អ្នក​ជំងឺ​កូវីដ-១៩ ​ចំនួន​២​​នាក់​​ស្លាប់​ និង​​អ្នក​ឆ្លង​​ថ្មី​ជាង​​៧​រយនាក់​

ក្រសួង​សុខាភិបាល ​បាន​​ប្រកាស​ពី​ករណី​មាន​អ្នក​ស្លាប់​ដោយ​ជំងឺកូវីដ-១៩ ឡើងវិញ ​បន្ទាប់ពី​គ្មាន​អ្នកស្លាប់​ដោយ​ជំងឺនេះ​អស់រយៈពេល​ជិត ​៥០​ ​ថ្ងៃ​កន្លងមក។​ករណី​​ស្លាប់ថ្មីនេះ ​មាន​ចំនួន​ ២ ​នាក់​ ហើយ​សុទ្ធតែ​ជា​អ្នក​បាន​ចាក់វ៉ាក់សាំង​រួចរាល់​ ប៉ុន្តែ​ក្រសួង​ មិន​បាន​បញ្ជាក់​អំពី​អត្ត​សញ្ញាណ​ និង​ទីកន្លែង​អ្នកស្លាប់​នោះទេ។​

ចំណែក​ករណី​ឆ្លង​ថ្មី​វិញ​ ក្រសួង​សុខា​ភិបាល ​ប្រកាស​ថា ​មាន​ជាង៧​រយ​នាក់ (៧៣៦) ដែល​សុទ្ធតែ​ជា​មេរោគ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង (Omicron) ក្នុង​នោះ​៧៣០​នាក់​ទៀត​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​និង​៦នាក់​ជា​ករណី​នាំចូល​ពីក្រៅប្រទេស។ ករណី​ឆ្លងថ្មីនេះ​ ​ចាប់ផ្តើម​ហក់ឡើងវិញ​ជាបន្តបន្ទាប់​រយៈពេល​ជាង​មួយ​សប្តាហ៍​ចុងក្រោយ​នេះ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២០ ខែកុម្ភៈ​នេះ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ប្រមាណ ១សែន ២ម៉ឺន​នាក់ (១២៦.៤៨៩) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង ១ សែន ២ម៉ឺន​នាក់ (១២០.៤៦២) និង​អ្នក​ស្លាប់​មាន​ចំនួន ៣ពាន់ ១៧នាក់ (៣.០១៧)។

ក្រសួង​សុខាភិបាល ​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១៩ ខែកុម្ភៈ ​ម្សិល​មិញ រដ្ឋាភិបាល ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ជូន​ពលរដ្ឋ​បាន​ជាង ១៣​លាន ៨សែន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​ប្រមាណ ១៤លាន​នាក់ ដែល​រាប់​ពី​កុមារ​អាយុ​ចាប់​ពី ៥ឆ្នាំ ​រហូត​ដល់​មនុស្ស​ពេញវ័យ។ រីឯ​ដូស​ជំរុញ​ទី៣ និង​ទី៤ វិញ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​សរុប​ជាង ៧​លាន ​១សែននាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។