ពលរដ្ឋ​និង​អ្នកឃ្លាំមើល​​រិះគន់​​លោក ហ៊ុន សែន​ ​ខ្វះវិធានការ​​ច្បាស់លាស់​​ក្នុង​ការ​​ទប់ស្កាត់​​​ជំងឺ​​កូវីដ

ដោយ ខែ សុណង
2021-03-13
Share
ពលរដ្ឋ​និង​អ្នកឃ្លាំមើល​​រិះគន់​​លោក ហ៊ុន សែន​ ​ខ្វះវិធានការ​​ច្បាស់លាស់​​ក្នុង​ការ​​ទប់ស្កាត់​​​ជំងឺ​​កូវីដ ពលរដ្ឋ​និង​អ្នកឃ្លាំមើល​​រិះគន់​​លោក ហ៊ុន សែន​ ​ខ្វះវិធានការ​​ច្បាស់លាស់​​ក្នុង​ការ​​ទប់ស្កាត់​​​ជំងឺ​​កូវីដ។
រូប៖ ហ្វេសប៊ុក

ប្រជាពលរដ្ឋ​ និងអ្នកឃ្លាំមើលបញ្ហាសង្គម​​លើកឡើងថា ​ដោយសារតែ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​និយាយ​បាតដៃខ្នងដៃ ​និង​ខ្វះវិធានការ​ច្បាស់លាស់​​ក្នុងការ​ទប់ស្កាត់​​ជំងឺកូវីដ១៩​នេះ​ ​ធ្វើឲ្យ​​ប្រជាពលរដ្ឋ​​មួយចំនួន​​លេងសូវ​ជឿ​ទុក​ចិត្ត​​ និង​​ខ្វះការ​ប្រុង​ប្រយ័ត្ន​​​ចំពោះ​ជំងឺ​​រលាកផ្លូវ​ដង្ហើម​​ដ៏គ្រោះថ្នាក់​មួយនេះ។​

ពលរដ្ឋ​រស់នៅខេត្តព្រៃវែង​​ម្នាក់​លោក ឡាត បូរ៉ា ​ថ្លែងថា​​ លោក​មិនសូវ​យល់​​អំពីវិធានការ​​ទប់ស្កាត់​ជំងឺកូវីដ​​របស់​​រដ្ឋាភិបាលនោះទេ​ ​ព្រោះតាំង​ពីដើម​​រហូតមក​ដល់​​ពេលនេះមេដឹកនាំ​​រដ្ឋាភិបាល​​ហាក់​​មាន​ភាព​​ពុតត្បុត​ច្រើន​។​ ពល​រដ្ឋ​រូប​នេះ​យល់ថា​ ​ទង្វើ​របស់​​រដ្ឋាភិបាលនេះ​​ធ្វើឲ្យ​​ប្រជា​ពលរដ្ឋ​មួយ​​ចំនួន​​បាត់​ទំនុក​ចិត្ត​ ​និង​​យល់ថា​ ​មាន​រឿង​​នយោបាយ​នៅពីក្រោយ​៖ «ចំណុចនេះ ​ខ្ញុំគិតថា ​វាស្ថិតក្នុង​ស្ថានភាព​នយោបាយដែលនាំឲ្យ​ពលរដ្ឋចាប់​អារម្មណ៍​នឹងព្រឹត្តិការណ៍កូវីដខ្លាំងជាង​រឿងនយោបាយ​ ដោយ​សារ​បញ្ហា​នៅអាស៊ាន​ដូចនៅ​ភូមាឥឡូវ ​គេចាប់ផ្តើម​ធ្វើបាតុកម្មប្រឆាំង​មេដឹកនាំផ្តាច់​ការ ​ដូច្នេះ​វាអាច​បង្វែរការ​ចាប់​អារម្មណ៍​របស់​ពលរដ្ឋ»

ក្រៅពីពលរដ្ឋ ​តំណាងរាស្ត្រ​ជាប់​ឆ្នោ​ត​​គណបក្ស​សង្គ្រោះជាតិ​​លោក ​ហេង ដាណារ៉ូ ​​មាន​ប្រសាសន៍ថា​ ​ជំងឺកូ​វីដ​​-១៩​​ គឺជា​​បញ្ហាសុខាភិបាល ​​ប៉ុន្តែ​​​លោក ហ៊ុន សែន​​ បែរ​ជា​​ដោះ​ស្រាយ​ទៅ​តាម​អារម្មណ៍ ​​ហើយថែមទាំង​​ប្រើ​​ជំងឺកូវីដ​-​១៩​ ​ធ្វើជា​លេស​​បង្ក្រាប​​សំឡេង​ជំទាស់​​ដើម្បី​បន្ត​នយោបាយ​​ក្រាញ​អំណាច។ លោកបន្តថា​​ វិធាន​​ការ​​ត្រឡប់​​ត្រឡិន​នេះ ​​ធ្វើឲ្យ​​ជំងឺកូវីដ​​រាតត្បាត​ធ្ងន់ធ្ងរ​ ​ហើយ​បង្ក​ផល​ប៉ះ​ពាល់​​សេដ្ឋកិច្ច​​និង​​អាយុ​ជីវិត​​របស់​​ប្រជាពលរដ្ឋ៖ «ឥឡូវនេះ​​លោកហ៊ុន សែន ​​កំពុង​តែ​វ៉ល់ ​​មិនដឹង​ចាប់យកអីមួយ​​ដើម្បី​ទប់ស្កាត់​ជំងឺកូវីដ​ទេ​​ ព្រោះមួយថ្ងៃ​​គាត់​និយាយ​​អញ្ចេះ​ល្ងាចឡើង​​គាត់​និយាយ​អញ្ចោះ ​​ស្អែកឡើង​គាត់និយាយ​អញ្ចេះ​​គឺ​និយាយ​​តាម​អារម្មណ៍​​ដែលគាត់នឹកឃើញ។ ការដឹកនាំ​ប្រទេស​មួយ​​ដែលធ្វើការងារ​​តាម​អារម្មណ៍​​តាមការ​នឹកឃើញ​នេះ ​​ធ្វើឲ្យ​ប្រទេស​មានគ្រោះថ្នាក់​​ឬ​មាន​បញ្ហាហើយទាំង​ស​ង្គម​ទាំង​ប្រជាជន ​ទាំងវិស័យ​ផ្សេងៗ​ ​ដូចជា​ថ្ងៃមុន​ ​គាត់ចាត់តាំង​ឲ្យ​លោក ​ហ៊ុន ម៉ាណែត ​ទៅរៀប​អូតែល​​ ​ដើម្បីធ្វើជា​​មន្ទីរពេទ្យ​ ​តែ​លោក ​ហ៊ុន ម៉ាណែត​​ មិន​មែន​​ជាអ្នក​បច្ចេកទេស​ផ្នែកសុខា​ភិបាលទេ»

Hun_Sen_his_wife_got_Vaccine_Covid19_from_facebook.jpg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បណ្តើរគ្នាទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់ក្រុមហ៊ុនអង់គ្លេសឈ្មោះ Astra Zeneca​ នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

ការ​​បញ្ចេញ​​ប្រតិកម្មបែបនេះ​​ គឺបន្ទាប់ពី​​ពួកគេ​​ពិនិត្យឃើញថា​ ​មូលហេតុ​ដែល​​​ជំងឺ​កូវីដ​​ឆ្លងចូល​ក្នុ​ង​​សហគមន៍​​ជាបន្តបន្ទាប់នេះដោយសារ​​មេដឹកនាំ​របប​​ក្រុង​ភ្នំពេញ​​ធ្វេសប្រហែស​ ​និង​​ពុំមាន​​វិធានការ​​ច្បាស់​លាស់​​ចាប់តាំង​ពី​​ជំងឺកូវីដ​​ផ្ទុះឡើង​​នៅក្នុង​​ប្រទេសចិន​​ កាលពីចុង​ឆ្នាំ ​២០១៩ ​មក។ កាលពីថ្ងៃទី១១ ខែមីនា កម្ពុជា ​ប្រកាសមាន​អ្នកជំងឺម្នាក់ស្លាប់ ​និង​មួយចំនួនកំពុងត្រូវ​ពេទ្យសង្គ្រោះបន្ទាន់​។

ខុសពីមេដឹកនាំប្រទេស​​ដទៃ​លោក ​ហ៊ុន សែន​ កាលពី​​ដំបូង​ឡើយ​​​បានមើលស្រាល​​ជំងឺកូវីដ​ដោយ​​បាន​​បើកចំហរ​ជើង​មេឃ​​ឲ្យ​ជន​ជាតិចិន​​ចូល​កម្ពុជា​​ដោយ​សេរី។ ​បន្ទាប់មក​​ដើម្បីចំណេញ​​មុខមាត់​​នយោ​បាយនោះ​លោក ហ៊ុន សែន ​បាន​អនុញ្ញាត​​ឲ្យ​​កប៉ាល់​វេស្ទើ​ដាម (​Westerdam)  ដែល​​ដឹក​អ្នកទេសចរ​​បរទេស​​ជាង ​២​ពាន់​​នាក់​ ចូល​ចត​​នៅ​កំពង់ផែ​​ខេត្ត​ព្រះសីហនុ​​ និង​​ធ្វើ​ពិធីជប់លៀង​ រួមទាំង​​​ដឹក​​ភ្ញៀវ​​តាម​រថយន្ត​​ដើរលេង​​ទៀត​ផង​​ ខណៈ​​ពេលនោះ​ ​​ប្រទេ​​ស​​​ក្នុង​តំបន់​​មិន​​ហ៊ាន​​ឲ្យ​​ក​ប៉ាល់​​នោះ​ចូល​ចត​​ដោយសារ​​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​​-​១៩។ លើសពីនេះ​លោក ហ៊ុន សែន ​​​បាន​អំពាវ​នាវ​កុំ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច​​ជំងឺកូវីដ​ ​និង​​​ព្រមាន​​បណ្ដេញ​​អ្នក​ណា​​ហ៊ាន​​ពាក់​ម៉ាស់​​ចូល​ក្នុង​​កម្ម​វិធី​​របស់​​លោក​ទៀតផង៖ «នែ៎​! នៅ​ក្នុង​ហ្នឹង បើ​សិន​មាន​នរណា​មួយ​ពាក់​ម៉ាស់ ខ្ញុំ​ដេញចេញ​! មក​ពាក់​ម៉ាស់​ស្អី នៅ​ក្នុង​កន្លែង​នេះ​? នេះ​អត់​មាន​អ្នកណា​ពាក់​ម៉ាស់​ទេ បើសិន​ជា​ពាក់​ម៉ាស់​ខ្ញុំ​ដេញចេញ​។ អត់​ឲ្យ​នៅ​ហ្នឹង​ទេ​! អ្ហែង​ទៅ​ស៊ី​ជាមួយ​ម៉ាស់ ទៅ​នៅ​ជាមួយ​ម៉ាស់​ទៅ​! ខ្លា​មិន​ខ្លាច​ទៅ​ខ្លាច​អាចម៍​ខ្លា​! វា​ឆ្ងល់​រឿង​កន្លែង​ហ្នឹង​! អត់​ទាន់​ងាប់​ម្នាក់​ផង»

ក្រោយមក​ លោក​បាន​ផ្លាស់ប្តូរគំនិតវិញ​​ និង​​ផ្ញើ​សារ​ប្រាប់​​ពលរដ្ឋ​ជារឿយៗ​ឲ្យ​គោ​រព​​គោល​ការ​ណ៍​ណែនាំ​​របស់​​ក្រសួង​សុខាភិបាល​​៖ «ខ្ញុំសូម​លើកដៃ​សំពះអង្វរ​ប្រជាពលរដ្ឋ​របស់យើង​​សុំការ​យោគយល់ ​​ហើយការយោគយល់​មិនមែន​ដើម្បីខ្ញុំទេ ​​ព្រោះឥឡូវមនុស្ស​​​អត់ទុកចិត្ត​គ្នាទេ»

ទោះជាយ៉ាងណា​​លោក​ ហ៊ុន សែន ​ខ្លួនឯង​​​និង​​មន្ត្រី​ហែ​ហម​​លោក​ជា​ច្រើន​ ​នៅតែ​មិន​​អនុ​វត្ត​​តាម​​គោលការណ៍​​ក្រសួងសុខាភិបាល​នោះទេ​ ​ដែល​ធ្វើឲ្យ​ជំងឺ​កូវីដ​​ឆ្លង​ចូល​ក្នុង​​សហគមន៍​​កន្លងមក​​មាន​ ឬសគល់​​ចេញពី​​ក្រុម​មន្ត្រីរដ្ឋាភិបាល​ ហើយធ្វើឲ្យ​ប៉ះពាល់ ​​និង​​បង្កការភ័យខ្លាច​​ដល់​ប្រជាពលរដ្ឋ​។ ​​ជាក់​ស្តែង​ ព្រឹតិ្តការណ៍​​ឆ្លង​ក្នុង​​សហគមន៍​កាលពី​​​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​ ឆ្នាំ២០២០​ បាន​ផ្តើមចេញ​​ពីក្នុង​​កិច្ចប្រជុំមួយ​រវាង​​លោក​ ហ៊ុន សែន​ ​និង​​មន្ត្រី​ជាន់ខ្ពស់​​ជា​ច្រើន​​រូប​​ជាមួយ​​រដ្ឋមន្ត្រី​ការបរទេស​​ហុងគ្រី​​លោក​ភីតធ័រ​ស្ស៊ី​យ៉ាតូ ​(Peter Szijjarto) ​ដោយសារ​មិនពាក់ម៉ាស់​​ និង​រក្សាគម្លាត​​ត្រឹមត្រូវ។​ បី​សប្តាហ៍​ក្រោយ​មក​​ជំងឺកូវីដ​ ​បាន​ផ្ទុះ​ចូល​ក្នុង​​សហគ​មន៍​ជាលើកទី២​ ​ដែល​ឆ្ល​ង​​ចេញ​ពី​ក្រុម​គ្រួ​សារ​​របស់​​ប្រធាន​​នាយកដ្ឋាន​ពន្ធនាគារ​​នៃ​ក្រសួង​​មហា​ផ្ទៃ​​លោក ឆែម សាវុធ​។​​ ពេលនោះ​លោក ហ៊ុន សែន​ ​មិន​ខ្វល់​​​ពីការ​​រិះគន់​នោះទេ ​​ដោយ​​បញ្ជា​ឲ្យ​ក្រសួង​សុខា​ភិបា​ល​​បញ្ចេញ​​អត្ត​សញ្ញាណ​​និង​​រូបថត​​អ្នកឆ្លងជំងឺកូវីដ​​ទាំងអស់ ​​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរីករាលដាល​។ ​ប៉ុន្តែ​​វិធាន​ការនេះ​​ មិន​ត្រូវបាន​​អនុវត្ត​សម្រាប់​​ព្រឹត្តិការណ៍២០ កុម្ភៈ ​ឬ​​ការ​ឆ្លង​​ក្នុង​ស​ហ​គមន៍​​ជា​លើកទី​៣ ​នេះ​ទេ​។ ​ករណីចុងក្រោយនេះ​ ​ប្រជាពលរដ្ឋមួយចំនួន​ខកចិត្ត​​កាន់​តែ​ខ្លាំង​​ចំពោះ​​របប​ក្រុង​ភ្នំពេញ​​ដែល​មិនបានដាក់​ចេញ​​វិធានការ​​​​ច្បាស់​លាស់​​ក្នុងការ​​ទប់ស្កាត់​​និង​​សង្គ្រោះ​អ្នក​ជំងឺកូវីដ​​ ប៉ុន្តែបែរ​​ជា​​ប្រកាស​​ត្រៀម​​កន្លែង​​សម្រាប់​​បូជា ​​និង​​បញ្ចុះសាក​សព​ទៅវិញ។​​

Hun_Sen_his_wife_got_Vaccine_Covid19_from_facebook_02.jpg
លោក ហ៊ុន សែន និងភរិយា ឱ្យមេដៃម្នាក់មួយ នៅពេលចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់អង់គ្លេសឈ្មោះ Astra Zeneca​ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

អ្នកវិភាគ​នយោបាយ​​លោក គឹម សុខ ​មើលឃើញ​​ថា ​​ការផ្លាស់ប្តូរ​ជំហរ​​មិនទៀងទាត់​និង​​ករណី​​ឆ្លង​រីករាល​​ជំងឺកូវីដធ្ងន់ធ្ងរ​​នៅពេល​នេះ​​ គឺ​ដោយសារ​​លោក ​ហ៊ុន សែន​ ​ទុក​ជំងឺកូវីដ​​ជាល្បែង​​នយោបាយ​​ និង​​មើលស្រាល​ជំងឺកូវីដ៖ «គាត់ទុកកូវីដ​ដូចជា​ល្បែងលេង ​ហើយទី២ គាត់ទុក​កូវីដ​ជាល្បិចល្បែង​ក្នុងការ​ប្រមូលមុខមាត់​នយោបាយ ​និង​ការ​ប្រមូលលុយ​កាក់ពីពួក​ឧក​ញ៉ា​ ​មន្ត្រីធំៗ​ម្លោះ​ហើយ​ពេលកូវីដឆ្លងមែនទែន​ស្ថានភាព​អាសន្នបែបនេះ ​មានតែត្រូវ​ចេញ​វិធានការ​បន្ទាន់​ តែមាន​ប្រសិទ្ធភាព​បែបណានោះ​ ពិបាក​និយាយ​មែន​ទែន»។​

ចំពោះ​បញ្ហាវ៉ាក់សាំងវិញ​​​លោក ហ៊ុន សែន ​​ក៏​ផ្លាស់​ប្តូរជំហរ​មិនតិចដង​ដែរ។ ដំបូងឡើយលោក​ និង​​មន្ត្រី​របស់​លោក ​​តែង​​ប្រកាស​​ក្តែងៗ​​ថា​ ​កម្ពុជា​​នឹង​មិន​​អនុញ្ញាត​​​ឱ្យ​​ប្រទេ​ស​ណាមួយ​​យក​​ប្រជាពលរដ្ឋ​ខ្លួន​​ធ្វើជា​ធុង​សំរាម​​ពិសោធន៍​ ឬ​​ជា​សត្វ​កណ្ដុរ​​សម្រាប់​ពិសោធន៍​​ប្រសិទ្ធភាព​​​វ៉ាក់សាំង​​កូវីដ​ឡើយ ​ហើយ​ថា​ ​កម្ពុជា​​សុខចិត្ត​​រង់ចាំ​​ទទួលយក​ឬ​​ទិញ​វ៉ាក់សាំងណា​​ដែល​​ទទួល​ស្គាល់​​ដោយ​អង្គការ​​សុខភាព​ពិភព​លោក។ ប៉ុន្តែ​លោក ហ៊ុន សែន ​​បាន​ផ្លាស់ប្តូរ​ចិត្តវិញភ្លាមៗ​​ ដោយ​ប្រកាស​​​ទទួល​​យក​​ជំនួយ​​វ៉ាក់​សាំង​​របស់​ចិន​​ដែល​មិន​ទាន់​​ទទួល​​ស្គាល់​​ដោយ​អង្គការសុខភាព​ពិភព​លោក​ ​​ហើ​យ​​​លោកថែមទាំង​​ប្រកាស​​ស្ម័គ្រ​ចិត្ត​ចាក់​មុន​គេ​​​ដើម្បី​​បង្កើន​​ទំនុកចិត្ត​​ដល់ពលរដ្ឋ​។ ទោះ​ជាយ៉ាង​ណា​ លោក​មិនបាន​ចាក់វ៉ាក់សាំង​​ចិនតាមការ​សន្យានោះទេ ​​ក្រោម​ហេតុផល​​លើស​​អាយុ​កំណត់​។ ​​ទីបំផុតលោក​​ និង​ភរិយា ​​បាន​បណ្តើរគ្នា​ទៅចាក់វ៉ាក់សាំង​​របស់​ប្រទេស​អង់គ្លេស​​វិញ ​​ដែល​​ជា​ប្រភេទ​​វ៉ាក់សាំង​​ទទួលស្គាល់​​ដោយ​​អង្គការ​សុខភាព​ពិភព​លោក​។​ ​ម្យ៉ាង​វិញ​ទៀត​​ លោក ​ហ៊ុន ​សែន ​​នៅមិនទាន់​​បញ្ជាក់​ថា​ ​នឹង​​ប្រើថវិកា​​ដែល​ប្រមូល​បាន​ពី​សប្បុរស​ជន​​កន្លងទៅនោះ​ ​ទៅទិញវ៉ាក់សាំង​ពី​ប្រទេសណា​នៅ​ឡើយ​នោះទេ​​មកទល់ពេលនេះ។​

អាស៊ីសេរី ​មិនអាចទាក់ទង​​អ្នកនាំពាក្យ​ក្រសួខាភិបាលអ្នកស្រី ឱ វណ្ណឌីន​ ​និង​ប្រធា​​ន​អង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល​លោក ផៃ ស៊ីផាន ​​ដើម្បី​ឆ្លើយតប​​រឿងនេះ​​បាន​ទេ ​​ដោយ​ទូរស័ព្ទ​ចូលពុំ​មាន​អ្នកទទួល។​

ប្រជាពលរដ្ឋនិង​អ្នកឃ្លាំមើល​បញ្ហាសង្គ​ម​​ព្រួយបារម្ភថា​ ស្ថានភាពជំងឺកូវីដ​ អាច​នឹងកាន់តែ​ធ្ងន់ធ្ងរ​ ដោយសារតែ​រដ្ឋាភិបាល​គ្មានវិធានការ​ច្បាស់លាស់​ឆ្លើយ​តបឲ្យ​បាន​​ត្រឹមត្រូវ​និងទាន់ពេលវេលា​ ហើយ​មន្ត្រីជំនាញសុខាភិបាល​ធ្វើតាមតែមាត់​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល