កម្មការិនីរោងចក្រនៅខេត្តស្វាយរៀងម្នាក់ទៀត បានស្លាប់ក្រោយការវះកាត់ប្រសូត្រកូននៅ មន្ទីរពេទ្យខេត្តស្វាយរៀងបណ្តាលឲ្យឈាមធ្លាក់ច្រើន។ ក្រុមគ្រួសារចោទប្រកាន់ថា ជាការធ្វេស ប្រហែសរបស់គ្រូពេទ្យ។ ចំណែកក្រុមគ្រូពេទ្យ បដិសេធមិននិយាយរឿងនេះ។
កម្មការិនីរោងចក្រកាត់ដេរ អ្នកស្រី ស៊ឹម សាវី និងស្វាមី គឺលោក សុខ កាឌី រំពឹងថា ការប្រសូត្រកូនទី៣ របស់ពួកគាត់ នឹងមានសុវត្ថិភាព ដោយសារពួកគេបានពិនិត្យតាមដានសុខភាពយ៉ាងទៀងទាត់ និងពេលឈឺពោះសម្រាលកូននោះ ពួកគាត់បានបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀងភ្លាមៗ។ ប៉ុន្តែជាអកុសល អ្នកស្រី ស៊ឹម សាវី អាយុ ៣៦ឆ្នាំ បានស្លាប់កាលពីថ្ងៃទី៣១ ខែតុលា ក្រោយការវះកាត់សម្រាលកូនក្នុងមន្ទីរពេទ្យនោះ ដែលបណ្តាលឲ្យធ្លាក់ឈាមច្រើន និងបន្ទាប់មកបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត (Calmette) ក្នុងរាជធានីភ្នំពេញ។
ស្វាមីរបស់ជនរងគ្រោះ លោក សុខ កាឌី នៅតែមិនអស់ចិត្ត ចំពោះការស្លាប់ភរិយារបស់លោក ព្រោះនៅមុនពេលឈឺពោះសម្រាលកូន ភរិយារបស់លោកមានសុខភាពល្អធម្មតា។ លោករៀបរាប់ថា កាលពីថ្ងៃទី២៨ ខែតុលា ភរិយារបស់លោកបានឈឺពោះចង់សម្រាលកូន ហើយលោកបានដឹកទៅមន្ទីរពេទ្យខេត្តស្វាយរៀងភ្លាមៗ។ រហូតដល់ព្រឹកថ្ងៃទី២៩ ខែតុលា ភរិយារបស់លោកនៅតែឈឺពោះ មិនអាចសម្រាលកូនបានដដែល។ ស្ថានភាពសុខភាពរបស់ប្រពន្ធពេលនោះ ចេះតែខ្សោយបន្តិចម្តងៗ ប៉ុន្តែគ្រូពេទ្យនៅតែប្រាប់ថា មិនអីទេរហូត។ លោក សុខ កាឌី បន្តថា លុះប៉ុន្មានម៉ោងក្រោយមកទៀត ទើបគ្រូពេទ្យពិនិត្យឃើញថា កូនខ្សោយមិនអាចកើតធម្មតាបាន ហើយសម្រេចចិត្តវះកាត់យកកូនចេញ ដើម្បីសង្គ្រោះជីវិតម្តាយ។ ក្រោយការវះកាត់ច្រើនម៉ោងនោះ គ្រូពេទ្យបានប្រាប់លោកថា ភរិយារបស់លោកមានអាការៈខ្សោយខ្លាំងដោយសារធ្លាក់ឈាមច្រើន ដូច្នេះត្រូវបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត ប៉ុន្តែទោះបីជាទៅដល់ពេទ្យកាល់ម៉ែត្រក្តី ក៏គ្រូពេទ្យនៅតែមិនអាចជួយសង្គ្រោះភរិយារបស់លោកបាន ហើយបានស្លាប់នៅថ្ងៃទី៣១ ខែតុលា៖ « មុនវះកាត់នេះប្រពន្ធខ្ញុំសម្រាលកូនដោយធម្មតា តែដល់ពេលសម្រាលអត់កើត ប្រែទៅជាខ្មៅសាច់ ដូច្នេះពេទ្យថា មិនស្រួលទេ ទាល់តែវះកាត់សង្គ្រោះ ម្តាយចោលកូន។ នៅពេលខ្ញុំឃើញប្រពន្ធខ្ញុំសន្លប់ឡើងខ្មៅសាច់ហើយ ក៏ឲ្យគាត់វះកាត់ទៅ និងជួយសង្គ្រោះទៅ។ តែពីមុនមក ពេទ្យមិនប្រាប់ថា ត្រូវវះកាត់ឬមិនវះកាត់ទេ គឺគាត់មិន ប្រាប់ខ្ញុំសោះ»។
មានវ័យ ៣៨ឆ្នាំ ប្ដីជនរងគ្រោះប្រាប់ថា ក្នុងពេលវះកាត់ភរិយារបស់លោកនៅមន្ទីរពេទ្យខេត្តស្វាយរៀង គឺមានគ្រូពេទ្យចំនួន ៣នាក់។ លោកបន្ទោសថា ការស្លាប់របស់ភរិយាលោកថា អាចដោយសារការធ្វេសប្រហែល និងកំហុសវិជ្ជាជីវៈរបស់គ្រូពេទ្យ ព្រោះទី១ គ្រួពេទ្យជួយសង្គ្រោះយឺត។ ទី២ គ្រូពេទ្យមានគ្នាតិច ខណៈពេលនោះមានស្រ្តី ៣នាក់ឈឺពោះសម្រាលកូនផ្ទួនៗ គ្នា៖ « ខ្ញុំយល់ថា ពេទ្យធ្វើមិនសូវល្អទេ ។គាត់ជួយសង្គ្រោះជួយហើយ តែធ្វើទៅប្រហែលជាមិនល្អភ្លាំងភ្លាត់កន្លែងណាមួយហើយ។បើគាត់ ( ពេទ្យ ) ធ្វើល្អប្រហែល ជាមិនអញ្ចឹងទេ » ។
ក្រុមគ្រួសារកំពុងរៀបចំបុណ្យសពស្ត្រីរងគ្រោះជាមួយកូន នៅថ្ងៃទី១ ខែវិច្ឆិកា នៅភូមិកំណើតនៅ ភូមិព្រៃក្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បងថ្លៃរបស់ជនរងគ្រោះ លោក ម៉ាញ សាន ដែលតាមមើលស្ត្រីរងគ្រោះដល់មន្ទីរពេទ្យកាល់ម៉ែត្រ និយាយថា ប្អូនថ្លៃរបស់លោកនៅមិនទាន់ស្លាប់នោះទេ ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ។ ប៉ុន្តែ ពេលបញ្ជូនទៅដល់ភ្លាមៗ គ្រូពេទ្យហាក់ដូចជាមិនសូវខ្នះខ្នែងជួយសង្គ្រោះនោះទេ ទាល់តែមាន សាច់ញាតិទៅជួបជុំគ្នាច្រើនទើបគ្រួពេទ្យចាត់ផ្តើមយកចិត្តទុក។ លោកយល់ថា ប្អូនថ្លៃរបស់លោក នឹងមិនស្លាប់ទេ ប្រសិនបើគ្រូពេទ្យឆាប់ចាប់ផ្ដើមព្យាបាល៖ « ពេលទៅដល់កាលម៉េត្រ គេយកឈាមមកដាក់ឲ្យឃើញពោះគាត់តែធំទៅៗ ខ្ញុំសួរពេទ្យថា ម៉េចចឹង ពេទ្យថា មិនអីទេ ការវះកាត់វាមានហើមពោះវៀន អ៊ីចឹងហើយ។ នេះតាមសម្តីវេជ្ជបណ្ឌិតទីនោះ។ ពេលបញ្ចូនទៅដល់នោះមនុស្សកាន់តែយ៉ាប់។ ដេកបានមួយយប់ព្រលឹមឡើងពេទ្យប្រាប់ថា អ្នកជំងឺមិនទៅមុខទេ មានតែធ្លាក់ចុះ។គេឲ្យជ្រើសរើសថា បើនៅទៀតក៏នៅទៅ តែបើយកទៅផ្ទះក៏យកទៅ។ យើងជាបងប្អូនដូចប្តីវា មិនអស់ចិត្តសម្រេចដេកពេទ្យមួយយប់ទៀត។ លុះម៉ោង ៨ព្រឹកថ្ងៃទី៣១ ពេទ្យគេប្រាប់ថា អ្នកជំងឺ ឈ្មោះ ស៊ឹម សាវី ទៅមុខលែងកើតហើយ » ។
នេះគឺជាកូនទី៣ហើយសម្រាប់ជនរងគ្រោះ។ កូនប្រុសច្បងរបស់គាត់មានអាយុ ១២ឆ្នាំ ចំណែកកូនស្រីទី២ អាយុ ៨ឆ្នាំ។ ជនរងគ្រោះធ្លាប់សម្រាលកូនដោយធម្មជាតិមិនដែលវះកាត់ទេ ពីមុនមក។ ជនរងគ្រោះ ស៊ឹម សាវី បានធ្វើការនៅរោងចក្រយូលី ក្នុងខេត្តស្វាយរៀងប្រមាណ ៧ឆ្នាំហើយ។ ទោះជាមានផ្ទៃពោះ អ្នកស្រីនៅតែធ្វើការជាធម្មតា ដើម្បីរកប្រាក់ចំណូល។
ម្តាយមីងរបស់ជនរងគ្រោះ អ្នកស្រី ច័ន្ទ ដែលស្ថិតនៅជាមួយជនរងគ្រោះពេលកំពុងឈឺពោះខ្លាំង ប្រាប់ថា គ្រួពេទ្យជួយសង្គ្រោះយឺត។ អ្នកស្រីបន្តថា ដំបូងឡើយ គ្រូពេទ្យនៅតែឆ្លើយថា មិនអីៗ ទាល់តែដំណាក់កាលចុងក្រោយ គឺនៅពេលឃើញជនមុខជនរងគ្រោះប្រែជាស្លេកខ្លាំង និងបិទភ្នែក ទើបគ្រូពេទ្យចាប់ផ្តើមរត់ខ្នះខ្នែង៖ « បើពេលឈឺតិចៗ ហើយពេទ្យមកមើលភ្លាមៗ គ្មានទៅអីទេ។ មនុស្សទៅដេកពេទ្យពីរយប់ហើយតើ មានទៅអីណា។ ពេទ្យគេមើលដែរ ប៉ុន្តែគេទុក ទាល់តែយើងខ្លាំង ចេះតែថាមិនអីៗ ហើយគ្នាចេះតែឈឺខ្លាំង » ។
នេះគឺជាករណីទី២ហើយ ក្នុងឆ្នាំ២០១៩ ដែលកម្មការិនីរោងចក្រក្នុងខេត្តស្វាយរៀងបានស្លាប់ក្នុង ពេលប្រសូតកូន ទោះបីជាពួកគាត់ទៅដល់មន្ទីរពទ្យទាន់ពេលវេលាក្តី។ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ អ្នកស្រី ប្រាក់ សុដា ជាកម្មការិនីកាត់ដេរ អាយុ ២៧ឆ្នាំ បានស្លាប់ ក្រោយសម្រាលកូនប្រុសរួច នៅមណ្ឌលសុខភាពមេសថ្ងក ស្រុកចន្ទ្រា ហើយបន្ទាប់មកពេទ្យឆ្មប ចាប់ផ្តើមយកសុក បណ្តាលឲ្យជនរងគ្រោះធ្លាក់ឈាមខ្លាំង។ កាលណោះគ្រួសារជនរងគ្រោះបានប្ដឹងប្រធានមណ្ឌលសុខភាពមេសថ្ងក លោក ហាស់ សុផុន និងពេទ្យឆ្មបនៅទីនោះថា មានការធ្វេសប្រហែស ព្រោះពេលនោះ មានឆ្មបតែម្នាក់គត់ប្រចាំការក្នុងមណ្ឌលសុខភាព ហើយពេទ្យឆុ្មបនោះ មិនព្រមបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្តភ្លាមៗ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក កែ រដ្ឋា បានទេ នៅថ្ងៃទី១ ខែវិច្ឆិកា ដោយលោកប្រាប់ថា ជាប់រវល់ប្រជុំ ហើយបិទទូរស័ព្ទនៅពេលដឹងថា អាស៊ីសេរី សួរនាំអំពីរឿងនេះ៖ «ខ្ញុំជាប់ប្រជុំ»។
ចំណែកបុគ្គលិកប្រចាំការនៅមន្ទីរពេទ្យកាល់ម៉ែត្រ លោក ជា សុភ័ក្ត្រមុនីរ័ត្ន បានសុំពេល ១៥នាទី សួរថ្នាក់ដឹកនាំជាមុនសិន នៅពេលអាស៊ីសេរីសួរនាំអំពីការស្លាប់របស់កម្មការិនី ស៊ឹម សាវី។ នៅពេលអាស៊ីសេរីទូរស័ព្ទទៅសួរនាំម្តងទៀត បុគ្គលិកពេទ្យរូបនេះ បានឆ្លើយថា មន្ទីរពេទ្យកាល់ម៉ែត្រ សុំមិនឆ្លើយតបជាមួយអ្នកសារព័ត៌មានអាស៊ីសេរីនោះទេ ហើយប្រសិនបើក្រុមគ្រួសារអ្នកស្លាប់មានចម្ងល់អ្វី ឬមានបញ្ហាអ្វីអាចសួរនាំនៅមន្ទីរពេទ្យផ្ទាល់បាន៖ « ខ្ញុំយល់ត្រង់ចំណុចនេះ។ អ៊ីចឹងបានប្រសិនបើក្រុមគ្រួសារគាត់អាចថា ចង់ដឹងច្បាស់យ៉ាងម៉េចគឺគាត់អាចមកទាក់ទងដល់មន្ទីរពេទ្យផ្ទាល់ ដូច្នេះពួកខ្ញុំអាចពន្យល់បន្ថែមទាក់ទង។ ពួកខ្ញុំអត់អាចពន្យល់តាមទូរស័ព្ទអ៊ីចឹងបានទេ។ សុំទោសផង !» ។
គ្រោះថ្នាក់ដល់ជីវិតសម្រាប់ស្ត្រីជាមាតានៅពេលសម្រាលកូននៅក្នុងប្រទេសកម្ពុជា នៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ បើប្រៀបធៀបទៅនឹងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ (នេះជាការសន្និដ្ឋាន ឬទស្សនៈយល់ឃើញរបស់យើង។ យកល្អ យើងគួរតែយោងលើរបាយការណ៍របស់នរណាម្នាក់ ឬស្ថាប័នណាមួយ )។ ស្ថិតិរបស់អង្គការយូនីសេហ្វ ក្នុងឆ្នាំ២០១១ បានបង្ហាញថា ក្នុងមួយឆ្នាំៗ មានស្ត្រីប្រមាណ ១.៧០០នាក់នៅក្នុងប្រទេសកម្ពុជា បានស្លាប់ខណៈកំពុងមានផ្ទៃពោះក្នុងពេលសម្រាលកូន និងក្រោយពេលសម្រាលកូនរួច ប៉ុន្តែភាគច្រើននៃមរណភាពរបស់មាតា និងទារកទាំងនេះ គួរតែអាចការពារបាន។ រីឯស្ថិតិអង្គការសុខភាពពិភពលោក បង្ហាញដែរថា អត្រាមរណភាពនៃមាតាក្នុងពេលសម្រាលកូននៅតាមជនបទ គឺមានចំនួនច្រើនលើសជាង ៣ដង នៅតាមទីក្រុង ហើយថា ចំនួនមាតាសម្រាលកូននៅកម្ពុជា ជិត ៤០% គឺផ្ដល់សេវាដោយឆ្មប ឬគ្រូពេទ្យពុំមានវិជ្ជាជីវៈជំនាញពិតប្រាកដក្នុងការជួយសង្គ្រោះជីវិតស្ត្រីជាមាតានៅពេលមានគ្រោះអាសន្នកើតឡើងក្នុងពេលសម្រាលកូនទេ ដូចជា កើតកូនមិនចេញ ឬធ្លាក់ឈាមខ្លាំងជាដើម។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ដែលតាមដានករណីនេះ លើកឡើងថា ជារឿងសោកស្តាយ និងនឹកស្មានមិនដល់ ចំពោះការស្លាប់របស់កម្មការិនី ស៊ឹម សាវី។ លោកស្នើសុំឲ្យក្រសួងសុខាភិបាលស៊ើបអង្កេតករណីនេះ និងស្នើសុំបេឡាជាតិរបបសន្តិសុខសង្គម យកចិត្ត ទុកដាក់ជួយគាំពារដល់គ្រួសារជនរងគ្រោះ ជាពិសេស កូនៗ របស់ជនរងគ្រោះ៖ « រឿងពីរនេះដែលត្រូវធ្វើ។ មួយទៀត ប្រសិនបើគ្រួសារកម្មករ គាត់ចង់បានជំនួយផ្នែកច្បាប់ផ្សេងៗ ទាក់ទងនឹងការមើលឃើញថា រឿងនេះជារឿងអយុត្តិធម៌ ឬមួយក៏រឿងដែលកំហុសបច្ចេកទេសរបស់គ្រូពេទ្យមែន គឺគាត់អាចពឹងពាក់មក យើងដែលជាអង្គការសហជីពបានដើម្បីយើងគាំទ្រគាត់ជាមួយអង្គការដៃគូពិនិត្យលើរឿង នេះបន្ត » ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។
ប្ដីរបស់ជនរងគ្រោះ អះអាងថា ភរិយារបស់លោកមានសុខភាពល្អ និងមិនធ្លាប់មានជំងឺអ្វីឡើយ ហើយបានទៅមណ្ឌលសុខភាពបើកថ្នាំ និងពិនិត្យផ្ទៃពោះជារៀងរាល់ខែ។ លោក សុខ កាឌី ថ្លែងថា លោកនឹងពិចារណាប្តឹងគ្រូពេទ្យ ក្រោយពេល និងធ្វើបុណ្យបូជាជូនភរិយា និងកូនរួចរាល់។
ក្រុមគ្រួសារសាច់ញាតិ អំពាវនាវដល់គ្រូពេទ្យទាំងអស់ឱ្យពង្រឹងវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ មិនអាចធ្វេសប្រហែសបានទេ ព្រោះជីវិតមនុស្សម្នាក់ៗ មានតម្លៃ មិនអាចលែងសើចបានទេ ហើយពេលព្យាបាល ជីវិតអ្នកជំងឺម្នាក់ៗ តែងតែផ្ញើលើគ្រូពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។