ពលករខ្មែរធ្វើការនៅប្រទេសថៃភាគច្រើនសម្រេចចិត្តមិនទៅលេងផ្ទះក្នុងពេលបុណ្យចូលខ្មែរ នៅពេលខាងមុខទេ ដោយសារខ្លាចឆ្លងជំងឺកូវិដ១៩។ទន្ទឹមគ្នានេះដែរ ស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក បានជូនដំណឹងដល់ពលរដ្ឋខ្លួនដែលកំពុងស្នាក់នៅប្រទេសនេះ ឱ្យចៀសវាងការធ្វើដំណើរចេញពីប្រទេសថៃ បើមិនមានការចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ជំងឺមេរោគផ្លូវដង្ហើមនេះ។
ពលករខ្មែរធ្វើការនៅប្រទេសថៃ លើកឡើងស្រដៀងគ្នាថា ពួកគេតាមដានព័ត៌មានពីការរាលដាលជំងឺកូវិដ១៩នៅក្នុងប្រទេសថៃនិងកម្ពុជាយ៉ាងដិតដល់ជារៀងរាល់ថ្ងៃ ដើម្បីត្រៀមការពារសុវត្ថិភាពរបស់ខ្លួន ឱ្យរួចផុតពីការឆ្លងជំងឺផ្លូវដង្ហើមនេះ។
ពលករធ្វើការរោងចក្រផលិតគ្រឿងបន្លាស់រថយន្តនៅខេត្តអយុធ្យា (Ayutthaya) ប្រទេសថៃ លោក សឹម ស្វាង ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៧មីនាថា នៅកន្លែងធ្វើរបស់លោកមានពលករខ្មែរជិត១០០នាក់ គឺធ្វើការទាំងភិតភ័យ ពីព្រោះខ្លាចជំងឺកូវិដ១៩រាតត្បាតមកដល់កន្លែងធ្វើការធ្វើឱ្យប៉ះពាល់ដល់ការរកប្រាក់ចំណូលរបស់ពួកគេនៅពេលខាងមុខ។ពលកររូបនេះ បន្ថែមថា សព្វថ្ងៃនេះមុនពេលចូលធ្វើការ ថៅកែរោងចក្រឱ្យពួកគេតម្រង់ជួរវាសកម្ដៅនៅលើថ្ងាសដើម្បីពិនិត្យសុខភាព ហើយប្រសិនអ្នកណាមានសុខភាពល្អ ទើបថៅកែអនុញ្ញាតឱ្យចូលធ្វើការ ព្រោះខ្លាចឆ្លងជំងឺកូវិដ១៩។ លោកបន្តថា បច្ចុប្បន្ននេះពួកគេធ្វើការបណ្ដើរតាមដានព័ត៌មានពីការរាលដាលជំងឺមេរោគរលាកផ្លូវដង្ហើមបណ្ដើរ ដើម្បីឱ្យទាន់ស្ថានការណ៍ ហើយប្រុងប្រយ័ត្នកុំឱ្យឆ្លងជំងឺកូវិដ១៩៖ «មានឡានដឹកទៅដឹកមកព្រឹកឡើងឡានមកយកដល់កន្លែង ហើយយើងធ្វើម្ហូបអាហារអីយើងទិញតាមតូបនៅ ជិតកន្លែងស្នាក់នៅ។សព្វថ្ងៃការអនុវត្តគឺឱ្យរក្សាសុខភាព ធ្វើម៉េចឱ្យសុខភាពរឹងមាំជានិច្ច ព្រួយបារម្ភទូទៅគឺអីចឹងឯងបង ខ្លាចតែចម្លងពីគេមក ដល់ពេលឆ្លងហើយយើង ទី១យើងទៅពេទ្យក៏ពិបាក ប្រកាន់សង្គមក៏មិនទាន់ដឹងយ៉ាងណាដែរ ករណីមានឆ្លងជំងឺមកមិនដឹងទៅយ៉ាងណាទេ អីចឹងហើយអត់ហ៊ានដើររហេតរហូតទេ » ។
លោកបន្ថែមថា ចាប់តាំងថ្ងៃទី១៣ មីនា ជាទូទៅក្រោយពេលចេញពីធ្វើការពួកគេតែងតែត្រឡប់ទៅសម្រាកក្នុងបន្ទប់ គឺពុំមានអ្នកណាហ៊ានចេញដើរទៅនៅកន្លែងដែលមានមនុស្សកុះករដូចពេលមុនឡើយ។
ស្រដៀងគ្នានេះដែរ ពលករធ្វើការនៅខេត្តជាប់ទីក្រុងបាងកក លោក នួន ម៉ែត្រ វិញ ថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនៅខែមេសាខាងមុខនេះ លោកនិងអ្នករួមការងារប្រមាណ ២០នាក់សម្រេចចិត្តមិនទៅលេងស្រុកកំណើតទេ ដោយនាំគ្នាសម្រាកនៅកន្លែងធ្វើការក្នុងប្រទេសថៃ ដើម្បីការពារកុំខ្លួនឱ្យឆ្លងជំងឺកូវិដ១៩ ក្នុងធ្វើពេលធ្វើដំណើរ។ លោកបន្ថែមថា ថ្វីត្បិតតែជំងឺនេះរាតត្បាតនៅខ្លាំងនៅលើពិភពលោក និងនៅប្រទេសថៃក៏ដោយ ក៏លោកនៅតែទៅធ្វើការងារជាធម្មតាដដែល ដើម្បីសន្សំប្រាក់ទុកចាយវាយខ្លួនឯងផង និងផ្ញើទៅឱ្យឪពុកម្ដាយនៅផ្ទះផង ក៏ប៉ុន្តែលោកថា ធ្វើការងារដោយប្រុងប្រយ័ត ដូចជាពាក់ម៉ាស់ និងលាងសំអាតដៃឱ្យបានញឹកញាប់ជាដើម៖ «ព្រោះបារម្ភខ្លួនឯងដែរ នៅទៅណាអីខ្ញុំពាក់តែម៉ាស់ដែរហ្នឹង គឺយើងការពារជាងព្យាបាល ខ្ញុំបារម្ភខ្លាចតែប្រសិនបើកើតមកលើអ្នកណាម្នាក់ កុំឡើយក្នុងរោងចក្រសូម្បីតែក្នុងផ្ទះដែលយើងជួលនៅហ្នឹងក៏វាអាចឆ្លងដែរ ព្រោះយើងជួបជុំគ្នារាល់ល្ងាចរាល់ព្រឹកអីចឹង។ដូច្នេះហើយមិនដឹងថាឱ្យយើងទប់បានយ៉ាងណា មានតែប្រើតែម៉ាស់ទេ បើទប់បានក៏ទប់បើទប់មិនបានក៏មិនដឹងធ្វើយ៉ាងម៉េច » ។
លោកបន្ថែមទៀត រហូតមកទល់ពេលនេះ មិនទាន់មានពលករណាត្រូវបានថៅកែបញ្ឈប់ពីការងារ ដោយសារប៉ះពាល់ពីជំងឺកូវិដ១៩នៅឡើយទេ។
ទោះជាយ៉ាងណាមានពលករខ្លះចាប់ផ្ដើមទិញស្បៀងបម្រុងទុកប្រើប្រាស់បណ្ដើរៗហើយ ដោយខ្លាចជំងឺរលាកផ្លូវដង្ហើមនេះ រាតត្បាតខ្លាំងទៅមុខទៀតមិនមានអាហារហូបចុក។
ពលករទៅធ្វើការនៅក្រុមហ៊ុន កាប់សាច់ជ្រូកនៅខេត្តសមុទ្រប្រាកាន (Samut Prakan) លោក មាស បូរ៉ា ឱ្យដឹងថា ពលករខ្មែរធ្វើការជាមួយលោកជាច្រើននាក់ នាំគ្នាទិញអង្ករ ត្រីខកំប៉ុង និងមីជាច្រើនកេះ ទុកសម្រាប់ហូបរៀងៗ ខ្លួន ព្រោះខ្លាចជំងឺកូវិដ១៩រាតត្បាតកាន់តែខ្លាំង ហើយមិនអាចចេញទៅខាងក្រៅទិញស្បៀងអាហារមកទុកហូបនៅពេលខាងមុខ៖ «ពីព្រោះអ្នកនៅអ្នកខ្លះធ្វើការមួយថ្ងៃចាយមួយថ្ងៃបើកមួយខែមកចាយតអីចឹង ដល់អត់មានការងារធ្វើមិនគិតយ៉ាងណា មានអ្នកគេព្រួយបារម្ភច្រើនដែរបញ្ហាហ្នឹង ប្រសិនបើប៉ះពាល់ ដូចខ្ញុំអីហ្នឹងក៏ខ្ញុំបម្រុងលុយខ្លះទុកដែរ ពេលមានបញ្ហាទៅអាចទប់ស្កាត់បាន។តែមានបងប្អូនខ្លះគាត់ព្រួយបារម្ភអំពីដែលមានបញ្ហាអីចឹងនៅក្នុងបន្ទប់អត់មានលុយចាយអត់មានលុយអីហូប។ខ្ញុំបើសិនជាគេប្រកាសឱ្យចូលទៅខ្មែរខ្ញុំមិនចូលទៅទេ បើសិនមានបញ្ហាខ្ញុំសុខចិត្តទ្រាំនៅទីនេះហើយ ព្រោះខ្ញុំគិតថានៅខ្មែរវាប្រព័ន្ធការងារវាធូររលុងជាងនៅទីនេះ នៅនេះគេការពារខ្លាំងហើយរដ្ឋាភិបាលគេក៏យកចិត្តទុកដាក់ខ្លាំងដែរ » ។
ទាក់ទងនឹងបញ្ហានេះ ស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក កាលពីថ្ងៃទី១៦ មីនា បានជូនដំណឹងដល់ពលករខ្មែរធ្វើការនៅប្រទេសថៃ ឱ្យចូលរួមសហការជាមួយម្ចាស់ផ្ទះនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ប្រសិនបើមិនមានការចាំបាច់ទេ សូមជៀសវាងការធ្វើដំណើរចេញពីប្រទេសថៃ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវិដ១៩។ ដោយឡែកអ្នកដែលមានបំណងធ្វើដំណើរចូលមកប្រទេសថៃ គឺត្រូវតាមដានព័ត៌មាន អំពីវិធានការរបស់កម្ពុជានិងថៃឱ្យបានច្បាស់លាស់ និងពិចារណាឱ្យបានហ្មត់ចត់មុននឹងធ្វើដំណើរ។ប្រភពដដែល បន្ថែមថា ប្រសិនបើពលករខ្មែរណាមានរោគសញ្ញា ផ្លូវដង្ហើម ដូចជាក្អក ឈឺបំពង់ក ហៀរ សំបោរ ដកដង្ហើមថប់ណែន និងមានគ្រុនក្ដៅខ្លាំង សូមទាក់ទងមន្ត្រីក្រសួងសុខាភិបាលរបស់ថៃ តាមលេខទូរស័ព្ទ ០២ ៥៩០ ៣០០០ ឬលេខបន្ទាន់ ១៤២២ និងលេខស្ថានទូតខ្មែរ ០១២ ៨០៥ ០៥៦១ និង ០៩៤ ០៩២៥៩០៥។
គិតត្រឹមថ្ងៃទី១៧ មីនា នៅប្រទេសថៃមានអ្នកឆ្លងជំងឺកូវិដ១៩ ជិត ២០០នាក់ ហើយនៅទីក្រុងបាងកកមានអ្នកកើតជំងឺនេះច្រើនជាងគេ។
ប្រធានផ្នែកពលករចំណាកស្រុកនៃអង្គការសិទ្ធិការងារសង់ត្រាល់ លោកឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករខ្មែរនៅប្រទេសថៃមួយចំនួនប្រឈមនឹងអត់ការងារធ្វើនៅពេលខាងមុខ ប្រសិនបើស្ថានការណ៍ជំងឺកូវិដ១៩ នៅតែបន្តអូសបន្លាយពេលទៅមុខទៀត ដោយសារផលប៉ះពាល់ដល់សេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។ លោកបន្ថែមទៀតថា រហូតមកទល់ពេលនេះ មានរោងចក្រនិងក្រុមហ៊ុនខ្លះបានប៉ះពាល់អាជីវកម្មរបស់ខ្លួន និងកាត់បន្ថយបុគ្គលិកបណ្ដើរៗ ហើយ៖ «អីចឹងបើសម្រាប់អ្នកធ្លាប់ទៅយូរហើយបួន ៥ឆ្នាំ គាត់អាចសង់គេបានខ្លះហើយមានសល់លុយអីបន្តិចបន្តួច បើប្រឈមមានន័យថា ប្រឈមនឹងអត់ការងារធ្វើអត់មានប្រាក់ចំណូលបន្ត។ ប៉ុន្តែសម្រាប់ពលករមួយផ្នែកទៀតដែលលោកទើបតែទៅធ្វើការងារមិនបានសង់គេខ្ចីធ្វើឯកសារហ្នឹងអីផងអ៊ីចឹង គាត់កាន់តែប្រឈមខ្លាំងថែមទៀត អីចឹងការប្រឈមរបស់ពលរដ្ឋហ្នឹងវាមាន២ប្រភេទហ្នឹងអ្នកដែលទើបទៅមិនទាន់បានប្រាក់កម្រៃ នៅជំពាក់គេហើយនឹងអ្នកដែលទៅយូរគឺគាត់ប្រឈមអត់ការងារធ្វើ » ។
របាយការណ៍របស់ក្រសួងការងារបង្ហាញថា ពលករខ្មែរកំពុងធ្វើការប្រទេសថៃមានជាង ១ លាន ១ សែននាក់(១.១០០.០០០) ។ប៉ុន្តែរបាយការណ៍របស់អង្គការសង់ត្រាល់ ឱ្យដឹងថា មានពលករខ្មែរស្របច្បាប់និងខុសច្បាប់ប្រមាណ២លាននាក់(២.០០០.០០០)កំពុងធ្វើនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។