សហរដ្ឋអាមេរិកគូសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួនចំពោះសុខភាព និងសុខុមាលភាពរបស់ពលរដ្ឋកម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើងដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ក្នុងពិធីផ្តល់វ៉ាក់សាំង ហ្វៃហ្សឺ (Pfizer) ចំនួនពីរលានដូសដល់កម្ពុជា នៅថ្ងៃទី៣ ខែឧសភា។
លោក ប៉ាទ្រីក ម័រហ្វី ថ្លែងថា សហរដ្ឋអាមេរិកចាត់ទុកការសម្រេចបាននូវសន្តិសុខផ្នែកសុខភាពគឺជាអាទិភាពខ្ពស់មួយ។ លោកបន្តថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយដៃគូនៃយន្តការកូវ៉ាក់ (COVAX) របស់អង្គការសហប្រជាជាតិ ដើម្បីធានាឱ្យប្រជាជនជុំវិញពិភពលោកទទួលបាននូវវ៉ាក់សាំង។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិកប្តេជ្ញាដឹកនាំការឆ្លើយតបជំងឺកូវីដ១៩ ជាសាកល ដើម្បីធ្វើឱ្យមនុស្សទាំងអស់គ្នាមានសុវត្ថិភាព និងសុខភាពកាន់តែប្រសើរ។
ចាប់តាំងពីផ្ទុះរាលដាលនៃជំងឺរាតត្បាតសាកលកូវីដ១៩មកនៅកម្ពុជា សហរដ្ឋអាមេរិកបានផ្តល់ជំនួយនូវវ៉ាក់សាំងជាង ៣លានដូស ក្នុងនោះមានវ៉ាក់សាំងប្រភេទ ចនសុន អេន ចនសុន (Johnson & Johnson) និងវ៉ាក់សាំងហ្វៃហ្សឺ (Pfizer) និងជំនួយបន្ថែម ១៦លានដុល្លារតាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID។ បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានផ្តល់ជំនួយបច្ចេកទេសសំខាន់ៗ តាមរយៈទីភ្នាក់ងារសុខាភិបាលសាធារណៈរបស់អាមេរិក ដើម្បីគាំទ្រដល់ការឃ្លាំមើល ការតាមដានអ្នកពាក់ព័ន្ធ ការពង្រឹងសមត្ថភាពយល់ដឹងជាសាធារណៈ និងការស្រាវជ្រាវទប់ស្កាត់មេរោគកូវីដ១៩។
សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយដ៏ធំជាងគេបង្អស់មួយនៅលើពិភពលោក ដែលបានចូលរួមចំណែកឆ្លើយតបជាអន្តរជាតិដើម្បីទប់ទល់នឹងវិបត្តិកូវីដ១៩។ គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយសរុបជាង ៩ពាន់លានដុល្លារ តាមរយៈយន្តការកូវ៉ាក់របស់អង្គការសហប្រជាជាតិ ទៅដល់ជាង ១២០ប្រទេស នៅលើពិភពលោក ក្នុងនោះក៏រួមមានទាំងកម្ពុជាផង។
នៅថ្ងៃនេះដែរ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣នាក់ថ្មីទៀត ដែលជាវីរុសបំប្លែងថ្មីអូមីក្រុង (Omicron) ឆ្លងក្នុងសហគមន៍ទាំងអស់។
គិតត្រឹមព្រឹកថ្ងៃទី៣ឧសភា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១សែន ៣ម៉ឺន៦ពាន់នាក់ (១៣៦.២៥៧) ក្នុងនោះអ្នកជាសះស្បើយមានជាង ១ សែន ៣ម៉ឺននាក់ ៣ពាន់នាក់ (១៣៣.១៤៤) និងអ្នកស្លាប់មានចំនួន ៣ពាន់ ៥៦ នាក់ (៣.០៥៦)។
ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩វិញ ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី២ ខែឧសភាកន្លងទៅ រដ្ឋាភិបាលចាក់ជូនពលរដ្ឋដែលមានអាយុចាប់ពី៣ឆ្នាំឡើងបានជាង ១៤លាន ៩សែន៤ម៉ឺននាក់ សម្រាប់ដូសទី១ រីឯដូសទី២ ចាក់បានជិត១៤លាន២សែននាក់ ហើយដូសទី៣ និងដូសទី៤ រដ្ឋាភិបាលចាក់ជូនពលរដ្ឋបានជាង១០លាន ៣សែន៦ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។