អ្នកតាមដានបញ្ហាសង្គម និងអ្នកជំនាញផ្នែកសារព័ត៌មានស្នើអាជ្ញាធររដ្ឋាភិបាលពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាលបង្ហាញព័ត៌មានចាំបាច់មួយចំនួនទាក់ទងនឹងអ្នក ដែលស្លាប់ដោយជំងឺកូវីដ-១៩ ដើម្បីអោយសារធារណៈជនបានដឹងព័ត៌មានពិតច្បាស់លាស់ និងត្រៀមការពារខ្លួនបានត្រឹមត្រូវ។ សំណើនេះធ្វើឡើងដោយសារតែកម្ពុជាមានអ្នកស្លាប់ដោយសារតែជំងឺកូវីដ-១៩ ជាលើកដំបូងកាលពីថ្ងៃទី១១ ខែមីនា។
សេចក្ដីប្រកាសព័ត៌មានមួយសន្លឹករបស់ក្រសួងសុខាភិបាលអំពីអ្នកជំងឺកូវីដ-១៩ ដំបូងគេ ដែលបានស្លាប់កាលពីថ្ងៃទី១១ ខែមីនា នោះនាំឱ្យមានចម្ងល់ជាច្រើនក្នុងចំណោមសាធារណៈជន ដែលចាំបាច់ត្រូវមានការបកស្រាយបន្ថែម ពីមន្រ្តីជំនាញពាក់ព័ន្ធ ពិសេសអ្នកជំនាញរបស់ក្រសួងសុខាភិបាល។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោក បណ្ឌិត សេង សារី វាយតម្លៃថា ព័ត៌មានរបស់ក្រសួងសុខាភិបាលនោះ អាចចាត់ទុកថា គ្រប់គ្រាន់ដែរប្រសិនបើយើងមើលតែមួយជ្រុង។ លោកថា នៅពេលដែលនិយាយដល់ព័ត៌មាន ដែលអាចមានប្រយោជន៍សម្រាប់ពលរដ្ឋនោះ ចាំបាច់ត្រូវមានព័ត៌មានបន្ថែមទៀត ប៉ុន្តែអាជ្ញាធរគួតែគិតដល់ព័ត៌មានទាក់ទងនឹងឯកជនភាពរបស់អ្នកស្លាប់ផងដែរ៖ «ប៉ុន្តែដំណាក់កាលនេះខ្ញុំលើកទឹកចិត្តឱ្យគាត់ ក្រសួងហ្នឹងធ្វើការងារជាមួយក្រុមគ្រួសារ ដើម្បីអាចទទួលបានព័ត៌មានលំអិតជាពិសេសព័ត៌មានទាក់ទងនឹងសុខភាពផ្ទាល់ខ្លួនរបស់សព ដើម្បីអាចជាប្រយោជន៍ដល់ពលរដ្ឋដទៃ ក្នុងការការពារជាមួយកូវីដ-១៩ ហ្នឹងដែរ»។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថាខេមបូចា(Camboja) លោក ណុប វី ឱ្យអាស៊ីសេរីដឹងថា ក្រសួងគួរបន្ថែមព័ត៌មានចាំបាច់មួយចំនួនទៀតដែលមានប្រយោជន៍ដល់សាធារណៈជន និងអាចជួយឱ្យមានការប្រុងប្រយ័ត្នការពារខ្លួន កុំឱ្យធ្លាក់ក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរដោយប្រការណាមួយ៖ «តើបុរសហ្នឹងគាត់មានជំងឺអីពីដំបូង គាត់មានអាការៈបែបណា តើបន្ទាប់ពីការស្លាប់របស់គាត់ហ្នឹង តើសពគាត់ហ្នឹងគេរៀបចំយ៉ាងម៉េច? តើគួតែមានវិធានការបែបណា? ចុះក្រុមគ្រួសារគេនឹងយកចិត្តទុកដាក់គាំពារបែបណា? ប្រសិនបើព័ត៌មានហ្នឹងត្រូវបានជម្រាបជូនពិស្ដារខ្ញុំជឿថា ជំរុញឱ្យមានការប្រុងប្រយ័ត្នបានកាន់តែខ្ពស់ឡើងក្នុងចំណោមពលរដ្ឋ»។
មិនខុសគ្នានេះដែរ គ្រូពេទ្យជួរមុខព្យាបាលជំងឺកូវីដ-១៩ នៅប្រទេសបារាំងម្នាក់លោកវេជ្ជបណ្ឌិត សុខ សូផាត មានប្រសាសន៍លើព័ត៌មានជាក់លាក់មួយចំនួនពីអ្នកជំងឺ ពិតជាមានប្រយោជន៍សម្រាប់ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងចំណោមអ្នកដែលងាយរងគ្រោះដោយជំងឺនេះដូចជាមនុស្សចាស់ អ្នកមានប្រវត្តិជំងឺដែលងាយធ្វើឱ្យស្ថានភាពជំងឺធ្ងន់ធ្ងរ អ្នកដែលកំពុងប្រើថ្នាំងាយគ្រោះថ្នាក់ដោយសារជំងឺរលាកថ្លើមប្រភេទថ្មីនេះជាដើម៖ «ត្រូវពន្យល់ឱ្យបងប្អូនយើងឱ្យដឹង កាលណាគាត់មានជំងឺអស់ហ្នឹង គឺទី១យើងត្រូវនៅឆ្ងាយពីអ្នកមានជំងឺកូវីដ ដើម្បីកុំឱ្យឆ្លង ទី២បើថាមានញាំថ្នាំខ្លះ ដែលបណ្ដាលឱ្យកូវីដហ្នឹងខ្លាំង គឺត្រូវឈប់ ទី៣អ្នកហ្នឹងត្រូវទៅចាក់វ៉ាក់សាំងមុនគេហើយ យល់ទេ?»។
លោកគ្រូពេទ្យដែលធ្លាប់ឆ្លងកាត់ជំងឺកូវីដ-១៩ រូបនេះបញ្ជាក់ថា មិនត្រឹមតែព័ត៌មានពីអ្នកជំងឺអាចត្រូវចែករម្លែកទេ របៀបនៃការព្យាបាលអ្នកជំងឺនោះទៀតសោត ក៏អ្នកជំនាញផ្នែកសុខាភិបាល គ្រូពេទ្យព្យាបាល មន្ទីរពេទ្យ រួមទាំងក្រសួងសុខាភិបាលផង អាចចែករម្លែកជាសាធារណៈបានដែរ ដែលរឿងនេះមិនទាក់ទងទៅដល់ឯកជនភាពរបស់បុគ្គលឡើយ ប៉ុន្តែជាព័ត៌មានផ្នែកជំនាញវិជ្ជសាស្រ្តសុខាភិបាលសុទ្ធសាធ៖ «មានរបៀបវារៈគេចឹងថាអ្នកឈឺកូវីដហ្នឹង បើគ្រាន់តែផ្ដាសាយទេ គឺត្រូវថ្នាំនេះរហូតដល់រាកគេឱ្យថ្នាំនេះ កាលណាច្រមុះហ្នឹងហិតលែងដឹងក្លិន អីមិនសូវមានអី គេឱ្យថ្នាំនេះ វាអត់មានអីត្រូវលាក់កំបាំងទេមែនទែនទៅ គឺជាដំបូន្មានទៅឱ្យអ្នកឈឺដូចគាត់ ដែលស្លាប់ហ្នឹងត្រូវប្រយ័ត្ន»។
មនុស្សគ្រប់វ័យសុទ្ធតែប្រឈមនឹងឆ្លងជំងឺកូវីដ-១៩ នេះ ប៉ុន្តែអ្នកដែលងាយនឹងរងគ្រោះ ហើយធ្លាក់ក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរនោះ គឺអ្នកមានវ័យចាស់ អ្នកកំពុងមានជំងឺប្រចាំកាយមួយចំនួនមានដូចជាអ្នកធាត់ជ្រុល ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើម ដូចជាហឺតជាដើម។
អាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយទេ កាលពីយប់ថ្ងៃទី១១ ខែមីនា ដោយទូរស័ព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។
ប៉ុន្តែនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ប្រាប់សារព័ត៌មានក្នុងស្រុកថា ករណីអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា សួតទាំងសងខាងរបស់បុរសនោះមានសភាពធ្ងន់ធ្ងរធ្វើឲ្យកង្វះអុកស៊ីសែននៅក្នុងសួត និងរលាកខ្លាំង រហូតសរីរាង្គរបស់បុរសរូបនោះទ្រាំទ្រលែងបាន។ អ្នកស្រី ឱ វណ្ណឌីន បន្ថែមថា អ្នកជំងឺមួយចំនួនទៀត ក៏ស្ថិតក្នុងសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភដែរ។

ចំណែកស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះតេជគុណ ប៊ុត ប៊ុនតិញ ព្រះអង្គមានថេរដីកាថា ការលាក់ព័ត៌មានបានក្លាយជាវប្បធម៌ទៅហើយនៅក្នុងសង្គមកម្ពុជា។ ព្រះអង្គបន្តថា ពេលនេះពលរដ្ឋកំពុងមានចម្ងល់ច្រើនណាស់ថា តើបុរសដែលត្រូវអះអាងថា មានជំងឺកូវីដ-១៩នោះ បានស្លាប់ដោយជំងឺនោះពិតប្រាកដមែនដែរឬទេ? តើអាចនឹងមានហេតុផលអ្វីខ្លះនៅពីខាងក្រោយ នៅពេលដែលព័ត៌មាននានា ហាក់ដូចជាចេញពីមាត់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន និងគ្រួសាររបស់លោកច្រើនជាងចេញមកពីមន្រ្តីជំនាញផ្នែកសុខាភិបាល។ ព្រះអង្គបន្ថែមថា ករណីនេះគួរតែផ្ដល់ឱកាសឱ្យពេញលេញដល់អ្នកជំនាញសុខាភិបាលផ្ដល់ព័ត៌មានពិតទៅតាមវិជ្ជាជីវៈរបស់ពួកគេ៖ «ត្រូវតែមានរបាយការណ៍បច្ចេកទេស មិនមែនរដ្ឋាភិបាលឬក៏លោក ហ៊ុន សែន ឬក៏ខាងយោធាហ្នឹងឡើងមកនិយាយខ្លួនឯងទេ ត្រូវមានអ្នកពាក់ព័ន្ធចូលរួម ព្រោះរោគកូវីដនេះមិនមែនជារោគកម្ពុជាទេ វាជារោគសាកល វាទាល់តែមានភាគីយ៉ាងតិចក៏៣ភាគីដែរ គឺម្ចាស់ផ្ទះក្រសួងសុខាភិបាលខ្លួនឯង ទី២ អង្គការសុខភាពពិភពលោក និងទី៣គឺអ្នកអនុវត្តការងារផ្ទាល់គឺគ្រូពេទ្យតែម្ដង»។
ព្រះតេជព្រះគុណបន្តទៀតថា ការលើកឡើងពីព័ត៌មានឯកជនភាពបុគ្គលករណីនេះ នឹងរឹតតែធ្វើឱ្យពលរដ្ឋមានការសង្ស័យកាន់តែខ្លាំងបន្ថែមទៀតទៅវិញទេ ដែលពេលកន្លងមកអាជ្ញាធររដ្ឋាភិបាលមិនដែលឈឺក្បាល នឹងរឿងការបញ្ចេញព័ត៌មានបុគ្គលឯកជនជាច្រើនហូរហែនៅតាមបណ្ដាញសង្គម ពេលខ្លះព័ត៌មានទាំងនោះត្រូវបញ្ចេញដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង ដូចជារឿងលួចថតសំឡេងកិច្ចសន្ទនាឯកជនជាដើម៖ «ប៉ុន្តែស្រាប់មានមនុស្សស្លាប់ម្នាក់ក៏ថាមកពីរឿងឯកជនមិនហ៊ាននិយាយ ហើយម៉េចក៏មិនប្រាប់ផងថា បើរោគកូវីដហ្នឹងបើសិនជាប៉ះទៅលើអ្នកណាមានបញ្ហាជាពិសេសជំងឺផ្លូវដង្ហើមស្រាប់ ហើយដូចជាកើតហឺតមានអីអាថ៌កំបាំង មនុស្សកើតហឺត ម៉ោនិយាយប្រាប់គេម៉ោ។ អ៊ីញ្ចឹងថា បើចង់អោយគេជឿ ចង់ស្រាយចម្ងល់មហាជនទាល់តែយើងប្រាប់ពីមូលដ្ឋានពិត។ ខំបិទមាត់គេវាអត់បានទេគេកាន់តែចង់ដឹង។»
នៅពេលមានករណីឆ្លងជំងឺកូវីដ-១៩ ដំបូងៗ ដែលជាករណីនាំចូល ក្រសួងសុខាភិបាលតែងចេញមុខប្រាប់ព័ត៌មានដល់ពលរដ្ឋស្ទើរៀងរាល់ថ្ងៃដើម្បីបង្ហាញពីការវិវត្តថ្មីៗផង និងអប់រំណែនាំពលរដ្ឋឱ្យយល់ពីជំងឺកូវីដ-១៩ផង។ ប៉ុន្តែរបៀបធ្វើការនោះបានផ្លាស់ប្ដូរជាច្រើន ដោយយូរៗម្ដងក៏មានមន្រ្តីចេញមុខមកប្រាប់ពលរដ្ឋ ហើយក៏ចេះតែរយាលទៅរហូតដល់មានករណីអ្នកស្លាប់ដោយជំងឺនេះក្រសួងគ្រាន់តែបានចេញសេចក្ដីប្រកាសព័ត៌មានខ្លីមួយនៅលើហ្វេសប៊ុក គឺនៅមិនទាន់មានព័ត៌មានលម្អិតសម្រាប់ពលរដ្ឋនៅឡើយ។
ជាមួយគ្នានេះក្រុមអ្នកឃ្លាំមើលសង្គមរំពឹងថា ក្រសួងនឹងអាចស្រាយចម្ងល់របស់សាធារណជន និងបន្ថែមការអប់រំពលរដ្ឋ ព្រោះករណីមានមនុស្សស្លាប់ដោយជំងឹកូវីដ-១៩នេះគឺជារឿងធំ ហើយវានឹងធ្វើឱ្យផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។