មន្ត្រីសហជីពព្រួយបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត មកលើក្រុមកម្មករធ្វើការក្នុងវិស័យកាត់ដេរ។ ក្ដីបារម្ភនេះ កើតឡើងបន្ទាប់ពី អាជ្ញាធរបញ្ជាក់ថា កម្មករកម្មការិនីរោងចក្រកាត់ដេរមួយកន្លែង ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រមាណ ៥០នាក់ កើតជំងឺកូវីដ-១៩។ រីឯកម្មកររាប់ពាន់នាក់ទៀតបន្តធ្វើតេស្ដ និងកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក នៅយប់ថ្ងៃទី៧ មេសា។
មន្ត្រីសហជីពអំពាវនាវឲ្យថៅកែរោងចក្រប្រុងប្រយ័ត្នខ្ពស់ ពង្រឹងវិធានការការពារកុំឲ្យឆ្លងរាលដាលជំងឺកូវីដ-១៩ លើក្រុមកម្មករ ដែលបន្តធ្វើការប្រមូលផ្ដុំគ្នាច្រើនមានហានិភ័យខ្ពស់។
ប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ (CCAWDU) លោក គង់ អាទិត្យ មានប្រសាសន៍នៅយប់ថ្ងៃទី៧ មេសាថា ការផ្ទុះជំងឺកូវីដ-១៩ មកលើក្រុមកម្មករជាថ្មីទៀតនេះ នាំឲ្យមានក្ដីបារម្ភកាន់តែខ្លាំងបន្ថែមទៀត។ លោកថា ស្ថានភាពកម្មករបច្ចុប្បន្ននៅតែបន្តសកម្មភាពការងារដូចធម្មតាដដែល ពោលគឺពួកគាត់ត្រូវជិះរថយន្តទៅធ្វើការប្រជ្រៀតគ្នា និងមិនអាចរក្សាគម្លាតបានក្នុងពេលបំពេញការងារជាដើម។ លោក គង់ អាទិត្យ បន្តថា ករណីរកឃើញអ្នកឆ្លងប្រមាណ ៥០នាក់ ក្នុងចំណោមកម្មករជាង ២ពាន់ ៥រយនាក់ពេលនេះ គឺជាកត្តាព្រួយបារម្ភមួយ ព្រោះអាចនឹងរកឃើញអ្នកឆ្លងច្រើននាក់បន្ថែមទៀត៖ «គេអោយសម្រាកបណ្ដើរៗ អ្នកខ្លះទៅចត្តាឡីស័កនៅផ្ទះទៅ អ្នកខ្លះនៅសាលារៀនអីទៅ អ្នកដែលឆ្លងគេយកទៅព្យាបាលទៅហើយបន្តធ្វើតេស្ដកំហាកអីទៀតអ៊ីចឹង មកដល់ម៉ោងនេះគេឲ្យសម្រាកមួយរយៈសិន មិនទាន់សម្រេចគ្នាឲ្យច្បាស់ទេថា ដូចជាមួយជំហានៗ អ៊ីចឹងទៅ»។
ការលើកឡើងនេះ ធ្វើឡើងក្រោយពីមន្ត្រីសុខាភិបាលរកឃើញថា កម្មករកម្មការិនីរោងចក្រកាត់ដេរនៅរោងចក្រ ឌីន ហាន (DIN HAN) ស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រមាណ ៥០នាក់ មានជំងឺកវីដ-១៩ និងជាង ២ពាន់ ៥រយនាក់ទៀត កំពុងបន្តធ្វើតេស្ត និងដាក់ឲ្យធ្វើចត្តាឡីស័ក កាលពីយប់ថ្ងៃទី៧ ខែមេសា។
ទាក់ទងការឆ្លងជំងឺកូវីដចូលក្នុងរោងចក្រនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអំពាវនាវតាមរយៈសារសំឡេងចែកចាយលើបណ្ដាញសង្គមតេឡេក្រាម (Telegram) មន្ត្រីព័ត៌មានសាធារណៈ ជំរុញឲ្យកម្មករក្នុងរោងចក្រនេះទាំងអស់ចូលខ្លួនធ្វើតេស្តរកមេរោគនេះជាបន្ទាន់ ពុំដូច្នេះទេ ពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលធ្វើការវិញឡើយ៖ «បុគ្គលដែលមិនសហការជាមួយមន្ត្រីសុខាភិបាលដើម្បីយកសំណាកទៅវិភាគនោះគឺអាចប្រឈមជាមួយការផាកពិន័យអន្តរកាលពី ១លានរៀល ទៅ ៥លានរៀល ទោះបីជាមានការពិន័យក៏ដោយ ក៏បុគ្គលនោះក៏មិនអាចរួចផុតពីកាតព្វកិច្ចដែលត្រូវធ្វើសំណាកដដែលទេ»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ដើម្បីសាកសួរបន្ថែមជុំវិញករណីឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោម កម្មកររោងចក្របាននៅឡើយទេ កាលពីយប់ថ្ងៃទី៧ ខែមេសា។ ក៏ប៉ុន្តែភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) របស់អង់គ្លេស បានស្រង់ប្រសាសន៍លោកថា រដ្ឋាភិបាលមានផែនការបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងចំណោមកម្មកររោងចក្រឲ្យបានពី ១ពាន់នាក់ ទៅ ១ពាន់ ២រយនាក់ក្នុងមួយថ្ងៃ នៅតាមមណ្ឌលចាក់វ៉ាក់សាំងនីមួយៗ។ លោកបន្ថែមថា រដ្ឋាភិបាលគ្រោងបង្កើតមណ្ឌលចាក់វ៉ាក់សាំងនៅ ១០កន្លែងផ្សេងទៀត ដើម្បីដាក់គោលដៅចាក់វ៉ាក់សាំងដល់កម្មករឲ្យបាន ១ម៉ឺននាក់ ទៅ ១ម៉ឺន ២ពាន់នាក់ក្នុងមួយថ្ងៃ។
កម្ពុជាមានកម្មករបម្រើការងារក្នុងវិស័យរោងចក្រ សរុបចំនួនជាង ៨សែន ៥ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី។
នៅថ្ងៃទី៧ មេសា ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវី១៩ ចំនួន ៩១នាក់។ ក្នុងនោះមាន ៩០នាក់ ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងម្នាក់ជាជនជាតិឥណ្ឌូនេស៊ី ដែលជាអ្នកដំណើរមកពីក្រៅប្រទេស។ ចំណែកអ្នកជាសះស្បើយ មាន ចំនួន ៣០នាក់។ ចំនួននេះមិនរាប់បញ្ចូលកម្មករប្រមាណ ៥០នាក់ ដែលទើបរកឃើញឆ្លងថ្មីនៅយប់ថ្ងៃទី៧ ខែមេសានោះទេ។ ចំនួននេះ ធ្វើឲ្យតួលេខអ្នកឆ្លងជំងឺនេះនៅទូទាំងប្រទេស សរុបកើនឡើងដល់ជិត ៣ពាន់នាក់ ក្នុងនោះ អ្នកកំពុងព្យាបាលមានចំនួនជាង ១ពាន់នាក់ និងអ្នកស្លាប់មានចំនួន ២២នាក់។
នៅថ្ងៃដដែលនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុកស្ថានទូតថា ទិវាសុខភាពពិភពលោកឆ្នាំ២០២១ នេះ អាមេរិករួមចំណែកថវិកាចំនួន ៤ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ សម្រាប់ផ្តល់ជូនពិភពលោកទាំងមូល តាមរយៈកម្មវិធីកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក (WHO) ដែលក្នុងនោះកម្ពុជាក៏ទទួលបានប្រយោជន៍ពីកម្មវិធីនេះដែរ។
ទាក់ទងនឹងរឿងវ៉ាក់សាំងនេះ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងមន្ត្រីក្រោមឱវាទលោក បានព្រមាន និងបង្ខំឲ្យមន្ត្រីរាជការទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ពុំនោះទេ នឹងប្រឈមបាត់បង់ការងារ ឬដកចេញពីក្របខណ្ឌរដ្ឋ។
ទាក់ទងនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះដែរ នៅអធ្រាត្រថ្ងៃ៧ មេសាដដែល អាជីវករនិងសន្តិសុខនៅផ្សារអូរឫស្សី ជាង៥០នាក់ទៀត ត្រូវបានរកឃើញឆ្លងកូវីដ ជាបន្តបន្ទាប់។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតចាប់ពីការផ្ទុះឆ្លងនៃជំងឺកូវីដ-១៩ នៅក្នុងផ្សារអូរឫស្សី មក មានអាជីវករ សន្តិសុខ បុគ្គលិកបម្រើការងារ និងគ្រួសាររបស់ពួកគេសរុបជាង ១០០នាក់ហើយ ដែលបានរកឃើញផ្ទុកជំងឺនេះ ហើយអាជ្ញាធរបន្តបិទផ្សារនេះមួយរយៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។