អ្នក​ផ្ទុក​ជំងឺ​កូវីដ​-១៩ កើន​ឡើង​ដល់ ៩៩នាក់ បូក​ទាំង​ករណី​ដែល​អាច​ជា​សញ្ញាណ​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍

ដោយ មួង ណារ៉េត
2020.03.27
ឱ វណ្ណឌីន 031020 វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន អំពី​ការ​រក​ឃើញ​​ករណី​អ្នក​មាន​ជំងឺ​កូវីដ១៩ កាល​​ពី​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ២០២០។
រូប៖ គេ​ផ្ដល់​ឱ្យ

អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ កើន​ឡើង​ដល់ ៩៩នាក់​ហើយ ដោយមាន​អ្នក​ឆ្លង​ម្នាក់​ទៀត នៅ​ភ្នំពេញ ដែល​គ្មាន​រោគសញ្ញា​នៃ​ជំងឺ​នេះ​សោះ​មុន​ធ្វើតេស្ត។ ក្រសួង​សុខាភិបាល បាន​ព្រមាន​រួច​ហើយ​ថា អាច​នឹង​មានការ​រាតត្បាត​ជំងឺ​នេះ​នៅ​ក្នុង​សហគមន៍។

ក្រសួង​សុខាភិបាល ប្រកាស​នៅ​ក្នុង​សេចក្ដី​ជូន​ព័ត៌មាន​របស់​ខ្លួន កាលពី​ជិត​កណ្ដាល​អធ្រាត្រ ថ្ងៃ​ទី២៦ ខែ​មីនា​ថា ករណី​បី​ថ្មី ដែល​ទើប​រក​ឃើញ​នោះ គឺ​សុទ្ធតែ​កើត​ឡើងលើ​បុរស​ជនបរទេស​ទាំង​បី​នាក់​។ ពីរ​នាក់​រក​ឃើញ​នៅ​ខេត្ត​សៀមរាប និង​ម្នាក់ទៀត​រក​ឃើញ​នៅ​ភ្នំពេញ។

ការ​រក​ឃើញ ៣​ករណី​ថ្មី​ទៀត នៃ​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ ដែល​កើន​ដល់ ៩៩​នាក់​នេះ ត្រូវ​បាន​ក្រសួង​សុខាភិបាល ប្រកាស​នៅ​ក្នុង​សេចក្ដី​ជូន​ព័ត៌មាន​របស់​ខ្លួន កាលពី​ជិត​កណ្ដាល​អធ្រាត្រ ថ្ងៃ​ទី២៦ ខែ មីនា ដោយ​បញ្ជាក់​ថា ទាំង​បី​នាក់​នោះ សុទ្ធតែ​ជា​បុរស​ជនបរទេស ដោយ​ពីរ​នាក់ រក​ឃើញ​នៅ​ខេត្ត​សៀមរាប និង​ម្នាក់​រក​ឃើញ​នៅ​ភ្នំពេញ។

បុរស​ពីរ​នាក់​នៅ​ខេត្ត​សៀមរាប​នោះ ជា​ជនជាតិ​ឥណ្ឌូណេស៊ី ម្នាក់​អាយុ ៤១ឆ្នាំ និង​ម្នាក់ទៀត អាយុ ៤៤ឆ្នាំ​។ អ្នក​ទាំងពីរ​នេះ បើ​តាម​ក្រសួងសុខាភិបាល ថា​មាន​ផ្ទុក​ជំងឺ​នេះ​តាំងពី​នៅ​ប្រទេស​ថៃ​មក​ម្ល៉េះ ដោយ​ពួកគាត់​បាន​ធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​ផាយ៉ាថៃ នៅ​បាងកក ឃើញ​វិជ្ជមាន ប៉ុន្តែ ដោយសារ​ពួកគាត់​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល​ជំងឺ​នៅ​ទីនោះ ទើប​ធ្វើដំណើរ​មក​កម្ពុជា ដើម្បី​មក​រក​សេវា​ព្យាបាល​ដោយ​ឥត​បង់​ប្រាក់។ សព្វថ្ងៃ ពួកគាត់​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ព្យាបាល ក្នុង​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។

នេះ​ជា​ករណី​លើក​ទីមួយ​ហើយ ដែល​ជនបរទេស ផ្ទុក​ជំងឺ​នេះ​ពី​ក្រៅ​ប្រទេស រួច​ធ្វើដំណើរ​មក​ផ្សងព្រេង​ទទួល​ការ​ព្យាបាល​នៅ​ប្រទេស​កម្ពុជា ដោយសារ​ឮថា​ការ​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩ មិន​អស់​ប្រាក់។

ករណី​នេះ​កើត​មួយ​ថ្ងៃ ក្រោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ល្បី​ថា ជា​បុរស​សង្ហា​ដើរ​បញ្ច្រាស​ទិស ក្នុង​ពិធី​សំណេះសំណាល ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត កាលពី​ថ្ងៃ​ទី២៥ ខែ​មីនា បាន​ប្រកាស​ដាក់​ចេញ​គោល​នយោបាយ​ថ្នាក់​ជាតិ​មួយ ដែល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ធ្វើ​ឱ្យ​ប្លែក​ពី​ប្រទេស​ជិត​ខាង៖ «ខ្ញុំ​សុំ​ប្រកាស ថា យើង​ក្រ​តែ​យើង​ចិត្តធំ​! អ្នកណា​កើត​ជំងឺ​លើ​ដី​យើង យើង​ចេញ​លុយ​ព្យាបាល​! នយោបាយ​នេះ គឺ​ប្លែក​ពី​វៀតណាម​។ នាយករដ្ឋមន្ត្រី​វៀតណាម បាន​ប្រកាស​ថា ជនជាតិ​បរទេស​ដែល​កើត​ជំងឺ​នេះ ត្រូវ​ចេញ​លុយ​ព្យាបាល​ខ្លួនឯង​។ កម្ពុជា​ជា​ប្រទេស​មួយ​ក្រ​។ សុំ​ប្រកាស​ថា ជនជាតិ​បរទេស​ដែល​ឈឺ​ក្នុង​ទឹកដី​កម្ពុជា​ត្រូវ​ទទួល​បាន​ការ​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​កម្ពុជា ដោយ​មិន​បង់ថ្លៃ​។ យើង​ព្យាបាល ព្រោះ​នេះ​ជា​កាតព្វកិច្ច​របស់​យើង​ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ»

ឃ្លា​ថា​កម្ពុជា​ក្រ តែ​ចិត្តធំ​នេះ ក៏​ត្រូវ​បាន​លោក​ប្រើ​ដែរ កាលពី​លោក​សម្រេច​ឱ្យ​កប៉ាល់​ទេសចរណ៍ វ៉េស្ទើដាម (Westerdam) ដែល​មាន​ផ្ទុក​អ្នកជំងឺ​កូវីដ-១៩ ម្នាក់​លើ​នោះ ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ បើទោះ​បី​ជា​ប្រទេស​ជាច្រើន មិន​ឱ្យ​ចូល​ចត ព្រោះ​ខ្លាច​ចម្លង​ជំងឺ​នេះ​ដល់​ពលរដ្ឋ​ខ្លួន​។ លោក​ថែមទាំង​ទៅ​ចាប់ដៃ ហុច​ផ្កា ឱប ថើប និង​ថតរូប​ជាមួយ​អ្នកដំណើរ​លើ​កប៉ាល់​នោះ​ជាង​មួយ​រយ​នាក់ ដោយ​មិន​ពាក់​ម៉ាស់​ការពារ និង​មិន​រក្សា​ចម្ងាយ​សមស្រប​ពី​អ្នក​ទាំងនោះ ទំនងជា​ចង់​បង្ហាញ​ថា លោក​មិន​ខ្លាច​ជំងឺ​នេះ​ទេ ឱ្យ​ស្របតាម​សារ​របស់​លោក​ដែល​ធ្លាប់​ប្រកាស​ថា ខ្លា​មិន​ខ្លាច​ទៅ​ខ្លាច​អាចម៍​ខ្លា។

ស្រប​ពេល​ដែល​លោក ហ៊ុន សែន ប្រកាស​ព្យាបាល​ជនបរទេស​ដោយ​ឥតគិតថ្លៃ ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​ឯណោះ​វិញ នាំគ្នា​រអ៊ូរទាំ​ជាច្រើន អំពី​បញ្ហា​សេវា​សុខាភិបាល​ខ្មែរ ជាពិសេស​សេវា​ពិនិត្យ​រក​ជំងឺ​កូវីដ-១៩ នេះ​។ ពួកគាត់​គ្មាន​ជម្រើស​អ្វី ក្រៅពី​បាន​ថ្លែង​សារ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក អំពី​ការ​មិន​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូពេទ្យ។

ខុស​ពី​ជនជាតិ​ឥណ្ឌូណេស៊ី​ពីរ​នាក់​នោះ ដែល​កើត​ជំងឺ​នេះ​នៅ​ថៃ តែ​រត់​មក​កម្ពុជា ដើម្បី​រក​សេវា​ព្យាបាល​ឥត​បង់​ប្រាក់ បុរស​ជនជាតិ​ស៊ុយអែត​ម្នាក់​នោះ មិន​ដឹង​ខ្លួន​មុន​ថា ខ្លួន​មាន​ជំងឺ​នេះ​ទេ ហើយក៏​គ្មាន​រោគសញ្ញា​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ​ថា លោក​មាន​ផ្ទុក​ជំងឺ​នេះ​នោះ​ដែរ​។ អ្វី​ដែល​លោក​មក​ធ្វើតេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ​នេះ បើ​តាម​ក្រសួងសុខាភិបាល គឺ​ដោយសារតែ​លោក​ត្រូវការ​បំពេញ​បែបបទ​ធ្វើដំណើរ​ចេញទៅ​ក្រៅ​ប្រទេស ដែល​តម្រូវ​ឱ្យ​លោក​សុំ​សំបុត្រ​ពេទ្យ​។ ប៉ុន្តែ គាត់​មិនបាន​នៅ​រង់ចាំ​លទ្ធផល​នេះ​ទេ ព្រោះ​គាត់​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​កម្ពុជា ទៅ​ប្រទេស​ថៃ​បាត់​ទៅ​​ហើយ គឺ​ទៅ​កាលពី​ថ្ងៃ​ទី២៥ ខែ​មីនា មួយថ្ងៃ​មុន​ចេញ​លទ្ធផល ដែល​រក​ឃើញ​ថា គាត់​មាន​ផ្ទុក​ជំងឺ​នេះ​។ បុរស​ស៊ុយអែត​នោះ បាន​ធ្វើ​ដំណើរ តាម​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល Bangkok Airways

ដោយសារតែ​បុរស​នេះ មិន​នៅ​ស្រុក​ខ្មែរ​នៅ​ពេល​ចេញ​លទ្ធផល​តេស្ត​បែបនេះ ទើប​ក្រសួងសុខាភិបាល មិន​រាប់​បញ្ចូល​ករណី​ថ្មី​ព្យាបាល​នៅ​កម្ពុជា​នោះ​ទេ​។ ដូច្នេះ​ហើយ​ទើប​ចំនួន​អ្នក​ផ្ទុក​ជំងឺ​នេះ ក្រសួងសុខាភិបាល​កំណត់​តួលេខ ៩៨នាក់​ប៉ុណ្ណោះ។

ទោះជា​យ៉ាង​នេះ​ក្តី ក្រសួង​សុខាភិបាល មិនបាន​បញ្ជាក់​ថា តើ​ក្រសួង​មាន​ចំណាត់​ការ​យ៉ាងណា ចំពោះ​មនុស្ស​ដែល​អាច​ប៉ះពាល់​ផ្ទាល់​ជាមួយ​បុរស​ស៊ុយអែត​នេះ ដូចជា​មនុស្ស​នៅ​កន្លែង​ដែល​លោក​ស្នាក់​នៅ អ្នកបើកបរ​ជូន​លោក​មក​ធ្វើតេស្ត ឬ​ជូនដំណឹង​ទៅ​ភាគី​ថៃ​អំពី​ករណី​នេះ នោះ​ទេ។

ជាង​នេះ​ទៅ​ទៀត ក្រសួង​សុខាភិបាល ក៏​មិន​បាន​បញ្ជាក់​ប្រភព​ច្បាស់លាស់ ថា​ជនជាតិ​ស៊ុយអែត​រូប​នេះ ធ្វើដំណើរ​ពី​ប្រទេស​ណា មុន​មកដល់​ប្រទេស​កម្ពុជា​នោះ​ដែរ។

នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​ក្រសួង​សុខាភិបាល មិន​អាច​បញ្ជាក់​ប្រភព​នៃ​អ្នក​ដែល​ផ្ទុក​ជំងឺ​កូវីដ-១៩​នេះ​។ ក្រសួង​សុខាភិបាល កាលពី​ថ្ងៃ​ទី​២៥ ខែ មីនា ក៏​មិនបាន​បញ្ជាក់​ប្រភព​នៃ​អ្នក​ផ្ទុក​ជំងឺ​នេះ មួយ​ករណី​ទៀត​ដែរ គឺ​ករណី បុរស​ខ្មែរ​ម្នាក់​នៅ​ភ្នំពេញ ដែល​ត្រូវ​ដាក់​ឱ្យ​សម្រាក​ព្យាបាល​ជំងឺ​នេះ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​។ ក្រសួង​សុខាភិបាល បាន​ត្រឹម​តែ​បញ្ជាក់​ថា បុរស​នោះ​មាន​វ័យ ២៧ ឆ្នាំ ហើយ​ស្ត្រី​ដែល​ជា​ដៃគូ​របស់​គាត់ ត្រូវ​បាន​រក​ឃើញ​ថា គ្មាន​ផ្ទុក​ជំងឺ​នេះ​ទេ។

អាស៊ីសេរី ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក លី សូវ៉ាន់ ជាច្រើន​ដង កាល​ពី​ម្សិលមិញ ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ករណី​ថ្មីៗ ​កើតឡើង ហើយ​មិន​ដឹង​ប្រភព​ច្បាស់លាស់​នៃ​អ្នក​ផ្ទុក​ជំងឺ​នេះ គឺ​ស្របគ្នា​ទៅ​នឹង​និយមន័យ​នៃ​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍ ដែល​ក្រសួងសុខាភិបាល​បាន​ព្រមាន​តាំងពី​ថ្ងៃ​ទី​១៧ ខែ មីនា​​មក​​ម្ល៉េះ ថា​នឹង​អាច​កើត​មាន​។ ការណ៍​នេះ ក៏​ស្រប​ទៅ​នឹង​សារ​របស់​លោក ហ៊ុន សែន ដែល​កាលពី​ម្សិលមិញ​នេះ​ដែរ ព្រមាន​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​​នេះ​។ ម្សិលមិញ​នេះ​ដែរ លោក ហ៊ុន សែន ទទួលស្គាល់​ជា​លើកទីមួយ​ថា មេរោគ​កូរ៉ូណា​ថ្មី​កាច​សាហាវ ដោយ​ហៅ​វា​ថា ជា​សត្រូវ​ឥត​ស្រមោល។

ទោះបីជា​កម្ពុជា​មិនទាន់​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ក៏ដោយ ក៏​យ៉ាងហោចណាស់​មេឃុំ​ពីរ នៅ​ខេត្ត​រតនគិរី​ឯណោះ បាន​បិទ​ភូមិ​ចំនួន ៧ នៅ​ខេត្ត​នោះ ដើម្បី​ទប់ស្កាត់ និង​ការពារ​ការ​ចម្លង​ជំងឺ​នេះ កុំ​ឱ្យ​រី​រាលដាល​ចូល​តំបន់​នោះ។

ទោះជា​យ៉ាង​នេះ​ក្តី មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ណាមួយ ថា​ជំងឺ​នេះ​បាន​រាតត្បាត​ដល់​ខេត្ត​ភាគ​ឥសាន​នៅ​ឡើយ​ទេ​។ កន្លង​មក​អ្នក​ផ្ទុក​ជំងឺ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ក្រុង​ចំនួន ១៣ ដែល​រក​ឃើញ​ច្រើន​ជាងគេ នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន ៣៦ករណី​។ ភាគច្រើន​នៃ​អ្នក​ផ្ទុក​ជំងឺ​នេះ គឺជា​ជនបរទេស​។ រហូតមកដល់​ពេលនេះ មាន​អ្នក​ផ្ទុក​ជំងឺ​នេះ ១១នាក់​ហើយ​ដែល ត្រូវ​បាន​ព្យាបាល ជាសះស្បើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។