ប្រជាពលរដ្ឋនៅស្រុកវ៉ឺនសៃ ខេត្តរតនគិរី ប្រមាណ៧០នាក់ នៅព្រឹកថ្ងៃទី១៣កុម្ភៈ ចូលរួមអប់រំជាមួយមន្ត្រីសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ដើម្បីស្វែងយល់អំពីសិទ្ធិអំណាចរបស់ពលរដ្ឋ ។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា ការបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋក្លាហាននិងចេះរួមគ្នាតស៊ូមតិការពារផលប្រយោជន៍របស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់។
ប្រជាពលរដ្ឋម្នាក់នៅភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវ៉ឺនសៃ លោក យីម ឡិប ថ្លែងក្រោយពេលចប់ការអប់រំថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឱ្យលោកនិងប្រជាពលរដ្ឋដទៃទៀតដែលបានចូលរួម យល់ដឹងអំពីសិទ្ធិអំណាចរបស់ពលរដ្ឋ ហើយមានភាពក្លាហានជាងមុន។ លោកបន្តថា កាលពីមិនបានអប់រំពួកគាត់ពុំដឹងថា ប្រជាពលរដ្ឋសិទ្ធិស្របច្បាប់មានបែបណានោះទេ ហើយមិនហ៊ានជួបប្រជុំគ្នាតវ៉ាទាមទារឱ្យអាជ្ញាធរដោះស្រាយពីទុក្ខកង្វល់របស់ខ្លួនឡើយ ដោយសារខ្លាចអាជ្ញាធរចាប់ដាក់គុក៖ «បើនិយាយទៅវាល្អមែនទែនហើយ ដើម្បីកុំឱ្យគេគាបសង្កត់យើង ហើយបើយើងខុសឆ្គងអីតិចតួចយើងអាចការពារខ្លួនយើងបាន និយាយរួមឱ្យយើងយល់ដឹងពីសិទ្ធិតែម្ដង » ។
ទាក់ទងនឹងបញ្ហានេះដែរ មេភូមិកោះពាក្យ លោក និន ដយ ប្រាប់អាស៊ីសេរីថា លោកពេញចិត្តនឹងការបណ្ដុះបណ្ដាលរបស់អង្គការសង្គមស៊ីវិលនេះ ព្រោះធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិដែលលោកគ្រប់គ្រងយល់ដឹងពីច្បាប់បានច្រើនជាងមុន ដែលងាយស្រួលសហការជាមួយអាជ្ញាធរអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន៖ «អាចបានប្រយោជន៍ ហើយថ្ងៃក្រោយបានបង្រៀនគ្នាបន្តទៀតបាន។ខ្ញុំឯកភាពចំពោះការអប់រំនេះ បើតាមប្រជាពលរដ្ឋគាត់ស្នើឱ្យរៀបចំទៅថ្ងៃក្រោយទៀត » ។
វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលមួយព្រឹកនៅភូមិកោះពាក្យ ដោយរលូន និងពុំមានអាជ្ញាធរណាតាមដានឃ្លាំងប្រជាពលរដ្ឋនោះទេ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តរតនគិរី លោក ឌិន ខន្នី (អានថា ឌិន ខានន្នី) មានប្រសាសន៍ថា ការអប់រំនេះលោកជ្រើសប្រជាពលរដ្ឋចំនួន៤ភូមិក្នុងស្រុកវ៉ឺនសៃ ចូលរួម និងដើម្បីធ្វើជាគ្រូបង្គោលផ្សព្វផ្សាយអំពីសិទ្ធិអំណាចពលរដ្ឋនៅក្នុងមូលដ្ឋាន។មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តទៀតថា អ្នកដែលចូលរួមអប់រំយល់ពីសិទ្ធិសេរីភាព ការជួបប្រជុំគ្នាសម្ដែងមតិ និងសិទ្ធិអំណាចរបស់ពលរដ្ឋមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។លោកបញ្ជាក់ថា អ្នកភូមិដែលបានអប់រំធ្វើឱ្យពួកគាត់យល់ពីសិទ្ធិអំណាចរបស់ខ្លួន និងហ៊ានប្រមូលផ្ដុំគ្នាតវ៉ាជំទាស់នឹងការរំលោភបំពានណាមួយពីសំណាក់អាជ្ញាធរនិងក្រុមហ៊ុនឯកជន នៅក្នុងមូលដ្ឋានរបស់ពួកគាត់បាន៖ «នៅក្នុងខេត្តរតនគិរីដីធំទូលាយ ហើយព្រៃឈើសំបូរខ្លាំង ប៉ុន្តែបច្ចុប្បន្នគាត់អត់យល់ពីរបៀបនៃការប្រើសិទ្ធិគាត់ក្នុងការការពារទ្រព្យសម្បត្តិរបស់រដ្ឋ អត់យល់អំពីសេរីភាពក្នុងការពារដីធ្លីសមូហភាពរបស់គាត់ សព្វថ្ងៃដីធ្លីសមូហភាពរបស់គាត់ ត្រូវបានជនជាតិផ្សេងមកពីឃុំផ្សេងកាប់ទន្ទ្រានលក់។ជូនកាលពលរដ្ឋចេះប្រើប្រាស់សិទ្ធិសេរីភាពមូលដ្ឋានរបស់គាត់ហើយ ប៉ុន្តែនៅពេលដែលប្រើគឺអាជ្ញាធរចាប់ផ្ដើមទាញគាត់ផ្សារភ្ជាប់គណបក្សនយោបាយភ្លាម » ។
លោកបន្តថា កន្លងមកអាជ្ញាធរមូលដ្ឋាននៅតំបន់ខ្លះដូចជានៅឃុំសិរីមង្គលក្នុងស្រុកកូនមុំ ជាដើមមិនអនុញ្ញាតឱ្យលោកធ្វើសកម្មភាពផ្សព្វផ្សាយច្បាប់នោះទេ ដោយអាជ្ញាធរបានលើកហេតុផលថា គ្មានលិខិតអនុញ្ញាតពីស្រុកនិងខេត្ត ដែលធ្វើឱ្យលោកមិនអាចបំពេញការងារបានតាមការគ្រោងទុក។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យសាលាខេត្តរតនគិរី លោក នាង សំអាត ប្រាប់អាស៊ីសេរីថា ការរារាំងកន្លងមកជាការភ័ន្តច្រឡំរបស់អាជ្ញាធរមូលដ្ឋាន ដោយសារឃុំខ្លះមិនយល់ច្បាស់ពីការណែនាំរបស់ថ្នាក់លើ។លោកបន្តថា សង្គមស៊ីវិលចុះអប់រំប្រជាពលរដ្ឋបានដោយមិនបាច់សុំច្បាប់ពីអាជ្ញាធរនោះទេ ដោយគ្រាន់តែប្រាប់អាជ្ញាធរមូលដ្ឋានទីតាំងដែលអប់រំនោះបានដឹងមុនប្រមាណ ២ថ្ងៃ គឺអាចធ្វើសកម្មភាពបានដោយសេរី៖ «អត់អីទេបើសិនជាមានបញ្ហាអីអីចឹងអាចឱ្យខាងតំណាងអង្គការទូរស័ព្ទប្រាប់មកខេត្តមក ក្រែងលោថាមិនទុកចិត្តស្រុកអី មកខេត្តក៏បានដែរ ហើយលេខទូរស័ព្ទខ្ញុំផ្ទាល់មិនមានបញ្ហាអីទេ បើមានព័ត៌មានទូរស័ព្ទមកភ្លាមអន្តរាគមន៍ភ្លាម បើមានករណីអីចឹងមែន » ។
មន្ត្រី អាដហុក លោក ឌិន ខន្នី ថ្លែងថា ការអប់រំនេះធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងឃុំចំនួន៤ ដែលមានបញ្ហាច្រើនជាងគេនៅក្នុងខេត្តរតនគិរី ដូចជា ការកាប់បំផ្លាញព្រៃឈើ ភ្នំ រ៉ែក្រោមដី នឹងការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋជាដើម។ ក្នុងនោះមួយកន្លែងអប់រំរយៈពេល ២ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងពីសិទ្ធិអំណាចរបស់ខ្លួន ហើយចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋឱ្យបានគង់វង្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។