"អ្នក​ចាក់​វ៉ាក់សាំង​កូវីដ​២​ដូស ហើយ​ឆ្លង​ជំងឺ​នេះ​រួច គ្មាន​ភាព​ចាំបាច់​ចាក់​ដូស​ទី​៣ ជំរុញ​ភ្លាមៗ​ទេ"

0:00 / 0:00

មន្ត្រី​សុខាភិបាល និង​​គ្រូពេទ្យ​អះអាង​​ថា សម្រាប់​​អ្នក​​ដែល​​បាន​​ចាក់​​វ៉ាក់សាំង​​បង្ការ​​ជំងឺ​កូវីដ-១៩ ​ទាំង​២​ដូស​​រួច និង​​ថែម​ទាំង​​បាន​​ឆ្លង​​ជំងឺ​កូវីដ-១៩ ក្រោយ​ចាក់​​វ៉ាក់សាំង​​នោះ គឺ​មិន​ចាំបាច់​​ចាក់​​វ៉ាក់សាំង​​ដូស​ទី៣ ឬ​ដូស​ជំរុញ​ភ្លាមៗ ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ទៀត​នោះ​ទេ។ ការ​បញ្ជាក់​​ដូច្នេះ ព្រោះ​អ្នក​​វេជ្ជសាស្ត្រ​យល់​ថា អ្នក​​ដែល​​បាន​​ជា​​ពី​ជំងឺ​​នេះ គឺ​មាន​​ប្រព័ន្ធ​ភាព​​សាំ​រួច​​ទៅ​​ហើយ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​​ជា​​ប្រធានគណៈកម្មការ​ចំពោះ​​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ អ្នកស្រី ឱ វណ្ណឌីន អះអាង​ថា តាម​ការ​​សង្កេត​​របស់​​ក្រុម​​គ្រូពេទ្យ​ជំនាញ បាន​ធ្វើតេស្ត​សាកល្បង​លើ​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩រួច ហើយ​បាន​ជា​សះស្បើយ​ឡើង​វិញបាន​បង្ហាញ​ថា ប្រព័ន្ធ​ការពារ​ជំងឺ​កូវីដ-១៩ ក្នុង​រាងកាយ​​អ្នក​​ទាំង​​នោះ លើស​ពី​កម្រិត​ដែល​កំណត់​ទៅ​ទៀត។

អ្នកស្រី​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ខេត្ត​រតនគីរី កាល​ពី​ថ្ងៃទី៧ ខែសីហាថា សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ស៊ីណូវ៉ាក់ និង​ស៊ីណូហ្វាម បាន​ចំនួន ២​ដូស​រួច ហើយ​បាន​ឆ្លង​ជំងឺ​កូវីដ-១៩​នោះ គឺ​មិន​មាន​ភាព​ចាំបាច់​ណាមួយ ត្រូវ​មក​ចាក់​វ៉ាក់សាំង​អាស្រ្តាហ្សេណេកា (Astra Zeneca) ដូសទី៣ ឬ​ដូស​​ជំរុញ​ភ្លាមៗនោះ​ទេ ព្រោះ​អ្នក​ដែល​បាន​ជា​ពី​ជំងឺ គឺ​មាន​ប្រព័ន្ធ​ភាព​សាំ​រួចហើយ៖ « ទោះ​បី​ជា​មាន​ការ​រាតត្បាត​ខ្លាំង​បែប​ណា​ក៏​ដោយ​ក៏​យើង​អត់​ទាន់​ឃើញ​ថា មាន​អ្នក​ដដែលៗ​ដែល​គាត់​ឈឺ​ហើយ​ត្រឡប់​មក​វិញ​ដដែលៗ​ហ្នឹង​អត់​ទាន់​ឃើញមានទេ។ អីចឹង​នេះ​បង្ហាញ​ថា គាត់​មាន​ភាព​សាំ​ក្នុង​ខ្លួន​គាត់​ហើយ អត់​មាន​ភាព​ចាំបាច់​អី​ត្រូវ​ចាក់​វ៉ាក់សាំង​ទេ បើ​យើង​មាន​ទៅ​ហើយ​យើង​ទៅ​ចាក់​ធ្វើ​អី ? បើ​តាម​បច្ចេកទេស​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​អ្នក​ទាំង​នោះ​អត់​មាន​ភាព​ចាំបាច់​អី​ត្រូវ​ចាក់​ទេ ប៉ុន្តែ​ក្រោយ​ហ្នឹង​ចន្លោះ​ពី​៦ ខែ ទៅ​៨​ខែ គឺ​គាត់​អាច​ទទួល​ការ​ចាក់​វ៉ាក់សាំង​បាន ប៉ុន្តែ​ភ្លាមៗ​អត់​មាន​ភាព​ចាំបាច់​ទេ។ កន្លែង​នេះ​សូម​ឲ្យ​បងប្អូន​មាន​ភាព​ច្បាស់លាស់​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា ឥឡូវ​នេះ​ជា​ហើយ​តែ​ខ្ញុំ​អត់​បាន​ចាក់​វ៉ាក់សាំង ពីព្រោះ​ទើ​ប​ចាក់​ពេល​ជា​ភ្លាម​អ៊ីចឹង​ក៏​អត់​ប្រយោជន៍​ដែរ ទុក​វ៉ាក់សាំង​ហ្នឹង​ចាក់​ជូន​បងប្អូន​យើង​ដែល​គាត់​មិន​ទាន់​មាន​ភាព​សាំ​ជា​ការ​ល្អ »

ទាក់ទង​រឿង​នេះ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជាលោក អ៊ូច វុឌ្ឍី យល់ស្រប​ការ​លើក​ឡើង​នេះ។ លោក​ពន្យល់​បន្ថែម​អំពី​ការ​ចាក់​វ៉ាក់សាំង​ដូសទី៣ ឬ​ដូស​​ជំរុញ​នេះ​ដូច្នេះ៖ « ព្រោះ​ការ​ចាក់​វ៉ាក់សាំង​គេ​ចែក​ចេញ​ជា​បី​សណ្ឋាន​បើ​សិន​ជា​យក​គាត់​ទៅ​ចាក់​លើក​ទី​៣។ ដូស​ទី​៣​ហ្នឹង​គេត្រូវ​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង ​ទី​១វា​ត្រូវ​រង់ចាំ​ពី​៣​ខែ ទៅ​៦​ខែ ​ឬ​ក៏​អាច​ទៅ​មួយ​ឆ្នាំ​ នោះ​បើ​តាម​ក្បួន​វា ដើម្បី​ចង់​ដឹង​ថា​ គាត់​មាន​ប្រព័ន្ធ​ភាព​សាំ​ឬ​អត់ ? បើ​អត់​ទាន់​មាន​មាន​ន័យ​ថា ​គាត់​ត្រូវ​ចាក់​ដូស​ទី​៣​បាន​ហើយ។ យើង​ចង់​មើល​អង់ទីគ័រ ឬ​អង់ទីហ្សែន​មួយ​ណា តើ​មួយ​ណា​វិជ្ជមាន បើ​អង់ទីហ្សែន វិជ្ជមាន​មាន​ន័យ​ថា​ គាត់​កំពុង​តែ​ឈឺ​ហើយ ២​ដូស​ហ្នឹង​អត់​បាន​ការ​ស្មើ​នឹង​សូន្យ​អ៊ីចឹង​អត់​ចាក់​បាន​ទេ​ដូស​ទី៣ ហ្នឹង ចាំ​ព្យាបាល​ឲ្យ​គាត់​ជា។ ជា​ហើយ​គាត់​អាច​មាន​ប្រព័ន្ធ​ការពារ ចឹង​អត់​អាច​ចាក់​ទេ»។

ទាក់ទង​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​នេះ អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ កើន​ឡើង​ដល់​ជាង ១ពាន់ ៥រយ នាក់​ហើយ បន្ទាប់​ពី​អ្នក​ជំងឺ១១នាក់​ទៀត​បាន​ស្លាប់។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន​ជាង ៥រយ​នាក់ (៥២២) នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ជាង ១រយ​នាក់ (១៣៥) ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​​​ថ្ងៃ​ទី៧ ខែសីហា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ៨ម៉ឺននាក់ (៨១.៣៣៥) ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន​ជាង ៧ម៉ឺននាក់ (៧៤.៧៤៥)។

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី៦ ខែសីហា រដ្ឋាភិបាល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ជូន​ពលរដ្ឋ​បាន ៧៧% ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​​វ៉ាក់សាំង​ចំនួន ១០​លាន​នាក់។ ចំណែក​កុមារ និង​យុវជន​អាយុ​ចន្លោះ​ពី ១២ឆ្នាំ​ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​បញ្ជាក់​ថា មន្ត្រី​សុខាភិបាល​ចាក់​វ៉ាក់សាំង​បាន​ជាង ២សែន​នាក់​ហើយ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប​ជិត ២លាន​នាក់។

ជាមួយ​គ្នា​នេះ ក្រសួង​ប្រកាស​ថា ការ​ចាក់​វ៉ាក់សាំង អាស្រ្តា ហ្សេណេកា (Astra Zeneca) ដែល​ជា​ដូស​ទី​៣ សម្រាប់​ក្រុម​គ្រូពេទ្យ មន្ត្រី​រាជការ​ក្នុង​ខេត្ត​ទាំង​៧ ជាប់​ព្រំដែន​ថៃ និង​គ្រួសារ​កងកម្លាំង​ប្រដាប់​អាវុធ នឹង​ត្រូវ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៨ ខែសីហា ត​ទៅ។ ចំណែក​អ្នក​ដែល​សេសសល់​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​នៅ​រាជធានីភ្នំពេញ ក្រសួង​ណែនាំ​ឱ្យ​ទៅ​ចាក់​វ៉ាក់សាំង ចាប់​ពី​ថ្ងៃ​ទី៩ ខែសីហា ដល់​ថ្ងៃ​ទី៨ ខែកញ្ញា នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង និង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ឬ​ហៅ​ថា​មន្ទីរពេទ្យ​ជប៉ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។