ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ២ករណីបន្ថែមទៀត នៅថ្ងៃទី១០ ធ្នូ ដោយក្នុងនោះមួយករណីជាការឆ្លងក្នុងសហគមន៍ និងមួយទៀតជាករណីនាំចូលពីបរទេស។
ករណីនាំចូលពីបរទេសនោះ កើតលើបុរសខ្មែរម្នាក់អាយុ ២៩ឆ្នាំ ដែលធ្វើដំណើរពីប្រទេសជប៉ុន មកដល់កម្ពុជាកាលពីចុងខែវិច្ឆិកា។ ចំណែក ករណីចម្លងក្នុងសហគមន៍វិញ កើតលើបុរសម្នាក់អាយុ៣៧ ឆ្នាំ ដែលបានទៅហាងលក់ទំនិញហ្សែនដូ (Zando) ទីដែលមនុស្សម្នាជាច្រើននាក់បានឆ្លងជំងឺកូវីដ-១៩ ចេញពីព្រឹត្តិការណ៍ចម្លងក្នុងសហគមន៍២៨ វិច្ឆិកា។ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ បានកើនដល់ចំនួន ៣៩នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី១០ ធ្នូ។
នៅថ្ងៃដដែលនេះ ក្រសួងសុខាភិបាលលែងដាក់រូបថតអ្នកកើតជំងឺកូវីដ-១៩ នៅក្នុងសេចក្ដីប្រកាសព័ត៌មានទៀតហើយ ដោយរក្សាទុកត្រឹមឈ្មោះរបស់ពួកគេ។ អ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម (Telegram) ថា ការមិនដាក់រូបថតអ្នកជំងឺតទៅទៀតនេះ ជាការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់បុគ្គល។ អ្នកស្រីបញ្ជាក់ទៀតថា នៅពេលក្រសួងគ្រប់គ្រងស្ថានការណ៍កូវីដបានទាំងស្រុងហើយ សូម្បីតែឈ្មោះអ្នកឆ្លងជំងឺCovid-19 ក៏ក្រសួងមិនបញ្ចេញដែរ។
ក្រសួងសុខាភិបាលបានចាប់ផ្ដើមបញ្ចេញអត្តសញ្ញាណលម្អិតរបស់អ្នកកើតជំងឺកូវីដ-១៩ ដូចជា ឈ្មោះ ភេទ អាយុ មុខរបរ ទីលំនៅ រហូតដល់រូបថតពួកគេថែមទៀត ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន យល់ថា ការធ្វើបែបនេះដើម្បីងាយស្រួលស្វែងរកអ្នកពាក់ព័ន្ធ យកសំណាករបស់ពួកគេមកពិនិត្យ និងដាក់ឱ្យធ្វើចត្តាឡីស័ក ប៉ុន្តែក្រុមអ្នកការពារសិទ្ធិមនុស្សរិះគន់ថា នេះជាការរំលោភបំពានសេចក្ដីថ្លៃថ្នូរ និងសិទ្ធិរបស់បុគ្គល។
គិតត្រឹមថ្ងៃទី១០ ធ្នូ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ៣៥៦នាក់ ក្នុងនោះជាសះស្បើយចំនួន ៣០៧នាក់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចំនួន ៤៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។