អង្គការ​យូនីសេហ្វ (UNICEF) ព្រមាន​ពី​ផលប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​កុមារ​និង​យុវជន​ដោយ​សារវិបត្តិ​ជំងឺកូវីដ-១៩

0:00 / 0:00

អង្គការ​យូនីសេហ្វ ព្រមាន​ពី​ផលប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​កុមារ​ និង​យុវជន​នៅ​ប្រទេស​កម្ពុជានិង​នៅទូទាំង​ពិភពលោក ដែល​បណ្តាល​ឲ្យ​បាត់បង់​ការចូលរួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​សង្គម​ ដោយ​សារ​វិបត្តិ​ជំងឺកូវីដ-១៩។ អង្គការ​យូនីសេហ្វ ក៏បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​ទាំង​អស់ ​យក​ចិត្ត​ទុក​ដាក់ និង​ស្វែង​រក​ដំណោះស្រាយ ដើម្បី​ផ្តល់​កិច្ចគាំពារ​និង​សុខុមាលភាព​របស់​ពួកគេ។ តើ​ឳពុក​ម្តាយ និង​កុមារ​ព្រមទាំង​យុវជន​គួរ​អនុវត្តវិធីណា​ខ្លះ​ ដើម្បី​កាត់​បន្ថយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នេះ?

វេជ្ជបណ្ឌិត​ជំនាញ​សុខភាព​នៅ​កម្ពុជាអំពាវនាវ​ឲ្យ​ឳពុក​ម្តាយ​ឬ​អាណាព្យាបាល​ត្រូវថែទាំ​និង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​កូនៗក្នុង​អំឡុង​វិបត្តិ​ជំងឺកូវីដ-១៩​ជាពិសេស​នៅពេល​ដែល​ពួកគេ​មិន​បាន​ទៅ​សាលារៀន។​ បន្ថែមពីនេះ ឳពុកម្តាយ​មិន​គួរ​បន្ទោស​កូន​ច្រើន​ទេប៉ុន្តែ​ត្រូវ​លើកទឹកចិត្ត​ដល់​ពួកគេ​ឲ្យ​មាន​ការ​តស៊ូ ប្រឹងប្រែង ដើម្បី​ជំនះ​ឧបសគ្គនានាក្នុង​កាលៈទេសៈ​ដ៏លំបាក​នេះ។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោកវេជ្ជបណ្ឌិត​ អ៊ូច វុឌ្ឍី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្រការ​ដែល​កូនៗ​មិន​បាន​ចេញ​ទៅ​លេង​ក្រៅ​ផ្ទះទៅ​សាលារៀនឬ​ទៅ​ជួប​មិត្តភ័ក្រ្តក្មេងៗ​ទាំង​នោះ​មាន​អារម្មណ៍​មួរម៉ៅនិង​ខឹងសម្បារ​ច្រើន​ហេតុនេះ​ឳពុក​ម្តាយ​ត្រូវ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​យល់​ពី​កាលៈទេសៈកុំជេរ​ស្តី​ឬ​ប្រមាថនិង​ព្យាយាម​ចំណាយ​ពេល​វេលា​ឲ្យបាន​ច្រើន​ជា​មួយ​កូនៗ៖ «គាត់​ធុញ​ថប់​ក្នុង​អារម្មណ៍ ដោយ​សារ​មិន​បាន​ទៅ​សាលារៀន មិន​បាន​ជួប​មិត្ត​ភ័ក្ត្រ ​និង​គ្រូ​ល្អៗ​ដែល​បង្រៀន​គាត់។ មួយ​ទៀត ត្រូវ​អប់រំ​គាត់​កុំឲ្យ​បាក់​ទឹក​ចិត្ត ហើយ​យើង​លើក​ទឹកចិត្ត​កុំ​ឲ្យ​គិត​វែង​ឆ្ងាយ​ ដោយ​សារ​ត្រូវ​រៀន​អនឡាញ​តាម​ផ្ទះ។ កន្លែង​ហ្នឹង​ត្រូវ​មាន​ចិត្ត​សន្តោស​ចំពោះ​កូនៗ​ជាប់​ជា​និច្ច »

ការលើក​ឡើង​របស់​គ្រូពេទ្យ​ជំនាញ​សុខភាព​នេះធ្វើឡើង​ក្រោយ​ពេល​ដែល​អង្គការ​យូនីសេហ្វ (UNICEF) និង​ដៃគូនានា​កាល​ពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ​បានចេញ​ផ្សាយ ​របាយការណ៍​មួយ​ជុំវិញ​ការ​វាយ​តម្លៃពី​ផលប៉ះពាល់​សេដ្ឋកិច្ចសង្គម និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ការ​វាយ​តម្លៃ​នេះបន្ទាប់​ពី​បាន​ស្ទង់មតិ​ពលរដ្ឋ​ចំនួន​ ១ម៉ឺន៥ពាន់នាក់ (១៥.០០០) ក្នុង​នោះ​រួមមាន​សិស្សានុសិស្ស​ អ្នកថែទាំ​និង​បុគ្គលិក​អប់រំជាដើម ដោយ​បាន​រកឃើញ​ថា ៥៨% នៃ​សិស្ស​វិទ្យាល័យ​ឲ្យ​ដឹង​ថាពួកគេ​ធ្លាប់​មាន​បញ្ហាផ្លូវចិត្ត​យ៉ាង​ហោចណាស់​ម្តង​ដែរ។នៅក្នុង​ការ​ស្ទង់មតិ​នេះ​ដែរ ៤៥% នៃ​ក្មេង​ជំទង់ អាយុចន្លោះចាប់ពី ១៥ឆ្នាំ ដល់ ១៩ឆ្នាំ ឲ្យដឹងថា ពួកគេ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្លួន​ខណៈក្មេង​ជំទង់ ជាង១៦% និយាយថា ពួកគេ​មាន​អារម្មណ៍តឹងតែង​ក្នុង​ចិត្ត​ឬ​ធ្លាក់​ទឹកចិត្ត​ចាប់​តាំង​ពី​មាន​វិបត្តិជំងឺ​កូវីដ-១៩មក។

ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវ​ចិត្ត​របស់​សិស្ស​នេះ​ដែរ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍​ថាទាំង​សិស្ស​និង​ឳពុក​ម្តាយ​ទទួល​ស្គាល់​ថា​ការ​សិក្សា​អនឡាញ​នេះមិន​សូវ​មាន​ប្រសិទ្ធភាពដូចការ​សិក្សា​នៅតាម​សាលារៀន​នោះ​ទេ។ ម៉្យាងវិញ​ទៀត​ ការរៀន​ម្នាក់​ឯង​នេះធ្វើឲ្យ​សិស្ស​ធុញថប់​ព្រោះ​មិនបាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រូ​និង​សិស្ស​ឯ​ទៀត​ក្នុង​ថ្នាក់៖ «ធម្មតា ការរៀន​អនឡាញគឺ អត់បាន​គ្រប់ជ្រុង​ជ្រោយ​ ដូចជា​ការរៀន​ជាមួយ​សិស្ស​និង​គ្រូ​ផ្ទាល់​ទេ ពួកគាត់​តែងតែ ឆ្លៀតឱកាស​ក្នុងការ​សិក្សា​តាម​អនឡាញ​ ប្រើប្រាស់​ទៅខុស​រឿង​ផ្សេង​ទៀត​ក៏​មាន។ យើង​ឃើញ​ថា ទោះបី​ជា​ខ្លះ សិស្ស​រៀន​ពូកែ​យ៉ាងណា​ក៏​ដោយ​ ម្តាយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា កូន​គាត់​កា​ររៀន​ជា​មួយ​គ្រូ​ពូកែ តែ​ឥឡូវ​ស្រុត​ចុះ​ច្រើន »

បន្ថែម​ពី​នេះលោក​វេជ្ជបណ្ឌិត​ អ៊ូច វុឌ្ឍី សង្កត់​ធ្ងន់​ថាឳពុក​ម្តាយ​កុំត្អូញត្អែរ​ពី​បញ្ហា​ស្ថានភាព​រស់​នៅ​ឲ្យ​កូនៗ​ដឹង​ច្រើន​ពេកជា​ពិសេសការប្រើ​អំពើ​ហិង្សា​ឬ​ការ​ឈ្លោះប្រកែក​គ្នា​នៅ​ចំពោះ​មុខ​កូន​នាំឲ្យ​ពួក​គេ​ពិបាក​ចិត្តមិន​អាច​ផ្តោត​អារម្មណ៍​លើការ​រៀន​សូត្រ​បាន​ទេ​ដោយ​គិត​ឃើញ​តែពី​ភាព​ស្មុគ្រ​ស្មាញ​ក្នុង​គ្រួសារ៖ «ម៉ែឳ​ឈ្មោះ​គ្នា​ដោយ​សារ​កូវីដ ដោយ​សារ​សេដ្ឋកិច្ចធ្លាក់​ចុះ ក៏​អត់​បាន​ដែរ​ គឺ​ទាញ​អារម្មណ៍​ក្មេង ឲ្យទៅ​ជា​ហានិភ័យ ក្មេង​ថ្ងៃ​ក្រោយ​មាន​វិបត្តិ​ផ្លូវចិត្ត វាអាច​សេព​គប់​មិត្តមិន​ល្អ ​ជក់​បារី ប្រើ​គ្រឿងញៀន ដែលជា​ទង្វើ​ខុស ដូច​នេះ ក្នុង​នាម​ខ្ញុំ​ជា​គ្រូពេទ្យ ជារាមច្បង​ចាស់ៗ ​សូម​ផ្តាំ​ផ្ញើ​ទៅកូន​ក្មួយៗ កុំបណ្តែត​បណ្តោយ​ខ្លួន ត្រូវ​ខិតខំ​រៀនសូត្រ ដើម្បី​អនាគត​ភ្លឺស្វាង »។

របាយការណ៍​របស់​អង្គការ​យូនីសេហ្វ​ស្តីពី​« ស្ថានភាព​កុមារ​ក្នុង​ពិភពលោក​ ឆ្នាំ​២០២១​ » ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​និង​ដៃគូពាក់ព័ន្ធនៅក្នុង​វិស័យ​រដ្ឋនិង​ឯកជន​ទាំង​អស់​ត្រូវ​ចាត់​វិធានការ​សំខាន់ៗ​៣គឺ​ការ​ប្តេជ្ញា​ចិត្ត (Commitments) ការភ្ជាប់​ទំនាក់ទំនង(Connections) និង​កិច្ចសន្ទនា (Conversations) ដើម្បី​សុខុមាលភាព​របស់​កុមារ។ វិធានការ​ទាំងនេះ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​ប្តេជ្ញា​ចិត្តវិនិយោគ​លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​កុមារនិង​យុវជនលើ​គ្រប់​វិស័យ​មិន​មែន​តែ​ផ្នែក​សុខាភិបាល​មួយ​ប៉ុណ្ណោះ​ទេក៏​ប៉ុន្តែ​គាំទ្រ​វិធីសាស្រ្ត​សង្គម​ទាំង​មូល​ក្នុង​ការ​លើក​កម្ពស់ គាំពារ​និង​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត។

ចំពោះ​ការ​ភ្ជាប់​ទំនាក់ទំនង​គឺ​មាន​ន័យ​ថា ធ្វើសមាហរណកម្ម​និង​បង្កើន​កិច្ចអន្តរាគមន៍​នៅ​ក្នុង​វិស័យ​សុខាភិបាល អប់រំ និង​វិស័យ​គាំពារ​សង្គមដូចជា​បង្កើត​កម្មវិធី​អប់រំ​ណែនាំ​ពីការ​ចិញ្ចឹម​កូន​ប្រកប​ដោយ​ភាព​វិជ្ជមានផ្តល់​សេវា​សុខភាព​ផ្លូវ​ចិត្តនិង​បង្កើត​ទំនាក់ទំនង​វិជ្ជមាននៅ​តាម​សាលារៀន។ ចំណែក កិច្ចសន្ទនា​វិញ រដ្ឋាភិបាល ត្រូវ​បង្កើត​គោលនយោបាយនិង​កម្មវិធីគាំទ្រ​នានា​ដោយ​ផ្តោត​ពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្តនិង​ការ​រើសអើង​ជា​ដើម។

លទ្ធផល​ស្រាវជ្រាវ​របស់​អង្គការ​យូនីសេហ្វ​ដដែល​នេះ​បង្ហាញ​ថា​ក្មេង​ជំទង់​លើស​ពី​ម្នាក់​ក្នុង​ចំណោម​៧​នាក់ដែល​មាន​អាយុ​ចាប់​ពី​១០ឆ្នាំ ដល់១៩ឆ្នាំ នៅទូទាំង​ពិភពលោក​កំពុង​រស់​នៅ​ជា​មួយ​បញ្ហា​ផ្លូវ​ចិត្ត។ក្មេង​ជំទង់​ប្រមាណ​ជិត​៥​ម៉ឺននាក់ (៤៦ពាន់)​ បាន​ស្លាប់​ដោយ​សារការ​ធ្វើ​អត្តឃាត​ជា​រៀង​រាល់​ឆ្នាំ។ការចូលរួម​ចំណែក​ក្នុង​សេដ្ឋកិច្ចដែល​បាត់បង់​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្ត​បណ្តាល​ឲ្យ​យុវជន​ស្លាប់ឬ​មាន​ពិការ​ភាពត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថាខាតបង់​ទឹក​ប្រាក់​ជិត​៤​ពាន់​លាន​ដុល្លារ​ (៣៩០ ពាន់លាន) ក្នុង​មួយ​ឆ្នាំ។ បន្ថែម​ពី​នេះរបាយការណ៍​ក៏​បាន​រក​ឃើញ​ថា​ថវិកា​សម្រាប់​ការ​ថែទាំ​សុខភាព​របស់​រដ្ឋាភិបាលគឺ​មាន​ប្រមាណ ២% ប៉ុណ្ណោះ ​សម្រាប់​ចំណាយ​លើ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត។

អង្គការ​យូនីសេហ្វអំពាវនាវ​ឲ្យ​មេដឹកនាំ​ក្នុង​ពិភព​លោក​យក​ចិត្តទុក​ដាក់​និង​ស្វែង​រក​ដំណោះ​ស្រាយដើម្បី​ផ្សព្វផ្សាយ​ពី​សុខុមាលភាព​របស់​កុមារនិង​ផ្តល់​កិច្ចគាំពារដល់​ពួកគេ​ដែល​រងការ​ប្រឈម​យ៉ាង​ខ្លាំង​ទៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។