ការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ កាន់តែវិវឌ្ឍឥតឈប់ឈរនៅលើពិភពលោក ជាពិសេសមេរោគបំប្លែងថ្មីប្រភេទ ឌែលតា (Delta) ដែលកំពុងឆ្លងក្នុងសហគមន៍ នៅតាមបណ្តាខេត្តក្រុងមួយចំនួននៃប្រទេសកម្ពុជា។ មន្រ្តីសុខាភិបាល ព្រមានថា មេរោគបំប្លែងថ្មីនេះឆ្លងលឿននិងសម្លាប់មនុស្សជាច្រើន ប៉ុន្តែអាចបង្ការបាន។
មន្រ្តីសុខាភិបាលកម្ពុជា ថាមេរោគបំប្លែងថ្មី នៃជំងឺកូវីដ-១៩ ឈ្មោះឌែលតា (Delta) នេះឆ្លងពីមនុស្សទៅមនុស្ស ដូចជាមេរោគនៃជំងឺកូវីដ-១៩ ទូទៅ និងមេរោគបំប្លែងថ្មីដទៃទៀតដែរ គឺឆ្លងក្នុងរបៀបតែមួយតាមផ្លូវដង្ហើម។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៣ ខែសីហា អំពីបញ្ហានេះថា មេរោគបំប្លែងថ្មីនេះ ឆ្លងតាមរយៈការដកដង្ហើមដោយភាគល្អិតនៃទឹកមាត់របស់អ្នកជំងឺកូវីដ-១៩ ដែលអណ្ដែតត្រសែតក្នុងបន្ទប់បិទជិត ដែលខ្វះខ្យល់ចេញចូល៖ «នៅពេលដែលគាត់និយាយចេញមក គឺតំណក់ទឹកមាត់តូចៗខ្ទាតចេញមក។ តំណក់ទឹកមាត់ដែលរាងធំៗ ធ្លាក់ទៅក្រោម។ ប៉ុន្តែ ដំណក់ទឹកមាត់តូចៗមែនទែន ដែលយើងមើលអត់ឃើញ អាចនៅក្នុងលំហមួយរយៈ។ អាហ្នឹងវានៅវិលវល់នៅក្នុងបន្ទប់។ យើងដើរចូលទៅ យើងអត់ពាក់ម៉ាស់ទៀត យើងដកដង្ហើមទៅ មានន័យថា យើងស្រូបយកអាហ្នឹងហើយ។ តំណក់ទឹកមាត់ដែលធ្ងន់ រាងធំធ្លាក់ទៅលើផ្ទៃខាងក្រោមនេះ ក៏ដូចគ្នាដែរ។ បើយើងចូលមក អ្នកនោះចេញទៅ យើងចូលមក យើងអត់បានសម្អាតផ្ទៃហ្នឹងទេ យើងទៅប៉ះពាល់ផ្ទៃហ្នឹង មានន័យថា យើងទៅប៉ះមេរោគហ្នឹងហើយ» ។
អង្គការសុខភាពពិភពលោក (WHO) ចាត់ទុកមេរោគបំប្លែងថ្មី ឈ្មោះឌែលតា (Delta) ដែលរកឃើញនៅប្រទេសឥណ្ឌានេះ ថាឆ្លងរហ័សជាងមេរោគបំប្លែងថ្មីឈ្មោះ អាល់ហ្វា (Alpha នៅអង់គ្លេស) ពី ៤០ ទៅ ៦០ ដងឯណោះ។ ជាងនេះទៅទៀត វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មួយចំនួន មិនទាន់អាចការពារមេរោគនេះ ឲ្យមានប្រសិទ្ធភាពទាំងស្រុងបាននៅឡើយទេ។
មេរោគនេះបានចម្លងទៅពលរដ្ឋជាង ៦០ ប្រទេសនៅលើពិភពលោក។ ថ្មីៗនេះ នៅសហរដ្ឋអាមេរិក ៨០% នៃអ្នកជំងឺជំងឺកូវីដ-១៩ គឺធ្លាក់ខ្លួនឈឺដោយសារឆ្លងមេរោគបំប្លែងថ្មី ឌែលតានេះ។
អង្គការសង្គមអាមេរិកសម្រាប់មីក្រូជីវសាស្រ្តរកឃើញថា អ្នកឆ្លងមេរោគបំប្លែងថ្មី ឌែលតា មិនមានរោគសញ្ញាអ្វី ប្លែកជាងអ្នកឆ្លងជំងឺកូវីដ-១៩ទូទៅ និងមេរោគបំប្លែងថ្មីផ្សេងទៀតនោះទេ គឺអ្នកជំងឺមានអាការៈក្តៅខ្លួន ឈឺក្បាល ឈឺបំពង់ក និងក្អកជាដើម។ ប៉ុន្តែភាពសាហាវនៃអ្នកឆ្លងមេរោគបំប្លែងថ្មីនេះ ដែលបំផ្លាញប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកជំងឺ នឹងធ្វើឲ្យឈាមកក ធ្វើឲ្យអ្នកជំងឺឈឺធ្ងន់ និងស្លាប់ដោយងាយ។
អ្នកស្រី ឱ វណ្ណឌីន ថាភាពសាហាវរបស់មេរោគនេះ គឺល្បឿននៃការវាយលុកផ្លូវដង្ហើមរបស់អ្នកជំងឺ និងឥទ្ធិពលក្នុងការធ្វើជាតិស្លេស ក្លាយជាកកខាប់ស្អិតបិទរន្ធសួត៖ «ប្រភេទនៃវីរុសឌែលតានេះ ពេលចូលទៅ គឺកំហាប់របស់វាខាប់ជាងប្រភេទផ្សេងទៀត។ ពេលដែលវីរុសហ្នឹងធ្វើប្រតិកម្ម វាបញ្ចេញឥទ្ធិពលរបស់វា វាធ្វើឲ្យទឹករំអិលនៅក្នុងសរីរាង្គយើង ដែលមានជាធម្មជាតិ ទៅជាខាប់ ស្អិតដូចជាជ័រកាវ។ វាទៅបិទលើរន្ធនោះទាំងអស់។ ដូច្នេះយើងត្រដរខ្យល់ ព្រោះដកដង្ហើមអត់រួច។ វាអត់មានអ្វីដែលត្រូវដកដង្ហើមកើត។ កន្លែងហ្នឹងឯង ដែលជាមូលហេតុ ធ្វើឲ្យអ្នកជំងឺវិវត្តទៅរកសេចក្ដីស្លាប់លឿនណាស់»។
ទោះជាយ៉ាងនេះក្ដី មន្រ្តីជំនាញផ្នែកវេជ្ជសាស្រ្តនៃអង្គការសុខភាពពិភពលោក ថាប្រជាពលរដ្ឋទូទៅ នៅតែអាចការពារខ្លួនពីមេរោគបំប្លែងថ្មី ឌែលតា ដ៏កាចសាហាវនេះបាន។
អ្នកជំនាញផ្នែកជំងឺរាតត្បាតនៃអង្គការសុខភាពពិភពលោកអ្នកស្រីវេជ្ជបណ្ឌិត ម៉ារៀរ វ៉ាន់ ឃើខូវ (Maria Van Kerkhove) បានណែនាំរបៀបបង្ការជំងឺនេះ នៅលើគេហទំព័ររបស់អង្គការនេះថា មានមធ្យោបាយច្រើនយ៉ាង ដែលពលរដ្ឋគ្រប់រូប អាចការពារខ្លួន និងក្រុមគ្រួសារ កុំឲ្យឆ្លងមេរោគនេះ និងមេរោគបំប្លែងថ្មីដទៃទៀតបាន៖ «វិធានការបង្ការ មានដូចជា ទី១ គឺត្រូវលាងសម្អាតដៃឲ្យស្អាត និងពាក់ម៉ាស់ជាប់ជានិច្ច ហើយម៉ាស់នោះត្រូវបាំងជិតច្រមុះនិងមាត់ និងពេលពាក់ម៉ាស់ និងដោះម៉ាស់ទៀតសោត ត្រូវតែលាងដៃឲ្យស្អាតសិន។ ទី២ ជៀសឲ្យឆ្ងាយពីកន្លែងមានមនុស្សច្រើនកកកុញ និងបន្ទប់បិទជិត ដែលគ្មានខ្យល់ចេញចូល។ បើនៅក្នុងបន្ទប់ ត្រូវបើកបង្អួចឲ្យមានខ្យល់ចេញចូលល្អ។ បើធ្វើដូច្នេះបាន នោះអ្នកនឹងអាចកាត់បន្ថយលទ្ធភាពប៉ះពាល់ និងការឆ្លងជំងឺនេះ» ។
រហូតមកដល់ពេលនេះ មេរោគបំប្លែងថ្មី ឌែលតា នេះបានឆ្លងក្នុងសហគមន៍ ស្ទើរពេញប្រទេសកម្ពុជាទៅហើយ។ អ្នកជំងឺដែលឆ្លងមេរោគនេះ មានជាប្រចាំរាល់ថ្ងៃ។ កាលពីថ្ងៃទី៣ ខែសីហា កម្ពុជារកឃើញអ្នកផ្ទុកមេរោគបំប្លែងថ្មីនេះ ចំនួន ៣៦ ករណី នៅខេត្តក្រុងចំនួន ៤ រួមទាំងក្រុងភ្នំពេញផង។ អ្នកឆ្លង ៨នាក់ ជាបុគ្គលិកសុខាភិបាល។
មេរោគកូវីដ-១៩ បំប្លែងថ្មីនេះ កំពុងរាលដាលតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ បើតាមការអះអាងរបស់ក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី៣ ខែសីហា កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទ «ឌែលតា» សរុប ២៦០នាក់ ភាគច្រើនជាពលករត្រឡប់ពីថៃ អ្នកធ្វើដំណើរតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិក្នុងសហគមន៍ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។