អ្នកឃ្លាំមើល​សង្គម​ស្នើ​អាជ្ញាធរ​បង្ហាញ​ព័ត៌មាន​ចាំបាច់​ផ្នែក​សុខភាព​របស់​អ្នកស្លាប់​ដោយ​ជំងឺកូវីដ-១៩

ដោយ សុជីវី
2021-03-12
Share
អ្នកឃ្លាំមើល​សង្គម​ស្នើ​អាជ្ញាធរ​បង្ហាញ​ព័ត៌មាន​ចាំបាច់​ផ្នែក​សុខភាព​របស់​អ្នកស្លាប់​ដោយ​ជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យនៅក្នុងមណ្ឌលមួយនៃរាជធានីភ្នំពេញ។
រូប៖ ហ្វេសប៊ុក នាយកដ្ឋានចត្តាឡីស័ក

អ្នកតាមដានបញ្ហាសង្គម និងអ្នកជំនាញផ្នែកសារព័ត៌មានស្នើអាជ្ញាធររដ្ឋាភិបាលពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាលបង្ហាញព័ត៌មានចាំបាច់មួយចំនួនទាក់ទង​នឹងអ្នក ដែលស្លាប់ដោយជំងឺកូវីដ-១៩ ដើម្បីអោយសារធារណៈជនបានដឹងព័ត៌មានពិតច្បាស់លាស់ និងត្រៀមការពារខ្លួនបានត្រឹមត្រូវ។ សំណើនេះធ្វើឡើងដោយសារតែកម្ពុជាមានអ្នកស្លាប់ដោយសារតែជំងឺកូវីដ-១៩ ជាលើកដំបូងកាលពីថ្ងៃទី១១ ខែមីនា។

សេចក្ដីប្រកាសព័ត៌មាន​​មួយ​សន្លឹក​របស់​ក្រសួង​សុខាភិបាល​អំពី​អ្នកជំងឺ​កូវីដ-១៩ ដំបូងគេ ​ដែល​បាន​ស្លាប់​កាលពីថ្ងៃទី១១ ខែមីនា ​នោះ​នាំឱ្យមាន​ចម្ងល់​ជាច្រើន​ក្នុង​ចំណោម​សាធារណៈជន ដែល​ចាំបាច់​ត្រូវ​មាន​ការបកស្រាយ​បន្ថែម​ ពី​មន្រ្តី​ជំនាញ​ពាក់ព័ន្ធ ពិសេស​អ្នកជំនាញ​របស់​ក្រសួង​សុខាភិបាល។

អ្នកស្រាវជ្រាវការ​អភិវឌ្ឍ​សង្គមលោក បណ្ឌិត សេង សារី វាយតម្លៃ​ថា ​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នោះ​ អាច​ចាត់ទុក​ថា ​គ្រប់គ្រាន់ដែរប្រសិន​បើ​យើង​មើលតែ​មួយជ្រុង។ លោកថា​ នៅពេល​ដែល​និយាយ​ដល់​ព័ត៌មាន ដែល​អាច​មាន​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​នោះ​ ចាំបាច់​ត្រូវ​មាន​ព័ត៌មាន​បន្ថែម​ទៀត ប៉ុន្តែ​អាជ្ញាធរ​គួតែគិត​ដល់​ព័ត៌មាន​ទាក់ទង​នឹង​ឯកជនភាព​របស់​អ្នកស្លាប់​ផងដែរ៖ «ប៉ុន្តែ​ដំណាក់កាលនេះ​ខ្ញុំលើកទឹកចិត្ត​ឱ្យ​គាត់ ក្រសួង​ហ្នឹង​ធ្វើការងារជាមួយក្រុមគ្រួសារ ដើម្បី​អាចទទួលបានព័ត៌មានលំអិត​ជាពិសេសព័ត៌មាន​ទាក់ទង​នឹង​សុខភាព​ផ្ទាល់ខ្លួនរបស់​សព ដើម្បីអាចជាប្រយោជន៍​ដល់​ពលរដ្ឋដទៃ ក្នុង​ការការពារជាមួយកូវីដ-១៩ ហ្នឹង​ដែរ»

74287337_106344537458930_1998167791399600128_n.jpg
                                 លោកបណ្ឌិត សេង សារី អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមកម្ពុជា។ (រូបភាព៖ ហ្វេសប៊ុក)

ក្រសួងសុខាភិបាល​បាន​​បង្ហាញ​ព័ត៌មាន​ខ្លី​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ​បុរស​ម្នាក់​មាន​អាយុ ៥០ឆ្នាំ​ បាន​ស្លាប់​ដោយសារ​ជំងឺកូវីដ-១៩ នៅ​មន្ទីពេទ្យ​មិត្តភាពខ្មែរសូវៀត កាលពីព្រឹកថ្ងៃទី១១ ជាករណី​ស្លាប់​ទី១​នៅ​កម្ពុជា។ បុរស​នោះ​មាន​ទីលំនៅ​នៅ​សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ជាអ្នកបើកបរ​ឱ្យ​ថៅកែ​ជនជាតិចិន​នៅ​ក្នុង​ខេត្តព្រះសីហនុ ដែល​មាន​ជំងឺកូវីដ-១៩ ជាករណី​ឆ្លងចូលសហគមន៍ ២០ កុម្ភៈ។ បុរស​ដដែល​ត្រូវ​រក​ឃើញ​ថា ​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ កាលពី​ថ្ងៃទី២៧ ខែមីនា។

នាយកប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជាហៅកាត់​ថាខេមបូចា(Camboja) លោក ណុប វី ឱ្យ​អាស៊ីសេរី​ដឹង​ថា  ក្រសួងគួរ​បន្ថែម​ព័ត៌មាន​ចាំបាច់​មួយចំនួន​ទៀត​ដែល​មាន​ប្រយោជន៍​ដល់​សាធារណៈជន និងអាចជួយ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ការពារ​ខ្លួន​ កុំឱ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ដោយ​ប្រការណាមួយ៖ «តើបុរសហ្នឹងគាត់មានជំងឺអីពីដំបូង គាត់មានអាការៈបែបណា តើបន្ទាប់​ពីការស្លាប់​របស់​គាត់ហ្នឹង​ តើ​សពគាត់ហ្នឹង​គេរៀបចំយ៉ាងម៉េច? តើ​គួតែមានវិធានការបែបណា? ចុះក្រុមគ្រួសារគេនឹងយកចិត្តទុកដាក់គាំពារបែបណា? ប្រសិនបើព័ត៌មាន​ហ្នឹង​ត្រូវបានជម្រាបជូន​ពិស្ដារខ្ញុំជឿថា ជំរុញឱ្យមានការប្រុងប្រយ័ត្ន​បានកាន់តែខ្ពស់ឡើងក្នុង​ចំណោម​ពលរដ្ឋ»

មិន​ខុសគ្នានេះ​ដែរ គ្រូពេទ្យ​ជួរមុខ​ព្យាបាល​ជំងឺកូវីដ-១៩​ នៅប្រទេស​បារាំង​ម្នាក់លោកវេជ្ជបណ្ឌិត សុខ សូផាត មានប្រសាសន៍​លើព័ត៌មាន​ជាក់លាក់​មួយ​ចំនួន​ពីអ្នកជំងឺ​ ពិត​ជាមាន​ប្រយោជន៍​សម្រាប់​ការពារ​ការឆ្លងរាលដាល​ជំងឺកូវីដ-១៩​ ទៅ​ក្នុង​ចំណោម​អ្នកដែលងាយរងគ្រោះ​ដោយ​ជំងឺ​នេះ​ដូចជា​មនុស្ស​ចាស់ អ្នកមាន​ប្រវត្តិ​ជំងឺដែល​ងាយធ្វើ​ឱ្យ​ស្ថានភាព​ជំងឺធ្ងន់ធ្ងរ អ្នកដែល​កំពុង​ប្រើថ្នាំ​ងាយ​គ្រោះថ្នាក់​ដោយសារជំងឺ​រលាកថ្លើម​ប្រភេទថ្មីនេះជាដើម៖ «ត្រូវពន្យល់ឱ្យបងប្អូនយើងឱ្យដឹង​ កាលណាគាត់មាន​ជំងឺ​អស់ហ្នឹង គឺទី១យើងត្រូវ​នៅឆ្ងាយពីអ្នកមានជំងឺកូវីដ ដើម្បី​កុំឱ្យឆ្លង ទី២បើថាមានញាំថ្នាំខ្លះ ដែល​បណ្ដាលឱ្យកូវីដហ្នឹង​ខ្លាំង គឺត្រូវឈប់ ទី៣អ្នកហ្នឹង​ត្រូវ​ទៅចាក់វ៉ាក់សាំង​មុនគេ​ហើយ ​យល់ទេ?»។

លោកគ្រូពេទ្យដែល​ធ្លាប់​ឆ្លងកាត់ជំងឺកូវីដ-១៩ រូបនេះ​បញ្ជាក់​ថា មិនត្រឹម​តែ​ព័ត៌មាន​ពី​អ្នកជំងឺ​អាចត្រូវ​ចែក​រម្លែក​ទេ របៀបនៃ​ការព្យាបាល​អ្នកជំងឺ​នោះ​ទៀតសោត ​ក៏​អ្នកជំនាញ​ផ្នែក​សុខាភិបាល ​គ្រូពេទ្យព្យាបាល មន្ទីរពេទ្យ រួមទាំង​ក្រសួង​សុខាភិបាល​ផង អាច​ចែករម្លែក​ជាសាធារណៈ​បាន​ដែរ ដែល​រឿង​នេះ​មិន​ទាក់ទង​ទៅដល់ឯកជនភាព​របស់​បុគ្គលឡើយ ​ប៉ុន្តែ​ជាព័ត៌មាន​ផ្នែក​ជំនាញ​វិជ្ជសាស្រ្ត​សុខាភិបាល​សុទ្ធសាធ៖ «មានរបៀបវារៈគេចឹង​ថាអ្នកឈឺកូវីដ​ហ្នឹង​ បើគ្រាន់តែផ្ដាសាយទេ​ គឺត្រូវ​ថ្នាំនេះរហូតដល់រាកគេឱ្យថ្នាំនេះ កាលណាច្រមុះ​ហ្នឹង​ហិតលែងដឹងក្លិន អីមិនសូវមាន​អី គេឱ្យថ្នាំនេះ វាអត់មាន​អីត្រូវលាក់កំបាំងទេ​មែនទែនទៅ គឺជាដំបូន្មាន​ទៅឱ្យអ្នកឈឺដូចគាត់ ដែល​ស្លាប់ហ្នឹង​ត្រូវ​ប្រយ័ត្ន»

មនុស្ស​គ្រប់វ័យ​សុទ្ធតែប្រឈម​នឹង​ឆ្លង​ជំងឺកូវីដ-១៩ នេះ ប៉ុន្តែ​អ្នកដែល​ងាយនឹង​រងគ្រោះ ហើយ​ធ្លាក់​ក្នុង​ស្ថានភាព​ជំងឺធ្ងន់ធ្ងរ​នោះ ​គឺ​អ្នកមាន​វ័យ​ចាស់ អ្នកកំពុង​មាន​ជំងឺប្រចាំ​កាយមួយចំនួន​មាន​​ដូចជា​អ្នកធាត់ជ្រុល ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើម ​ដូចជា​ហឺត​ជាដើម។

អាស៊ីសេរី​មិន​ទាន់អាចសុំការបញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅឡើយ​ទេ ​កាល​ពី​យប់​ថ្ងៃទី១១ ខែ​មីនា ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ពុំមាន​អ្នកទទួល។

ប៉ុន្តែ​នាំពាក្យក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​​ថា ករណី​អ្នកស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​ឃើញថា សួតទាំងសងខាង​​របស់​បុរស​នោះមាន​សភាព​ធ្ងន់ធ្ងរធ្វើ​ឲ្យ​កង្វះ​អុក​ស៊ីសែន​នៅក្នុងសួត និង​រលាកខ្លាំង​ រហូត​សរីរាង្គរបស់បុរសរូបនោះ​ទ្រាំទ្រលែង​បាន​។ អ្នកស្រី ឱ វណ្ណឌីន បន្ថែម​ថា អ្នក​ជំងឺមួយ​ចំនួន​ទៀត ក៏ស្ថិត​ក្នុងសភាពធ្ងន់ធ្ងរគួរឱ្យ​ព្រួយ​បារម្ភ​ដែរ។

Covid19_Treatment_Ward_031121.jpg
បុរសជនជាតិខ្មែរដំបូងគេបានស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
(រូបភាព៖ នាយកដ្ឋានចត្តាឡីស័ក)

ចំណែក​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យដើម្បី​យុត្តិធម៌​សង្គម​ព្រះតេជគុណ ប៊ុត ប៊ុនតិញ ​ព្រះអង្គមាន​ថេរដីកាថា ការលាក់ព័ត៌មាន​បាន​ក្លាយ​ជាវប្បធម៌​ទៅ​ហើយ​នៅ​ក្នុង​សង្គម​កម្ពុជា។ ព្រះអង្គ​បន្តថា ពេលនេះពលរដ្ឋកំពុង​មាន​ចម្ងល់ច្រើនណាស់​ថា តើបុរសដែល​ត្រូវ​អះអាង​ថា មាន​ជំងឺ​កូវីដ-១៩​នោះ​ បាន​ស្លាប់​ដោយជំងឺ​នោះ​ពិតប្រាកដមែន​ដែរឬទេ? តើអាច​នឹង​មាន​ហេតុផលអ្វីខ្លះ​នៅ​ពីខាងក្រោយ នៅពេល​ដែល​ព័ត៌មាន​នានា ហាក់ដូចជាចេញ​ពីមាត់​លោកនាយករដ្ឋមន្រ្តី ហ៊ុន​សែន និង​គ្រួសារ​របស់​លោកច្រើន​ជាង​ចេញ​មក​ពី​មន្រ្តី​ជំនាញផ្នែក​សុខាភិបាល។ ព្រះអង្គបន្ថែម​ថា ករណី​នេះ​គួរតែ​ផ្ដល់ឱកាស​ឱ្យ​ពេញ​លេញ​ដល់អ្នកជំនាញ​សុខាភិបាល​ផ្ដល់ព័ត៌មាន​ពិត​ទៅតាម​វិជ្ជាជីវៈ​របស់​ពួកគេ៖ «ត្រូវតែមានរបាយការណ៍បច្ចេកទេស មិនមែន​រដ្ឋាភិបាល​ឬក៏លោក ហ៊ុន ​សែន ឬក៏ខាងយោធាហ្នឹង​ឡើង​មកនិយាយខ្លួនឯងទេ ​ត្រូវមានអ្នកពាក់ព័ន្ធចូលរួម​ ព្រោះ​រោគកូវីដនេះមិនមែន​ជារោគកម្ពុជាទេ វាជារោគសាកល វាទាល់តែមានភាគីយ៉ាងតិចក៏៣ភាគីដែរ​ គឺម្ចាស់ផ្ទះក្រសួងសុខាភិបាលខ្លួនឯង ទី២ អង្គការសុខភាពពិភពលោក និង​ទី៣​គឺ​អ្នកអនុវត្តការងារផ្ទាល់​គឺគ្រូពេទ្យតែម្ដង»។

ព្រះតេជព្រះគុណ​បន្តទៀត​ថា ការលើកឡើង​ពី​ព័ត៌មាន​ឯកជនភាព​បុគ្គល​ករណីនេះ ​នឹង​រឹត​តែធ្វើឱ្យ​ពលរដ្ឋ​មាន​ការសង្ស័យ​កាន់តែខ្លាំង​បន្ថែម​ទៀត​ទៅវិញ​ទេ ​ដែល​ពេល​កន្លង​មក​អាជ្ញាធរ​រដ្ឋាភិបាល​មិនដែល​ឈឺក្បាល នឹង​រឿង​ការបញ្ចេញ​ព័ត៌មាន​បុគ្គល​ឯកជន​ជាច្រើន​ហូរហែនៅ​តាម​បណ្ដាញ​សង្គម ពេលខ្លះ​ព័ត៌មាន​ទាំង​នោះ​ត្រូវ​បញ្ចេញ​ដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង ដូចជារឿង​លួចថត​សំឡេង​កិច្ចសន្ទនា​ឯកជន​ជាដើម៖ «ប៉ុន្តែស្រាប់មានមនុស្សស្លាប់ម្នាក់​ក៏​ថា​មក​ពីរឿង​ឯកជន​មិនហ៊ាននិយាយ ហើយម៉េចក៏មិនប្រាប់ផងថា បើរោគកូវីដ​ហ្នឹង​បើសិនជាប៉ះទៅលើអ្នកណាមានបញ្ហា​ជាពិសេសជំងឺផ្លូវដង្ហើមស្រាប់ ហើយដូចជាកើតហឺត​មាន​អីអាថ៌កំបាំង មនុស្ស​កើតហឺត ម៉ោនិយាយប្រាប់គេម៉ោ។ អ៊ីញ្ចឹងថា បើចង់អោយគេជឿ ចង់ស្រាយចម្ងល់មហាជន​ទាល់តែយើងប្រាប់ពីមូលដ្ឋានពិត។ ខំបិទមាត់គេវាអត់បានទេ​គេកាន់តែចង់ដឹង។»

នៅពេល​មាន​ករណី​ឆ្លង​ជំងឺកូវីដ-១៩ ​ដំបូងៗ​ ដែល​ជាករណី​នាំចូល​ ក្រសួង​សុខាភិបាល​តែង​ចេញ​មុខ​ប្រាប់​ព័ត៌មាន​ដល់​ពលរដ្ឋ​ស្ទើរៀងរាល់ថ្ងៃដើម្បី​បង្ហាញ​ពី​ការវិវត្ត​ថ្មីៗ​ផង និង​អប់រំណែនាំ​ពលរដ្ឋឱ្យ​យល់​ពីជំងឺកូវីដ-១៩​ផង។ ប៉ុន្តែ​របៀប​ធ្វើ​ការនោះ​បាន​ផ្លាស់ប្ដូរ​ជាច្រើន ដោយ​យូរៗ​ម្ដង​ក៏​មាន​មន្រ្តី​ចេញ​មុខ​មក​ប្រាប់​ពលរដ្ឋ ហើយ​ក៏​ចេះ​តែ​រយាល​ទៅ​រហូត​ដល់​មាន​ករណី​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​ក្រសួងគ្រាន់​តែ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ខ្លី​មួយ​នៅ​លើ​ហ្វេសប៊ុក គឺនៅ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​សម្រាប់​ពលរដ្ឋ​នៅ​ឡើយ។

ជាមួយគ្នានេះ​ក្រុមអ្នកឃ្លាំមើលសង្គម​រំពឹង​ថា​ ក្រសួង​នឹង​អាច​ស្រាយ​ចម្ងល់​របស់​សាធារណជន និង​បន្ថែម​ការអប់រំពលរដ្ឋ​ ព្រោះ​ករណី​មាន​មនុស្ស​ស្លាប់​ដោយ​ជំងឹ​កូវីដ-១៩​នេះគឺ​ជារឿងធំ ហើយ​វានឹងធ្វើ​ឱ្យ​ផលប៉ះពាល់​កាន់តែធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល