អាជ្ញាធរថៃរកឃើញជនជាតិថៃជាច្រើននាក់ឆ្លងជំងឺកូវីដ១៩ ក្រោយពេលពួកគេលួចឆ្លងដែនត្រឡប់មកពីកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មន្ត្រីសង្គមស៊ីវិល យល់ថា រឿងនេះកើតឡើងដោយសារអាជ្ញាធរនៅតំបន់ព្រំដែនអនុវត្តច្បាប់ធូររលុង ទើបបណ្ដាលឱ្យផ្ទុះការរាតត្បាតជំងឺកូវីដ១៩ នៅទីនោះ។
ក្នុងរយៈពេលប្រមាណមួយសប្ដាហ៍មកនេះ អាជ្ញាធរថៃបានរកឃើញជនជាតិថៃប្រហែល ៣០នាក់ហើយ ដែលឆ្លងជំងឺកូវីដ១៩ ក្រោយពេលពួកគេលួចឆ្លងដែនត្រឡប់មកពីកម្ពុជាចូលប្រទេសថៃវិញដោយខុសច្បាប់។
មន្ត្រីក្រសួងសុខាភិបាលថៃ បានប្រកាសនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី១៩ ឧសភាថា មួយរយៈ នេះមានជនជាតិថៃលួចឆ្លងដែនត្រឡប់មកពីកម្ពុជាកាន់តែច្រើនឡើងបានឆ្លងជំងឺកូវីដ១៩។ តួយ៉ាងនៅថ្ងៃទី១៩ ឧសភា ក្រសួងសុខាភិបាលថៃរកឃើញជនជាតិថៃចំនួន ៨នាក់ឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីនេះ ក្រោយពេលពួកគេលួចឆ្លងដែនតាមច្រករបៀងព្រំដែនខេត្តស្រះកែវ (Sra Kaeo) ត្រឡប់មកពីធ្វើការនៅក្នុងបនល្បែងកាស៊ីណូនៅក្រុងប៉ោយប៉ែត។ ប្រភពដដែលបញ្ជាក់ថា ការលួចឆ្លងដែនខុសច្បាប់នេះ ប្រឈមនឹងឆ្លងជំងឺកូវីដ ដូច្នេះអាជ្ញាធរថៃបានបង្កើនការរឹតបន្តឹងនៅតំបន់ព្រំដែនជាប់កម្ពុជា ដើម្បីទប់ស្កាត់ពលករខ្មែរនិងជនជាតិថៃលួចឆ្លងដែនដោយខុសច្បាប់ អំឡុងពេលនេះ។
ទាក់ទងនឹងបញ្ហានេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ ប្រាប់អាស៊ីសេរីដោយបដិសេធថា អំឡុងពេលនេះពុំមានជនជាតិថៃធ្វើការនៅក្នុងបនល្បែងកាស៊ីណូនោះទេ ព្រោះអាជ្ញាធរបានបិទបនល្បែងទាំងនោះអស់ជាយូរមកហើយ។ បន្ថែមពីនេះ លោកថា អាជ្ញាធរកម្ពុជាក៏បង្កើនការរឹតបន្តឹងនៅតំបន់ព្រំដែនប្រទេសថៃដែរ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩៖ «សម្រាប់តាមព្រំដែនយើងអត់មានឱ្យឆ្លងទេ ទាំងជនបរទេសទាំងយើងទាំងគេ។ ទី២ សម្រាប់ការឆ្លងដែននៅច្រកអន្តរជាតិគឺថា យើង គឺអត់មានអីដំណើរការទៀតឥឡូវហ្នឹង ព្រោះច្រកហ្នឹងត្រូវបានខាងភាគីថៃទាំងយើងហ្នឹងបានរឹតបន្តឹង ការចេញចូលអីហ្នឹងគឺអស់ហើយអត់មានអីទៀតទេ សុវត្ថិភាពទាំងសង្ខាង។ តែសម្រាប់ជនបរទេស ដែលរឿងឆ្លងដែនតាមបន្ទាត់ព្រំដែនគឺអត់មានទៀតទេ អាហ្នឹងបិទជិតឈឹងហ្មង » ។
ទោះជាយ៉ាងណាបុគ្គលិកធ្វើការនៅក្នុងកាស៊ីណូនៅសង្កាត់ប៉ោយប៉ែត ថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះថា នៅតាមបនល្បែងក្នុងក្រុងប៉ោយប៉ែត មានជនបរទេសជាច្រើននាក់ធ្វើការ ហើយពួកគេភាគច្រើនមានបន្ទប់ស្នាក់នៅក្នុងបនល្បែងនោះតែម្ដង៖ «ថៃហ្នឹងអ្នកខ្លះទៅគេធ្វើខាងផ្នែករដ្ឋបាលអីចឹង គេនៅមើល យូរៗ គេម្ដង ព្រោះអីឥឡូវគេឱ្យចេញក្រៅផងអ្នកនៅក្នុងកាស៊ីណូទាំងអស់គេឱ្យចេញក្រៅទេ អ្នកនៅក្នុងកាស៊ីណូកន្លែងធ្វើការបណ្ដោយគេអត់ឱ្យចេញចូលទេ » ។
ថ្មីៗ នេះអាជ្ញាធរខេត្តបន្ទាយមានជ័យ បានបិទខ្ទប់ភូមិមួយចំនួននៅតំបន់ព្រំដែនក្នុងសង្កាត់ប៉ោយប៉ែត ក្នុងនោះភាគច្រើនជាតំបន់ដែលមានបើកបនល្បែងកាស៊ីណូច្រើន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ រហូតមកដល់ពេលនេះ នៅក្រុងប៉ោយប៉ែតអ្នកឆ្លងជំងឺកូវីដ១៩ នៅតែមានចំនួនច្រើននៅឡើយ។ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩៤នាក់នៅថ្ងៃទី១៨ ឧសភា នៅក្នុងក្រុងប៉ោយប៉ែត។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ការដែលជនជាតិថៃលួចឆ្លងដែនចេញចូលកម្ពុជាដោយសេរីអំឡុងពេលនេះ គឺដោយសារអាជ្ញាធរព្រំដែនអនុវត្តច្បាប់ធូររលុង ឬអាចមានអំពើពុករលួយនៅទីនោះ។ លោកបន្តថា រឿងនេះរដ្ឋាភិបាលគួរតែចាត់វិធានការទៅលើមន្ត្រីខិលខូចទាំងនោះជាបន្ទាន់ ដើម្បីកុំឱ្យពួកគេចេះតែនាំគ្នាធ្វើភ្លៀងធ្វើផ្គរតាមអំពើចិត្តទៀត៖ «យើងគិតថា មន្ត្រីភ្នាក់ងាររបស់រដ្ឋឈប់គិតថា អាហ្នឹងទទួលបានផលប្រយោជន៍ពីអ្នកនេះពីអ្នកនោះអីចឹងឈប់គិតទៅ ដើម្បីសុវត្ថិភាព ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ ដើម្បីកេរ្តិ៍ឈ្មោះគួរតែអនុវត្តទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលប្រសើរជាងនាំគ្នាបើកភ្នែកមួយចំហៀងបិទភ្នែកមួយចំហៀង អ្នកខ្លះចេញខ្លះចូលដូចតួល្ខោនអីចឹងវាមិនល្អមើលទេ » ។
អាជ្ញាធរកម្ពុជានិងថៃបានបិទច្រកទ្វារព្រំដែនប្រទេសទាំង២ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ រហូតមក ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ហើយរហូតមកដល់ពេលនេះមិនទាន់បើកដំណើរការឡើងវិញនៅឡើយទេ។ កន្លងមក រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសបិទបនល្បែងកាស៊ីណូទាំងអស់នៅតំបន់ព្រំដែនដែរ ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកាចសាហាវនេះ ប៉ុន្តែនៅតែមានកាស៊ីណូមួយចំនួនលួចបើកដំណើរការតាមអនឡាញដោយលួចលាក់ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។