មេដឹកនាំសហជីពកម្មករព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលទៅក្នុងចង្កោមកម្មកររោងចក្រកាត់ដេរ ដែលអាចក្លាយជាវិបត្តិធ្ងន់ធ្ងរសម្រាប់ក្រុមកម្មករ និងពិបាកដោះស្រាយ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី០៨ ឧសភាថា មកដល់ពេលនេះចំនួនកម្មករដែលឆ្លងជំងឺកូវីដ១៩ មានចំនួនដល់រាប់រយនាក់ ហើយមិនមានការថមថយទេ ទោះបីជារដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងខេត្ត កណ្តាលជាច្រើនថ្ងៃមកហើយក៏ដោយ៖ «ថ្មីនេះយើងទទួលបានព័ត៌មានថា នៅស្រុកអង្គស្នួល ក្នុងចំណោមរោងចក្រ១១ក្រុមហ៊ុន មានកម្មករឆ្លងកូវីដជាង ១ពាន់នាក់ទៅហើយ…ហើយអ្វីដែលបារម្ភនៅស្រុកអង្គស្នួលនោះ ព្រោះកម្មករមានទំនាក់ទំនាក់ទំនងគ្នាជាមួយកម្មករនៅស្រុកគងពិសីខេត្តកំពង់ស្ពឺចេញមកធ្វើការជាមួយគ្នា…»។
លោកបន្តថា ការឆ្លងនេះ គឺដោយសាររដ្ឋាភិបាល និងខាងរោងចក្រ ពុំទាន់បានដោះស្រាយ បញ្ហាកម្មករមកធ្វើការដោយជិះឡាន ឬរ៉ឺម៉កប្រជ្រៀតគ្នាច្រើន និងការរស់នៅផ្តុំគ្នាក្នុងបន្ទប់ជួលតែមួយលើសចំនួនកំណត់ ទៅតាមការស្នើសុំពីខាងសហជីពកម្មករនោះនៅឡើយទេ។
យ៉ាងណាក៏ដោយលោកថា ដើម្បីដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខ លោកសុំឲ្យរដ្ឋាភិបាលមានវិធានការបិទក្រុមហ៊ុន រោងចក្របណ្ដោះអាសន្ន ក្នុងករណីរកឃើញអ្នកឆ្លង ឬអ្នកដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅរោងចក្រនោះ៖ «ជួនកាលកម្មករតែម្នាក់ទេដែលជាបណ្ដាញត្រូវឆ្លងចេញ ប៉ុន្តែគាត់ទៅជិះឡានជាមួយកម្មករដទៃទៀតនៅភូមិផ្សេងទៀតដែលមានកម្មកររាប់ពាន់នាក់ គឺអាចឆ្លងគ្នាតែម្តង ដែលនាំឲ្យអន្តរាយ ហើយពិបាកនឹងគ្រប់គ្រងមែនទែន…»។
ក្តីបារម្ភរបស់មេដឹកនាំសហជីពបែបនេះ បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសនៅថ្ងៃទី៨ ឧសភា ថា អ្នកឆ្លងជំងឺកូវីដ-១៩ មានជាង ៥ រយនាក់ (៥៣៨) បន្ថែមទៀត ដោយក្នុងនោះភាគច្រើនជាកម្មកររោងចក្រ។ ករណីឆ្លងថ្មីទាំងនេះ ធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍២០ កុម្ភៈ កើនឡើងដល់ជាង ១ម៉ឺន ៨ពាន់នាក់ (១៨.១៥៥) នាក់ហើយ។
អាជ្ញាធរខេត្តកំពង់ស្ពឺឱ្យដឹងថា មានអ្នកជំងឺម្នាក់នៅក្នុងខេត្តនេះ បានស្លាប់កាលពីយប់ថ្ងៃទី០៧ ឧសភា។ លិខិតមរណភាពដែលចេញដោយមន្ទីរពេទ្យខេត្តកំពង់ស្ពឺនៅថ្ងៃទី០៨ ឧសភា ឱ្យដឹងថា អ្នកជំងឺដែលបានស្លាប់នោះ គឺជាកម្មការិនីរោងចក្រ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់កាសែតក្នុងស្រុកថា កម្មការិនីរូបនោះមានផ្ទៃពោះ ៧ខែ និងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យ ប៉ុន្តែគាត់បានស្លាប់នៅប្រហែលកន្លះម៉ោងក្រោយមក។
ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ បានបង្ហាញបញ្ជីអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួនជាង ៤រយនាក់(៤៤៥)នាក់ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩។
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលសាលាក្រុងភ្នំពេញ កាលពីថ្ងៃទី៨ ខែឧសភា បញ្ជាក់ថា ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោលឲ្យទៅធ្វើតេស្ដរកកូវីដ១៩ និងធ្វើចត្តាឡីស័ក។
គិតត្រឹមព្រឹកថ្ងៃទី០៨ ឧសភា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១ ម៉ឺន ៨ ពាន់នាក់ (១៨.៧១៧) ក្នុងនោះអ្នកជាសះស្បើយមានជាង ៧ពាន់នាក់ (៧.៣៤០) និងអ្នកកំពុងសម្រាកព្យាបាលជាង ១ ម៉ឺន ១ពាន់នាក់ រីឯអ្នកស្លាប់វិញ មានចំនួន ១១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។