ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ជាង​៥ រយ​នាក់​បន្ថែម​ទៀត

ក្រសួងសុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មាន​ ៥៣៨​នាក់​ថែម​ទៀត ដោយ​ក្នុង​នោះ​ភាគច្រើន​ជា​កម្មករ​រោងចក្រ​។ ករណី​ឆ្លង​ថ្មី​ទាំងនេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ ក្នុង​ព្រឹត្តិការ​សហគមន៍ ​២០ កុម្ភៈ កើនឡើង​ដល់​ ១៨.១៥៥នាក់​ហើយ​។ ដោយឡែក​អ្នកជំងឺ ៤៥៦នាក់​ទៀត បានជា​សះស្បើយ​នៅ​ថ្ងៃ​ដដែល​នេះ។

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ឱ្យ​ដឹង​ថា មាន​អ្នកជំងឺ​ម្នាក់​នៅក្នុង​ខេត្ត​នេះ បាន​ស្លាប់​កាលពី​យប់​ថ្ងៃទី​៧ ឧសភា។ លិខិត​មរណភាព​ដែល​ចេញ​ដោយ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី៨ ឧសភា ឱ្យ​ដឹង​ថា អ្នកជំងឺ​ដែល​បាន​ស្លាប់​នោះ គឺជា​កម្មការិនី​រោងចក្រ រស់នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់​កាសែត​ក្នុងស្រុក​ថា កម្មការិនី​រូប​នោះ​មាន​ផ្ទៃពោះ ​៧ខែ និង​មាន​អាការៈ​ធ្ងន់ធ្ងរ ទើប​ក្រុម​គ្រួសារ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ ប៉ុន្តែ​គាត់​បាន​ស្លាប់​នៅ​ប្រហែល​កន្លះ​ម៉ោង​ក្រោយ​មក។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី៨ ឧសភា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ​-១៩ ចំនួន ១៨.៧១៧នាក់ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន ៧.៣៤០នាក់និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជាង ១ម៉ឺន ១​ពាន់​នាក់ រីឯ​អ្នក​ស្លាប់​វិញ មាន​ចំនួន ១១៥​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។