សម្ពន្ធអង្គការអភិរក្សសត្វព្រៃ ព្រមានអំពីការឆ្លងជំងឺកូវីដ-១៩ ដោយសារការបរិភោគសត្វព្រៃ

សម្ពន្ធអង្គការអភិរក្សសត្វព្រៃ ដែលមានបណ្ដាញ ២៣អង្គការ នៅទូទាំងពិភពលោក ព្រមានអំពីលទ្ធភាពផ្ទុះរាលដាលជំងឺកូវីដ-១៩ថ្មីៗ ជាច្រើនបន្ថែមទៀតទៅថ្ងៃអនាគត បើមនុស្សមិនបញ្ឈប់ទម្លាប់គ្រោះថ្នាក់ពាក់ព័ន្ធនឹងការបរិភោគ ជួញដូរ និងប្រើប្រាស់ផលិតផលសត្វព្រៃទេនោះ។
សេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កាលពីថ្ងៃទី២១ ខែកុម្ភៈ អង្គការទាំងនេះ រម្លឹកអំពីការរកឃើញរបស់អង្គការសុខភាពពិភពលោក ដែលថាប្រភពចម្លងនៃជំងឺកូវីដ-១៩ ពីដំបូង គឺកើតចេញពីសត្វព្រៃ ដែលចម្លងទៅមនុស្ស។ សត្វព្រៃដែលស្ថិតក្នុងការសង្ស័យ ដែលថា អាចជាប្រភពចម្លងមេរោគនេះ មានសត្វប្រចៀវ ពង្រូល និងសំពោចជាដើម។
តំណាងអង្គការសម្ពន្ធសត្វព្រៃ (Wildlife Alliance) លើកឡើងអំពីបញ្ហានៅប្រទេសកម្ពុជាផងដែរ។ ប្រធានអង្គការនេះ គឺអ្នកស្រី សុវណ្ណា ហ្កនឡិត (Suwanna Gauntlett) សង្កត់ធ្ងន់ថា នៅប្រទេសកម្ពុជា តម្រូវការផលិតផលសត្វព្រៃ កាន់តែកើនជាលំដាប់ ជាពិសេស សត្វប្រចៀវ ពង្រូល និងសំពោចជាដើមនេះ។ អ្នកស្រីថា អ្នកបរិភោគសត្វព្រៃទាំងនេះ ប្រថុយគ្រោះថ្នាក់សុខភាព រាល់ពេលដែលពមសាច់សត្វព្រៃចូលទៅក្នុងមាត់។
សម្ពន្ធអង្គការអភិរក្សសត្វព្រៃ លើកជាពាក្យស្លោកសម្រាប់ដាស់តឿនក្រើនរម្លឹកពលរដ្ឋទូទៅថា បរិភោគសត្វព្រៃអាចធ្វើឲ្យមានជំងឺធ្ងន់។ បរិភោគសត្វព្រៃ គឺខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។