ទាក់ទងនឹងការទាមទារឱ្យដោះលែងលើសកម្មជនបរិស្ថាន ៤នាក់ អង្គការសង្គមស៊ីវិល និងសហគមន៍ចំនួន ៧៥ស្ថាប័ន ក៏បានស្នើសុំឱ្យមានការដោះលែងពួកគេជាបន្ទាន់ផងដែរ។
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការ និងសហគមន៍ចេញផ្សព្វផ្សាយនៅថ្ងៃអង្គារ ទី២២ មិថុនាបញ្ជាក់ថា អាជ្ញាធរគួរបញ្ឈប់ការចាប់សកម្មជនដាក់ពន្ធនាគារបញ្ឈប់ការរឹតត្បិត និងការផ្ដន្ទាទោសឥតឈប់ឈរទៅលើក្រុមអ្នកការពារបរិស្ថានទាំងនោះ។ បន្ថែមពីនេះអាជ្ញាធរ គួរចាប់ផ្ដើមពិនិត្យ និងស្ដាប់មតិយោបល់របស់ពួកគេ ដែលចងក្រងឯកសារពីហានិភ័យនៃការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងបរិស្ថាន។ សកម្មជនបរិស្ថានទាំងនេះ បានធ្វើការដោយមិនខ្លាចនឿយហត់ និងមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីការពារផលប្រយោជន៍រួមរបស់ជាតិ។
នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ដែលជាស្ថាប័នមួយទាមទារឲ្យអាជ្ញាធរដោះលែងនេះ អះអាងថា បទចោទទៅលើសកម្មជនបរិស្ថានទាំងនោះ គឺជារឿងមិនសមហេតុសមផល ដែលជាការរៀបចំឡើង ដើម្បីដាក់បន្ទុកដល់ពួកគេប៉ុណ្ណោះ៖ « យើងមើលទៅការចាប់ខ្លួននេះ ដោយសារភាពសកម្មរបស់ពួកគាត់ ជារឿងមួយ ដែលមិនគួរកើតឡើងទេ ចំពោះបទចោទទាំងនេះ។ យើងឃើញថា ភាពផ្សំនៃការចោទនេះ គឺមានការលើកឡើងថា ពួកគាត់បានប្រព្រឹត្តបទល្មើសពីឆ្នាំ២០១២ រហូតដល់ ២០២១នេះ។ ហើយបើមើលពីអាយុវិញ គឺពួកគាត់អាចប្រព្រឹត្តបទល្មើសតាំងពីអាយុ ១២ និង ១៧ឆ្នាំ ដែលជារឿងមួយ ដែលរៀបចំឡើង ដើម្បីដាក់បន្ទុក ទៅលើសកម្មជនបរិស្ថានវ័យក្មេងទាំងនោះ »។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា ការចាប់ខ្លួនពួកគេ គឺមិនសមហេតុផល និងបទចោទប្រឆាំងពួកគេ គឺគ្មានមូលដ្ឋានច្បាស់លាស់ ដែលអាជ្ញាធរកម្ពុជា និងប្រព័ន្ធយុត្តិធម៌ ប្រើប្រាស់បទចោទមិនត្រឹមត្រូវ ដើម្បីចាប់អ្នកការពារសិទ្ធិមនុស្សវ័យក្មេងដាក់ពន្ធនាគារ។ ការតស៊ូមតិសម្រាប់សិទ្ធិមនុស្ស និងការទាមទារឱ្យអាជ្ញាធរការពារបរិស្ថាន មិនមែនជាបទល្មើសនោះទេ ហើយការចាប់ខ្លួនអ្នកការពារបរិស្ថានដែលជាយុវជនជំនាន់ក្រោយរបស់ប្រទេសជាតិ ដាក់ពន្ធនាគារ គឺធ្វើឱ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិទៅវិញទេ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ក៏ស្នើសុំឱ្យដោះលែងសកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្សដទៃទៀត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ឱ្យបានឆាប់រហ័ស ព្រមទាំងទម្លាក់ចោលបទចោទទាំងអស់ ចំពោះអ្នកទាំងនោះដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។