សមត្ថកិច្ច​ឃាត់​ខ្លួន​យុវជន​៣នាក់ និង​រឹត​បន្តឹង​អ្នកធ្វើ​បុណ្យ​រំលឹក​ខួប​៣​ឆ្នាំ​បណ្ឌិត កែម ឡី

ដោយ សុ ជីវី
2019.07.09
ឃាត់​យុវជន កែម ឡី ២០១៩ ៦២២ យុវជន ៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នៃ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​ពេល​ដែល​ពួកគេចូលរួម​ដាក់កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ការាស់​សាំង​កាល់តិច ជិត​ស្ដុប​បូកគោ ​នៅ​ព្រឹក​ថ្ងៃ​ទី១០ កក្កដា ២០១៩។
Photo Provided
រារាំង ខួប កែម ឡី កាល់តិច

សកម្មភាព​សមត្ថកិច្ច​រាយ​កម្លាំង​រារាំង​ការ​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។ photo provided

រារាំង ខួប កែម ឡី កាល់តិច ៦២២

សកម្មភាព​សមត្ថកិច្ច​រាយ​កម្លាំង​រារាំង​ការ​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។ Photo Provided

ខួប ៣ឆ្នាំ កែម ឡី ៦២២

មន្ត្រី​អង្គការ សមាគម សហជីព និង​យុវជន នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។ Photo courtesy of Central

រារាំង ខួប កែម ឡី កាល់តិច ៦២២

សកម្មភាព​សមត្ថកិច្ច​រាយ​កម្លាំង​រារាំង​ការ​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។ Photo courtesy of Central

រ៉ុង ឈុន ៦២២

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក រ៉ុង ឈុន ចូលរួម​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។ Photo Provided

ខួប ៣ឆ្នាំ កែម ឡី ៦២២

សកម្មភាព​សមត្ថកិច្ច​រាយ​កម្លាំង​រារាំង​ការ​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។ Photo Provided

ខួប ៣ឆ្នាំ កែម ឡី ៦២២

សកម្មភាព​សមត្ថកិច្ច​រាយ​កម្លាំង​រារាំង​ការ​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។

ចាប់ យុវជន ខួប ៣ឆ្នាំ​ កែម ឡី ៦២២

យុវជន​ទាំង៣នាក់ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន ពេលមក​ដាក់កម្រង​ផ្កា រំលឺក​ខួប ៣ឆ្នាំ នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​កាល់តិច ថ្ងៃ​ទី១០ កក្កដា ឆ្នាំ​២០១៩។ Photo Provided

ចាប់ យុវជន ខួប ៣ឆ្នាំ​ កែម ឡី ៦២២

យុវជន​ទាំង៣នាក់ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន ពេលមក​ដាក់កម្រង​ផ្កា រំលឺក​ខួប ៣ឆ្នាំ នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​កាល់តិច ថ្ងៃ​ទី១០ កក្កដា ឆ្នាំ​២០១៩។ photo provided

រារាំង ខួប ៣ឆ្នាំ កែម ឡី ៦២២

សកម្មភាព​សមត្ថកិច្ច​រាយ​កម្លាំង​រារាំង​ការ​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។ photo provided

ចាប់ យុវជន ខួប ៣​ឆ្នាំ កែម ឡី ៦២២

យុវជន​ទាំង៣នាក់ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន ពេលមក​ដាក់កម្រង​ផ្កា រំលឺក​ខួប ៣ឆ្នាំ នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​កាល់តិច ថ្ងៃ​ទី១០ កក្កដា ឆ្នាំ​២០១៩។ Photo Provided

សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​៣​នាក់ និង​រឹត​បន្តឹង ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព ព្រះសង្ឃ យុវជន និង​គណបក្ស​នយោបាយ មិន​ឱ្យ​ចូល​ដាក់​កម្រងផ្កា នៅ​កន្លែង ឃាតក​បាញ់​សម្លាប់ បណ្ឌិត កែម ឡី នៅ​ស្ដុប​បូកគោ រាជធានី​ភ្នំពេញ​។ ចំណែក​សកម្មជន​គណ​បក្ស​សង្គ្រោះជាតិ នៅ​តាម​ខេត្ត​នានា ដែល​នាំគ្នា​ធ្វើ​បុណ្យ​ឧទ្ទិសកុសល ៣​ឆ្នាំ ជូន​បណ្ឌិត កែម ឡី ក៏​រង​ការ​អុកឡុក និង​ឃ្លាំមើល​ពី​សមត្ថកិច្ច​ដែរ។ សមត្ថកិច្ច​បដិសេធ​ថា គ្មាន​ការ​ឃ្លាំមើល ឬ​រំខាន ដល់​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​តាម​ខេត្ត​ឡើយ​។ ឯ​ការ​ឃាត់ខ្លួន​យុវជន​៣​នាក់ ដោយសារ​ពួកគេ​បោះពុម្ព​ត្រាក់ ចែកចាយ​ខុសច្បាប់។

យុវជន​៣​នាក់ ដែល​សមត្ថកិច្ច​ខណ្ឌ​ចំការមន​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា នៅ​ក្នុង​បរិវេណ​ការាស់​សាំង កាល់​តិច (Caltex) ស្ដុប​បូកគោ គឺ លោក សួង នាគព័ន្ធ និង​សកម្មជន​បរិស្ថាន លោក ជុំ ហួត លោក ជុំ ហួរ។ អ្នក​ទាំង​៣​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ចែក​ខិត​ប័ណ្ណ ញុះញង់ ហើយ​ត្រូវ​ចាប់ខ្លួន បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រាប់​ថា អ្នក​ដែល​ទៅ​ចូលរួម​ដាក់​កម្រងផ្កា​នៅមុខ​ស្ដារ​ម៉ាត បរិវេណ​ការ៉ាស់​សាំង​កាល់តិច បាន​បរាជ័យ​ដោយសារ​អាជ្ញាធរ រឹត​បន្តឹង គំរាមកំហែង មិន​ឱ្យ​ក្រុម​សហជីព សង្គម​ស៊ីវិល ព្រះសង្ឃ យុវជន បាន​ដាក់​កម្រងផ្កា​ឡើយ​។ លោក ថា អាជ្ញាធរ​ហាក់​ភ័យខ្លាច​ចំពោះ​ពលរដ្ឋ ដែល​ពាក់អាវ​រូប​បណ្ឌិត កែម ឡី ណាស់ ដោយ​បាន​ចាប់ខ្លួន​យុវជន​៣​នាក់ និង​បណ្ដេញ​ពលរដ្ឋ​ណា មាន​ពាក់អាវ​បណ្ឌិត កែម ឡី ចេញពី​បរិវេណ​ការ៉ាស់​សាំង​ស្ដុប​បូកគោ៖ «អាជ្ញាធរ​កម្ពុជា​ខ្លាច​រូបលោក កែម ឡី​។ គ្រាន់តែ​អ្នក​ដែល​ទៅ​ចូលរួម​ពាក់អាវ ហើយ​មាន​ដាក់​រូបលោក កែម ឡី ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឱ្យ​ដោះចេញ​។ យើង​មើល​ឃើញ​ទិដ្ឋភាព ដែល​ខ្លាច​រួប​លោក កែម ឡី ហ្នឹង​ហាក់​ដូចជា​ចូល​ទៅ​ក្នុង​វគ្គ​មួយ ក្នុង​រឿង​សាមកុក ស៊ីម៉ាអ៊ី ខ្លាច​ស្រមោល​ជូក័រលាង។ វា​ចូល​ក្នុង​វគ្គ​ហ្នឹង បាទ»

អ្នកសម្របសម្រួល​នៃ​មជ្ឈមណ្ឌល សម្ពន្ធភាព​សិទ្ធិ​ការងារ​និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ថា ក្រៅពី​បណ្ដេញ អ្នក​ពាក់អាវ​រូប​បណ្ឌិត កែម ឡី រួច គឺ​នៅ​ម៉ោង​ប្រហែល​១០​ព្រឹក ក្រុម​សមត្ថកិច្ច​បាន​ព្យាយាម​បណ្ដេញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ពលរដ្ឋ​ដទៃ​ទៀត ឱ្យ​ចេញ​ទាំងអស់ ពី​ម្ដុំ​ស្ដុប​បូកគោ ជា​បន្តបន្ទាប់។ លោក ឃុន ថារ៉ូ ប្រាប់​ថា មាន​ពលរដ្ឋ​ខ្លះ បាន​ចាកចេញ តែ​ពលរដ្ឋ​ខ្លះ នៅតែ​បន្ត​ឈរ​រេរា និង​អង្គុយ​ពិសា​កាហ្វេ​ក្នុង​ស្ដារ​ម៉ា​ត (Star Mart) កន្លែង​ដែល​គេ​បាញ់សម្លាប់​បណ្ឌិត កែម ឡី កាល​ពី​៣​ឆ្នាំមុន ដដែល។

(មេដឹកនាំគណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ត្រូវ​អាជ្ញាធរ​ខណ្ឌ​មានជ័យ​រារាំង​មិន​ឱ្យ​ទៅ​ចូលរួម​រម្លឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​សាង កាល់តិច បូកគោ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៩។ រូប៖ លោក អាន វិចិត្រ មន្ត្រី​​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន)

ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​មាន​បណ្ឌិត កែម ឡី ជា​ស្ថាបនិក បាន​បរាជ័យ ទៅ​ដាក់​កម្រងផ្កា នៅ​ស្ដុប​បូកគោ ព្រោះ​សមត្ថកិច្ច​បាន​ទៅ​រារាំង​នៅ​ម្ដុំ​ទីស្នាក់ការ​បក្ស​មូលដ្ឋាន នៅ​ខណ្ឌ​មានជ័យ តាំង​ពី​ព្រលឹម។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ប្រាប់​ថា អធិការ​ខណ្ឌ​មានជ័យ បាន​ដឹកនាំ​កងកម្លាំង​ច្រើន​សន្ធឹក​សន្ធាប់ មក​ពង្រាយ និង​ព័ទ្ធ​ឃាត់​ដំណើរ​បក្ស​មូលដ្ឋាន មិន​ឱ្យ​ចេញពី​ម្ដុំ​ទីស្នាក់ការ​បក្ស​នៅ​ម្ដុំ​លូ​ប្រាំ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ឡើយ ហើយក៏​មិនបាន​បញ្ជាក់​មូលហេតុ​ដែរ គ្រាន់តែ​ប្រាប់​ថា ជា​បញ្ជា​របស់​ថ្នាក់លើ។ លោក ឡឹក សុធា ប្រាប់​ថា សមត្ថកិច្ច​បាន​ឃាត់​សមាជិក​បក្ស​មូលដ្ឋាន ដល់ពេល​រសៀល ទើប​ព្រម​ឱ្យ​ចាក​ចេញពី​ទីស្នាក់ការ​បក្ស តែ​គូសវាស​តម្រាយ​ផ្លូវ និង​ជិះ​ម៉ូតូ​អម​ក្បួន គណបក្ស​មូលដ្ឋាន បញ្ចៀស​ផ្លូវ​ទៅ​ស្ដុប​បូកគោ តែ​បង្វែរ​ឱ្យ​ទៅ​ផ្នូរ​បណ្ឌិត កែម ឡី នៅ​ខេត្ត​តាកែវ៖ «នៅ​ពេល​ដែល​អ៊ីចឹង​ហើយ គេ​ក៏​ព្រម​អនុញ្ញាត​ឱ្យ​ទៅ ប៉ុន្តែ​គេ​រឹតត្បិត​ផ្លូវ​ត្រូវ​គេ​។ គេ​គូសវាស​ផ្លូវ​ត្រូវ​ឱ្យ​ទៅជា​ដើម ហើយ​ក៏​មាន​ក្បួន​ម៉ូតូ​ហែហម​យើង​ហ្នឹង គេ​និយាយ​ថា ក្នុង​ន័យ​ការពារ​សុវត្ថិភាព ប៉ុន្តែ​ជាក់ស្ដែង​គេ​ខ្លាច​យើង​ចេញពី​គំនូស​តម្រាយ​ផ្លូវ ចេញពី​ផ្លូវ​ទៅ​តាកែវ បាន​ន័យថា ខ្លាច​ទៅ​ស្ដុប​បូកគោ មិន​ទៅ​គោរព​សព​បណ្ឌិត កែម ឡី​។ បានន័យថា អ៊ីចឹង»

នៅ​តាម​ខេត្ត​មួយ​ចំនួន​វិញ ដូចជា បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ជាដើម ក្រុម​សកម្មជន​បក្ស​ប្រឆាំង និង ពលរដ្ឋ ដែល​គោរព​ស្រលាញ់​បណ្ឌិត កែម ឡី នាំគ្នា​ជម្នះ​ធ្វើ​បុណ្យខួប​៣​ឆ្នាំ​ជូន​បណ្ឌិត កែម ឡី តាម​ខេត្ត​រៀងៗ​ខ្លួន បើ​ទោះ​ស្ថិត​ក្រោម​ស្ថានភាព​អុកឡុក រំខាន ឬ​ឃ្លាំមើល​ពី​អាជ្ញាធរ​ក្ដី។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង​ម្នាក់ លោក សួន ចំរើន ឱ្យ​ដឹង អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​បាត់ដំបង បាន​ពង្រាយ​កងកម្លាំង​នគរបាល​ចរាចរណ៍ ទ្រង់ទ្រាយ​ធំ នៅ​មុខ​ផ្ទះ​របស់​សកម្ម​ជន​បក្ស​ប្រឆាំង​ម្នាក់ ក្នុង​សង្កាត់​ទួល​តាឯក ក្រុង​បាត់ដំបង ដើម្បី​ចាប់​អ្នក​ធ្វើ​ដំណើរ មក​ចូលរួម​បុណ្យ​គម្រប់​ខួប​៣​ឆ្នាំ របស់​បណ្ឌិត​កែម ឡី ណា ដែល​មិនបាន​ពាក់មួក​សុវត្ថិភាព ឬ ល្មើសច្បាប់​ចរាចរណ៍​។ ក្នុង​នោះ ប៉ូលិស​ចរាចរណ៍​ចាប់​បាន​តា​អាចារ្យ ដែល​ត្រូវ​ដឹកនាំ​កម្មវិធី​សាសនា និង​បាន​ផា​កពិន័យ​ប្រាក់​៧​ម៉ឺន​រៀល ដោយសារ មិនបាន​ពាក់មួក​សុវត្ថិភាព​។ សកម្មជន​បក្ស​ប្រឆាំង ថា ស្នងការ​ខេត្ត និង​អាជ្ញាធរ​ក្រុង​បាត់ដំបង បាន​ស្លៀកពាក់​ស៊ីវិល មក​ឃ្លាំមើល​សកម្មភាព​របស់​ពួកគេ៖ «ជា​លើក​ទី​១​ហើយ ដែល​គេ​ដាក់​ចាប់​មួក ហើយ​នៅ​ចំណុច​នេះ តែម្ដង​។ អ្នកជិតខាង គេ​ថា មិន​ដែល​ទេ មិន​ដែល​ឃើញ ហើយ​ថ្ងៃ​ហ្នឹង គេ​យក​មក​ដាក់​ហ្នឹង គឺ​ដាក់​ជា​លក្ខណៈ​យុទ្ធសាស្ត្រ​ទៀត។ មិនមែន​ដាក់​ជា​លក្ខណៈ​ចាប់​មួក​ទេ​។ ដាក់​មក​ព័ទ្ធ​តែម្ដង ដើម្បី​ឆែក អាច​ថា​ជា​រូបភាព បំភ័យ ឬក៏​អាច​ជា​ថា ឱ្យ​ការចូលរួម​ធ្លាក់​ចុះ​។ អាចារ្យ​គាត់​យក​ស្លា​ដក បាយសី បាយ​អ្វី ពី​វត្ត​មក ហើយ​គាត់​ជិះ​ម៉ូតូ​របស់​កូនសិស្សលោក​។ ជិះ​ពី​វត្ត​មក ដល់​កន្លែង​គេ​ចាប់​ហ្នឹង គឺ​នៅ​កន្លែង​ផ្ទះ​ធ្វើ​ពិធី​ហ្នឹង​បណ្ដោយ។ យើង​ធ្វើ​នៅ​ខាងក្នុង ហើយ​គេ​ចាប់​នៅ​ខាងក្រៅ​។ នៅ​ពេល ដែល​លោក​អាចារ្យ​មក គេ​ចាប់​គាត់​។ ធម្មតា អាចារ្យ​ត្រងោលៗ​។ គេ​ចាប់​គាត់​ពី​បទ​អត់​ពាក់មួក អត់​អ្វី​អ៊ីចឹង​ទៅ ចាប់​គាត់​យក​ទៅ​ស្នងការ»

នៅ​ខេត្ត​បន្ទាយមានជ័យ​វិញ ក្រុម​សកម្មជន​បក្ស​ប្រឆាំង បាន​រើ​កម្មវិធី​បុណ្យ​ពី​ក្រុង​សិរីសោភ័ណ ទៅ​ក្រុង​ប៉ោយប៉ែត​វិញ ដោយសារ អាជ្ញាធរ​ក្រុង​សិរីសោភ័ណ ព្រមាន​ចាត់វិធានការ​បង្ក្រាប​កម្មវិធី​បុណ្យ បើ​ទោះ​តាម​បែប​សាសនា ក៏ដោយ បើ​សិន​នៅ​រឹងទទឹង នៅតែ​បន្ត​ធ្វើ​បុណ្យខួប​៣​ឆ្នាំ​ឱ្យ​បណ្ឌិត កែម ឡី។ ការ​គំរាម​នៅ​ក៏​កើតឡើង​នៅ​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ និង​កំពង់ធំ ដែរ ប៉ុន្តែ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ជម្នះ​ធ្វើ​ដដែល។ ចៅសង្កាត់​ជាប់ឆ្នោត ខេត្ត​បន្ទាយ​ជ័យ លោក សួន សៀប ប្រាប់​ថា សកម្មជន​បក្ស​ប្រឆាំង បាន​ធ្វើ​បុណ្យខួប​ជូន​បណ្ឌិត កែម ឡី តាម​ខេត្ត​រៀងៗ​ខ្លួន ទូទាំង​ប្រទេស​។ តែ​ខេត្ត​ខ្លះ មិន​ហ៊ាន​បើកចំហ​ទេ ដោយសារ​ខ្លាច​ការ​គំរាម​។ គ្រប់​កម្មវិធី​បុណ្យខួប​៣​ឆ្នាំ ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី ដែល​ធ្វើឡើង​ដោយ​សកម្មជន​បក្ស​ប្រឆាំង នៅ​តាម​បណ្ដា​ខេត្ត សុទ្ធ​ទទួល​ភ្ញៀវ ដោយ​នំ​បញ្ចុក។

ប្រធាន​ប្រតិបត្តិ​បក្សប្រឆាំង​នៅ​ខេត្ត​កំពង់ចាម លោក ឋាន សុរិទ្ធិ និង​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ លោក ថោង វិបុល​សុខុម ប្រាប់​អាស៊ីសេរី ថា ពួកគេ​ជម្នះ​ធ្វើ​បុណ្យខួប​៣​ឆ្នាំ​ជូន​បណ្ឌិត កែម ឡី នៅផ្ទះ​របស់​សកម្មជន​បក្ស​ប្រឆាំង បើ​ទោះ​រង​ការ​គំរាម និង ក្រោម​រូបភាព សមត្ថកិច្ច​ពាក់​ឯកសណ្ឋាន​ខ្លះ បន្លំ​ខ្លួន​ជា​ស៊ីវិល​ខ្លះ និង​ប្រើ​កូនក្មេង​ខ្លះ ឱ្យ​ចូល​ទៅ​ថតរូប​ពួកគេ និង​អ្នកចូលរួម​កម្មវិធី​ផ្សេងទៀត​។

នៅ​ឯ​ខេត្ត​ព្រៃវែង​វិញ ពលរដ្ឋ​ជាង​៦០​នាក់ រស់នៅ​ក្នុង​ភូមិ​មួយ​ចំនួន នៃ​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង នាំគ្នា​ធ្វើ​កម្មវិធី​បុណ្យ​គម្រប់​ខួប​៣​ឆ្នាំ ជូន​បណ្ឌិត កែម ឡី ដោយសារ​បណ្ឌិត កែម ឡី ឧស្សាហ៍​ចុះទៅ​ដល់​ភូមិ​នោះ ហើយ​បង្ហាត់បង្រៀន​ពលរដ្ឋ​ក្នុង​ភូមិ​ពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​របស់​ពួកគេ​។​

អ្នក​ភូមិ​ព្រៃខ្លា ម្នាក់ លោក ធន សុភាព ប្រាប់​ថា អ្នកភូមិ​ព្រៃខ្លា និង​ភូមិ​ក្បែរៗ​នោះ តែង​នាំគ្នា​ធ្វើបុណ្យ ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី រាល់​ឆ្នាំ ចាប់​តាំង​ពី​លោក ត្រូវ​ឃាតក​បាញ់សម្លាប់​មក​។ លោក​ថា អ្នកភូមិ ធ្វើបុ​ណ្យ​ឧទ្ទិស​ជូន​បណ្ឌិត កែម ឡី ដោយសារ កាល​ឆ្នាំ​២០១៦ គឺ​ពេល​មានជីវិត លោក បណ្ឌិត កែម ឡី តែង​ចុះ​មក​ភូមិ​ព្រៃខ្លា ញឹកញាប់ ដើម្បី​ពន្យល់ ពលរដ្ឋ​ពី​លទ្ធិប្រជាធិបតេយ្យ និង​បង្រៀន​ពលរដ្ឋ​ឱ្យ​យល់​ពី​សិទ្ធិ​របស់​ខ្លួន។

កាល​នៅ​មាន​ជីវិត លោក កែម ឡី បាន​ប្រសិទ្ធិ​នាម​ភូមិ​នេះ ថា ជា​ភូមិ​យាយ​ចាស់​កូនខ្ចី ព្រោះ​ពលរដ្ឋ​ពេញកម្លាំង​នៅ​ភូមិ​ព្រៃខ្លា បាន​ចំណាកស្រុក​ទៅ​គ្រប់ទិសទី មាន​ទាំង​ឡើង​មក​ធ្វើ​កម្មករ​នៅ​ភ្នំពេញ ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ក៏​មាន ហើយ​បន្សល់ទុក កូនខ្ចី និង​កូន​តូច ឱ្យ​យាយ​តា ចិញ្ចឹម​ថែរក្សា​ជំនួស​។ ភូមិ​នេះ ជា​ភូមិ​រាត្រី​ទី​១ នៃ​យុទ្ធនាការ​១០០​រាត្រី​របស់​បណ្ឌិត កែម ឡី។ អ្នកភូមិ​ព្រៃខ្លា ប្រាប់​ថា ទោះ​អ្នកភូមិ មិនបាន​ពាក់ព័ន្ធ​សកម្មភាព​នយោបាយ ហើយ​កម្មវិធី​បុណ្យ​មិនបាន​រៀបចំ​នំ​បញ្ចុក​ទទួល​ភ្ញៀវ ដូច​ពលរដ្ឋ​នៅ​ខេត្ត​ផ្សេង ក៏ប៉ុន្តែ​នៅ​តែ​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ទៅ​ឃ្លាំមើល រាប់​ចំនួន និង​ថត​រួប​កម្មវិធី​បុណ្យ ដូច​កន្លែង​ផ្សេង​ដែរ​។ កម្មវិធី​បុណ្យខួប​៣​ឆ្នាំ ឧទ្ទិស​កុសល​ជូន បណ្ឌិត កែម ឡី នៅ​ភូមិ​ព្រៃខ្លា បិទ​បញ្ចប់​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក ដូច​ខេត្ត​ផ្សេង​ដែរ៖ «គឺ​យើង​ធ្វើជា​រៀងរាល់​ឆ្នាំ​តែម្ដង រាល់​ថ្ងៃ​ទី​១០ ខែ​កក្កដា យើង​តែងតែ​ប្រារព្ធ​។ ៥​នាក់ មាន​អ្នក​មក​ថតរូប មាន​អ្នក​មក​រាប់​ចំនួន មាន​អ្នក​មក​ឃ្លាំមើល​។ ជា​អាជ្ញាធរ​២​នាក់ ជា​ឈ្លប គេ​ហៅថា កូន​ឈ្លប​៣​នាក់»

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​ថា គ្មាន​សមត្ថកិច្ច​ណា​ទៅ​រំខាន អុកឡុក ឃ្លាំមើល ឬ​ថតរូប របស់​សកម្មជន​បក្ស​ប្រឆាំង ឬ​ពលរដ្ឋ​ឡើយ​។ លោក ថា ជួនកាល សមត្ថកិច្ច​ចុះទៅ​រៀបចំ​សណ្ដាប់ធ្នាប់ តែ​សកម្មជន​បក្ស​ប្រឆាំង និង​ពលរដ្ឋ បារម្ភ​ដោយ​ខ្លួនឯង​។ ចំណែក​ការ​ឃាត់​ខ្លួន​យុវជន​៣​នាក់ នៅ​ស្ដុ​ប​បូកគោ លោក​ចោទ​ថា ដោយសារ ពួកគេ​បោះពុម្ព​ត្រាក់​និង​ចែក​ផ្សាយ​ក្នុង​ន័យ​ញុះញង់​។ លោក​ថា ពួកគេ​កំពុង​ស្ថិត​ក្រោម​នីតិវិធី​សាកសួរ​របស់​សមត្ថកិច្ច៖ «​គាត់​បាន​ចែក​ខិត្តប័ណ្ណ​បំផុស បំផុល ញុះញង់​។ ដើរចេញ​ខិត្តប័ណ្ណ សមត្ថកិច្ច​អញ្ជើញ​គាត់​ទៅ​សាកសួរ​។ ឥឡូវ​កំពុង​សាកសួរ មិនទាន់​ឆ្លើយ​ប្រាប់​ថា​ម្ដេច​ទេ​។ គ្មាន​ពី​ណា​ទៅ​ហាមឃាត់ គ្មាន​នរណា​ទៅ​ឃ្លាំមើល​គាត់​ទេ​។ ពេលខ្លះ កន្លែង​ពិធីបុណ្យ កន្លែង​រៀបចំ​ពិធី​អ្វី ផ្សេងៗ គេ​ឃើញ​មាន​មនុស្ស​ច្រើន​រញ៉េរញ៉ៃ វា​ចាំបាច់​នគរបាល​វា​ត្រូវ​ទៅ​សារ៉េ​សណ្ដាប់ធ្នាប់​ខ្លះ​ដែរ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​។ ដល់ពេល​ទៅ​មើល​សណ្ដាប់ធ្នាប់ រៀបចំ​សណ្ដាប់ធ្នាប់ ឬ​បំពេញការងារ​របស់​គេ​ផ្សេង​ទេ យើង​ទៅ​បែរជា​ថា គេ​ទៅ​ឃ្លាំមើល​ខ្លួន​។ គ្មាន​នរណា​គេ​ឃ្លាំមើល​ទេ គ្មាន​នរណា​គេ​ហាមឃាត់ បិទ​សិទ្ធិ​ទេ ពិធីបុណ្យ ហើយ​អា​ថត អា​អ្វី​ហ្នឹង អាហ្នឹង​និយាយ​តែ​មាត់​អ៊ីចឹង​អត់​កើត​ទេ​។ ធម្មតា​ជួនកាល គ្នា​ទៅ​ប្រចាំការ សែលហ្វី មិត្តភ័ក្ដិ​អ្វី​ទៅ ហើយ​ទៅ​ឆោត ថា ថត​សកម្មភាព​ហ្នឹង យក​មក​ធ្វើ​ស្អី»

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ហៅ​ចំណាត់​ការ​របស់​សមត្ថ​កិច្ច​លើ​ការ​បំបិទ​សិទ្ធិ​ពលរដ្ឋ មិន​ឱ្យ​ធ្វើបុណ្យ ដាក់​កម្រងផ្កា រំលឹក​ខួប​បណ្ឌិត កែម ឡី ជា​ទង្វើ​បញ្ជាក់​ថា សេរីភាព​នៅ​កម្ពុជា​ធ្លាក់​ចុះ អាជ្ញាធរ​ភ័យខ្លាច​ពលរដ្ឋ​ធ្វើបុណ្យ​ជូន​បណ្ឌិត កែម ឡី ដែល​បាន​ស្លាប់​ទៅ​ហើយ​។ លោក​ថា​ទង្វើ​របស់​អាជ្ញាធរ​នេះ​ធ្វើ​ឱ្យ​មានការ​ថ្នាំងថ្នាក់​ជាមួយ​អ្នក​គោរព ស្រលាញ់​បណ្ឌិត កែម ឡី និង ជា​ការ​បង្ករឿង​ឱ្យ​កាន់តែ​វែងឆ្ងាយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។