ក្រសួងសុខាភិបាល សម្រេចបញ្ជូនស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលមានផ្ទុកជំងឺកូវីដ-១៩ (Covid-១) ទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយក្នុងក្រុងភ្នំពេញ ខណៈអ្នកធ្វើដំណើរជាមួយស្ត្រីអង់គ្លេសនោះចំនួន ៥៩នាក់ មិនត្រូវបានអនុញ្ញាតឱ្យចុះចេញពីនាវាទេសចរណ៍ដែលកំពុងចូលចតនៅទីរួមខេត្តកំពង់ចាមឡើយ ដើម្បីរង់ចាំ លទ្ធផលធ្វើតេស្តរកមេរោគ និងតាមដានសុខភាពបន្តទៀត។ ស្របពេលគ្នានេះ ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជាមិនទាន់រកឃើញករណីឆ្លងជំងឺកូវីដ-១៩ បន្ថែមទៀតនោះទេ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចានដា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) បានសម្រេចផ្ទេរស្ត្រីជន ជាតិអង់គ្លេស រូបនោះ ពីមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម មកព្យាបាលនៅមន្ទីរពេទ្យឯកជននោះ ដោយសារមន្ទីរពេទ្យនោះ មានលក្ខណៈទំនើប និងអាចជួយសម្រួល ដល់ការថែទាំអ្នកជំងឺបានល្អ និងធ្វើតាមយោបល់របស់សាម៉ីខ្លួន ប៉ុន្តែលោកមិនទាន់បញ្ជាក់ថា មន្ទីរពេទ្យនោះឈ្មោះអ្វីនោះទេ។
ចំណែកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រាប់អាស៊ីសេរីថា ក្រុមគ្រូពេទ្យ បានយកសំណាកវត្ថុវិភាគរបស់អ្នកដំណើរ លើនាវាមួយគ្រឿងឈ្មោះលើនាវា វីគីង គ្រូសជ្យូណី (Viking Cruise Journey) ចំនួន៥៩នាក់ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ប៉ុន្តែមកដល់រសៀល ថ្ងៃទី១១ ខែមីនា មិនទាន់ទទួលបានលទ្ធផលនៅឡើយទេ។ លោកបញ្ជាក់ថា អាជ្ញាធរ ក៏មិនទាន់អនុញ្ញាតឱ្យពួកគេចុះចេញពីនាវានោះដែរ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្ត និងតាមដានសុខ ភាពបន្តទៀត៖ «យើងបានយកវត្ថុវិភាគគាត់ទៅពិនិត្យមើលនៅវិទ្យាស្ថានប៉ាស្ទ័រ ក្នុងភ្នំពេញ ប៉ុន្តែយើងរង់ចាំពិនិត្យមើលលទ្ធផល។លទ្ធផល អាចចេញនៅថ្ងៃស្អែក»។
កាលពីថ្ងៃទី១០ ខែមីនា ក្រសួង បានរកឃើញស្ត្រីជនជាតិអង់គ្លេសម្នាក់អាយុ៦៥ឆ្នាំ ដែលធ្វើដំណើរតាមនាវា វីគីង គ្រូសជ្យូណី មានផ្ទុក ជំងឺកូវីដ-១៩។ នាវាទេសចរណ៍មួយគ្រឿងនេះ បានផ្ទុកភ្ញៀវទេសចរណ៍និងបុគ្គលិកនាវាចំនួន៦០នាក់ ដោយធ្វើដំណើរចេញមកពីទីក្រុងហូជីមិញ កាលពីថ្ងៃទី៥ ខែមីនា ហើយមកដល់រាជធានីភ្នំពេញនៅថ្ងៃទី៧ ខែមីនា និងបានហួសទៅចូលចតនៅរួមខេត្តកំពង់ចាម។
លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ ឱ្យដឹងថា ស្ត្រីជនជាតិ អង់គ្លេសរូបនោះ នៅមានសុខភាពល្អធម្មតានៅឡើយ៖ «មកដល់ពេលនេះស្ថានភាពសុខភាពរបស់គាត់នៅធម្មតាទេ អត់មានអីផង » ។
ក្រៅពីចាត់វិធានការពិនិត្យតាមដានសុខភាព និងហាមឃាត់មិនឱ្យអ្នកដំណើរលើនាវាឡើងលើគោក មន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរ ក៏បានចាត់វិធានការតាម រកអ្នកធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ និងដោយប្រយោលជាមួយស្ត្រីអង់គ្លេសនោះដែរ ព្រោះថា ស្ត្រីនោះធ្លាប់ចុះពីលើនាវានៅក្នុងទីក្រុងភ្នំពេញ និងថែមទាំងបដិសេធ មិនឱ្យយកសំណាកទៅធ្វើតេស្តរកមេរោគទៀតផង»។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានប្រាប់គេទំព័រថ្មីៗថា នៅថ្ងៃទី១១ ខែមីនា អាជ្ញាធរ បានរកឃើញពលរដ្ឋខ្មែរពីរនាក់ដែលម្នាក់ជាអ្នកបកប្រែភាសា និងម្នាក់ទៀតជាអ្នករត់ ឬម៉កម៉ូតូកង់បីដឹកស្ត្រីអង់គ្លេសនោះ ហើយបានដាក់ពួកគេឱ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យរុស្ស៊ី ដើម្បីធ្វើតេស្តរកមេរោគ និងតាមដានសុខភាព រយៈពេល ១៤ថ្ងៃ។ លោក លី សូវ៉ាន់ ក៏បានអះអាងថា ក្រៅពីអ្នកបកប្រែ និងអ្នករត់រឺម៉កម៉ូតូកងបីនោះ អាជ្ញាធរក៏បានរកឃើញអ្នកមានទំនាក់ទំនងដោយប្រយោលជាមួយស្ត្រីអង់គ្លេសនោះមួយចំនួនទៀតដែរ ប៉ុន្តែមិនបញ្ជាក់ចំនួនប៉ុន្មាននោះឡើយ។ លោកបញ្ជាក់ថា អ្នកមានទំនាក់ទំនងដោយប្រយោលជាមួយអ្នកជំងឺ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែមិនត្រូវដើរហើរផ្ដេសផ្ដាសឡើយ។
មកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣ករណីហើយ។ ករណីទី១កើតឡើងលើបុរសជនជាតិចិនម្នាក់អាយុ៦០ឆ្នាំ ប៉ុន្តែត្រូវបានព្យាបាល ជាហើយបញ្ជូនទៅប្រទេសចិនវិញ។ ករណីទី២ កើតលើបុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ កំពុងដាក់ព្យាបាលក្នុងមន្ទីរបង្អែកខេត្តសៀមរាប និងករណីទី៣ កើតលើស្ត្រីអង់គ្លេស អាយុ ៦៥ឆ្នាំ ដែលទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម គឺត្រូវបានបញ្ជូនមកព្យាបាល នៅរាជធានីភ្នំពេញ ។ ក្រសួងសុខាភិបាលអះអាងថា មិនទាន់រកឃើញភស្តុតាងបញ្ជាក់ថា មានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ។
ទាក់ទងនឹងស្ថានភាពរបស់បុរសខ្មែរដែលកំពុងសម្រាកព្យាបាលនៅខេត្តសៀមរាបនោះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានទេ ដោយ លោកប្រាប់ថា លោកគ្មានតួនាទីឆ្លើយរឿងនេះជាមួយអ្នកសារព័ត៌មាន។ ការឆ្លើយបែបនេះ គឺផ្ទុយពីអ្វីដែលក្រសួងសុខាភិបាល បានបង្ហោះលេខទូរស័ព្ទរបស់ប្រធានមន្ទីរសុខាភិបាលគ្រប់ខេត្តទាំង អស់ សម្រាប់ឱ្យសាធារណជនអាចទំនាក់ទំនងសួរនាំអំពីបញ្ហាសុខភាព និងបញ្ហាជំងឺកូវីដ-១៩៖ «អត់បានទេ ! អត់បានទេ ! ព្រោះខ្ញុំអត់មានសិទ្ធិជាអ្នកឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានទេ សូមទាក់ទងទៅអ្នកនាំពាក្យក្រសួងសុខាភិបាល»។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ប្រាប់អ្នកកាសែតក្រោយបញ្ចប់កិច្ចពិភាក្សាស្តីពី «សារព័ត៌មានចំពោះមុខកូវីដ-19 (Covid-19) និងព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី១១ ខែមីនាថា អ្នកជំងឺជនជាតិខ្មែរនៅមន្ទីរពេទ្យខេត្តសៀមរាបនោះ មិនមានចេញរោគសញ្ញាអ្វីទាំងអស់ គឺមានសុខភាពធម្មតា។ ចំណែកអ្នកប៉ះពាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន និងសមាជិកគ្រួសាររបស់បុរសខ្មែរនោះ ក៏មិនទាន់មានការប្រែប្រួលអ្វីដែរ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា លោកនៅតែមានការព្រួយបារម្ភអំពីលទ្ធភាពដែលអាចបណ្ដាល ឱ្យមានការឆ្លងរាលដាលនៅក្នុងសហគមន៍។ លោកបញ្ជាក់ថា ការព្រួយបារម្ភនេះ ដោយសារកម្ពុជានៅតែអនុញ្ញាតឱ្យជនបរទេស មានទាំងជនជាតិចិនជាដើម បន្តចេញចូលកម្ពុជារាល់ថ្ងៃ ហើយរឿងសំខាន់មួយទៀត គឺរដ្ឋាភិបាល ទទួលស្គាល់ថា មកទល់ពេលនេះ មិនទាន់ប្រមូលអ្នកមានប្រវត្តិធ្លាប់ទំនាក់ទំនងជាមួយអ្នកជំងឺ អស់នៅឡើយទេ។ លោកស្នើសុំឱ្យបន្តវិធានការទប់ស្កាត់និងបង្ការឱ្យមានប្រសិទ្ធភាព ជាពិសេស ត្រូវប្រមូល និងពិនិត្យអ្នកណាដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ដើម្បីធានាថា ពួកគេគ្មានមេរោគក្នុងខ្លួន និងមិនមែនជាភ្នាក់ងារចម្លងមេរោគពីម្នាក់ទៅម្នាក់ឱ្យរីករាលដាលក្នុងសហគមន៍៖ «ករណីនៅតែមានមនុស្សចេញចូលមកកម្ពុជា ក៏ជាចំណុចដែលត្រូវពិនិត្យ និងតាមដានឱ្យបានហ្មត់ចត់ដែរ ហើយឥឡូវនេះ សហគមន៍នីមួយៗ គួរតែអនុវត្តវិធានការការពារទៅបរិបទសហគមន៍របស់ខ្លួន ដូចជាការប្រើប្រាស់តួនាទីរបស់មេសហគមន៍។ ឧទាហរណ៍ តំបន់ជនជាតិដើមភាគតិចអ៊ីចឹង គឺមានមេសហគមន៍ មេឃុំ មេភូមិ ផ្សព្វផ្សាយ ឬក៏មាននាទីរបស់វត្តអារាម តួនាទីរបស់សាលារៀន ត្រូវវាយជួងទូងស្គរ ដើម្បីរំលឹកពលរដ្ឋមកពីធ្វើការងារ វិញ ដូច្នេះទាំងអស់នេះ វាអាចចូលរួមបានច្រើនសម្រាប់ការបង្ការកុំឱ្យឆ្លងពីគ្នាទៅវិញទៅមក»។
គិតត្រឹមថ្ងៃទី១១ ខែមីនា មានអ្នកឆ្លងជំងឺកូវីដ-១៩ នៅលើពិភពលោកសរុបឡើងដល់ជាង ១១ម៉ឺន ៩ពាន់នាក់ (១១៩. ១៣២នាក់) រីឯអ្នកស្លាប់ ក៏ឡើងដល់ជាង ៤ពាន់ ២រយនាក់ (៤.២៨៤នាក់)។ មេរោគនេះ កំពុងរីករាលដាលក្នុងដែនដី និងប្រទេសជាង១១០ នៅជុំវិញពិភពលោក ប៉ុន្តែ ប្រទេសដែលមានសន្ទុះឆ្លងរាលដាលខ្លាំង គឺប្រទេសចិន ប្រទេសអ៊ីតាលី ប្រទេសអ៊ីរ៉ង់ និងនៅប្រទេសកូរ៉េខាងត្បូង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។