ប្រជាពលរដ្ឋ និងអ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយបាតដៃខ្នងដៃ និងខ្វះវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នេះ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនលេងសូវជឿទុកចិត្ត និងខ្វះការប្រុងប្រយ័ត្នចំពោះជំងឺរលាកផ្លូវដង្ហើមដ៏គ្រោះថ្នាក់មួយនេះ។
ពលរដ្ឋរស់នៅខេត្តព្រៃវែងម្នាក់លោក ឡាត បូរ៉ា ថ្លែងថា លោកមិនសូវយល់អំពីវិធានការទប់ស្កាត់ជំងឺកូវីដរបស់រដ្ឋាភិបាលនោះទេ ព្រោះតាំងពីដើមរហូតមកដល់ពេលនេះមេដឹកនាំរដ្ឋាភិបាលហាក់មានភាពពុតត្បុតច្រើន។ ពលរដ្ឋរូបនេះយល់ថា ទង្វើរបស់រដ្ឋាភិបាលនេះធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបាត់ទំនុកចិត្ត និងយល់ថា មានរឿងនយោបាយនៅពីក្រោយ៖ «ចំណុចនេះ ខ្ញុំគិតថា វាស្ថិតក្នុងស្ថានភាពនយោបាយដែលនាំឲ្យពលរដ្ឋចាប់អារម្មណ៍នឹងព្រឹត្តិការណ៍កូវីដខ្លាំងជាងរឿងនយោបាយ ដោយសារបញ្ហានៅអាស៊ានដូចនៅភូមាឥឡូវ គេចាប់ផ្តើមធ្វើបាតុកម្មប្រឆាំងមេដឹកនាំផ្តាច់ការ ដូច្នេះវាអាចបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋ»។
ក្រៅពីពលរដ្ឋ តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក ហេង ដាណារ៉ូ មានប្រសាសន៍ថា ជំងឺកូវីដ-១៩ គឺជាបញ្ហាសុខាភិបាល ប៉ុន្តែលោក ហ៊ុន សែន បែរជាដោះស្រាយទៅតាមអារម្មណ៍ ហើយថែមទាំងប្រើជំងឺកូវីដ-១៩ ធ្វើជាលេសបង្ក្រាបសំឡេងជំទាស់ដើម្បីបន្តនយោបាយក្រាញអំណាច។ លោកបន្តថា វិធានការត្រឡប់ត្រឡិននេះ ធ្វើឲ្យជំងឺកូវីដរាតត្បាតធ្ងន់ធ្ងរ ហើយបង្កផលប៉ះពាល់សេដ្ឋកិច្ចនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ៖ «ឥឡូវនេះលោកហ៊ុន សែន កំពុងតែវ៉ល់ មិនដឹងចាប់យកអីមួយដើម្បីទប់ស្កាត់ជំងឺកូវីដទេ ព្រោះមួយថ្ងៃគាត់និយាយអញ្ចេះល្ងាចឡើងគាត់និយាយអញ្ចោះ ស្អែកឡើងគាត់និយាយអញ្ចេះគឺនិយាយតាមអារម្មណ៍ដែលគាត់នឹកឃើញ។ ការដឹកនាំប្រទេសមួយដែលធ្វើការងារតាមអារម្មណ៍តាមការនឹកឃើញនេះ ធ្វើឲ្យប្រទេសមានគ្រោះថ្នាក់ឬមានបញ្ហាហើយទាំងសង្គមទាំងប្រជាជន ទាំងវិស័យផ្សេងៗ ដូចជាថ្ងៃមុន គាត់ចាត់តាំងឲ្យលោក ហ៊ុន ម៉ាណែត ទៅរៀបអូតែល ដើម្បីធ្វើជាមន្ទីរពេទ្យ តែលោក ហ៊ុន ម៉ាណែត មិនមែនជាអ្នកបច្ចេកទេសផ្នែកសុខាភិបាលទេ»។

ការបញ្ចេញប្រតិកម្មបែបនេះ គឺបន្ទាប់ពីពួកគេពិនិត្យឃើញថា មូលហេតុដែលជំងឺកូវីដឆ្លងចូលក្នុងសហគមន៍ជាបន្តបន្ទាប់នេះដោយសារមេដឹកនាំរបបក្រុងភ្នំពេញធ្វេសប្រហែស និងពុំមានវិធានការច្បាស់លាស់ចាប់តាំងពីជំងឺកូវីដផ្ទុះឡើងនៅក្នុងប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ មក។ កាលពីថ្ងៃទី១១ ខែមីនា កម្ពុជា ប្រកាសមានអ្នកជំងឺម្នាក់ស្លាប់ និងមួយចំនួនកំពុងត្រូវពេទ្យសង្គ្រោះបន្ទាន់។
ខុសពីមេដឹកនាំប្រទេសដទៃលោក ហ៊ុន សែន កាលពីដំបូងឡើយបានមើលស្រាលជំងឺកូវីដដោយបានបើកចំហរជើងមេឃឲ្យជនជាតិចិនចូលកម្ពុជាដោយសេរី។ បន្ទាប់មកដើម្បីចំណេញមុខមាត់នយោបាយនោះលោក ហ៊ុន សែន បានអនុញ្ញាតឲ្យកប៉ាល់វេស្ទើដាម (Westerdam) ដែលដឹកអ្នកទេសចរបរទេសជាង ២ពាន់នាក់ ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ និងធ្វើពិធីជប់លៀង រួមទាំងដឹកភ្ញៀវតាមរថយន្តដើរលេងទៀតផង ខណៈពេលនោះ ប្រទេសក្នុងតំបន់មិនហ៊ានឲ្យកប៉ាល់នោះចូលចតដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩។ លើសពីនេះលោក ហ៊ុន សែន បានអំពាវនាវកុំឲ្យពលរដ្ឋភ័យខ្លាចជំងឺកូវីដ និងព្រមានបណ្ដេញអ្នកណាហ៊ានពាក់ម៉ាស់ចូលក្នុងកម្មវិធីរបស់លោកទៀតផង៖ «នែ៎! នៅក្នុងហ្នឹង បើសិនមាននរណាមួយពាក់ម៉ាស់ ខ្ញុំដេញចេញ! មកពាក់ម៉ាស់ស្អី នៅក្នុងកន្លែងនេះ? នេះអត់មានអ្នកណាពាក់ម៉ាស់ទេ បើសិនជាពាក់ម៉ាស់ខ្ញុំដេញចេញ។ អត់ឲ្យនៅហ្នឹងទេ! អ្ហែងទៅស៊ីជាមួយម៉ាស់ ទៅនៅជាមួយម៉ាស់ទៅ! ខ្លាមិនខ្លាចទៅខ្លាចអាចម៍ខ្លា! វាឆ្ងល់រឿងកន្លែងហ្នឹង! អត់ទាន់ងាប់ម្នាក់ផង»។
ក្រោយមក លោកបានផ្លាស់ប្តូរគំនិតវិញ និងផ្ញើសារប្រាប់ពលរដ្ឋជារឿយៗឲ្យគោរពគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៖«ខ្ញុំសូមលើកដៃសំពះអង្វរប្រជាពលរដ្ឋរបស់យើងសុំការយោគយល់ ហើយការយោគយល់មិនមែនដើម្បីខ្ញុំទេ ព្រោះឥឡូវមនុស្សអត់ទុកចិត្តគ្នាទេ»។
ទោះជាយ៉ាងណាលោក ហ៊ុន សែន ខ្លួនឯងនិងមន្ត្រីហែហមលោកជាច្រើន នៅតែមិនអនុវត្តតាមគោលការណ៍ក្រសួងសុខាភិបាលនោះទេ ដែលធ្វើឲ្យជំងឺកូវីដឆ្លងចូលក្នុងសហគមន៍កន្លងមកមាន ឬសគល់ចេញពីក្រុមមន្ត្រីរដ្ឋាភិបាល ហើយធ្វើឲ្យប៉ះពាល់ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ជាក់ស្តែង ព្រឹតិ្តការណ៍ឆ្លងក្នុងសហគមន៍កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្តើមចេញពីក្នុងកិច្ចប្រជុំមួយរវាងលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីលោកភីតធ័រស្ស៊ីយ៉ាតូ (Peter Szijjarto) ដោយសារមិនពាក់ម៉ាស់ និងរក្សាគម្លាតត្រឹមត្រូវ។ បីសប្តាហ៍ក្រោយមកជំងឺកូវីដ បានផ្ទុះចូលក្នុងសហគមន៍ជាលើកទី២ ដែលឆ្លងចេញពីក្រុមគ្រួសាររបស់ប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក ឆែម សាវុធ។ ពេលនោះលោក ហ៊ុន សែន មិនខ្វល់ពីការរិះគន់នោះទេ ដោយបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ចេញអត្តសញ្ញាណនិងរូបថតអ្នកឆ្លងជំងឺកូវីដទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។ ប៉ុន្តែវិធានការនេះ មិនត្រូវបានអនុវត្តសម្រាប់ព្រឹត្តិការណ៍២០ កុម្ភៈ ឬការឆ្លងក្នុងសហគមន៍ជាលើកទី៣ នេះទេ។ ករណីចុងក្រោយនេះ ប្រជាពលរដ្ឋមួយចំនួនខកចិត្តកាន់តែខ្លាំងចំពោះរបបក្រុងភ្នំពេញដែលមិនបានដាក់ចេញវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់និងសង្គ្រោះអ្នកជំងឺកូវីដ ប៉ុន្តែបែរជាប្រកាសត្រៀមកន្លែងសម្រាប់បូជា និងបញ្ចុះសាកសពទៅវិញ។

អ្នកវិភាគនយោបាយលោក គឹម សុខ មើលឃើញថា ការផ្លាស់ប្តូរជំហរមិនទៀងទាត់និងករណីឆ្លងរីករាលជំងឺកូវីដធ្ងន់ធ្ងរនៅពេលនេះ គឺដោយសារលោក ហ៊ុន សែន ទុកជំងឺកូវីដជាល្បែងនយោបាយ និងមើលស្រាលជំងឺកូវីដ៖ «គាត់ទុកកូវីដដូចជាល្បែងលេង ហើយទី២ គាត់ទុកកូវីដជាល្បិចល្បែងក្នុងការប្រមូលមុខមាត់នយោបាយ និងការប្រមូលលុយកាក់ពីពួកឧកញ៉ា មន្ត្រីធំៗម្លោះហើយពេលកូវីដឆ្លងមែនទែនស្ថានភាពអាសន្នបែបនេះ មានតែត្រូវចេញវិធានការបន្ទាន់ តែមានប្រសិទ្ធភាពបែបណានោះ ពិបាកនិយាយមែនទែន»។
ចំពោះបញ្ហាវ៉ាក់សាំងវិញលោក ហ៊ុន សែន ក៏ផ្លាស់ប្តូរជំហរមិនតិចដងដែរ។ ដំបូងឡើយលោក និងមន្ត្រីរបស់លោក តែងប្រកាសក្តែងៗថា កម្ពុជានឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយយកប្រជាពលរដ្ឋខ្លួនធ្វើជាធុងសំរាមពិសោធន៍ ឬជាសត្វកណ្ដុរសម្រាប់ពិសោធន៍ប្រសិទ្ធភាពវ៉ាក់សាំងកូវីដឡើយ ហើយថា កម្ពុជាសុខចិត្តរង់ចាំទទួលយកឬទិញវ៉ាក់សាំងណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ ប៉ុន្តែលោក ហ៊ុន សែន បានផ្លាស់ប្តូរចិត្តវិញភ្លាមៗ ដោយប្រកាសទទួលយកជំនួយវ៉ាក់សាំងរបស់ចិនដែលមិនទាន់ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ហើយលោកថែមទាំងប្រកាសស្ម័គ្រចិត្តចាក់មុនគេដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋ។ ទោះជាយ៉ាងណា លោកមិនបានចាក់វ៉ាក់សាំងចិនតាមការសន្យានោះទេ ក្រោមហេតុផលលើសអាយុកំណត់។ ទីបំផុតលោក និងភរិយា បានបណ្តើរគ្នាទៅចាក់វ៉ាក់សាំងរបស់ប្រទេសអង់គ្លេសវិញ ដែលជាប្រភេទវ៉ាក់សាំងទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ ម្យ៉ាងវិញទៀត លោក ហ៊ុន សែន នៅមិនទាន់បញ្ជាក់ថា នឹងប្រើថវិកាដែលប្រមូលបានពីសប្បុរសជនកន្លងទៅនោះ ទៅទិញវ៉ាក់សាំងពីប្រទេសណានៅឡើយនោះទេមកទល់ពេលនេះ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួខាភិបាលអ្នកស្រី ឱ វណ្ណឌីន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីឆ្លើយតបរឿងនេះបានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ប្រជាពលរដ្ឋនិងអ្នកឃ្លាំមើលបញ្ហាសង្គមព្រួយបារម្ភថា ស្ថានភាពជំងឺកូវីដ អាចនឹងកាន់តែធ្ងន់ធ្ងរ ដោយសារតែរដ្ឋាភិបាលគ្មានវិធានការច្បាស់លាស់ឆ្លើយតបឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា ហើយមន្ត្រីជំនាញសុខាភិបាលធ្វើតាមតែមាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។