អង្គសមាជបោះឆ្នោតផ្លាស់ប្ដូរប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា (C-CAWDU) ដោយជំនួសប្រធានថ្មី។ អង្គបោះឆ្នោតមិនបានបោះឆ្នោតគាំទ្រ អតីតប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា C-CAWDU លោក អាត់ ធន់ ធ្វើជាអនុប្រធានវិញ។ ហើយ លោក គង់ អាទិត្យ ជាអនុប្រធាន ត្រូវបានអង្គសមាជបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានជំនួសលោក អាត់ ធន់។
លោក គង់ អាទិត្យ ឱ្យដឹងនៅថ្ងៃទី២៦ មិថុនា ថា អង្គសមាជដែលមានសមាជិក ២៦៥ បានចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៣ មិថុនា គឺលោកទទួលបានសំឡេងឆ្នោតគាំទ្រ ជ្រើសលោកជាប្រធានសហជីព C-CAWDU សំឡេង១៧៦ លើ២៦៥។ រីឯលោក អាត់ ធន់ ទទួលបានចំនួន ១៦០សំឡេង។
លោក គង់ អាទិត្យ ប្ដេជ្ញាចិត្តថា លោកនឹងរៀបចំកិច្ចការងាររបស់ C-CAWDU ឡើងវិញ ដើម្បីធ្វើការងារលើកស្ទួយសិទ្ធិកម្មកររោងចក្រ និងលក្ខខណ្ឌការងារកាន់តែប្រសើរ ពិសេសគឺការពង្រីកសមាជិកបន្ថែមទៀត ដែលបច្ចុប្បន្នសហជីព C-CAWDU មានសមាជិកប្រមាណ ៦ម៉ឺននាក់តែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ដើម្បីឱ្យស្ថាប័នរបស់លោកមានកម្លាំងខ្លាំងលុះត្រាតែមានសមាជិកច្រើន ខណៈកម្មករបច្ចុប្បន្នមានប្រមាណ ៨០ម៉ឺននាក់។ «»
សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា C-CAWDU បានបង្កើតឡើងតាំងពីឆ្នាំ២០០០មក។ សហជីពនេះ រៀបចំផ្លាស់ប្ដូរប្រធានដឹកនាំក្នុងរយៈពេល ៤ឆ្នាំម្ដង។ លោក គង់ អាទិត្យមកបម្រើការងារនៅសហជីពនេះ មានតួនាទីចាប់ពីសកម្មជនសហជីពធម្មតា ហើយចាប់ពីឆ្នាំ២០០២មក លោកបានឡើងផ្លាស់ប្ដូរបាទីជាអគ្គលេខាធិការ ជាបន្តបន្ទាប់មកទៀតបានឡើងជា អនុប្រធាន និងបានក្លាយប្រធានសហជីពនៅឆ្នាំ២០១៩នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។