កម្ពុជា និងប្រទេសជាច្រើនទៀតអនុម័តលើឯកសាររួមគ្នាទប់ស្កាត់ភាពធន់នឹងថ្នាំសម្លាប់មេរោគ
2024.05.30
ប្រទេសកម្ពុជារួមទាំងប្រទេស២៤ផ្សេងទៀត នៅតំបន់អាស៊ីប៉ាស៊ីហ្វីក អនុម័តលើឯកសាររួមគ្នា ដើម្បីទប់ស្កាត់ភាពធន់នឹងថ្នាំសម្លាប់មេរោគ (AMR) ដែលគេចាត់ទុកថា ជាជំងឺរាតត្បាតសម្លាប់មនុស្សស្ងាត់ៗ។
ថ្នាក់ដឹកនាំនៃប្រទេសទាំងនេះ ប្ដេជ្ញាចាត់វិធានការម៉ឺងម៉ាត់ ដើម្បីសុខុមាលភាពរបស់ពលរដ្ឋ និងវិស័យសេដ្ឋកិច្ច ក្នុងអំឡុងពេល៥ឆ្នាំ ទៅមុខទៀត។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោក នៅថ្ងៃទី២៨ ខែឧសភា ឲ្យដឹងថា ភាពធន់នៃថ្នាំសម្លាប់មេរោគ ឬថ្នាំអង់ទីប៊ីយូទីក ត្រូវបានប្រើប្រាស់ហួសកម្រិត ជាហេតុនាំឲ្យថ្នាំទាំងនេះ មិនមានប្រសិទ្ធភាព ដើម្បីអាចសម្លាប់មេរោគបាន។ បញ្ហានេះហើយបណ្តាលឲ្យមានហានិភ័យខ្ពស់ ដល់ដំណើរការវះកាត់និងព្យាបាលអ្នកជំងឺ។
ភាពធន់នឹងថ្នាំសម្លាប់មេរោគ (AMR) នេះ បណ្តាលឲ្យមនុស្សប្រមាណ៧០ម៉ឺននាក់ ស្លាប់ក្នុងឆ្នាំ២០១៩ នៅតំបន់អាស៊ីប៉ាស៊ីហ្វីក នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ដែលអាចមានទំហំទឹកប្រាក់ចំនួន ជិត ១៥០ពាន់លានដុល្លារអាមេរិក (US$ 148 billion) ចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០។
ឯកសាររួមគ្នាដើម្បីទប់ស្កាត់ភាពធន់នឹងថ្នាំសម្លាប់មេរោគ (AMR) នឹងបង្ហាញក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅខែកញ្ញាខាងមុខ នៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។