អ្នកឃ្លាំមើល៖ ការ​បិទ​ជើង​ហោះហើរ និង​ជម្លៀស​ពលរដ្ឋ​ពី​ចិន​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​ទំនាក់ទំនង​កម្ពុជា​-​ចិន​នោះ​ទេ

0:00 / 0:00

អ្នកឃ្លាំមើល​បញ្ហា​សង្គម​កម្ពុជា មើល​ឃើញ​ថា ការ​ផ្អាក​ជើង​ហោះហើរ​បណ្ដោះអាសន្ន និង ការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ពី​តំបន់​រីក​រាលដាល​វីរុស​កូរ៉ូណា ក្នុង​ប្រទេស​ចិន មិន​ប៉ះពាល់ ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​សម្រាល​បន្ទុក​របស់​រដ្ឋាភិបាល​ចិន​ទៀត​ផង​។ ការ​លើកឡើង​នេះ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា ការ​ផ្អាក​ជើង​ហោះហើរ និង​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ពី​ប្រទេស​ចិន​គឺ​ស្មើនឹង​សម្លាប់​សេដ្ឋកិច្ច​កម្ពុជា និង​កាត់បន្ថយ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​មើល​ឃើញ​ថា ការ​បន្ត​អនុញ្ញាត​ឱ្យ​ជនជាតិ​ចិន​ចេញចូល​កម្ពុជា ដោយ​សេរី និង​មិន​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​ផុង​ក្នុង​តំបន់​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា ក្នុង ប្រទេស​ចិន​នោះ គឺ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា គ្មាន​សមត្ថភាព និង​មិន​យកចិត្តទុកដាក់​ជួយ​ពលរដ្ឋ របស់​ខ្លួន​នោះ​ទេ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក រ៉ុង ឈុន ថ្លែង​ថា ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​មិន​សមស្រប​ទៅ​នឹង​ស្ថានការណ៍​ដែល​កំពុង​កើតឡើង និង​ការ​ព្រួយបារម្ភ​របស់​ពិភពលោក​នោះ​ឡើយ​។ លោក​បន្ត​ថា ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស​មួយ​រូប លោក ហ៊ុន សែន គួរតែ​គិត​គួរ​អំពី​សុខទុក្ខ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ព្រោះ​ក្នុង​ករណី​ថ្លោះធ្លោយ​បណ្ដាល​ឱ្យ​មានការ​ចម្លង​វីរុស​កូរ៉ូណា​ថ្មី​នេះ​នៅ​កម្ពុជា គឺ​នឹង​ធ្វើ​ឱ្យ​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ជាង​ការ​អះអាង​របស់​រដ្ឋាភិបាល​ទៅ​ទៀត​។

ប្រធាន​សហភាព​សហជីព​កម្ពុជា​រូប​នេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើងវិញ ក្នុង​ការ​ផ្អាក​ជើង​ហោះហើរ​ពី​ប្រទេស​ចិន និង​រក​វិធីសាស្ត្រ​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ខ្មែរ ដូច​រដ្ឋាភិបាល​ប្រទេស​ដទៃ​ទៀត​កំពុងតែ​ធ្វើ​យ៉ាង​ដូច្នេះ​ដែរ៖ «ការ​លើកឡើង​គ្រាន់តែ​ជា​ការ​បិទបាំង​និង​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ជួនកាល​យើង​មើល​ឃើញ​ថា យើង​អាច​ខ្វះ​ធនធាន ខ្វះ​សមត្ថភាព​ក្នុង​ការ​ជម្លៀស​ក្នុង ការ​ទប់ស្កាត់។ ទី​២ យើង​ឃើញ​ថា វា​មិន​ខូចការ​ទំនាក់ទំនង​អី​ទេ ក្នុង​ការ​បិទ​ជើង​ហោះហើរ​ជាមួយ​ចិន​បណ្ដោះអាសន្ន ហើយ​សេដ្ឋកិច្ច​ក៏​មិន​ប៉ះពាល់​ធំ​ដំ​ដែរ។ ប៉ុន្តែ​ផ្ទុយទៅវិញ​នៅ​ពេល​ពលរដ្ឋ ប្រឈម គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ខ្លាំង​មែនទែន។ ឧទាហរណ៍​ថា ជំងឺ​នេះ​វាយលុក​ខ្លាំង​នៅ​តាម​បណ្ដា​រោងចក្រ​ជាច្រើន ដូច្នេះ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ហើយ។

ជាមួយ​គ្នា​នេះ លោក រ៉ុង ឈុន ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា នៅ​មាន​ភាព​ទន់ខ្សោយ​ផ្នែក​ប្រព័ន្ធ សុខាភិបាល និង​មិនបាន​ត្រៀមខ្លួន​គ្រប់គ្រាន់​សម្រាប់​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ រលាក​សួត​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា ដូចគ្នា​នឹង​សេចក្ដី​ប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO)​ដែរ៖ «នៅ​កម្ពុជា បើ​យើង​មើល​ទៅលើ​ប្រព័ន្ធ​សុខាភិបាល​នៅ​ខ្សោយ​មែនទែន ក្នុង​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ព្រោះ​យើង​មើល​ឃើញ​កន្លង​មក​ហើយ​ថា ការ​ព្យាបាល​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់​ទំនុក​ចិត្ត​ហើយ​គ្រូពេទ្យ មួយ​ចំនួន​ខ្វះ​សមត្ថភាព​និង​ខ្វះ​ការទទួលខុសត្រូវ​ដែល​តែងតែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ចេញទៅ​ព្យាបាល​នៅ​ប្រទេសជិតខាង»។

លោក ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៣០ មករា​ថា អាជ្ញាធរ​គ្មាន​វិធានការ​បិទ​ជើង​ហោះហើរ និង​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ពី​ប្រទេស​ចិន​នោះ​ទេ ដោយ​លោក​អះអាង​ថា វិធានការ​នេះ​គឺ​ស្មើនឹង​សម្លាប់​សេដ្ឋកិច្ច​កម្ពុជា និង​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​ចិន​។ លោក ហ៊ុន សែន ក៏​អំពាវនាវ​កុំ​ឱ្យ​និស្សិត​ខ្មែរ​វិល​មក​កម្ពុជា​វិញ ដោយ​ត្រូវ​នៅ​រួមសុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន​ចិន ហើយ​លោក​ថែមទាំង អំពាវនាវ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ភ័យ​ជ្រុល​ហួស​ហេតុ​ពេក។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​សម្រាប់​ការអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ពិចារណា​ឡើងវិញ​ក្នុង​ការ​ផ្អាក​ជើង​ហោះហើរ​ពី​ខេត្ត​មួយ​ចំនួន​របស់​ចិន​ដែល​កំពុង​រាលដាល​វីរុស​កូរ៉ូណា និង​ជម្លៀស​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​វិញ ព្រោះ​អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​ប្រកាស​ដាក់​ពិភពលោក​ក្នុង​ភាព​អាសន្ន​ដោយសារ​វីរុស​កូរ៉ូណា។ លោក​យល់​ថា ការដែល​រដ្ឋាភិបាល​កម្ពុជា ជួយ​ពលរដ្ឋ​ខ្មែរ​ឱ្យ​មាន​សុវត្ថិភាព​គេច​ផុត​ពី​ការ​ឆ្លង វីរុស​កូរ៉ូណា គឺជា​ការ​ជួយ​សម្រាល​បន្ទុក​របស់​រដ្ឋាភិបាល​ចិន និង​ពិភពលោក ហើយ​គ្មាន​ខូចខាត សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​និង​ប៉ះពាល់​ទំនាក់ទំនង​ជាមួយ​ចិន​ឡើយ​។ លោក យង់ គិមអេង សង្កេត​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​សព្វថ្ងៃ មិន​ពឹង​ផ្អែកលើ​ភ្ញៀវ​ទេសចរណ៍​ចិន​នោះ​ទេ ប៉ុន្តែ​ពឹងផ្អែក​ខ្លាំង ទៅលើ​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប៖ «បើ​យើង​ការពារ ពលរដ្ឋ​ឱ្យ​មាន​សុខភាព​ល្អ​បាន គឺ​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​យើង​កើន​ឆាប់រហ័ស​វិញ បន្ទាប់ពី​វីរុស​ត្រូវ​បាន​គេ​ទប់ស្កាត់។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល នឹង​មាន​ការ​គិត​គូរ​បន្ថែម​ទៀត បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស»។

កាលពី​ថ្ងៃ​យប់​ថ្ងៃ​ទី​៣០ ខែ​មករា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញ​សេចក្តី​ប្រកាស ដាក់​ពិភពលោក​ក្នុង​ភាព​អាសន្ន​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី ក្រោយ​ពិនិត្យ​ឃើញ​ថា មេរោគ​បង្ក​ឱ្យ​រលាក​សួត​នេះ បាន​សម្លាប់​មនុស្ស និង​ឆ្លង​រីក​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស កើន​ឡើងជា​លំដាប់​យ៉ាង​ឆាប់រហ័ស រហូត​ឆ្លង​ដល់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។ អង្គការ​សុខភាព​ពិភពលោក មាន​ក្តី​កង្វល់​ខ្លាំង​បំផុត​ចំពោះ​សក្ដានុពល​ភាព​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ​ទៅកាន់​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ និង​មិនបាន​ត្រៀមខ្លួន​គ្រប់គ្រាន់​សម្រាប់​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​ថ្មី​នេះ​។ អង្គការ​សុខភាព​ពិភពលោក ណែនាំ​ឱ្យ​ប្រទេស​នានា ធ្វើ​សកម្មភាព​រួមគ្នា ដើម្បី​ប្រឆាំង​ជំងឺ​ឆ្លង​នេះ។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា គ្មាន​ការពិចារណា​ឡើងវិញ​ក្នុង​ផ្អាក​ជើង​ហោះហើរ និង​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញពី​ចិន​នោះ​ទេ ហើយ​អ្វី​ដែល​អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​នោះ គឺ​កម្ពុជា បាន​ត្រៀមខ្លួន និង​អនុវត្ត​រួចរាល់​ហើយ ដើម្បី​បង្ការ និង​ទប់ស្កាត់​មេរោគ​នេះ៖ «ប្រទេស​កម្ពុជា យើង​បាន​ត្រៀម​អស់ហើយ​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​នៅ​គ្រប់ពេលវេលា​ទាំង​អស់ហើយ​នៅ​ក្នុង​សំណើ​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​ឱ្យ​យើង​តម្លាភាព​ហើយ តាមពិត​កម្ពុជា គឺជា​ប្រទេស​តម្លាភាព​បំផុត​ហើយ​។​យើង​ផ្លាស់ប្ដូរ​ព័ត៌មាន​អ្វី​ដែល​យើង​បាន​រក​ឃើញ​ភ្លាម យើង​ផ្ដល់​ដល់​ប្រជាជន​និង​ដល់​អង្គការ​សុខភាព​ពិភពលោក និង​ប្រទេស​នានា​ទាំងអស់»។

មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​រូប​នេះ ឱ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​មករា កម្ពុជា​មិន ទាន់​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​នោះ​ទេ ក្រៅពី​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហនុ ហើយ​ដែល​កំពុង​មាន​ស្ថានភាព​សុខភាព​ល្អ​ធម្មតា​នោះ។

ជំងឺ​រលាក​ប្រព័ន្ធ​ដង្ហើម​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ បាន​ផ្ទុះឡើង​នៅ​ទីក្រុង​វូហាន ខេត្ត​ហ៊ូបេ (Hubei) ប្រទេស​ចិន ចាប់​តាំង​ពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​។ គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​មករា វីរុស​កូរ៉ូណា​ថ្មី​នេះ បាន សម្លាប់​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​ជាង ២​រយ​នាក់ និង​បាន​ឆ្លង​ទៅ​មនុស្ស​ជិត ១​ម៉ឺន​នាក់​ហើយ​។ ចំណែក​ប្រទេស​ចំនួន​២០ បានសម្រេច​ជម្លៀស​ប្រជាជន​របស់​ខ្លួន​ចេញពី​ប្រទេស​ចិន ដើម្បី​គេច​ពី​វីរុស​កូរ៉ូណា ហើយ​មានតែ​រដ្ឋាភិបាល​កម្ពុជា​ទេ ដែល​ទុក​ពលរដ្ឋ​ខ្មែរ​ឱ្យ​បន្ត​ស្នាក់នៅ​ប្រទេស​ចិន ដើម្បី​រួមសុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន​ចិន ក្រោម​ហេតុផល​ថា ជឿជាក់​លើ​ចិន​ក្នុង​ការ​គ្រប់គ្រង​ស្ថាន ការណ៍​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។