ព្រឹត្តិការណ៍​សំខាន់ៗ​ប្រចាំ​ឆ្នាំ​២០១៤​ទាក់ទង​នឹង​សុខភាព​នៅ​កម្ពុជា

0:00 / 0:00

ព្រឹត្តិការណ៍​សំខាន់​ទាក់ទង​នឹង​សុខភាព​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ នេះ គឺ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​អេដស៍​នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ក្នុង​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ចាប់​ផ្ដើម​ផ្អើល និង​នាំ​គ្នា​សម្រុក​ទៅ​ពិនិត្យ​ឈាម បន្ទាប់​ពី​ដឹង​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​នេះ​ជា​ច្រើន​នាក់​មាន​ផ្ទុក​មេរោគ​អេដស៍ (HIV) ដោយ​មិន​ដឹង​មូលហេតុ។

ការ​ធ្វើ​ឱ្យ​រឹត​តែ​ភ្ញាក់​ផ្អើល​ពេញ​ភូមិ​ដូច្នេះ គឺ​អ្នក​ភូមិ​ប្រុស​ស្រី ចាប់​ពី​កុមារ​តូចៗ រហូត​ដល់​ចាស់​ជរា​ដែល​ទៅ​ធ្វើតេស្ត​ឈាម​ភាគ​ច្រើន មាន​លទ្ធផល​ដំបូង​បង្ហាញ​ថា ផ្ទុក​មេរោគ​អេដស៍។

អ្នក​ឃុំ​រកា​ម្នាក់ ដែល​ទៅ​ធ្វើតេស្ត​ឈាម ឃើញ​មាន​ផ្ទុក​មេរោគ​អេដស៍ ថ្លែង​នៅ​ថ្ងៃ​ទី​១៥ ធ្នូ ថា សមាជិក​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​ជា​មនុស្ស​ស្អាត​ស្អំ គឺ​ពុំ​មាន​នរណា​ម្នាក់​ធ្លាប់​​មាន​ប្រវត្តិ​មិន​ល្អ​ទៅ​ប៉ះ​ពាល់​មនុស្ស​ដែល​ផ្ទុក​មេ​រោគ​ឡើយ។ អ្នក​ភូមិ​រូប​ដដែល​សង្ស័យ​ថា ការ​ឆ្លង​នេះ ប្រហែល​ជា​តាម​ម្ជុល​ចាក់​ថ្នាំ​របស់​គ្រូពេទ្យ ដែល​ព្យាបាល​ជំងឺ​កាល​ពី​ប្រមាណ ៦​ខែ​កន្លង​ទៅ៖ «ខ្ញុំ​មិន​ដឹង​ថា គ្រូ​​ពេទ្យ​ដែល​ខ្ញុំ​ចាក់​ថ្នាំ​កន្លង​មក​ហ្នឹង​យ៉ាង​មិច​ទេ គឺ​គ្រាន់​តែ​ដឹង​ថា គាត់​គ្រូពេទ្យ​ចាក់​ថ្នាំ​ឲ្យ​អ្នក​ភូមិ​ជា​ប្រចាំ។អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ហ្នឹង​មិន​ដឹង​ថា គាត់​មាន​មេរោគ ឬ​មិន​មាន​នោះ​ទេ ប៉ុន្តែ​ឃើញ​គេ​មក​ធ្វើ​តេស្តឈាម​ហើយ​មាន​រោគ​សញ្ញា​មេរោគ​ច្រើន ខ្ញុំ​ក៏​មក​ដែរ​ទៅ»

ពេល​ដែល​លទ្ធផល​ឈាម​ដំបូង​ឃើញ​មាន​អ្នក​ជំងឺ​ជា​ច្រើន​នាក់​ផ្ទុក​មេរោគ​អេដស៍​នោះ ធ្វើ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ព្រួយ​បារម្ភ។ ដោយ​ឃើញ​មាន​ច្រើន​ករណី​បែប​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​មិន​ទាន់​ជឿ​លើ​របាយការណ៍​នេះ​ភ្លាមៗ​ដែរ។

ប្រជាពលរដ្ឋ​​ម្នាក់​រស់​នៅ​ភូមិ​រកា​ ដែល​សមាជិក​ក្រុម​គ្រួសារ​មាន​មេរោគ​អេដស៍​ចំនួន ៥​នាក់ ថ្លែង​ថា ការ​អប់រំ​នេះ​ជា​វិធី​មួយ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ បន្ទាប់​ពី​ទៅ​ពិនិត្យ​ឈាម​​ឃើញ​មាន​មេរោគ​អេដស៍​ ហើយ​រវើរវាយ​​ធ្វើ​អ្វី​មិន​កើត​អស់​ជា​ច្រើន​ថ្ងៃ​មក​នោះ។ លោក​ថា មន្ត្រី​ពាក់​ព័ន្ធ​គួរ​ចុះ​អប់រំ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​កុំ​ឲ្យ​ពួកគេ​រស់​នៅ​ដោយ​ឯកោ​គ្មាន​ទី​ពឹង​នោះ៖ «បាទ! បាន​ពួកគាត់​មក​សួរសុខទុក្ខ​​ណែនាំ​ពន្យល់​ដល់​ប្រជាពលរដ្ឋ អ៊ីចឹង​ពួក​យើង​ខ្ញុំ​មាន​អារម្មណ៍​កក់ក្ដៅ​ណាស់ ធ្វើ​ឲ្យ​ពួកគាត់​យើង​ខ្ញុំ​មិន​ភ័យ​ព្រួយ​ពី​ការ​កើត​ជំងឺ​នេះ​ខ្លាំង​ដូច​ពេល​មុខ​នោះ​ទេ»

មេ​ឃុំ​រកា អ្នកស្រី ស៊ឹម ពៅ ថ្លែង​ថា ពលរដ្ឋ​ដែល​សង្ស័យ​ថា មាន​ផ្ទុក​មេ​រោគ​អេដស៍​នោះ ភាគ​ច្រើន​ជា​អ្នក​ភូមិ​រកា​តែ​ម្ដង៖ «ដំបូង​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​រក​មើល​មេ​រោគស្វាយ និង​ប្រមេះ​ទេ ប៉ុន្តែ​ពេល​ទៅ​ពិនិត្យ​ក៏​ប្រទះ​ឃើញ​មេ​ផ្ទុក​មេរោគ​អេដស៍​នោះ​តែ​ម្ដង ហើយ​ក៏​ផ្អើល​នាំគ្នា​ធ្វើ​តេស្តឈាម​ជា​បន្តបន្ទាប់​ទៅ។ហើយ​ការ​ពិនិត្យ​ឃើញ​ថា​អ្នក​ផ្ទុក​មេរោគ​អេដស៍​មាន​ទាំង​មនុស្ស​ចាស់​មាន​ទាំង​កូន​ក្មេង​​​»

រី​ឯ​ជំទប់​ទី​២ នៃ​ឃុំ​រកា ឲ្យ​ដឹង​ថា រហូត​មក​ដល់​​នៅ​ថ្ងៃ​ទី​៣០ ធ្នូ ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ខ្លួន នៅ​ក្នុង​ឃុំ​រកា មាន​ចំនួន​ជាង ២០០​នាក់ (ត្រឹម​ថ្ងៃ​ទី​៣០ ធ្នូ)។ គេ​សង្ស័យ​ថា ចំនួន​នេះ​អាច​នឹង​កើន​ឡើង​ទៀត។

ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី ក្នុង​ឃុំ​រកា ដែល​សង្ស័យ​ថា ខ្លួន​ឯង​អាច​មាន​មេរោគ​អេដស៍ នៅ​តែ​នាំ​គ្នា​ទៅ​ពិនិត្យ​ឈាម​ជា​បន្តបន្ទាប់។

អ្នក​ភូមិ​រកា​ម្នាក់​ឱ្យ​ដឹង​ថា សមាជិក​ក្នុង​ក្រុម​គ្រួសារ​ចំនួន ៤​នាក់ មាន​កុមារ ២​នាក់ និង​មនុស្ស​ចាស់ ២​នាក់​ផ្ទុក​មេរោគ​អេដស៍។ ពលរដ្ឋ​រូប​នេះ​សង្ស័យ​ថា មូល​ហេតុ​ដែល​នេះ គឺ​តាម​រយៈ​​ម្ជុល​ចាក់​ថ្នាំ​របស់​គ្រូពេទ្យ​ដែល​ព្យាបាល​ជំងឺ​កាល​ពី​ពេល​កន្លង​ទៅ៖ «ខ្ញុំ​ឆ្ងល់​មិន​ដឹង​ហេតុ​អី​បាន​ជា​កើត​ជំងឺ​នេះ​ស្ទើរ​ពេញ​មួយ​ផ្ទះ​អ៊ីចឹង​ទេ។ ខ្ញុំ​សន្និដ្ឋាន​ថា ជំងឺ​នាំ​វា​ឆ្លង​មក​ពី​​ការ​ចាក់​ថ្នាំ​ហ្នឹង​ឯង​ ប៉ុន្តែ​មិន​ដឹង​ថា​ឆ្លង​ពី​ការ​ចាក់​ថ្នាំ​របស់​គ្រូពេទ្យ​ណា​នោះ​ទេ។ ខ្ញុំ​អំពាវនាវ​ឲ្យ​ក្រសួង​សុខាភិបាល ស្រាវជ្រាវ​រក​ការ​ពិត​មើល​ថា​តើ​ការ​ឆ្លង​ជំងឺ​ដ៏​ច្រើន​បែប​នេះ​មក​ពី​អ្វី?»

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៃ​ក្រសួង​សុខាភិបាល លោក តែង គន្ធី បញ្ជាក់​ថា​ ការ​​សង្ស័យ​តាម​រយៈ​ការ​សាក​សួ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​តេស្តឈាម​ឃើញ​ថា មាន​មេរោគ​អេដស៍​នោះ បង្ហាញ​ថា ភាគ​ច្រើន​ពួកគាត់​ធ្លាប់​មាន​ប្រវត្តិ​​ចាក់​ថ្នាំ​ជា​មួយ​ពេទ្យ​ភូមិ​ចំនួន ២​នាក់ ប៉ុន្តែ​ក្នុង​នោះ​​មាន​គ្រូពេទ្យ​ម្នាក់​ដែល​ប្រជាពលរដ្ឋ​សង្ស័យ​ជាង​គេ។

ផល​វិបាក​នៃ​ការ​​ឆ្លង​មេរោគ​អេដស៍ ធ្វើ​ឱ្យ​ពលរដ្ឋ​ទាំង​អ្នក​ឆ្លង​​មេរោគ​អេដស៍ និង​អ្នក​ដែល​ពុំ​មាន​មេរោគ​នៅ​ភូមិ​រកា ខេត្ត​បាត់ដំបង បារម្ភ​កូន​ចៅ​ពិបាក​រក​គូស្រករ​នៅ​ពេល​អនាគត ហើយ​ខ្មាសអៀន​ក្នុង​ការ​បង្ហាញខ្លួន​នៅ​ទី​សាធារណៈ។ អ្នក​ភូមិ​បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ​​គ្រួសារ​មួយ​ចំនួន​ដែល​ឆ្លង​មេរោគ​អេដស៍ ត្រូវ​គេ​រិះ​គន់​បណ្ដើរៗ​ហើយ ហើយ​ធ្វើ​ឲ្យ​សិស្ស​មួយ​ចំនួន​មិន​ចង់​ទៅ​សាលារៀន​នោះ​ទេ៖ «ខ្ញុំ​ព្រួយបារម្ភ​ខ្លាំង​ទៅ​លើ​កូន​ ព្រោះ​ទៅ​ថ្ងៃ​អនាគត​ខ្លាច​មិន​មាន​គូស្រករ​នឹង​គេ។ អនាគត​គ្នា​ទៅ​មុខ​ទៀត​មិន​ដឹង​យ៉ាង​ណា បើ​ជំងឺ​នេះ​ព្យាបាល​មិន​ជា​អ៊ីចឹង។ ខ្ញុំ​បារម្ភ​ខ្លាច​កូន​ពេញ​ក្រមុំ​ទៅ​គ្មាន​អ្នក​មក​ស្ដី​ដណ្ដឹង​ជា​គូរ​អនាគត​ ពី​ព្រោះ​អ្នក​កើត​ជំងឺ​អេដស៍​ហ្នឹង​ពេល​ភូមិ​ទៅ​ហើយ។ យើង​មនុស្ស​កើត​ទៅ​វា​មិន​ជា​សំខាន់​ទេ តែ​ក្មេង​ដល់​ពេល​កើត​អ៊ីចឹង​ទៅ​មិន​ជា​យ៉ាង​នោះ​ទេ»

អ្នក​តំណាងរាស្ត្រ​នៃ​គណៈកម្មការ​ទី​៨ រដ្ឋ​សភា ប្រជាពលរដ្ឋ​ និង​មន្ត្រី​សង្គម​ស៊ីវិល ចុះ​អប់រំ​ផ្លូវ​ចិត្ត​ដល់​អ្នក​ឆ្លង​មេរោគ​អេដស៍​នៅ​ភូមិ​រកា​នោះ។

ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍ កុំ​ពួកគាត់​គិត​រវើរវាយ​ចំពោះ​អ្វី​ដែល​គាត់​ជួប​ប្រទះ​នោះ អ្នក​តំណាង​រាស្ត្រ​នៃ​សមាជិក​​​គណៈ​ការ​ទី​៨ រដ្ឋ​សភា និង​អ្នក​តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង ដឹក​នាំ​ក្រុម​គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​អេដស៍ និង​ចិត្តសាស្ត្រ ចុះ​អប់រំ​ផ្លូវ​ចិត្ត​ដល់​អ្នក​ភូមិ​រកា​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ។

ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋ​សភា​ ទទួល​បន្ទុក​សុខាភិបាល​ សង្គមកិច្ច​ អតីត​យុទ្ធជន យុវនីតិ​សម្បទា​​ ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​កិច្ចការ​នារី អ្នកស្រី កែ សុវណ្ណរតន៍ មាន​ប្រសាសន៍​បញ្ជាក់​ពី​គោលបំណង​ដើម្បី​កុំ​ឲ្យ​ពួកគាត់​ព្រួយបារម្ភ​​ពី​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ និង​កុំ​ឲ្យ​អ្នក​ដទៃ​រើសអើង​អ្នក​កើត​ជំងឺ​អេដស៍​ជា​ដើម៖ «អ៊ីចឹង​ទេ​វិធាន​ការ​ដំបូង​យើង​ធ្វើ​ការ​លើក​ទឹក​ចិត្ត​ទៅ​លើ​ផ្នែក​ស្មារតី​ចិត្តសាស្ត្រ​ពន្យល់​ណែនាំ​ដល់​ពួកគាត់។ ពីព្រោះ​ពួកគាត់​បាក់​ទឹក​ក្នុង​ការ​ប្រកប​អាជីវកម្ម​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ដូចនោះ​បាន​ជា​យើង​​នាំ​យក​របស់​របរ​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​ពួកគាត់​នោះ»

អ្នកស្រី កែ សុវណ្ណរតន៍ បញ្ជាក់​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា មាន​ចំនួន ៣​ភូមិ រួម​មាន ភូមិ​រកា ភូមិ​កំពេញស្ងែ និង​ភូមិ​តាហែន ស្រុក​សង្កែ ខេត្ត​បាត់ដំបង ហើយ​នៅ​ក្នុង​នោះ​ភូមិ​រកា កើត​ច្រើន​ជាង​គេ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២​ពាន់​នាក់។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក ​វឿង ប៊ុនរ៉េត ថ្លែង​ថា គ្រូ​ពេទ្យ យ៉ែម ជ្រិន ដែល​អ្នក​ភូមិ​សង្ស័យ​ជា​អ្នក​ចម្លង​មេរោគ​នោះ ធ្លាប់​ធ្វើ​ជា​ពេទ្យ​មក​ពី​ជំរំ​ភៀសខ្លួន​ព្រំ​ដែន​ថៃ ហើយ​ពុំ​មាន​សញ្ញាប័ត្រ​ពេទ្យ​ត្រឹម​ត្រូវ​នោះ​ទេ។

អភិបាល​ខេត្ត​បាត់ដំបង​ លោក ចាន់ សុផល មាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ ធ្នូ​ថា គ្រូពេទ្យ​ឈ្មោះ យ៉ែម ជ្រិន បាន​សារភាព​ថា ការ​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​រកា​កន្លង​មក គឺ​ពុំ​បាន​ផ្លាស់​ប្ដូរ​សឺរ៉ាំង​ចាក់​ថ្នាំ​ញឹក​ញាប់​ទេ៖ «តាម​ការ​សាក​សួ​ហ្នឹង​មាន​កន្លង​ខ្លះ​ ម្ជុល​មាន​ការ​ប្ដូរ​ដែរ​ ក៏ប៉ុន្តែ​គាត់​ប្រើ​ស៊ីរាំង​ដែល​គ្មាន​អនាម័យ គឺ​មិន​បាន​ស្ងោ​ស៊ីរាំង​ឲ្យ​ងាប់​មេរោគ​ជា​មុន ហើយ​បញ្ហា​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​វិភាគ​ទៅ​ថ្នាំ​ពេទ្យ​ដែល​ប្រមូល​បាន​បន្ត​នៅ​ឡើយ»

នៅ​រសៀល​ថ្ងៃ​ដដែល ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង សម្រេច​ចោទ​ប្រកាន់​គ្រូពេទ្យ​​​យ៉ែម ជ្រិន ចំនួន ៣​ករណី។ ក្នុង​នោះ​ទី​១ ចោទ​ពី​បទ​ប្រព្រឹត្ត​ដោយ​ចេតនា​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឆ្លង​មេរោគ​អេដស៍ ទី​២ អំពើ​ឃោរឃៅ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម និង​ទី​៣ បើក​កន្លែង​ពិនិត្យ​សុខភាព​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។

កាល​ពី​​រសៀល​ថ្ងៃ​ទី​២០ ធ្នូ ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា​អ្នកស្រី កែ សុវណ្ណរតន៍ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​កញ្ចប់​ថវិកា​ផ្គត់ផ្គង់​ទៅ​ដល់​ពលរដ្ឋ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព​រកា​នោះ ដើម្បី​យក​ទៅ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់៖ «ត្រូវ​តែ​គិត​គួរ​ចំពោះ​រឿង​នេះ​ ពីព្រោះ​ប្រជាពលរដ្ឋ​ដែល​ឆ្លង​មេរោគ​អេដស៍​នេះ​មាន​ចំនួន​ច្រើន​ណាស់​ ហើយ​មាន​គ្រួសារ​ខ្លះ​កើត​ដល់​ទី ៣​នាក់​អី​អ៊ីចឹង​ ហើយ​មាន​ទាំង​ក្មេង​ទាំង​មនុស្ស​ចាស់។ ដូច្នេះ​ពួកគាត់​ច្បាស់​ជា​ជួប​នៅ​ការ​លំបាក​ជា​មិន​ខាន»

ទាក់​ទង​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក ម៉ម ប៊ុនហេង មាន​ប្រសាសន៍​ថា លោក​នឹង​បញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ​បន្ថែម​ទៀត​ចុះ​មក​ស្រាវជ្រាវ និង​តាមដាន​មេរោគ​នេះ៖ «សូម​ជម្រាប​ជូន​​ថា យើង​មាន​ក្រុម​ពេទ្យ​របស់​យើង​ហ្នឹង​ចុះ​ធ្វើ​ការ​ការងារ​នេះ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​បន្ថែម​ទៀត​ ដូច​នេះ​សុំ​ឲ្យ​បងប្អូន​ដែល​បាន​មក​ពិនិត្យ​ជំងឺ​ជួយ​សហការ​ឲ្យ​បាន​ល្អ​ជា​មួយ​នឹង​គ្រូ​របស់​យើង»

ការ​ឆ្លង​រាលដាល​មេរោគ​អេដស៍ រាប់​រយ​នាក់​នាក់​នេះ ជា​ព្រឹត្តិការណ៍​លេច​ធ្លោ​ធំ​ជាង​គេ​មួយ​សម្រាប់​ប្រទេស​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៤។ រហូត​មក​ដល់​ពេលនេះ​ប្រជាពលរដ្ឋ​នៅ​តែ​​សម្រុក​ទៅ​ធ្វើតេស្ត​ឈាម​ជា​បន្តបន្ទាប់​នៅ​ឡើយ។

ដោយ​ឡែក ទាក់ទង​នឹង​ជំងឺ​ផ្ដាសាយ​បក្សី​វិញ ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី H5N1 ករណី​ថ្មី​ចំនួន ៩​ករណី ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ ដល់​ខែ​ធ្នូ ឆ្នាំ​២០១៤។ ចំនួន ៩​ករណី​នេះ​បាន​បង្កើន​តួលេខ​ករណី​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​សរុប​នៅ​ប្រទេស​កម្ពុជា ដល់ ៥៦​ករណី បន្ទាប់​ពី​បាន​រក​ឃើញ​ករណី​ដំបូង​នៅ​ឆ្នាំ​២០០៥។ ក្នុង​ចំណោម ៥៦​ករណី មាន ៣៧​ករណី​ស្លាប់ និង ១៩​ករណី​នៅ​រស់។ ភាគ​ច្រើន​នៃ​ករណី​ឆ្លង​មេរោគ​ផ្ដាសាយ​បក្សី H5N1 គឺ​ច្រើន​លើ​កុមារ​ដែល​មាន​អាយុ​ក្រោម ១៤​ឆ្នាំ។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ណែនាំ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ និង​ជំងឺ​ផ្ដាសាយ​បក្សី H5N1 ពី​ព្រោះ​វា​ច្រើន​ផ្ទុះ​ឡើង​ក្នុង​រដូវ​រំហើយ៖ «បញ្ហា​សុខភាព​របស់​ប្រជា​ពលរដ្ឋ​យើង​នៅ​តែ​ប្រឈម ហើយ​ដូច​អស់​លោក-លោកស្រី​ជ្រាប​ហើយ​ថា រដូវ​រងា​មក​ដល់​ហើយ ហើយ​ធម្មតា​ជំងឺ​នេះ តែងតែ​មាន​ផ្ទុះ​ឡើង​រៀង​រាល់​ខែ​រងា​ហ្នឹង។ ជា​ពិសេស គឺ​ខែ​ធ្នូ រហូត​ដល់​ខែ​មេសា ពី​ព្រោះ​វា​ជា​រយៈ​ពេល​ដែល​រងា​ផង ស្ងួត​ផង ហើយ​ប្រជា​ពលរដ្ឋ​យើង​មាន​ពិធី​បុណ្យ​ច្រើន ហើយ​ធ្វើ​ឱ្យ​មាន​ការ​ចល័ត​មាន់​ទា​ក៏​ច្រើន​ដែរ។ ដូច្នេះ យើង​អាច​ប្រឈម​បញ្ហា​សុខភាព​ទាក់ទង​ជំងឺ​ផ្ដាសាយ​បក្សី»។

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ការ​ប្រុងប្រយ័ត្ន​នេះ ក៏​ព្រោះ​តែ​ក្រសួង​កសិកម្ម​មិន​ទាន់​ចេញ​ប្រកាស​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​រួច​ផុត​ពី​ជំងឺ​ផ្ដាសាយ​បក្សី H5N1 នៅ​ឡើយ។

រី​ឯ​ជំងឺ​អ៊ីបូឡា (Ebola) ដែល​ជា​ការ​ភ័យ​ព្រួយ​ទូទាំង​ពិភព​លោក​នោះ ប្រទេស​កម្ពុជា បាន​ឆ្លង​ផុត​ដោយ​មិន​ទាន់​មាន​ករណី​សង្ស័យ​ណា​មួយ​នៅ​ឡើយ​ទេ នៅ​ក្នុង​ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។