អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៣២០នាក់ហើយ បន្ទាប់ពីអ្នកជំងឺ ០៩នាក់ទៀត បានស្លាប់។ ចំណែកករណីឆ្លងថ្មីវិញ មានជាង ៦រយនាក់ (៦៣៨) បន្ថែមទៀត ក្នុងនោះភាគច្រើន ជាករណីឆ្លងក្នុងសហគមន៍។ រីឯអ្នកជាសះស្បើយវិញ មានជាង ៦រយនាក់ (៦០៥) នៅថ្ងៃដដែលនេះ។
គិតត្រឹមព្រឹកថ្ងៃទី ១២ មិថុនា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជិត ៣ម៉ឺន ៨ពាន់នាក់ (៣៧.៩៥៩) ក្នុងនោះ អ្នកជាសះស្បើយមានជាង ៣ម៉ឺន ១ពាន់នាក់ (៣១.២២២)។
ទាក់ទងនឹងរឿងវ៉ាក់សាំងវិញ ប្រទេសចិនបានបញ្ជូនវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ចំនួន ១លានដូសទៀតមកដល់កម្ពុជានៅរសៀលថ្ងៃដដែលនេះ ដែលវ៉ាក់សាំងទាំងនោះ រដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីចិន។
គិតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងទាំងជំនួយ និងបញ្ជាទិញ សរុបជាង ៨លានដូសហើយ ដោយភាគច្រើនជាវ៉ាក់សាំងរបស់ចិន។ រដ្ឋាភិបាលបានសម្រុកចាក់វ៉ាក់សាំងទាំងនោះជូនពលរដ្ឋ បានជាង ២លាន ៨សែននាក់ ឬស្មើនឹងជាង ២៨% ក្នុងចំណោមប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន ១០លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។