មេដឹកនាំ​សហជីព​បារម្ភ​អំពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ចូល​ក្នុង​ចង្កោម​កម្មករ​រោងចក្រ​កាត់ដេរ

ដោយ សេក បណ្ឌិត
2021-05-09
Share
មេដឹកនាំ​សហជីព​បារម្ភ​អំពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ចូល​ក្នុង​ចង្កោម​កម្មករ​រោងចក្រ​កាត់ដេរ សកម្មភាព​ធ្វើ​តេស្ត​កម្មករ​រោងចក្រ​មួយ​កន្លែង​នៅ​ខេត្ត​កណ្ដាល បន្ទាប់​ពី​មាន​កម្មករ​ឆ្លង​ជំងឺ​កូវីដ១៩។
រូប​ពី​ហ្វេសប៊ុក

មេដឹកនាំ​សហជីព​កម្មករ​ព្រួយបារម្ភ​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ចូល​ទៅ​ក្នុង​ចង្កោម​កម្មករ​រោងចក្រ​កាត់ដេរ ដែល​អាច​ក្លាយជា​វិបត្តិ​ធ្ងន់ធ្ងរ​សម្រាប់​ក្រុម​កម្មករ និង​ពិបាក​ដោះស្រាយ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃទី​០៨ ឧសភា​ថា មកដល់ពេលនេះ​ចំនួន​កម្មករ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​ដល់​រាប់​រយ​នាក់ ហើយ​មិន​មាន​ការ​ថមថយ​ទេ ទោះបីជា​រដ្ឋាភិបាល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ខេត្ត កណ្តាល​ជាច្រើន​ថ្ងៃ​មក​ហើយ​ក៏ដោយ៖ «ថ្មី​នេះ​យើង​ទទួល​បាន​ព័ត៌មាន​ថា នៅ​ស្រុក​អង្គស្នួល ក្នុងចំណោម​រោងចក្រ​១១​ក្រុមហ៊ុន មាន​កម្មករ​ឆ្លង​កូវីដ​ជាង ១​ពាន់​នាក់​ទៅ​ហើយ​…​ហើយ​អ្វី​ដែល​បារម្ភ​នៅ​ស្រុក​អង្គស្នួល​នោះ ព្រោះ​កម្មករ​មាន​ទំនាក់​ទំនាក់ទំនង​គ្នា​ជាមួយ​កម្មករ​នៅ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​ចេញ​មក​ធ្វើការ​ជាមួយ​គ្នា…»

លោក​បន្ត​ថា ការ​ឆ្លង​នេះ គឺ​ដោយសារ​រដ្ឋាភិបាល និង​ខាង​រោងចក្រ ពុំ​ទាន់​បាន​ដោះស្រាយ បញ្ហា​កម្មករ​មក​ធ្វើការ​ដោយ​ជិះឡាន ឬ​រ៉ឺម៉ក​ប្រជ្រៀត​គ្នា​ច្រើន និង​ការរស់នៅ​ផ្តុំគ្នា​ក្នុង​បន្ទប់​ជួល​តែមួយ​លើស​ចំនួន​កំណត់ ទៅ​តាម​ការ​ស្នើ​សុំ​ពី​ខាង​សហជីព​កម្មករ​នោះ​នៅ​ឡើយ​ទេ។

យ៉ាងណាក៏ដោយ​លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​ចំពោះមុខ លោក​សុំ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​បិទ​ក្រុមហ៊ុន រោងចក្រ​បណ្ដោះអាសន្ន ក្នុងករណី​រក​ឃើញ​អ្នក​ឆ្លង ឬ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩ នៅ​រោងចក្រ​នោះ៖ «ជួនកាល​កម្មករ​តែ​ម្នាក់​ទេ​ដែល​ជា​បណ្ដាញ​ត្រូវ​ឆ្លង​ចេញ ប៉ុន្តែ​គាត់​ទៅ​ជិះឡាន​ជាមួយ​កម្មករ​ដទៃទៀត​នៅ​ភូមិ​ផ្សេងទៀត​ដែល​មាន​កម្មករ​រាប់ពាន់​នាក់ គឺ​អាច​ឆ្លង​គ្នា​តែម្តង ដែល​នាំ​ឲ្យ​អន្តរាយ ហើយ​ពិបាក​នឹង​គ្រប់គ្រង​មែនទែន​…»

ក្តី​បារម្ភ​របស់​មេដឹកនាំ​សហជីព​បែប​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃទី៨ ឧសភា ថា អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ មាន​ជាង ៥ រយ​នាក់ (៥៣៨) បន្ថែម​ទៀត ដោយ​ក្នុង​នោះ​ភាគច្រើន​ជា​កម្មករ​រោងចក្រ​។ ករណី​ឆ្លង​ថ្មី​ទាំងនេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​ព្រឹត្តិការ​សហគមន៍​២០ កុម្ភៈ កើន​ឡើង​ដល់​ជាង ១​ម៉ឺន ៨​ពាន់​នាក់ (១៨.១៥៥) នាក់​ហើយ។

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ឱ្យ​ដឹង​ថា មាន​អ្នក​ជំងឺ​ម្នាក់​នៅ​ក្នុង​ខេត្ត​នេះ បាន​ស្លាប់​កាលពី​យប់​ថ្ងៃទី​០៧ ឧសភា​។ លិខិត​មរណភាព​ដែល​ចេញ​ដោយ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​០៨ ឧសភា ឱ្យ​ដឹង​ថា អ្នកជំងឺ​ដែល​បាន​ស្លាប់​នោះ គឺជា​កម្មការិនី​រោងចក្រ រស់​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់​កាសែត​ក្នុងស្រុក​ថា កម្មការិនី​រូប​នោះ​មាន​ផ្ទៃពោះ ៧​ខែ និង​មាន​អាការៈ​ធ្ងន់ធ្ងរ ទើប​ក្រុម​គ្រួសារ​បញ្ជូន​មក​មន្ទីរពេទ្យ ប៉ុន្តែ​គាត់​បាន​ស្លាប់​នៅ​ប្រហែល​កន្លះ​ម៉ោង​ក្រោយ​មក។

ជាមួយ​គ្នា​នេះ សាលា​រាជធានី​ភ្នំពេញ បាន​បង្ហាញ​បញ្ជី​អត្តសញ្ញាណ​អ្នកជំងឺ​កូវីដ​១៩ ចំនួន​ជាង ៤​រយ​នាក់​(៤៤៥)​នាក់​ថ្មី​បន្ថែម​ទៀត ដែល​បាន​រក​ឃើញ​កើត​ជំងឺ​កូវីដ១៩។

សេចក្តី​ប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​សាលាក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៨ ខែ​ឧសភា បញ្ជាក់​ថា ការ​បង្ហាញ​អត្តសញ្ញាណ​នេះ ដើម្បី​ផ្តល់​ជា​ព័ត៌មាន​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ឲ្យ​ទៅ​ធ្វើ​តេស្ដ​រក​កូវីដ​១៩ និង​ធ្វើ​ចត្តាឡីស័ក។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៨ ឧសភា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ ជាង ១ ម៉ឺន ៨ ពាន់​នាក់ (១៨.៧១៧) ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ជាង ៧​ពាន់​នាក់ (.៣៤០) និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជាង ១ ម៉ឺន ១​ពាន់​នាក់ រីឯ​អ្នក​ស្លាប់​វិញ មាន​ចំនួន ១១៥​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល