តើអ្នកនៅជិតកន្លែងរោងសិប្បកម្មផលិតរូបចម្លាក់អំពីថ្មនោះ មានកង្វល់យ៉ាងណា?
ប្រជាពលរដ្ឋមួយចំនួនដែលមានលំនៅជាប់របងអតីតមន្ទីរអប់រំយុវជន និងកីឡា នាភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មិនសប្បាយចិត្តចំពោះក្រុមហ៊ុនចម្រុះសិប្បករអង្គរ ដោយសារតែរោងសិប្បកម្មចម្លាក់ថ្មមួយកន្លែង តែងបង្ហុយកម្ទេចធូលីឱ្យអណ្ដែតទៅលើអាកាស ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។
យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋប្រមាណ ១០គ្រួសារ ដែលជាអ្នកមានលំនៅឋានជិតកន្លែងសិប្បកម្មនោះបំផុត បានបង្ហាញកង្វល់អំពីការរំខានការរស់នៅប្រចាំថ្ងៃ ព្រមទាំងការប៉ះពាល់ដល់សុខភាពពួកគេ។
ស្ត្រីវ័យក្មេងម្នាក់ដែលមិនហ៊ានបញ្ចេញឈ្មោះ គឺជាអ្នកភូមិវិហារចិន។ នាងបានមានប្រសាសន៍ថា ជាច្រើនឆ្នាំមកនេះ គ្រួសាររបស់នាងមានកង្វល់ជាខ្លាំងចំពោះរោងសិប្បកម្មចម្លាក់ថ្មនៃក្រុមហ៊ុន អាទីហ្សង់អង្គរ ដែលតែងខាត់កម្ទេចថ្មឱ្យហុយអណ្ដែតពេញមេឃ ចូលមកដល់លំនៅឋានជាច្រើនម៉ោងក្នុង១ថ្ងៃៗ។
ស្ត្រីដដែលបានបញ្ជាក់ទៀតថា ជារៀងរាល់ថ្ងៃ នាងត្រូវតែបង្ខំចិត្តបិទទ្វារបង្អួច និងទ្វារក្រោយ ហើយនាំគ្នាចូលទៅក្នុងផ្ទះមិនសូវហ៊ានចេញក្រៅទេ ដោយសារតែកម្ទេចថ្មហុយចេញពីកន្លែងរោងសិប្បកម្មខ្លាំង៖ «គ្រួសារខ្ញុំមានកង្វល់អារឿងហុយហ្នឹងណាស់រាល់ថ្ងៃ។ តាំងពីម៉ោងគេធ្វើការរហូតដល់ម៉ោង ៥ល្ងាច បានឈប់សម្រាកដែរ សម្រាកម៉ោង ១១-១២ថ្ងៃត្រង់។ ហាលខោអាវអី ខ្ញុំចង់ហាលត្រីឱ្យស្ងួត គ្រាន់អាំងញ៉ាំឆ្ងាញ់អីក៏អត់បានដែរ។ ពួកខ្ញុំដាំទឹកដាំបាយអីនៅខាងក្រោយប្រើចង្ក្រានឡូវចង្ក្រានអី អត់កើតទេ ទាល់តែប្រើចង្ក្រានហ្គាស៍ បិទគម្របដាំទៅ។ ជាពិសេស ធុំអាក្លិនស្អីនោះ មិនដឹងគេដុតស្អីទេ ហើយប្អូនខ្ញុំកើតរោគហឺត ២-៣នាក់ហើយ»។
អ្នកភូមិជាច្រើនទៀតបានត្អូញត្អែរប្រហាក់ប្រហែលគ្នា ដោយថា គេមិនអាចទ្រាំទ្របាននូវការធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននោះម្យ៉ាង និងម្យ៉ាងទៀត កម្ទេចថ្មដែលហុយដូចធូលី បានធ្វើឱ្យពួកគេកើតជំងឺសើស្បែកផងនោះទេ។
យុវជនឈ្មោះ ដាឡា ជាបុគ្គលិកបម្រើការនៅផ្ទះសំណាក់មួយកន្លែងជាប់នឹងរបងសិប្បកម្មនោះ បានមានប្រសាសន៍ថា ស្ទើរតែរៀងរាល់ថ្ងៃ កម្ទេចថ្មដែលគេខាត់ចេញពីរោងជាង បានហុយចេញ និងអណ្ដែតទៅលើអាកាសដូចជាផ្សែង។ កម្ទេចថ្មនោះ គឺបានរសាត់មកប៉ះកម្រាលពួក ភួយ និងសម្លៀកបំពាក់ដែលគាត់បោក ហើយដាក់ហាលថ្ងៃជាប្រចាំ។ យុវជនដដែលបានបញ្ជាក់ថា រូបគាត់ធ្លាប់កើតជំងឺសើស្បែកនៅពេលដែលខោអាវដាក់ហាលបានប្រឡាក់កម្ទេចថ្ម ហើយគាត់យកទៅស្លៀកពាក់៖ «ពួកខ្ញុំធ្លាប់មានអាការៈរមាស់ ឬក៏អាឡែកស៊ីស្បែក ដោយសារល្អងធូលីដែលហុយពី អាទីហ្សង់អង្គរ ហ្នឹង គឺវាហុយមកខ្លាំងមែនទែន។ អ៊ីចឹងសុំឱ្យអាជ្ញាធរដែនដី ហើយនិងម្ចាស់សិប្បកម្ម អាទីហ្សង់អង្គរ ហ្នឹងមើលហើយ និងរកដំណោះស្រាយណាមួយ ដើម្បីបញ្ឈប់នូវការហុយធូលីទាំងឡាយដែលវាប៉ះពាល់ដល់សិទ្ធិនៃការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង។ ការងារដែលគាត់ធ្វើហ្នឹង គឺជាពាណិជ្ជកម្មរបស់គាត់ ប៉ុន្តែវាប៉ះពាល់ដល់បរិស្ថានដែលអ្នកជិតខាងរស់នៅ»។
ប្រភពពីអ្នកភូមិបានឱ្យដឹងថា កម្ទេចថ្មតែងហុយចេញពីរោងសិប្បកម្ម អាទីហ្សង់អង្គរ ស្ទើរតែរៀងរាល់ថ្ងៃចាប់ពីអំឡុងម៉ោងប្រមាណ ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នៅពេលដែលគេឮស្នូរម៉ូទ័រ ដែលខាត់ប៉ះនឹងថ្មម្ដងៗ។
«សំឡេង»
ក្រុមអ្នកភូមិអះអាងថា គេធ្លាប់ទៅជជែកជាមួយអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនចម្រុះសិប្បករអង្គរជាច្រើនលើកមកហើយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយអ្នកគ្រប់គ្រងក្រុមហ៊ុនបានត្រឹមតែសន្យាថា នឹងដោះស្រាយ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅតែមានកង្វល់នៅឡើយ។
ទោះយ៉ាងណា អ្នកគ្រប់គ្រងនៃក្រុមហ៊ុនចម្រុះសិប្បករអង្គរ បានឆ្លើយតបថា គេបានដឹងអំពីកង្វល់ទាំងនេះ ក៏ប៉ុន្តែគេត្រូវការពេលវេលាមួយរយៈខ្លី ដើម្បីបញ្ចប់បញ្ហាឱ្យបាន។
ប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនចម្រុះសិប្បករអង្គរ អ្នកស្រី ខាតធឺរីន ណុប បានមានប្រសាសន៍ថា ក្រុមហ៊ុនមិនដែលព្រងើយកន្តើយអំពីបញ្ហាហុយកម្ទេចថ្ម ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជិតខាងនោះទេ។ អ្នកស្រីបញ្ជាក់ថា ក្រុមហ៊ុនត្រូវការពេលយ៉ាងយូរតែ ១អាទិត្យទៀតប៉ុណ្ណោះ ដើម្បីកសាងឧបករណ៍បំបាត់ភាពហុយនេះ៖ «យើងដឹងណាស់អ្វីដែលពាក់ព័ន្ធនឹងគាត់ ពាក់ព័ន្ធនឹងភ្ញៀវយើង ឬក៏សិប្បករយើង គឺយើងមានដាក់ម៉ាស៊ីន ពេលដែលខាត់ហើយស្រូបចូលទៅ វាមានទឹកមួយទៅធ្វើឱ្យកម្ទេចហ្នឹងវាក្លាយទៅជាសើមតែម្ដង។ ប៉ុន្តែគ្រាន់តែវាអត់គ្រប់គ្រាន់ យើងកំពុងតែធ្វើដំបូល១ដែលមានទឹកហូរពីលើដំបូលមក វាសាចតិចៗ កាលណាមានអាហុយហ្នឹងចេញមក វាទៅប៉ះនឹងអាហ្នឹងវាធ្លាក់អស់។ ឥឡូវហ្នឹងកំពុងតែធ្វើអាហ្នឹងឯង នៅក្នុងរោងជាង។ មិនមែនអត់មានមធ្យោបាយទេ យើងក៏បានគិតអ្នកជិតខាង ហើយក៏បានគិតសុខភាពអ្នកជុំវិញហ្នឹងដែរ។ មិនមែនយើងព្រងើយកន្តើយទេ យើងបានគិតរឿងអស់ហ្នឹង»។
អ្នកឯកទេសផ្នែកសុខភាពបានផ្ដល់ដំបូន្មានថា បញ្ហាហុយកម្ទេចថ្មនោះ គួរតែដោះស្រាយឱ្យបានឆាប់រហ័ស ដើម្បីជៀសវាងការប៉ះពាល់ធំដុំទៅដល់សុខភាពសាធារណៈ។
គ្រូពេទ្យអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក ញាណ សារិន បានមានប្រសាសន៍ថា កម្ទេចថ្មដែលហុយចេញដូចជាធូលីនោះ នៅពេលដែលវារសាត់ទៅប៉ះរាងកាយ និងប្រព័ន្ធដកដង្ហើម គឺវាមិនត្រឹមតែបណ្ដាលឱ្យកើតជំងឺផ្ដាសាយ ឬក៏ជំងឺសើស្បែកប៉ុណ្ណោះទេ វាថែមទាំងបង្កើតឱ្យមានជំងឺធ្ងន់ៗពាក់ព័ន្ធនឹងសួតទៀតផង៖ «ធូលីថ្មអាចប៉ះពាល់ដល់សួត វាធ្វើឱ្យរបេងសួត រលាកសួត ធ្វើឱ្យសួតក្រិន ហើយនិងកើតជំងឺហឺត»។
ចៅសង្កាត់ស្វាយដង្គំ លោក ហង់ ហឿម បានមានប្រសាសន៍ថា កាលពី ២-៣ឆ្នាំមុន សាលាក្រុងសៀមរាប ធ្លាប់បានចុះដោះស្រាយ ដើម្បីបញ្ឈប់រឿងហុយកម្ទេចថ្មនោះម្ដងមកហើយ ក៏ប៉ុន្តែលោកមិនដឹងថា រឿងហុយកម្ទេចថ្មនោះបានកើតឡើងជាថ្មីទៀតទេ។ លោកចៅសង្កាត់បានសន្យាថានឹងបញ្ជូនមន្ត្រីឱ្យចុះពិនិត្យមើលសាជាថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។