អង្គការសុខភាពពិភពលោក គ្រោងចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនជិត ២០០ លានដូស ទៅប្រទេសទាំងឡាយនៅលើពិភពលោក នៅត្រីមាសទីមួយ (ត្រឹមខែមីនា) ឆ្នាំ២០២១។
អង្គការនេះ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃទី ២២ ខែមករាថា វ៉ាក់សាំងទាំងនេះ គឺនឹងបានមកពីក្រុមហ៊ុនរួមគ្នាអាមេរិក និងអាល្លឺម៉ង់ ឈ្មោះ ហ្វៃហ្ស៊ើរ និង បៃអូអិនថិក (Pfizer and BioNTech) និងក្រុមហ៊ុន អាស្រ្តាហ្ស៊េណេកា (AstraZeneca) របស់សាកលវិទ្យាល័យអក់ស្វ៊ើដ (Oxford) នៃប្រទេសអង់គ្លេស។
អង្គការសុខភាពពិភពលោក បានចុះហត្ថលេខាកក់វ៉ាក់សាំងរហូតដល់ ៤០លានដូសពីក្រុមហ៊ុន ហ្វៃហ្ស៊ើរ និង បៃអូអិនថិក (Pfizer and BioNTech) និងតាមរយៈគម្រោងចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ ឬ កូវ៉ាក់ (COVAX) អង្គការនេះគ្រោងទិញវ៉ាក់សាំងជិត ១៥០លានដូសពីក្រុមហ៊ុនអង់គ្លេស អាស្រ្តាហ្ស៊េណេកា (AstraZeneca)។ អង្គការសុខភាពពិភពលោក ក៏បានចុះកិច្ចព្រមព្រៀងសហការគ្នាជាមួយក្រុមហ៊ុនផលិត និងចែកចាយឱសថរបស់ឥណ្ឌា ឈ្មោះ វិទ្យាស្ថានស៊ីរ៉ាំឥណ្ឌា (Serum Institute of India) ដែលទើបសម្រេចគោលដៅផលិត និងចែកចាយវ៉ាក់សាំងទាំងនេះបាន។
ទោះបីអង្គការសុខភាពពិភពលោក ចុះកិច្ចព្រមព្រៀង និងគ្រោងទទួលស្គាល់វ៉ាក់សាំងថ្មីបន្ថែមយ៉ាងនេះក្ដី ក៏អង្គការនេះនៅតែមិនទទួលស្គាល់វ៉ាក់សាំងចិន និងរុស្ស៊ីនៅឡើយ ទោះបីវ៉ាក់សាំងនៃប្រទេសទាំងពីរនេះ ត្រូវបានផលិត និងចែកចាយក្នុងប្រទេសរៀងៗ ខ្លួន និងប្រទេសមួយចំនួន ជាយូរខែមកហើយ។
អង្គការសុខភាពពិភពលោក មិនបានបញ្ជាក់ថា អំពីមូលហេតុនៃការមិនទទួលស្គាល់វ៉ាក់សាំងចិន និងរុស្ស៊ីនោះទេ។ ប៉ុន្តែអ្នកជំនាញវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រអន្តរជាតិ ធ្លាប់លើកឡើងអំពីក្តីព្រួយបារម្ភ និងហានិភ័យ ដែលអាចកើតមានជាយថាហេតុ ជុំវិញវ៉ាក់សាំងចិន និងរុស្ស៊ី ដោយសារតែវ៉ាក់សាំងទាំងនេះ ត្រូវបានផលិត និងចែកចាយ ដោយមិនចាំឆ្លងកាត់ដំណាក់កាលធ្វើតេស្តត្រឹមត្រូវ និងចប់សព្វគ្រប់តាមលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាព និងប្រសិទ្ធភាព ផ្នែកវេជ្ជសាស្ត្រ ក្នុងការស្រាវជ្រាវ និងធ្វើតេស្តវ៉ាក់សាំងទាំងនោះ។
ទោះជាយ៉ាងនេះក្ដី វ៉ាក់សាំងចិន ត្រូវបានផលិត និងចែកចាយដល់ប្រទេសមួយចំនួន ក្នុងពិភពលោក រួមទាំងប្រទេសខ្លះនៃសមាជិកអាស៊ានផង។ មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយ៉ាងឱឡារិកថា កម្ពុជាយល់ព្រមទទួលយកវ៉ាក់សាំងចិន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរ។ ការប្រកាសរបស់លោក ហ៊ុន សែន នេះ ក៏ផ្ទុយទៅនឹងជំហរដាច់ខាតរបស់លោក ដែលមុននេះ ធ្លាប់ប្រកាសជាឱឡារិកដែរថា លោកនឹងមិនព្រមទទួលយកវ៉ាក់សាំងណា ដែលអង្គការសុខភាពមិនទាន់ទទួលស្គាល់នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។