អង្គការ​សិទ្ធិមនុស្ស​ចេញ​របាយការណ៍​រំលោភ​សិទ្ធិ​មនុស្ស​រយៈពេល ១០​ឆ្នាំ​ដោយ​សង្ឃឹមថា​ស្ថានភាព​សិទ្ធិមនុស្ស​នឹង​បាន​ប្រសើរ​ជាង​មុន

ដោយ សុ ជីវី
2019.12.04
អំ សំអាត 2016 ៦២២ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
RFA

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) រំពឹង​ថា ស្ថានភាព​សិទ្ធិមនុស្ស​អាច​នឹង​មាន​ប្រសើរ​ឡើង​វិញ នៅ​ពេល​មាន​សម្ពាធ​ពី​អន្តរជាតិ ពិសេស​ពី​សហភាព​អឺរ៉ុប។ ការ​រំពឹង​នេះ​កើត​មាន​ស្រប​ពេល ដែល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ចេញ​របាយការណ៍​រួម​មួយ កាលពី​ថ្ងៃទី៣ ធ្នូ ដែល​ជា​ការ​ចងក្រង​រាល់​ហេតុការណ៍​សំខាន់ៗ​ស្ដីពី​ការរំលោភ​សិទ្ធិមនុស្ស នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ គិត​មក​ដល់​ឆ្នាំ​២០១៩​នេះ។ របាយការណ៍​នេះ ជា​ផ្នែក​នៃ​ការចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​បាន​ផ្ដោត​លើ​សិទ្ធិ​សំខាន់ៗ​ចំនួន​៥ ដែល​រួមមាន សិទ្ធិ​ដីធ្លី នយោបាយ ការងារ សង្គម​ស៊ីវិល និង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។ មន្ត្រី​រដ្ឋាភិបាល​ថា របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការ​អនុវត្ត​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល ដែល​តែង​ធានា​ការ​គោរព​សិទ្ធិមនុស្ស។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ចាប់ផ្ដើម​បង្ហាញ​របាយការណ៍​រួម​ស្ដីពី​ការរំលោភ​សិទ្ធិ​មនុស្ស​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ ជា​រៀងរាល់ថ្ងៃ​នៅ​លើ​គេហទំព័រ​របស់​អង្គការ​នេះ គឺ​មួយថ្ងៃ​ចេញ​របាយការណ៍​សម្រាប់​មួយ​ឆ្នាំ បន្តបន្ទាប់​គ្នា​រហូតដល់​ដល់​ថ្ងៃ ទី​១០​ធ្នូ ២០១៩ ដែល​ជា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។

នាយករង​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត ឱ្យ​ដឹង​ថា ស្ថានភាព​នៃ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​សភាព​ធ្ងន់ធ្ងរ ឬ​ធូរស្រាល​ទៅតាម​ការប្រែប្រួល​នៃ​ស្ថានភាព​នយោបាយ​។ លោក​កត់សម្គាល់​ថា នៅ​ពេល​មានការ​បោះឆ្នោត​ម្ដងៗ​ការរំលោភ​សិទ្ធិមនុស្ស​ក៏​អាក្រក់​ដែរ៖ «នៅ​ពេល​មានការ​បោះឆ្នោត ឬក៏​មុន​ពេល​បោះឆ្នោត​ហ្នឹង ស្ថានភាព​សិទ្ធិមនុស្ស ឬក៏​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​វា​តែងតែ​មាន​ការ​ដើរ​ថយ​ក្រោយ ឬក៏​មាន​ហេតុការណ៍​បន្តបន្ទាប់ ហើយ​ចុង​ក្រោយនេះ​គឺ​ចន្លោះ​ពី​ឆ្នាំ​២០១៧ ដល់ ២០១៩ មាន​បញ្ហា​ច្រើន​ណាស់​ទាក់ទង​នឹង​សិទ្ធិមនុស្ស​នេះ ចាប់​តាំង​ពី​ការ​រម្លាយ​គណបក្ស​ប្រឆាំង»

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) រំពឹង​ថា ស្ថានភាព​សិទ្ធិមនុស្ស​អាច​នឹង​មាន​ប្រសើ​ឡើង​វិញ នៅ​ពេល​មាន​សម្ពាធ​ពី​អន្តរជាតិ ពិសេស​គឺ​នៅ​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កែប្រែ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។

ប៉ុន្តែ​លោក អំ សំអាត នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ដែរ​នៅ​ពេល​ដែល​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ ត្រូវ​រដ្ឋាភិបាល​លុប​ចោល​ពី​ប្រតិទិន​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​នៅ​ឆ្នាំ​២០២០​ខាងមុខ​នោះ​។

ឆ្លើយតប​នឹង​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​នេះ អ្នកនាំពាក្យ​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក អ៊ន កត្តា បាន​លើក​ឡើង​ថា អ្វី​ដែល​អង្គការ​លីកាដូ​បាន​លើក​ឡើង​គឺជា​ការ​មើលឃើញ​មួយ​ជ្រុង ខុសគ្នា​ពី​អ្វី ដែល​រដ្ឋាភិបាល​តែង​ប្រឹងប្រែង និង​សម្រេច​បាន។

«​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​យើង​ឃើញ​ថា សេចក្ដី​ស្នើ​សុំ និង​កង្វល់​របស់​គាត់ យើង​នឹង​ពិចារណា​ថា​តើ​យើង​ធ្វើ​អ្វី​ឱ្យ​បាន​ប្រសើរ​ជាង​នេះ​ថែមទៀត សមិទ្ធផល​ធំធេង​របស់​រដ្ឋាភិបាល​មាន​ហើយ​នោះ យើង​នឹង​យកគំនិត​នោះ​មក​ពិចារណា ដើម្បី​កែលំអ​ចំណុច​ខ្វះខាត ដើម្បី​បន្ត​កា​ពារ និង​លើ​កម្ពស់​សិទ្ធិមនុស្ស​សម្រាប់​ប្រជាជន​កម្ពុជា​យើង​ទាំងអស់​គ្នា»

ចំពោះ​ការ​បារម្ភ​ថា​ស្ថានភាព​សិទ្ធិមនុស្ស​អាច​នៅតែ​មាន​បញ្ហា​នៅ​ឆ្នាំ​ខាងមុខ​ដោយសារ​ការ​លុបចោល​ទិវា​សិទ្ធិមនុស្ស​ពី​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ លោក អ៊ន កត្តា ពន្យល់​ថា មាន​ប្រទេស​ជាច្រើន ដែល​មិន​ប្រារព្ធ​ទិវា​នេះ​ជា​ទិវា​ជាតិ តែ​ក៏​មិនមែន​មានន័យថា​ប្រទេស​ទាំងនោះ​ជា​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស​ដែរ។

គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​ធ្នូ អង្គការ​លីកាដូ​បាន​បង្ហាញ​របាយការណ៍​ពី​កា​រំលោភ​សិទ្ធិ​មនុស្ស​នោះ​បាន​បី​ឆ្នាំ​ដែរ គឺ​នៅ​ឆ្នាំ​នៅ​ឆ្នាំ​២០១០ ២០១១ និង​២០១២​។ ក្នុង​ឆ្នាំ​២០១០ ករណី​ជម្លោះដីធ្លី​នៅ​ក្នុង​ឆ្នាំនេះ​កើត​ចេញ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​ដោយ​មន្ត្រី​នគរបាល និង​កងរាជអាវុធហត្ថ ដែល​ប្រើ​អាវុធ​បាញ់​បោះ​លើ​ពលរដ្ឋ ដើម្បី​កាង​ការពារ​ដី​ឱ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​។ នៅ​ក្នុង​ឆ្នាំ​២០១១ ករណី​រំលោភ​សិទ្ធិមនុស្ស ដែល​ធ្ងន់ធ្ងរ​នោះ​រួមមាន ការ​បង្ក្រាប​ទៅលើ​ក្រុម​ស្ត្រី​ការពារ​សិទ្ធិ​ដីធ្លី​ក្នុង​តំបន់​បឹងកក់ ចាប់ខ្លួន​អ្នកស្រី ទេព វន្នី គង់ ចន្ថា និង​នន សុខេន អាជ្ញាធរ​បាញ់រះ​លើ​ពលរដ្ឋ​រឿង​ដីធ្លី​ជាមួយ​មន្ត្រី​យោធា​នៅ​កំពង់ស្ពឺ ការ​បិទ​សមាគម​ធាងត្នោត​ជា​បណ្ដោះអាសន្ន ការ​បិទ​កាសែត​ក្នុងស្រុក​ដែល​រិះគន់​បក្ស​កាន់អំណាច ការ​ចាប់ខ្លួន​សហជីព​ពេល​ទាមទារ​ប្រាក់​ឈ្នួល និង​អ្នក​រិះគន់​រដ្ឋាភិបាល​ក្នុង​ទំនាក់ទំនង​ជាមួយ​វៀតណាម​ជាដើម​។ នៅ​ក្នុង​ឆ្នាំ​២០១២ អង្គការ​លីកាដូ​បង្ហាញ​ថា​មាន​ករណី ចាប់​ឃុំ​ខ្លួន លោក ប៊​ន សំណាង និង សុខ សំអឿន ឡើងវិញ​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព លោក ជា វិជ្ជា ករណី​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន លោក ហង្ស សេរី​ឧ​ត្ត​ម ពាក់ព័ន្ធ​រឿង​កាប់​បំផ្លាញ​ព្រៃឈើ ការ​ចាប់ខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី យ៉ោម បុប្ផា និង ទឹម សាក់មុន្នី ករណី​ចាប់ខ្លួន ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត ពី​បទ​ចោទ​ថា​បង្កើត​តំបន់​អបគមន៍ ការ​ចាប់ខ្លួន​សកម្មជន​តំបន់​បឹងកក់​១៣ នាក់ និង​គំរាមកំហែង​ព្រះសង្ឃ លួន សុវ៉ាត ករណី​ឃាតកម្ម លើ អ្នកការពារ​បរិស្ថាន និង​ធនធានធម្មជាតិ លោក ឈុត វុទ្ធី ការ​បាញ់​សម្លាប់​ក្មេង​ស្រី នៅ​ក្នុង​ខេត្ត​ក្រចេះ​ក្នុង​រឿង​ជម្លោះដីធ្លី ការ​បាញ់​ប្រហារ​របស់​អតីត​អភិបាលក្រុង​បាវិត ទៅ​កម្មការិនី​៣​នាក់ រួម​នឹង​ការ​បាញ់​ប្រហារ​ទៅលើ​ក្រុម​ជនជាតិ​ដើម​ន​ភាគតិច​រឿង​ជម្លោះដីធ្លី​នៅ​ខេត្ត​ភូមិភាគ​ឥសាន​ជាដើម។

បើទោះជា​យ៉ាងណា​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នេះ​មិនមែន​មានតែ​ក្នុង​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​ឡើយ​។ គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១២ ខែ វិច្ឆិកា បាន​ចេញ​របាយការណ៍​វាយតម្លៃ​បឋម​មុននឹង​ឈាន​ទៅ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ​ EBA ពី​កម្ពុជា និង​បាន​ទុក​ពេល​១​ខែ​ឱ្យ​រដ្ឋាភិបាល​ឆ្លើយតប​។ របាយការណ៍​វាយតម្លៃ​បឋម​រក​ឃើញ​ថា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន មាន​ករណី​រំលោភ​ជា​ប្រព័ន្ធ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​សំខាន់ៗ​ចំនួន ៥ រួមមាន​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ សិទ្ធិ​ដីធ្លី សិទ្ធិ​សង្គម និង​វប្បធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។