របាយការណ៍ចុងក្រោយរបស់អង្គការយូនីសេហ្វ (UNICEF) បង្ហាញពីក្តីព្រួយបារម្ភជាខ្លាំងអំពីវិបត្តិអាកាសធាតុ និងបរិស្ថាន ដែលបង្កហានិភ័យខ្ពស់ដល់អាយុជីវិតរបស់កុមារនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
អង្គការសហប្រជាជាតិសំរាប់កុមារមួយនេះ អំពាវនាវដល់រដ្ឋាភិបាលក្នុងតំបន់ ត្រូវវិនិយោគជាបន្ទាន់ជាមួយដៃគូអភិវឌ្ឍន៍ លើសេវាសង្គម និងគោលនយោបាយប្រកបដោយភាពវៃឆ្លាតផ្នែកអាកាសធាតុ ដើម្បីការពារអាយុជីវិតកុមារ។
របាយការណ៍របស់អង្គការយូនីសេហ្វ ក្រោមចំណងជើងថា “លើសពីចំណុចគ្រោះថ្នាក់” ដែលបានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែឧសភា អះអាងថា កុមារនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ទទួលរងផលប៉ះពាល់ខ្លាំងបំផុត ជាងតំបន់ណាៗទាំងអស់ ពីគ្រោះមហន្តរាយអាកាសធាតុ និងបរិស្ថាន ក្នុងអំឡុងពេល ៥០ឆ្នាំចុងក្រោយនេះ។ ផលប៉ះពាល់ធ្ងន់ធ្ងរទាំងនោះ ធ្វើឲ្យពួកគេបាត់បង់កុមារភាព សិទ្ធិរស់រានមានជីវិត និងការចម្រើនវ័យធំធាត់។
នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា លោកបណ្ឌិត វីល ផាកស៍ (Dr Will Parks) បញ្ជាក់ថា វិបត្តិប្រែប្រួលអាកាសធាតុ គឺជាវិបត្តិសិទ្ធិកុមារ ដែលបញ្ហានេះនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខុមាលភាពរបស់ពួកគេ។ គ្រោះមហន្តរាយនៅកម្ពុជា ដូចជារលកកម្តៅខ្លាំង ទឹកជំនន់ និងការបំពុលខ្យល់ ត្រូវបានគេរំពឹងទុកថា នឹងមានស្ថានភាពកាន់តែធ្ងន់ធ្ងរ ប្រសិនបើគ្មានសកម្មភាពឆ្លើយតបជាបន្ទាន់ ពីសំណាក់រដ្ឋាភិបាល វិស័យធុរកិច្ច និងសហគមន៍នោះទេ។
របាយការណ៍ដដែលក៏បានរកឃើញថា កុមារកម្ពុជាងាយរងគ្រោះខ្លាំង ដោយសារបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ជំនន់ទឹកភ្លៀង ទឹកទន្លេ និងជំងឺឆ្លងនានា។ នៅពេលដែលគ្រោះមហន្តរាយទាំងនោះកើតឡើង ព្រមគ្នាជាមួយវិបត្តិផ្សេងៗទៀត ដូចជា អសន្តិសុខស្បៀង បញ្ហាខ្វះអាហារូបត្ថម្ភ និងការរីករាលដាលជំងឺឆ្លង វាបង្កការលំបាកកាន់តែខ្លាំងបន្ថែមទៀត ដល់កុមារក្នុងសហគមន៍ក្រីក្រ និងកុមារពិការ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រោះមហន្តរាយ លោក ឃុន សុខា និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា ជាច្រើនលើករយៈពេល២ថ្ងៃមកហើយ ដើម្បីសាកសួរពីវិធានការរបស់រដ្ឋាភិបាល ដើម្បីជួយសង្គ្រោះបន្ទាន់ នៅពេលមានគ្រោះមហន្តរាយកើតឡើង ក៏ប៉ុន្តែពុំមានអ្នកទទួលទូរស័ព្ទនោះឡើយ។
ទាក់ទងរឿងនេះដែរ សកម្មជនចលនាមាតាធម្មជាតិ លោក លី ច័ន្ទដារ៉ាវុធ បញ្ជាក់ប្រាប់អាស៊ីសេរីថា កម្ពុជាពិតជាទទួលរងផលវិបាកដោយសារគ្រោះមហន្តរាយអាកាសធាតុ ក្នុងនោះរួមមាន ទឹកជំនន់ ភាពរាំងស្ងួត និងធាតុអាកាសក្តៅខ្លាំងរហូតដល់៤០ ឬ៤១ អង្សាក៏មាន។ សកម្មជនបរិស្ថានរូបនេះ បន្តថា រដ្ឋាភិបាល ត្រូវពង្រឹងវិធានការដោះស្រាយបញ្ហាគ្រោះមហន្តរាយនេះ ដោយសហការជាមួយដៃគូពាក់ព័ន្ធ ទើបមានប្រសិទ្ធភាព។
លោក លី ច័ន្ទដារ៉ាវុធ៖ «ខ្ញុំយល់ថា បញ្ហាទាំងនេះ ទាមទារឲ្យមានការដោះស្រាយជាប្រព័ន្ធពីរដ្ឋ ពីព្រោះខ្ញុំសង្កេតឃើញថា បញ្ហាបរិស្ថានក្នុងប្រទេសកម្ពុជា គឺជាប់ពាក់ព័ន្ធជាមួយតួអង្គធំ ជាពិសេសឧកញ៉ា ដែលកាប់បំផ្លាញព្រៃឈើ និងការលុបបឹង ដែលនាំឲ្យបំផ្លិចបំផ្លាញធម្មជាតិ។ ខ្ញុំធ្លាប់បានស្រាវជ្រាវជាមួយមិត្តខ្ញុំម្នាក់ ជាជនជាតិអាល្លឺម៉ង់ ដោយគាត់រកឃើញថា ការលុបបឹង ក៏ជាមូលហេតុនៃការឡើងកម្តៅខ្លាំង នៅទីក្រុងភ្នំពេញដែរ ព្រោះបឹងអាចស្រូបឧស្ម័នកាបូនិក បានច្រើនជាងព្រៃឈើ គឺលើសជាង៣ដង។ បើយើងមានយន្តការអភិវឌ្ឍន៍ឲ្យបានល្អប្រសើរជាងនេះ រួមបញ្ចូលគ្រប់ភាគីពាក់ព័ន្ធ នោះបញ្ហាបរិស្ថាននឹងត្រូវបានដោះស្រាយ ព្រមទាំងពង្រឹងសេវាសង្គ្រោះទៅដល់មូលដ្ឋាន...»។
សន្ទស្សន៍ហានិភ័យអាកាសធាតុចំពោះកុមារ (CCRI) បានដាក់ចំណាត់ថ្នាក់កម្ពុជាលំដាប់ទី៤៦ ក្នុងចំណោមប្រទេស ១៦៣ កំពុងប្រឈមហានិភ័យខ្ពស់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ បច្ចុប្បន្ន កុមាររស់នៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងទទួលរងគ្រោះមហន្តរាយនានាទាក់ទងនឹងអាកាសធាតុ កើនឡើងដល់ទៅប្រាំមួយដង (៦ដង) បើធៀបទៅនឹងជីដូនជីតារបស់ពួកគេ។
ពលរដ្ឋម្នាក់រស់នៅប៉ៃលិន លោក ស៊ុន សារុម ដែលធ្លាប់ខូចខាតដំណាំដំឡូងមី ដោយសារជំនន់ទឹកភ្លៀង ប្រាប់វិទ្យុអាស៊ីសេរីថា មិនថាក្រុមគ្រួសាររបស់លោក ឬពលរដ្ឋផ្សេងទៀតនៅក្នុងភូមិឃុំ មិនដែលបានត្រៀមអ្វីទុកជាមុនឡើយ គឺដោះស្រាយទៅតាមភាពជាក់ស្តែងកើតឡើងភ្លាមៗ។ ចំណែកអាជ្ញាធរវិញ ក៏មិនបានប្រាប់ ឬណែនាំឲ្យពលរដ្ឋត្រៀមលក្ខណៈ នៅពេលមានគ្រោះអាសន្ននោះដែរ។
លោក ស៊ុន សារុម៖ «ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ខ្ញុំមិនបានដឹងព័ត៌មាន ឬព្យាករណ៍អ្វី ពីគ្រោះមហន្តរាយពីអាកាសធាតុនោះទេ ហើយពួកខ្ញុំក៏មិនបានត្រៀមលក្ខណៈសម្រាប់ជួយសង្គ្រោះនោះដែរ។ ខ្ញុំធ្លាប់លិចរដូវវស្សា ទឹកជំនន់ ហើយចំការដំឡូងមីរបស់ខ្ញុំ ខូចខាតទាំងស្រុង...»។
សន្ទស្សន៍ហានិភ័យអាកាសធាតុចំពោះកុមារ (CCRI) ឲ្យដឹងថា ក្នុងអំឡុងពេល៥០ឆ្នាំចុងក្រោយនេះ មានការកើនឡើងទឹកជំនន់ចំនួន ១១ដង ខ្យល់ព្យុះចំនួន ៤ដង គ្រោះរាំងស្ងួតចំនួន៣ដង និងគ្រោះបាក់ដីចំនួន ៥ដង។ កុមាររាប់រយលាននាក់និងក្រុមគ្រួសាររបស់ពួកគេ ប្រឈមមុខនឹងការផ្លាស់ប្ដូរទីលំនៅ និងខិតខំតស៊ូដើម្បីរស់រានមានជីវិត ដោយមានឱកាសតិចតួច ឬគ្មានឱកាស ក្នុងការទទួលបានសេវាថែទាំសុខភាព ការអប់រំ ការប្រើប្រាស់ទឹកស្អាត និងអនាម័យ។
អង្គការយូនីសេហ្វ អំពាវនាវឲ្យមានវិធានការជាបន្ទាន់ ពីសំណាក់រដ្ឋាភិបាល វិស័យធុរកិច្ច និងដៃគូអភិវឌ្ឍន៍ ដើម្បីវិនិយោគលើការផ្តល់សេវាសង្គមប្រកបដោយភាពវៃឆ្លាតផ្នែកអាកាសធាតុ រួមទាំងការអប់រំ ការថែទាំសុខភាព និងការផ្គត់ផ្គង់ទឹក និងអនាម័យ ប្រព័ន្ធជូនដំណឹងជាមុន និងកិច្ចគាំពារសង្គម ជាដើម។ យូនីសេហ្វកម្ពុជា គាំទ្រអាជ្ញាធរជាតិ និងមូលដ្ឋាន ដើម្បីលើកកម្ពស់សេវាសំខាន់ៗឆ្លើយតបនឹងគ្រោះមហន្តរាយសម្រាប់កុមារ និងយុវជន តាមរយៈការផ្តល់ការអប់រំជំនាញជីវិត នៅតាមសាលារៀន កសាងហេដ្ឋារចនាសម្ព័ន្ធ ទឹកនិងអនាម័យដែលធន់ នឹងអាកាសធាតុ ដោយប្រើប្រាស់ថាមពលកកើតទ្បើងវិញ ហើយនឹងធានាថា កុមារត្រូវបានផ្តល់កិច្ចគាំពារ ពីផលប៉ះពាល់អាក្រក់លើសុខភាព ដែលបង្កដោយគ្រោះមហន្តរាយធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។