សមត្ថកិច្ចថៃពិនិត្យតឹងតែងលើពលរដ្ឋខ្មែរឆ្លងដែនតាមច្រកអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីមានបុរសខ្មែរម្នាក់ផ្ទុកមេរោគកូវិដ១៩

សមត្ថកិច្ចថៃរឹតបន្តឹងការត្រួតពិនិត្យលើអ្នកធ្វើដំណើរនៅព្រំដែនខាងទឹកដីថៃជាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបន្ទាប់ពីមានពលរដ្ឋខ្មែរម្នាក់បានឆ្លង ជំងឺកូវិដ១៩ នៅខេត្តសៀមរាប។ អ្នកធ្វើដំណើរអះអាងថា ការត្រួតពិនិត្យនេះ ប្រសិនបើគេរកឃើញមានពលរដ្ឋខ្មែរណាគ្រុនកម្ដៅខ្លាំងខុសប្រក្រតីនឹងមិនអនុញ្ញាតឱ្យចូលទៅប្រទេសថៃឡើយ។
ប្រជាពលរដ្ឋម្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ឌិន ពុទ្ធី ថ្លែងរសៀលថ្ងៃទី៨ មីនាថា អាជ្ញាធរថៃបានដាក់មន្ត្រីពេទ្យនិងទាហានឈុតខ្មៅរបស់ថៃជាច្រើននាក់ប្រចាំការត្រួតពិនិត្យអ្នកដំណើរនៅមាត់ច្រកព្រំដែនខាងទឹកដីថៃ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។លោកបន្តថា នៅព្រឹកថ្ងៃដដែលនេះ លោកបានធ្វើដំណើរទៅស្រុកអារញ្ញ ត្រូវបានទាហានឈុតខ្មៅរបស់ថៃ នៅច្រកព្រំដែនប៉ោយប៉ែតកាន់ឧបករណ៍ពេទ្យពិនិត្យនៅលើថ្ងាសរបស់លោក ដើម្បីរកមេរោគកូវិដ១៩ មុននឹងអនុញ្ញាតឱ្យចូលទៅប្រទេសថៃ៖ «បើនិយាយទៅវាកាន់តែតឹងទៅ កាលពីមុនអត់សូវតឹងតែងអីចឹងទេ ដល់តែមានជំងឺផ្លូវដង្ហើមនេះមក ដូចនេះជាក់ស្ដែងគឺគេបន្តឹងខ្លាំង។ចង់និយាយថាគេស្កេនគ្រប់មនុស្សទាំងអស់ អ្នកដែលជិះម៉ូតូនិងឡានគឺគេស្កេនគ្រប់គ្នាទាំងអស់ ព្រោះចូលទៅថៃមានផ្លូវដើរនិងមានផ្លូវឡាននិងម៉ូតូ»។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋម្នាក់ទៀត លោក ឃុន ឃៀន ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចថៃពិនិត្យតឹងតែងច្រកព្រំដែននេះ ប្រហែល១០ថ្ងៃហើយ ក៏ប៉ុន្តែទើបតែថ្ងៃទី៨នេះទេ មានការតឹងតែងជាងមុន ពីព្រោះអ្នកជិះរថយន្តនិងម៉ូតូត្រូវត្រួតពិនិត្យម្ដងម្នាក់គ្រប់គ្នា រីឯអ្នកដើរថ្មើរជើង គឺគេមានម៉ាស៊ីនត្រួតពិនិត្យដាច់ដោយឡែក ហើយមានសមត្ថកិច្ចថៃអង្គុយចាំមើល ប្រសិនបើមានពលរដ្ឋខ្មែរណាឡើងកម្ដៅខ្លាំងនោះគេនឹងមិនឱ្យចូលទៅប្រទេសថៃឡើយ ព្រោះខ្លាចមានមេរោគផ្លូវដង្ហើម ឬ កូវិដ១៩៖ «នៅខាងថៃនេះក៏គេមានថ្នាំបាញ់សម្លាប់មេរោគទៅលើរថយន្តឆ្លងដែនដែរ គឺគេមិនឱ្យមេរោគផ្លូវដង្ហើមចូលទៅដល់ប្រទេសគេទេ។ខ្ញុំមានអារម្មណ៍កក់ក្ដៅណាស់នៅខាងគេមានការត្រួតពិនិត្យតឹងតែង ខ្លាចមេរោគនេះមានអីចឹងទៅគេអាចយកយើងទៅព្យាបាលយើងកុំឱ្យឆ្លងទៅគ្នាច្រើនទៀត ដល់ពេលខាងខ្មែរអត់មានទេ អីចឹងខ្ញុំខ្លាចណាស់ខ្លាចឆ្លងតគ្នាពីមួយទៅ»។
ពលរដ្ឋទាំង២នាក់នេះបន្តថា ពួកគេមិនតូចចិត្ត ចំពោះសមត្ថកិច្ចថៃពិនិត្យតឹងតែងនោះទេ ក៏ប៉ុន្តែពួកគេសោកស្ដាយ ដែលអាជ្ញាធរខ្មែរមិនបានពិនិត្យសុខភាពអ្នកដំណើរឱ្យបានតឹងតែងនៅច្រកទ្វារព្រំដែនប៉ោយប៉ែតដូចខាងប្រទេសថៃ ហើយបណ្ដោយឱ្យអ្នកធ្វើដំណើរពីប្រទេសថៃចូលមកកម្ពុជាបានដោយសេរី។
អាស៊ីសេរីមិនអាចទាក់ទងអនុប្រធាននគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក ឆោម ភ័ព្វ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៨ មីនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
អាស៊ីសេរីក៏បានព្យាយាមទាក់ទងប្រធានគណៈកម្មការត្រួតពិនិត្យច្រកអន្តរជាតិប៉ោយប៉ែតលោក វួច អូន ទៀត ក៏នៅតែពុំមានការឆ្លើយតបដដែល ដោយលោកប្រាប់ថា ស្ដាប់មិនបាន៖ «បាទៗ! ខ្ញុំស្ដាប់អត់សូវបានទេបង ឮដាច់ៗ ខ្ញុំនៅឯណេះបាទ!»។
ថ្មីៗ នេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង និង ក្រសួងទេសចរ លោក ថោង ខុនសុទ្ធតែបានអះអាងថា កម្ពុជាបានដាក់ម៉ាស៊ីនត្រួតពិនិត្យអ្នកធ្វើដំណើរនៅតាមប្រលានយន្តហោះ និងច្រកទ្វារព្រំដែនអន្តរជាតិសំខាន់ៗរួចហើយ ដើម្បីពិនិត្យរកមេរោគកូវិដ១៩ នោះ។
កាសែតថៃរ័ត្នរបស់ថៃ ចុះផ្សាយនៅថ្ងៃទី៨មីនាថា សមត្ថកិច្ចថៃបានយកម៉ាស៊ីនពិនិត្យមេរោគផ្លូវដង្ហើម និងឧបករណ៍វាស់កម្ដៅលើកខ្លួនមនុស្ស ដើម្បីត្រួតពិនិត្យយ៉ាងតឹងតែងលើប្រជាពលរដ្ឋខ្មែរធ្វើការនៅផ្សាររ៉ុងក្លឿ និងអ្នកធ្វើដំណើរឆ្លងដែនពីកម្ពុជាចូលទៅប្រទេសថៃតាមច្រកទ្វារព្រំដែនក្លងលឹក (Khlorng leuk) ជាប់ព្រំដែនប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ប្រភពដដែលឱ្យដឹងទៀតថា ប្រសិនបើពិនិត្យឃើញ អ្នកណាម្នាក់មានកម្ដៅឡើងខុសប្រក្រតី គឺសមត្ថកិច្ចថៃនឹងមិនអនុញ្ញាតឱ្យចូលទៅប្រទេសថៃឡើយ ហើយបញ្ជូនពួកគេឱ្យត្រឡប់ទៅពិនិត្យសុខភាពនៅកម្ពុជាវិញ រហូតមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យខ្មែរមក គ្មានមេរោគផ្លូវដង្ហើម ឬជំងឺកូវិដ១៩ នោះទេ ទើបអនុញ្ញាតឱ្យចូលទៅប្រទេសថៃបាន ។ ប្រភពដដែលបន្តថា ការពិនិត្យតឹងតែងនេះ ដោយសារតែក្រសួងសុខាភិបាលរបស់កម្ពុជា បានរកឃើញបុរសខ្មែរម្នាក់ វ័យ ៣៨ឆ្នាំ មានមេរោគបង្កជំងឺកូវិត១៩ (COVID19) ដែលឆ្លងពីជនជាតិជប៉ុនកាលពីថ្ងៃទី៧មីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។