តួលេខ​អ្នក​ឆ្លង​កូវីដ-១៩ ក្នុង​សហគមន៍ កើន​ដល់ ៣៩នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១០ ធ្នូ

2020-12-10
Share
តួលេខ​អ្នក​ឆ្លង​កូវីដ-១៩ ក្នុង​សហគមន៍ កើន​ដល់ ៣៩នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១០ ធ្នូ ក្រុមគ្រូពេទ្យប្រមូលសំណាកឈាម​យក​ទៅ​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​វីរុស ដែល​បង្ក​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ក្រសួងសុខាភិបាល

ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​កើត​ជំងឺ​​កូវីដ-១៩ ចំនួន ២ករណី​បន្ថែម​ទៀត នៅថ្ងៃទី១០ ធ្នូ ដោយ​ក្នុង​នោះ​មួយ​ករណី​ជា​ការ​ឆ្លង​ក្នុង​សហគមន៍ និង​មួយ​ទៀត​ជា​ករណី​នាំចូល​ពី​បរទេស។

ករណី​នាំចូល​ពី​បរទេស​នោះ កើត​លើ​បុរស​ខ្មែរ​ម្នាក់​អាយុ ២៩ឆ្នាំ ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​ជប៉ុន មក​ដល់​កម្ពុជា​កាល​ពី​ចុង​ខែវិច្ឆិកា។ ចំណែក ករណី​ចម្លង​ក្នុង​សហគមន៍​វិញ កើត​លើ​បុរស​ម្នាក់​អាយុ៣៧ ឆ្នាំ ដែល​បាន​ទៅ​ហាង​លក់​ទំនិញ​ហ្សែនដូ (Zando) ទី​ដែល​មនុស្ស​ម្នា​ជា​ច្រើន​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ចេញ​ពី​ព្រឹត្តិការណ៍​ចម្លង​ក្នុង​សហគមន៍​២៨ វិច្ឆិកា។ អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍ បាន​កើន​ដល់​ចំនួន ៣៩នាក់​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១០ ធ្នូ។ 

នៅ​ថ្ងៃ​ដដែល​នេះ ក្រសួង​សុខាភិបាល​លែង​ដាក់​រូប​ថត​អ្នក​កើត​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ទៀតហើយ ដោយ​រក្សា​ទុក​ត្រឹម​ឈ្មោះ​របស់​ពួកគេ​។ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram) ថា ការ​មិន​ដាក់​រូបថត​អ្នក​ជំងឺ​ត​ទៅ​ទៀត​នេះ ជា​ការ​គោរព​សិទ្ធិ និង​សេចក្ដី​ថ្លៃថ្នូរ​​របស់​បុគ្គល។ អ្នកស្រី​បញ្ជាក់​ទៀត​ថា ​នៅ​ពេល​ក្រសួង​គ្រប់គ្រង​ស្ថានការណ៍​កូវីដ​បាន​ទាំងស្រុង​ហើយ សូម្បី​តែ​ឈ្មោះ​អ្នក​ឆ្លង​ជំងឺCovid-19 ក៏​ក្រសួង​មិន​បញ្ចេញ​ដែរ។

ក្រសួង​សុខាភិបាល​បាន​ចាប់​ផ្ដើម​បញ្ចេញ​អត្តសញ្ញាណ​លម្អិត​របស់​​អ្នក​កើតជំងឺ​កូវីដ-១៩ ដូចជា ឈ្មោះ ភេទ អាយុ មុខរបរ ទីលំនៅ រហូត​ដល់​រូប​ថត​ពួក​គេ​ថែ​ម​ទៀត ចាប់​តាំង​ពី​ថ្ងៃ​ទី៥ ខែ​ធ្នូ តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។​ លោក ហ៊ុន សែន ​យល់ថា ការ​ធ្វើ​បែបនេះ​ដើម្បី​ងាយ​ស្រួល​ស្វែងរក​អ្នក​ពាក់ព័ន្ធ យក​សំណាក​របស់​ពួក​គេ​មក​ពិនិត្យ និង​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​រិះគន់​ថា នេះ​ជា​ការ​រំលោភ​បំពាន​សេចក្ដី​ថ្លៃថ្នូរ និង​​សិទ្ធិ​របស់​បុគ្គល។

គិត​ត្រឹម​ថ្ងៃទី១០ ធ្នូ កម្ពុជា​មាន​អ្នក​កើត​កូវីដ-១៩ ចំនួន ៣៥៦នាក់ ក្នុង​នោះ​ជា​សះ​ស្បើយ​ចំនួន ៣០៧នាក់ និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ ​ចំនួន​ ៤៩នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល