ពលរដ្ឋ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទិញ​វ៉ាក់សាំង​ដែល​អង្គការ​សុខភាព​ពិភពលោក​ទទួល​ស្គាល់

ប្រជាពលរដ្ឋ​មួយចំនួន​ចង់​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ស្រប​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល បាន​ជំរុញ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ចិន ស៊ីណូវ៉ាក់ (Sinovac)។ សំណើ​នេះ​ធ្វើឡើង​ក្រោយ​ពេល​ក្រសួង​សុខាភិបាល​ប្រកាស​ថា អ្នកជំងឺ​covid-19 ចំនួន​បី​នាក់​បាន​ស្លាប់។

ប្រជា​ពលរដ្ឋ​មួយចំនួន​ស្នើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ទិញ​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប លោក នីញ ធារ៉ា មិន​ទុកចិត្ត​លើ​វ៉ាក់សាំង​ណា​ដែល​មិន​មាន​ភាព​ច្បាស់លាស់​នោះ​ទេ ហើយ​រដ្ឋាភិបាល​មិន​គួរ​បែង​លក្ខខណ្ឌ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ស្ថានភាព​នេះ​ឡើយ៖ «កុំ​រើសអើង​ថា អ្នកនេះ​ចង់បាន​ចង់​ចាក់​ដែរ មិន​ឱ្យ​គេ​ចាក់ ហើយ​គេ​ចង់​ចាក់ AstraZeneca ដែរ ហើយ​មិន​ឱ្យ​គេ​ចាក់ ទៅ​ទិញ​វ៉ាក់សាំង​ពី​ចិន​ដោយ​ពុំ​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ជា​ពលរដ្ឋ​ម្នាក់​ដែរ​គាត់​ក៏​ចង់បាន​សុខភាព​ល្អ»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ប្រាប់​អាស៊ីសេរី​ថា មេដឹកនាំ​គួរ​មានការ​ទទួលខុសត្រូវ​ឱ្យ​បាន​ខ្ពស់​ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក​ស្នើ​ឱ្យ​មេដឹកនាំ​គិតគូរ​ឱ្យ​បាន​ច្បាស់លាស់ មុន​ទិញ​វ៉ាក់សាំង​ណាមួយ ដើម្បី​ទទួល​បាន​គុណភាព និង​នាំ​ឱ្យ​ពលរដ្ឋ​ជឿ​ទុកចិត្ត​បាន​៖ «អ៊ីចឹង​មានជីវិត​ត្រូវតែ​មានតម្លៃ អ៊ីចឹង​ទុក​តម្លៃ​ឱ្យ​ស្មើគ្នា កុំ​គិត​តម្លៃ តួនាទី​នេះ​ចាក់​របស់​ល្អ ពលរដ្ឋ​អ្នក​ទន់​ខ្សោយ ក្រីក្រ ចាក់​របស់​អន់​ទៅ ខ្ញុំ​មើលទៅ​មិន​សមរម្យ​ទេ ប៉ុន្តែ​អ្វី​ជា​សេចក្តី​ថ្លៃថ្នូរ ជា​ការ​សមរម្យ ជា​ភាព​ត្រឹមត្រូវ ធ្វើ​អ្វី​ឱ្យ​មាន​តម្លាភាព ស្មើគ្នា ក្នុង​នាម​មនុស្សជាតិ​ដូចគ្នា»។

ការ​លើក​ឡើង​នេះ បន្ទាប់ពី លោក ហ៊ុន សែន លើក​ឡើង​ថា កម្ពុជា​ចំណាយ​លុយ​ទិញ​វ៉ាក់សាំង ស៊ីណូវ៉ាក់ (Cinovac) ពី​ភាគី​ចិន ចំនួន​១​លាន ៥​សែន​ដូស នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃ​២៦ មីនា ប៉ុន្តែ​លោក​មិន​បង្ហើប​ពី​ចំនួន​លុយ​ដែល​ត្រូវ​ទិញ​វ៉ាក់សាំង​របស់​ចិន​ប៉ុន្មាន​នោះ​ទេ​។ ចំណែក​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) ដែល​ជា​ជំនួយ​របស់​ចិន​នៅសល់​៤០​ម៉ឺន​ដូស នឹង​មក​​​ដល់​កម្ពុ​ជាមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ក្នុង​ខែមេសា​ខាងមុខ​។ លោក ហ៊ុន សែន បាន​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ប្រកាន់​វ៉ាក់សាំង​ផលិត​នៅ​ចិន និង​វ៉ាក់សាំង​ផលិត​នៅ​ឥណ្ឌា។ ទោះ​បី​យ៉ាងណា លោក​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​កម្ពុជា ជឿជាក់​លើ​លើ​សុវត្ថិភាព វ៉ាក់សាំង AstraZeneca ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក។

ជុំវិញ​រឿង​នេះ អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ដើម្បី​សាកសួរ​ព័ត៌មាន​នេះ បាន​ទេ កាល​ថ្ងៃទី​១៩ មីនា​។ ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ​ជា​សំឡេង​លើ​ទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​១៩ មីនា ថា រយៈពេល​កន្លង​ទៅ នៅ​តាម​មន្ទីរពេទ្យ​មួយចំនួន​បាន​ផ្តល់​វ៉ាក់សាំង AstraZeneca ឱ្យ​អ្នក​ដែល​មាន​អាយុ​ក្រោម​៦០​ឆ្នាំ ដែល​លោក​ហៅថា​ខុស​គោលនយោបាយ​វ៉ាក់សាំង​របស់​រដ្ឋាភិបាល។ លោក ហ៊ុន សែន ប្រាប់​ឱ្យ​អនុគណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ត្រូវ​ហាមឃាត់​ប្រជាពលរដ្ឋ​ណា​មាន​អាយុ​ក្រោយ​៦០​ឆ្នាំ ដែល​មក​ចាក់​វ៉ាក់សាំង Astra Zeneca នៅ​តាម​ខណ្ឌ៖ «ឥឡូវនេះ​ខ្ញុំ​សូម​ស្នើ​ឱ្យ​មន្ទីរពេទ្យ​ដែល​កកកុញ​ទៅ​ដោយ​មនុស្ស ហើយ​មនុស្ស​នោះ​អាយុ​មិនទាន់​ដល់​៥៩​ឆ្នាំ ហើយ​គ្រូពេទ្យ​បន្ត​ឱ្យ​ចាក់ អនុញ្ញាត​ឱ្យ​ចាក់ គឺ​សូម​បញ្ឈប់​ការ​ចាក់ ប៉ុន្តែ​បើ​បាន​ចាក់​រួចហើយ​ត្រូវ​បន្ត​ដូស​ទី​២ ហើយ​ហាមឃាត់​ការ​មក​ដណ្តើម​វ៉ាក់សាំង​ពី​មនុស្ស​ចាស់​ពី​សំណាក់​ប្អូន​កូនក្មួយ​ដែល​ជា​ក្រុម​យុវជន​មិន​ទាន់​ដល់​អាយុ»។

គិត​ត្រឹម​ថ្ងៃទី​១៩ មីនា មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ សរុប ១ ៥៧៨​ករណី ក្នុង​នោះ អ្នក​ឆ្លង​ថ្មី​មាន ៣៧​នាក់​។ អ្នកជា​សះស្បើយ មាន ៩១៧​នាក់​។ រហូត​ដល់​ល្ងាច​ថ្ងៃទី​១៩ មីនា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ កើនឡើង​ដល់ ៣​នាក់​ហើយ​។ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា ករណី​ស្លាប់​ទី​ពីរ​ដោយសារ​ជំងឺ​នេះ កើតឡើង​ចំពោះ​ស្ត្រីជន​ជាតិខ្មែរ អាយុ ៦២ ឆ្នាំ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ដោយសារ​ជំងឺ​នេះ​ធ្វើ​ឱ្យ​រលាក​សួត​ខ្លាំង និង​ស្ទះ​សរសៃឈាម​បេះដូង ស្រប​ពេល​ដែល​ស្ត្រី​រូប​នោះ ក៏​មាន​ជំងឺ​ទឹក​នោម​ផ្អែម លើសឈាម និង​ធាត់​ខ្លាំង​។ អ្នកជំងឺ​ទី​ពីរ​នេះ ជា​ប្រពន្ធ​របស់​តារាចម្រៀង​ល្បីឈ្មោះ លោក ហួរ ឡាវី រីឯ​ករណី​ស្លាប់​ទី​បី កើតឡើង​ចំពោះ​អ្នកជំងឺ​ម្នាក់ទៀត អាយុ ៤៦​ឆ្នាំ នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដោយ​អ្នក​ជំងឺ​បាន​រលាក​សួត​ធ្ងន់ធ្ងរ។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា ការ​សម្រេច​ចាក់​វ៉ាក់កូវីដ​-១៩ ជា​សិទ្ធិ​របស់​ពលរដ្ឋ ប៉ុន្តែ​វ៉ាក់សាំង​ល្អ គឺ​មាន​ការ​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​។​

លោក ប៉ិច ពិសី បន្ត​ទៀត​ថា ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​គឺជា​រឿង​សំខាន់ ដែល​រដ្ឋាភិបាល​និង​អ្នក​វេជ្ជសាស្ត្រ គួរ​បង្ហាញ​ការពិត​ឱ្យ​ទូលំទូលាយ ពី​លក្ខណៈ​វិទ្យាសាស្ត្រ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ជឿ​ទុក​ចិត្ត​ទៅលើ​វ៉ាក់សាំង​ដែល​បាន​ប្រើប្រាស់ ប្រសិនបើ​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​សូវ​ជឿជាក់៖ «អ៊ីចឹង​យើង​ពឹង​ទាំងស្រុង ប្រហែល​ពឹង​លើ​វ៉ាក់សាំង​ដែល​ផ្តល់​ដោយ​កូវ៉ាក់​ទី​១ ទី​២​យើង​អាច​ទទួល ឬ​ទទួល​រួចហើយ​វ៉ាក់សាំង​ដែល​ផ្តល់​ជំនួយ​ដោយ​សាមី​ប្រទេស​នីមួយៗ ដូចជា​ចិន អង់គ្លេស​ជាដើម អ៊ីចឹង​មិនអាច​មាន​វ៉ាក់សាំង​គ្រប់​ទេ អ្វី​ដែល​យើង​ត្រូវធ្វើ​ទី​១ បញ្ហា​ទិញ​ឱ្យ​បាន​ធានា​ថា​ប្រទេស​យើង​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​នៃ​ការ​កម្ម៉ង់ ទី​២ ទាមទារ​ឱ្យ​មាន​ការ​ជជែក​ជាមួយនឹង​អ្នក​ពាក់ព័ន្ធ​អង្គការ​សហប្រជាជាតិ»។

ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​១៩ មីនា បាន​ប្រកាស​អាសន្ន​ករណី​ចម្លងជំងឺ​កូវីដ១៩ ក្រោយ​អ្នកជំងឺ​នេះ ៣​នាក់​បាន​ស្លាប់ ក្រោយ​ព្រឹត្តិការណ៍ ២០ កុម្ភៈ​។ ការ​ប្រកាស​អាសន្ន​នេះ ធ្វើឡើង​នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​រួមគ្នា​មួយ​រវាង​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ មីនា។ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ឱ្យ​ចូលរួម​សាមគ្គី​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​នេះ​។ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​អ្នកស្រី លី អៃឡាន (Li Ailan) ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា កម្ពុជា​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​សំខាន់​ណាស់​ក្នុង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ អ្នកស្រី​ថា នៅ​មាន​ឱកាស​ដើម្បី​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ប្រសិនបើ​ពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​សហការ​បញ្ឈប់​ជំងឺ​នេះ​ទាំងអស់គ្នា​ដោយ​សាមគ្គីភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។