត្រូវការរដ្ឋាភិបាលខ្មែរឲ្យចូលរួមសហការក្នុងយុទ្ធនាការលុបបំបាត់។
គម្រោងនូរីស (Nourish) នៃអង្គការសង្គ្រោះកុមារ (Save the Children) បានប្រកាសធ្វើយុទ្ធនាការបង្ការភាពក្រិះក្រិនទៅលើកុមារកម្ពុជា នៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី៣០ ខែមីនា។
យុទ្ធនាការក្រោមប្រធានបទលូតលាស់ទាំងអស់គ្នានោះ បានទាមទារឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ព្រមទាំងឪពុកម្ដាយ និងមន្ត្រីរបស់រដ្ឋាភិបាលជាច្រើនផ្នែកទៀតដែលពាក់ព័ន្ធ បានយល់ដឹង ហើយរួមគ្នាការពារប្រយុទ្ធប្រឆាំងនឹងភាពក្រិះក្រិនទៅលើកុមារ។
ប្រធានគម្រោងនូរីស នៃអង្គការសង្គ្រោះកុមារ ដែលទទួលជំនួយពីសហរដ្ឋអាមេរិក គឺអ្នកស្រី អ៊ីណា សាសស៊ី (Inna Sacci)។ អ្នកស្រីបានថ្លែងនៅក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃយុទ្ធនាការបង្ការភាពក្រិះក្រិននៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ថា បើទោះបីជាបច្ចុប្បន្ន ប្រទេសកម្ពុជា មានសេវាថែទាំសុខភាពកាន់តែប្រសើរឡើងក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមមុខនឹងកុមារដែលខ្វះអាហារូបត្ថម្ភ ហើយកើតជំងឺក្រិះក្រិន។ កុមារកម្ពុជា ម្នាក់ក្នុងចំណោម ៣នាក់ដែលមានអាយុក្រោម ៥ឆ្នាំ គឺប្រឈមមុខនឹងបញ្ហាខ្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ ឬក៏ក្រិន។ អ្នកស្រី អ៊ីណា សាសស៊ី ឲ្យដឹងទៀតថា ខេត្តសៀមរាប គឺជាខេត្តមួយដែលមានអត្រាកុមារប្រឈមមុខនឹងការខ្វះអាហារូបត្ថម្ភ ៣៦%។ តួលេខនេះ គឺខ្ពស់ជាងបណ្ដាខេត្តចំនួនពីរទៀត ដែលកុមារជាច្រើនកំពុងប្រឈមមុខនឹងការខ្វះអាហារូបត្ថម្ភដែរ គឺខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង៖ « ការខ្វះអាហារូបត្ថម្ភចំពោះកុមារនេះ វាបណ្ដាលមកពីបញ្ហាជាច្រើនប្រភេទ ដូចជានៅពេលម្ដាយមានផ្ទៃពោះ មិនបរិភោគអាហារដែលមានជាតិប្រូតេអ៊ីន និងវីតាមីនឲ្យបានគ្រប់គ្រាន់។ បញ្ហាមួយទៀតអាចកើតមានទៅលើកុមារអាយុក្រោម ២ឆ្នាំ នៅពេលណាដែលគេមានអាការៈរាកខ្លាំង រួមទាំងការប្រើប្រាស់ទឹកមិនស្អាតជាប្រចាំថ្ងៃ ជាដើម »។
ការស្រាវជ្រាវសុខភាពថ្នាក់ជាតិកាលពីឆ្នាំ២០១៤ កន្លងទៅ បង្ហាញថា កុមារកម្ពុជា អាយុក្រោម ៥ឆ្នាំចំនួន ៣២% មានបញ្ហាខ្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ ឬក៏ក្រិះក្រិន។ អត្រាក្រិះក្រិននៃកុមារដែលរស់នៅទីជនបទដាច់ស្រយាល គឺ ៣៤%។ តួលេខនេះ គឺខ្ពស់ជាងចំនួនកុមារដែលរស់នៅទីក្រុងរហូតដល់ ១០%។
អភិបាលរងខេត្តសៀមរាប ដែលចូលរួមពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃយុទ្ធនាការបង្ការភាពក្រិះក្រិន លោក សង់ រីហា មានប្រសាសន៍ថា អន្តរាគមន៍របស់គម្រោងនូរីស ដែលផ្ដោតការយកចិត្តទុកដាក់ទៅលើមាតា និងកុមារដែលខ្វះអាហារូបត្ថម្ភ គឺជាការឆ្លើយតបយ៉ាងសំខាន់ទៅលើតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលនយោបាយរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ឲ្យក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោះស្រាយឧបសគ្គនៃកង្វះអាហារូបត្ថម្ភនេះដែរ៖ « ដើម្បីដោះស្រាយការកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ ឬក្រិះក្រិន ចាំបាច់ត្រូវមានការរួមចំណែកពីវិស័យពាក់ព័ន្ធនានា »។
ជំងឺក្រិះក្រិន មិនត្រឹមតែធ្វើឲ្យកុមារមិនលូតលាស់ផ្នែករាងកាយ និងគ្មានកម្លាំងរឹងប៉ឹងប៉ុណ្ណោះទេ វាក៏ធ្វើឲ្យខួរក្បាលរបស់កុមារមិនលូតលាស់ ព្រមទាំងបញ្ញា និងស្មារតីមិនគ្រប់គ្រាន់ដែរ។
អង្គការសង្គ្រោះកុមារ ឲ្យដឹងថា ក្រៅតែពីគេធ្វើពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវយុទ្ធនាការបង្ការភាពក្រិះក្រិនក្នុងខេត្តសៀមរាប គឺគេមានគម្រោងនឹងធ្វើយុទ្ធនាការដូចគ្នានេះនៅខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែមីនា នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី៧ ខែមេសា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។