អង្គការ​ចំនួន​១១​ចូល​រួម​សិក្ខាសាលា​ស្ដី​ពី​ទឹក​ស្អាត

នៅ​កម្ពុជា បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ និង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​នៅ​ឡើយ។ កត្តា​នេះ នាំ​ឲ្យ​ពួក​គាត់​ប្រឈម​ខ្លាំង​នឹង​បញ្ហា​សុខភាព ជា​ពិសេស​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ជាយ​ក្រុង និង​តាម​ជនបទ។ ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​១១ ដែល​ធ្វើ​ការ​លើ​វិស័យ​ទឹក​ស្អាត និង​អនាម័យ​នៅ​កម្ពុជា មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ បាន​មក​ចូល​រួម​ក្នុង​សិក្ខាសាលា​មួយ​ស្ដី​អំពី​ការ​លើក​កម្ពស់​សុខភាព​សហគមន៍ តាម​រយៈ​អង្គការ​ធ្វើ​ការ​ងារ​នៅ​តាម​មូលដ្ឋាន​នៅ​ខេត្ត​ពោធិ៍សាត់។
ដោយ ជិន ជេដ្ឋា
2013.08.15
សិក្ខាសាលា​ទឹក​ស្អាត ៦១០ សិក្ខាកាម​ចូល​រួម​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​លើក​កម្ពស់​សុខភាព​សហគមន៍ តាម​រយៈ​អង្គការ​ធ្វើ​ការ​ងារ​នៅ​តាម​មូលដ្ឋាន​នៅ​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៣។
Photo: RFA

ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន នៅ​ពុំ​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​យក​ទឹក​ស្អាត​ទៅ​ប្រើប្រាស់​នៅ​ឡើយ ហើយ​ផែន​ការ​អភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​នៅ​ជនបទ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ចាប់​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ចំនួន ៣៨% ប៉ុន្តែ គោល​ដៅ​នេះ​បាន​សម្រេច ឬ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​សកម្មភាព​របស់​ក្រសួង រួម​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ទៀត។ នេះ​ជា​ការ​ថ្លែង​របស់​អង្គការ ស៊ី.ដាប់បលយូ.អេស (CWS) នៅ​ក្នុង​សិក្ខាសាលា​រយៈពេល ៤​ថ្ងៃ នៅ​សណ្ឋាគារ​ភ្នំ​ពេជ្រ ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី១៤ សីហា។

ប្រធាន​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ជំនាញ​ទឹក​ស្អាត លោក អ៊ុង គន្ធា មាន​ប្រសាសន៍​ថា ទិស​ដៅ​ដែល​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ដាក់​នោះ គឺ​អាច​នឹង​សម្រេច​បាន ក៏ប៉ុន្តែ នៅ​តាម​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន មាន​ការ​លំបាក​ក្នុង​ការ​បញ្ជ្រាប​ចំណេះ​ដឹង និង​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ៖ «តាម​រយៈ​ព័ត៌មាន​ដែល​យើង​ទទួល​បាន​ពី​បណ្ដា​អង្គការ​មួយ​ចំនួន​ដែល​គាត់​ធ្វើ​ការ​នៅ​តាម​សហគមន៍ ឃើញ​ថា ប្រជាជន​ភាគ​ច្រើន​ពុំ​ទាន់​មាន​លទ្ធភាព​នឹង​ឈាន​ទៅ​រក​ទឹក​ស្អាត​ប្រើប្រាស់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ កំពុង​តែ​ដំណើរ​ការ​ហើយ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​គាត់​មាន​ទឹក​ស្អាត​ប្រើប្រាស់ និង​មាន​ចំណេះ​ដឹង​តាម​រយៈ​អង្គការ​នៅ​តាម​សហគមន៍​ហ្នឹង​ឯង»

លោក អ៊ុង គន្ធា បញ្ជាក់​ថា តាម​ការ​អង្កេត​ផ្ទាល់​របស់​លោក នៅ​ខេត្ត​ពោធិ៍សាត់ មាន​សហគមន៍​មួយ​ចំនួន​មិន​បាន​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​ទឹក​ស្អាត​នោះ​ទេ ពីព្រោះ​កន្លង​ទៅ ប្រជាពលរដ្ឋ​ទាំង​នោះ​អត់​មាន​ព័ត៌មាន​គ្រប់គ្រាន់ និង​បុគ្គលិក​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន មិន​ទាន់​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ក្នុង​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​សហគមន៍​ស្ដី​អំពី​ទឹក​ស្អាត៖ «ជា​ពិសេស សហគមន៍​នៅ​ក្នុង​តំបន់​របស់​យើង​ហ្នឹង គាត់​ខ្វះ​ការ​យល់​ដឹង​អំពី​ទឹក​ស្អាត ហើយ​ពេល​ខ្លះ​ក៏​គាត់​អត់​មាន​លទ្ធភាព​ទៅ​រក​ទឹក​ស្អាត​នៅ​កន្លែង​ណា​បាន។ យោង​តាម​គោល​ការណ៍​របស់​យើង ក៏​ដូច​ជា​ម្ចាស់​ជំនួយ​ដែរ គឺ​យើង​ចាប់​ផ្ដើម​ធ្វើ​ការងារ​នេះ ទី១ យើង​កសាង​សមត្ថភាព​ទៅ​លើ​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន សហគមន៍ និង​រដ្ឋាភិបាល​ស្ដី​អំពី​កម្មវិធី​ទឹក​ស្អាត»

លោក​បន្ត​ថា នៅ​សហគមន៍​ឈើ​ទាល​រូង សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ដែល​មាន​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ កំពុង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់។ នៅ​ចុង​ខែ​សីហា នេះ អង្គការ ស៊ី.ដាប់បលយូ.អេស និង​អង្គការ ចេរភាព​កម្ពុជា នឹង​បើ​វគ្គ​អប់រំ​ស្ដី​អំពី​ការ​ប្រើប្រាស់​ទឹក​ស្អាត ព្រម​ទាំង​អនុវត្ត​កម្មវិធី​ទឹក​ស្អាត​មួយ​ចំនួន​ទៀត ដូច​ជា​ការ​ផ្ដល់​ធុង​ចម្រោះ និង​បង្គន់​អនាម័យ​ជា​ដើម។

នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០១៣ រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ជំនួយ​ចំនួន ៣៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក មក​ឲ្យ​កម្ពុជា ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​ចំនួន​ពីរ គឺ​វិស័យ​ទឹក​ស្អាត និង​ការ​អប់រំ។ ក្នុង​នោះ ទឹក​ប្រាក់​ជាង ៣៣​លាន​ដុល្លារ ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ទឹក​ស្អាត​នៅ​ក្នុង​ខេត្ត​ចំនួន​២ គឺ​ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ចាម។ តាម​រយៈ​ជំនួយ​នេះ រដ្ឋាភិបាល​ជប៉ុន សង្ឃឹម​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​រហូត​ដល់ ៨៤% នៅ​ឆ្នាំ​២០១៩ ខណៈ​ដែល​នៅ​ខេត្ត​កំពង់ចាម បច្ចុប្បន្ន​មាន​អ្នក​ប្រើប្រាស់​ទឹក​ស្អាត​ចំនួន ៣៣% និង​ខេត្ត​បាត់ដំបង ចំនួន ៣១%។

មន្ត្រី​អង្គការ​ជួយ​ជន​ចាស់​ជរា​កម្ពុជា និង​ជា​សិក្ខាកាម​ម្នាក់​មក​ពី​ខេត្ត​បាត់ដំបង អ្នកស្រី ប៊ុន សំពៅ មាន​ប្រសាសន៍​ថា ក្រោយ​ពី​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ទាក់ទង​នឹង​អនាម័យ និង​ការ​ប្រើប្រាស់​ទឹក​ស្អាត​ពី​សិក្ខាសាលា​នេះ អ្នកស្រី​នឹង​បញ្ជ្រាប​ចំណេះ​ដឹង​ដែល​ទទួល​បាន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ឲ្យ​គាត់​យល់​អំពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​នៃ​ការ​ប្រើប្រាស់​ទឹក៖ «មាន​បញ្ហា​ច្រើន​សម្រាប់​ពួក​គាត់​ដែល​ប្រើប្រាស់​ទឹក ដូច​ថា​ការ​ប្រើប្រាស់​ទឹក គាត់​សម្អាង​ទៅ​លើ​ទឹក​ភ្លៀង។ គាត់​គិត​ថា​ទឹក​ភ្លៀង​ហ្នឹង គឺ​ជា​ទឹក​ល្អ​សម្រាប់​ពួក​គាត់ តែ​ផ្ទុយ​ទៅ​វិញ តាម​ដែល​យើង​បាន​រៀន​សូត្រ គឺ​មិន​មែន​ទេ»

ចំណែក​ឯ​មន្ត្រី​អង្គការ រាឆា (RACHA) និង​ជា​សិក្ខាកាម​ម្នាក់​ទៀត មក​ពី​រាជធានី​ភ្នំពេញ លោក អ៊ិត ថន មាន​ប្រសាសន៍​ថា ឆ្លង​តាម​វគ្គ​បណ្ដុះ​បណ្ដាល​នេះ លោក​បាន​មើល​ឃើញ​ពី​ចំណុច​ល្អៗ​ជា​ច្រើន​សម្រាប់​បុគ្គលិក​អង្គការ​នានា យក​ទៅ​អប់រំ និង​ផ្សព្វផ្សាយ​បន្ត​ដល់​សហគមន៍៖ «បាទ! នៅ​ក្នុង​អង្គការ រាឆា របស់​យើងៗ​មាន​គម្រោង​អនុវត្តន៍​កម្មវិធី​ទឹក​ស្អាត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​របស់​អង្គការ ហើយ​យើង​គិត​ថា យើង​នឹង​យក​នូវ​អ្វី​ដែល​យើង​ទទួល​បាន​នៅ​ក្នុង​វគ្គ​នេះ ជា​ពិសេស​បទ​ពិសោធន៍​ងាយ​ស្រួល​សម្រាប់​ធ្វើ​ជាមួយ​សហគមន៍។ យើង​យក​ទៅ​ធ្វើ​នៅ​ក្នុង​សហគមន៍​ដែល​អង្គការ រាឆា យើង​បាន និង​កំពុង​ធ្វើ»

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​វិភាគ និង​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា បញ្ហា​ទឹក​ស្អាត​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​ហើយ។ លោក​បញ្ជាក់​ថា ក្រសួង​អភិវឌ្ឍន៍​ជនបទ គួរ​តែ​រួម​សហការ​ជាមួយ​នឹង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ផ្ដល់​ទឹក​ស្អាត​ដល់​កុមារ និង​មនុស្ស​ពេញ​វ័យ​នៅ​តាម​សាលា​រៀន​មួយ​ផ្នែក​ដែរ ទើប​ប្រសើរ៖ «ការ​ប្រើប្រាស់​បង្គន់​អនាម័យ ហើយ​និង​ទឹក​ស្អាត ខ្ញុំ​គិត​ថា​មិន​ជា​បញ្ហា​អី​ទេ​នៅ​តាម​ផ្ទះ បើ​អាច​ផ្ដោត​តាម​សាលា​រៀន​វិញ​ល្អ ពីព្រោះ​ក្មេង​ដែល​ទៅ​រៀន​នៅ​សាលា គាត់​អត់​បាន​ដាក់​ទឹក​ទៅ​ទេ ហើយ​ភាគ​រយ​នៃ​សាលា​ដែល​មាន​ទឹក​ស្អាត​ប្រើ​ហ្នឹង​តិច​ណាស់ ៣០​ជាង​ភាគ​រយ​ទេ»

លោក កែម ឡី បន្ត​ថា ហេតុផល​មួយ​ធំ​ជាង​បញ្ហា​ទឹក​ស្អាត​ទៀត​នោះ គឺ​បញ្ហា​បង្គន់​អនាម័យ​នៅ​តាម​ជនបទ និង​សាលា​រៀន។ ដូច្នេះ ប្រសិន​បើ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន នោះ​អត្រា​នៃ​ការ​បោះ​បង់​សាលា​រៀន​របស់​សិស្ស​ស្រី នឹង​ត្រូវ​បាន​កាត់​បន្ថយ។

អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ យូនីសេហ្វ (UNICEF) បាន​ចេញ​ផ្សាយ​ព័ត៌មាន​របស់​ខ្លួន​មួយ កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១៣ ដោយ​បញ្ជាក់​ថា ផែន​ការ​សកម្មភាព​ជា​សកល​របស់​ខ្លួន​ស្ដី​អំពី​អនាម័យ និង​ទឹក​ស្អាត បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ជាង ២​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ពី​ការ​ស្លាប់​ដោយ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម និង​ជំងឺ​រាក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។