ពលរដ្ឋ​រិះគន់​វិធាន​ការ​រដ្ឋាភិបាល​​ក្នុង​​ការ​គ្រប់គ្រង​ករណី​ផ្ទុះ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហគមន៍​ជា​លើក​ទី៣

ដោយ សេក បណ្ឌិត
2021-02-26
Share
ពលរដ្ឋ​រិះគន់​វិធាន​ការ​រដ្ឋាភិបាល​​ក្នុង​​ការ​គ្រប់គ្រង​ករណី​ផ្ទុះ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហគមន៍​ជា​លើក​ទី៣ ក្រុមគ្រូពេទ្យ​កំពុង​យក​សំណាក​ពិសោធន៍​ពី​អ្នក​សង្ស័យ​ឆ្លង​ជំងឺ​កូវីដ១៩ និង​ពិនិត្យ​រក​មេរោគ​កូរ៉ូណា។
រូប៖ ហ្វេសប៊ុក​ CDCMOH 02/21/21

ពលរដ្ឋ​មួយ​ចំនួន​​រិះគន់​វិធាន​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល ដែល​​បណ្ដាល​​ឲ្យ​​មាន​​ការ​​រីក​​រាល​ដាល​​ជំងឺ​​កូវីដ១៩ ឆ្លង​ចូល​សហគមន៍​ជា​លើក​ទី៣។

អ្នក​ខ្លះ​សង្ស័យ​ថា ករណី​ផ្ទុះ​ឡើង​នេះ អាច​ជា​រឿង​នយោបាយ។ អ្នកឃ្លាំមើល​សង្គម​យល់ថា រដ្ឋាភិបាល​គួរ​ពង្រឹង​វិធានការ​គ្រប់​គ្រង​ជំងឺកូវីដ១៩ ឲ្យ​បាន​ប្រសើរ​ជាង​នេះ។

ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ដូចៗ គ្នា​អំពី​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ជុំវិញ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍​ជា​ថ្មី​នេះ។

ពួកគេ​អះអាង​ថា បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ប៉ះ​ពាល់ និង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ។

ពលរដ្ឋ​រស់​នៅ​រាជ​ធានី​ភ្នំពេញ​មួយ​រូប​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា រដ្ឋាភិបាល​ហាក់​នៅ​មាន​កម្សោយ​ក្នុង​ការ​គ្រប់គ្រង​មណ្ឌល​ចត្តាឡីស័ក និង​មាន​អំពើ​ពុក​រលួយ​ច្រើន​ក្នុង​ការ​គ្រប់​គ្រង​នេះ។ លោក​ដាក់​ការ​សង្ស័យ​ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធាន​ការ​ជាច្រើន ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ ទាំង​នៅ​ច្រក​ព្រំ​ដែន ច្រក​ជើង​ហោះ​ហើរ រួម​ទាំង​តាម​មណ្ឌល​ចត្តាឡីស័ក ហើយ​ហេតុ​អ្វី​បានជា​មាន​ការ​ផ្ទុះ​ជំងឺ​នេះ នៅ​ក្នុង​សហគមន៍​បាន​ដោយ​ងាយ​បែប​នេះ?«

ពលរដ្ឋ​ម្នាក់​ទៀត ដែល​ជា​អ្នក​រត់​ផាស់អាប់ (PassApp) មួយ​រូប​ទៀត នៅ​រាជ​ធានី​ភ្នំពេញ ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដូច​គ្នា​ថា ការ​ផ្ទុះ​ឡើង​ជា​លើក​ទី៣ នៃ​ជំងឺ​កូវីដ១៩ នេះ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​លោក​ជា​ខ្លាំង និង​ជំពាក់​បំណុល​ធនាគារ​ជា​ដើម។ លោក​​ទទូច​ឲ្យ​រដ្ឋាភិបាល​គួរ​មាន​វិធាន​ការ​មួយ​ ដើម្បី​ជួយ​ស្ដារ​សេដ្ឋ​កិច្ច​ពលរដ្ឋ​កម្ពុជា​ ដែល​កំពុង​រងគ្រោះ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ ​ដែល​អូស​បន្លាយ​នេះ៖ «

រីឯ​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ លោក ម៉ាត់ វណ្នី យល់​ថា ការ​ផ្ទុះ​នៃ​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍​ជា​ថ្មី​នេះ អាច​ជា​ការ​រៀបចំ​ទុក​ជា​មុន​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​បំភ័យ​ប្រជា​ពលរដ្ឋ​​ឲ្យ​ខ្លាច និង​បង្ខំចិត្ត​ចាក់​វ៉ាក់សាំង​ចិន​ដែល​គ្មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវ​នេះ។ លោក​បន្ត​ថា រដ្ឋាភិបាល​ហាក់​ធូរ​រលុង​ក្នុង​ការ​អនុវត្ត​វិធាន​ការ​សុខាភិបាល និង​ច្បាប់​មួយ​ចំនួន​​ឲ្យ​បាន​តឹង​រឹង និង​អំពើ​ពុក​រលួយ​ជាដើម ដែល​បង្ក​ហានិភ័យ​ដល់​ប្រជា​ពលរដ្ឋ៖ «

ដោយ​ឡែក យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី លោក សេង ម៉េងប៊ុនរ៉ុង សង្ស័យ​ថា ការ​រីក​រាល​ដាល​​នៅ​ក្នុង​សហគមន៍​នេះ​អាច​ជា​យុទ្ធ​សាស្ត្រ ឬ​ឆាក​ល្ខោន ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​យល់ព្រម​ចាក់​វ៉ាក់សាំង​ចិន និង​ជឿ​ជាក់​ថា រដ្ឋាភិបាល​ពិត​ជា​គិតគូរ​ដល់​ពលរដ្ឋ​ពិត​មែន៖ «

អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី​ យក់ សម្បត្តិ ដើម្បី​សួរ​នាំ​បន្ថែម​អំពី​បញ្ហា​នេះ នៅ​ថ្ងៃ​ទី២៤ កុម្ភៈ ដោយ​អ្នកស្រី​បញ្ជាក់​ថា កំពុង​រវល់​ប្រជុំ។ ចំណែក អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ​ ស៊ីផាន ក៏​មិន​លើក​ទូរស័ព្ទ​ដែរ។

ការ​រិះគន់​នេះ គឺ​ក្រោយ​ពេល​ដែល​ជំងឺ​កូវីដ១៩ បាន​ចម្លង​ចូល​សហគមន៍​ជា​លើក​ទី៣ កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ដែល​រដ្ឋាភិបាល​ហៅ​ថា ព្រឹត្តិ​ការណ៍ ២០ កុម្ភៈ។ ជំងឺ​នេះ បាន​រីក​រាល​ដាល​កាន់តែ​ធំ និង​កាន់​តែ​ស្មុគ​ស្មាញ។

ការ​ផ្ទុះ​ឡើង​វិញ​នៃ​ការ​ឆ្លង​ជា​លក្ខណៈ​សហគមន៍​នេះ កើត​ឡើង​ជួន​ពេល​រដ្ឋាភិបាល​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​របស់​ក្រុមហ៊ុន​ស៊ីណូហ្វាម (Sinopharm) ដល់​ទាហាន មន្ត្រី​រាជការ ក្រុម​គ្រូពេទ្យ និង​អ្នក​សារ​ព័ត៌មាន​ជា​ដើម​។ វ៉ាក់សាំង​ចិន​នេះ មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយ​ទេ ហើយ​ពលរដ្ឋ​មួយ​ចំនួន ក៏​នៅ​រារែក​មិន​ទាន់​ហ៊ាន​ទៅ​ចាក់​វ៉ាក់សាំង​នេះ​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ទទួល​ចាក់​វ៉ាក់សាំង​នេះ នៅ​មាន​ចំនួន​តិច​នៅ​ឡើយ បើ​ធៀប​នឹង​ចំនួន​វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​ចិន បាន​ផ្តល់​ជូន​ចំនួន ៦សែនដូស កាល​ពី​ដើម​ខែ​កុម្ភៈ។ គិត​ត្រឹម​ល្ងាច​ថ្ងៃទី២៤ កុម្ភៈ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន ស៊ី​ណូហ្វាម មាន​ប្រមាណ​ជាង ១ម៉ឺន​នាក់​ប៉ុណ្ណោះ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក​យល់​ថា រដ្ឋាភិបាល​នៅ​ពុំ​ទាន់​មាន​គោល​ការ​គ្រប់គ្រង​មួយ​ឲ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩​បាន​នៅឡើយ។ លោក ទទូច​ឲ្យ​រដ្ឋាភិបាល​គួរ​ពិចារណា​​រក​យន្ត​ការណ៍ ឬ​គោល​នយោបាយ​មួយ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ ដោយ​សារ​វិបត្តិ​នេះ ជា​ពិសេស ពលរដ្ឋ​ក្រី​ក្រ​ដែល​ជំពាក់​បំណុល​ធនាគារ៖ «

ក្រោយ​ព្រឹត្តិ​ការណ៍២០ កុម្ភៈ ដែល​កំពុង​រីក​រាល​ដាល​ធ្ងន់ធ្ងរ​នេះ ​រដ្ឋាភិបាល បាន​សម្រេច​បិទ​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ជា​បណ្ដោះអាសន្ន រួម​មាន រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​ព្រះសីហនុ ព្រម​ទាំង​​ទីតាំង​​ជាច្រើន​កន្លែង​ទៀត ដូចជា ក្លឹប​កម្សាន្ត ហាង​ម៉ាស្សា ខារ៉ាអូខេ សណ្ឋាគារ និង​អគារ​ស្នាក់​នៅ​មួយ​ចំនួន។

ពលរដ្ឋ​ ត្អូញត្អែរ ស្រដៀង​គ្នា​ថា ​ការ​អូស​បន្លាយ​នៃ​ជំងឺ​នេះ នឹង​ធ្វើ​ពលរដ្ឋ​ជួប​ការ​លំបាក បាត់​បង់​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ បង្កើន​បំណុល​វ័ណ្ឌ​ក​នៅ​តាម​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល