មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជំរុញឲ្យរបបលោក ហ៊ុន សែន ការពារ និងប្រឆាំងដាច់ខាតចំពោះក្រុមហ៊ុនវិនិយោគទុនទាំងឡាយណា ដែលបានរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីឲ្យរបបនេះ បានចូលរួមក្នុងការលើកកម្ពស់សិទ្ធិពលរដ្ឋរបស់ខ្លួនស្របទៅកតិការសញ្ញា ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៃអង្គការសហប្រជាជាតិ។
អ្នកសម្របសំរួលខាងផ្នែកធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត អះអាងថា រហូតមកទល់ពេល នេះមានក្រុមហ៊ុនឯកជនជាច្រើនប្រឡូកប្រឡាក់ក្នុងការរំលោភ សិទ្ធិមនុស្ស ហើយដែលពលរដ្ឋ និងសង្គមស៊ីវិលនៅមិនទាន់ឃើញ អាជ្ញាធររបបលោក ហ៊ុន សែន បើកការស៊ើបអង្កេតតាមផ្លូវ ច្បាប់ណាមួយទៅលើក្រុមហ៊ុនទាំងនោះនៅឡើយទេ៖ «ជាពិសេសក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច និងក្រុមហ៊ុន ដែលទទួលបានតំបន់សេដ្ឋកិច្ចពិសេស។ ក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុន ស៊ូកាគូ ក្រុមហ៊ុន ផានអ៊ីមិច និងក្រុមហ៊ុន MDS ថ្មដា នៅខេត្តពោធិសាត់ជាដើម ដែលក្រុមហ៊ុនទាំងនោះសុទ្ធសឹងតែពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស»។
សលាកបត្រព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សស្ដីពីធុរកិច្ច និងសិទ្ធិមនុស្សសម្រាប់ខែកក្កដា ដែលចេញផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែកក្កដា បានទាមទារឲ្យរបបលោក ហ៊ុន សេន ទទួលខុសត្រូវក្នុងការធានាឲ្យបានថា រាល់ក្រុមហ៊ុនចម្រុះជាតិសាសន៍ និងក្រុមហ៊ុន ដទៃទៀតដែលប្រតិបត្តិការធុរកិច្ចនៅលើទឹកដីរបស់ខ្លួន នឹងមិនមានការរំលោភសិទ្ធិមនុស្សនោះឡើយ។
មាត្រា៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានដាក់បញ្ចូលសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ទៅក្នុងច្បាប់ជាតិដោយផ្ទាល់។
ប៉ុន្តែមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារកឃើញថា សិទ្ធិមួយចំនួន ត្រូវបានគំរាមកំហែងដោយសកម្មភាពរបស់ក្រុមហ៊ុន វិនិយោគទុន ទៅវិញ។ សិទ្ធិទាំងនោះរួមមានសិទ្ធជាម្ចាស់កម្មសិទ្ធិ សិទ្ធិទទួលបានលំនៅឋានសមរម្យ សិទ្ធិមិនទទួលរងការជ្រៀតជ្រែកក្នុងជីវិតឯកជន គ្រួសារ និងលំនៅឋាន សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងសិទ្ធិជាច្រើនទៀត។
ទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា របបលោក ហ៊ុន សែន បានដោះស្រាយបញ្ចប់ បញ្ហាដីធ្លី ច្រើនរាប់មិនអស់ដល់ពលរដ្ឋហើយរហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានករណីជម្លោះដីធ្លីតិចតួចបំផុតដែល នៅសេសសល់។ លោកបន្តថា ក្រុមសិទ្ធិមនុស្សមិនត្រូវមាននិន្នាការ ទៅរកក្រុមបក្សប្រឆាំងដើម្បីធ្វើកិច្ចការរបស់ខ្លួនសម្រាប់តែការវាយប្រហារ មករដ្ឋាភិបាលនោះទេ៖ «គាត់និយាយរឿងសិទ្ធិមនុស្ស គាត់យករឿងមួយ រឿងពីរមកនិយាយ។ អាទូទៅដែលគេដោះស្រាយបានដល់ទៅ ៨០ភាគរយ ៩០ភាគរយ អត់យកមកនិយាយថា សិទ្ធិមនុស្សដោះស្រាយបានផង»។
ប៉ុន្តែលោក វណ្ណ សុផាត អះអាងផ្ទុយវិញថា នៅមុនការបោះឆ្នោតជាតិ អាណត្តិទី៦ ខាងមុខនេះ របបលោក ហ៊ុន សែន បានព្យាយាម ដោះស្រាយបញ្ហាដីធ្លីបានច្រើនករណី ប៉ុន្តែការដោះស្រាយ នៅមានភាពខ្វះចន្លោះប្រហោងជាខ្លាំង៖ «ប៉ុន្តែការដោះស្រាយហ្នឹងវាអត់មានគោលការណ៍រួមអោយច្បាស់លាស់ទេ ហើយក៏មិនមានជាលក្ខណៈប្រព័ន្ធដែរ»។
អង្គការឃ្លាំមើលពិភពលោក (Global Witness) កាលពីសប្ដាហ៍មុន បានជំរុញឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់ឧកញ៉ា ល្បីៗ ខាងការរំលោភសិទ្ធិមនុស្ស រំលោភដីធ្លី បំផ្លាញធនធានធម្មជាតិ និងអំពើរត់ពន្ធគ្រឿងញៀនចំនួន ៤រូប ចូលទៅក្នុងបញ្ជីខ្មៅដើម្បីដាក់ទណ្ឌកម្ម។ ក្រុមឧកញ៉ាល្បីទាំងនោះរួមមានលោកឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា លី យ៉ុងផាត់ លោកឧកញ៉ា ទ្រី ភាព និងលោកឧកញ៉ា ឡៅ ម៉េងឃីន។
ចំណែក តំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះព្រមានថា សហរដ្ឋអាមេរិកកំពុង បង្កើនល្បឿន ដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិក្រុមអ្នករកស៊ីធំៗដែល មានទំនាក់ទំនងជិតស្និទ្ធនឹងរបប លោក ហ៊ុន សែន។
ប្រធានអនុគណៈកម្មាធិការកិច្ចការ បរទេសទទួល បន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោក ថិត យ៉ូហូ បញ្ជាក់ថា ក្រុមអ្នកជំនួញកំពូលៗនៅកម្ពុជាសព្វថ្ងៃ កំពុងជួយជ្រោមជ្រែងដល់របបដឹកនាំ របស់លោក ហ៊ុន សែន និងបានចូលដៃចូលជើងក្នុងការបំផ្លាញ មូលដ្ឋានគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ លោកព្រមានថា ពួកគេនឹងត្រូវប្រឈមការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមិនឲ្យជាន់ទឹកដីអាមេរិកក្រោមច្បាប់ ក្លូបបល មែននីតស្គី (Global Magnitsky)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។