ពលរដ្ឋមួយចំនួនរិះគន់វិធានការគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលបណ្ដាលឲ្យមានការរីករាលដាលជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ជាលើកទី៣។
អ្នកខ្លះសង្ស័យថា ករណីផ្ទុះឡើងនេះ អាចជារឿងនយោបាយ។ អ្នកឃ្លាំមើលសង្គមយល់ថា រដ្ឋាភិបាលគួរពង្រឹងវិធានការគ្រប់គ្រងជំងឺកូវីដ១៩ ឲ្យបានប្រសើរជាងនេះ។
ពលរដ្ឋមួយចំនួនលើកឡើងដូចៗ គ្នាអំពីភាពខ្វះចន្លោះក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលជុំវិញការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ជាថ្មីនេះ។
ពួកគេអះអាងថា បញ្ហានេះ នឹងធ្វើឲ្យពលរដ្ឋកម្ពុជាប៉ះពាល់ និងជួបវិបត្តិធ្ងន់ធ្ងរ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញមួយរូបថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលហាក់នៅមានកម្សោយក្នុងការគ្រប់គ្រងមណ្ឌលចត្តាឡីស័ក និងមានអំពើពុករលួយច្រើនក្នុងការគ្រប់គ្រងនេះ។ លោកដាក់ការសង្ស័យថា រដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើន ដើម្បីទប់ស្កាត់ជំងឺនេះ ទាំងនៅច្រកព្រំដែន ច្រកជើងហោះហើរ រួមទាំងតាមមណ្ឌលចត្តាឡីស័ក ហើយហេតុអ្វីបានជាមានការផ្ទុះជំងឺនេះ នៅក្នុងសហគមន៍បានដោយងាយបែបនេះ?៖ «
ពលរដ្ឋម្នាក់ទៀត ដែលជាអ្នករត់ផាស់អាប់ (PassApp) មួយរូបទៀត នៅរាជធានីភ្នំពេញ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះដូចគ្នាថា ការផ្ទុះឡើងជាលើកទី៣ នៃជំងឺកូវីដ១៩ នេះ បណ្ដាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់លោកជាខ្លាំង និងជំពាក់បំណុលធនាគារជាដើម។ លោកទទូចឲ្យរដ្ឋាភិបាលគួរមានវិធានការមួយ ដើម្បីជួយស្ដារសេដ្ឋកិច្ចពលរដ្ឋកម្ពុជា ដែលកំពុងរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ ដែលអូសបន្លាយនេះ៖ «
រីឯពលករធ្វើការនៅប្រទេសកូរ៉េ លោក ម៉ាត់ វណ្នី យល់ថា ការផ្ទុះនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ជាថ្មីនេះ អាចជាការរៀបចំទុកជាមុនរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីបំភ័យប្រជាពលរដ្ឋឲ្យខ្លាច និងបង្ខំចិត្តចាក់វ៉ាក់សាំងចិនដែលគ្មានការទទួលស្គាល់ត្រឹមត្រូវនេះ។ លោកបន្តថា រដ្ឋាភិបាលហាក់ធូររលុងក្នុងការអនុវត្តវិធានការសុខាភិបាល និងច្បាប់មួយចំនួនឲ្យបានតឹងរឹង និងអំពើពុករលួយជាដើម ដែលបង្កហានិភ័យដល់ប្រជាពលរដ្ឋ៖ «
ដោយឡែក យុវជនគណបក្សសង្គ្រោះជាតិកំពុងភៀសខ្លួននៅប្រទេសម៉ាឡេស៊ី លោក សេង ម៉េងប៊ុនរ៉ុង សង្ស័យថា ការរីករាលដាលនៅក្នុងសហគមន៍នេះអាចជាយុទ្ធសាស្ត្រ ឬឆាកល្ខោន ដើម្បីឲ្យប្រជាពលរដ្ឋយល់ព្រមចាក់វ៉ាក់សាំងចិន និងជឿជាក់ថា រដ្ឋាភិបាលពិតជាគិតគូរដល់ពលរដ្ឋពិតមែន៖ «
អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីរដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ ដើម្បីសួរនាំបន្ថែមអំពីបញ្ហានេះ នៅថ្ងៃទី២៤ កុម្ភៈ ដោយអ្នកស្រីបញ្ជាក់ថា កំពុងរវល់ប្រជុំ។ ចំណែក អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក៏មិនលើកទូរស័ព្ទដែរ។
ការរិះគន់នេះ គឺក្រោយពេលដែលជំងឺកូវីដ១៩ បានចម្លងចូលសហគមន៍ជាលើកទី៣ កាលពីថ្ងៃទី២០ ខែកុម្ភៈ ដែលរដ្ឋាភិបាលហៅថា ព្រឹត្តិការណ៍ ២០ កុម្ភៈ។ ជំងឺនេះ បានរីករាលដាលកាន់តែធំ និងកាន់តែស្មុគស្មាញ។
ការផ្ទុះឡើងវិញនៃការឆ្លងជាលក្ខណៈសហគមន៍នេះ កើតឡើងជួនពេលរដ្ឋាភិបាលរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងចិនរបស់ក្រុមហ៊ុនស៊ីណូហ្វាម (Sinopharm) ដល់ទាហាន មន្ត្រីរាជការ ក្រុមគ្រូពេទ្យ និងអ្នកសារព័ត៌មានជាដើម។ វ៉ាក់សាំងចិននេះ មិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ ហើយពលរដ្ឋមួយចំនួន ក៏នៅរារែកមិនទាន់ហ៊ានទៅចាក់វ៉ាក់សាំងនេះនៅឡើយ។
ទោះជាយ៉ាងណាក្ដី អ្នកទទួលចាក់វ៉ាក់សាំងនេះ នៅមានចំនួនតិចនៅឡើយ បើធៀបនឹងចំនួនវ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជូនចំនួន ៦សែនដូស កាលពីដើមខែកុម្ភៈ។ គិតត្រឹមល្ងាចថ្ងៃទី២៤ កុម្ភៈ អ្នកដែលបានចាក់វ៉ាក់សាំងចិន ស៊ីណូហ្វាម មានប្រមាណជាង ១ម៉ឺននាក់ប៉ុណ្ណោះ។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លកយល់ថា រដ្ឋាភិបាលនៅពុំទាន់មានគោលការគ្រប់គ្រងមួយឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩បាននៅឡើយ។ លោក ទទូចឲ្យរដ្ឋាភិបាលគួរពិចារណារកយន្តការណ៍ ឬគោលនយោបាយមួយ ដើម្បីជួយដល់ពលរដ្ឋដែលរងគ្រោះ ដោយសារវិបត្តិនេះ ជាពិសេស ពលរដ្ឋក្រីក្រដែលជំពាក់បំណុលធនាគារ៖ «
ក្រោយព្រឹត្តិការណ៍២០ កុម្ភៈ ដែលកំពុងរីករាលដាលធ្ងន់ធ្ងរនេះ រដ្ឋាភិបាល បានសម្រេចបិទដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្ដោះអាសន្ន រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ព្រមទាំងទីតាំងជាច្រើនកន្លែងទៀត ដូចជា ក្លឹបកម្សាន្ត ហាងម៉ាស្សា ខារ៉ាអូខេ សណ្ឋាគារ និងអគារស្នាក់នៅមួយចំនួន។
ពលរដ្ឋ ត្អូញត្អែរ ស្រដៀងគ្នាថា ការអូសបន្លាយនៃជំងឺនេះ នឹងធ្វើពលរដ្ឋជួបការលំបាក បាត់បង់ប្រាក់ចំណូលចិញ្ចឹមគ្រួសារ បង្កើនបំណុលវ័ណ្ឌកនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។