ឯកអគ្គរាជ​ទូត​ខ្មែរ​ប្រចាំ​អឺរ៉ុប​ប្រាប់​សភា​អឺរ៉ុប​ថា កម្ពុជា​នៅតែ​ប្ដេជ្ញា​ចិត្ត​កែ​លម្អ​ស្ថានភាព​នយោបាយ

ដោយ មាន ឫទ្ធិ
2019.12.04
ទង់ជាតិ អឺរ៉ុប ៦២២ ទង់ជាតិ សហគមន៍អឹរ៉ុប។
Facebook

ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សហភាព​អឺរ៉ុប លោក ណុំ ពិសិដ្ឋ ថ្លែងប្រាប់​គណៈកម្មាធិការ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សភាតំណាងរាស្ត្រ​អឺរ៉ុប នៅឯ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក កាលពី​ថ្ងៃ​ទី​៣ ធ្នូ ថា កម្ពុជា នឹង​ផ្ដល់​ចម្លើយ​ចំពោះ​របាយការណ៍​វាយតម្លៃ​បឋម​របស់​គណៈកម្មការ​អឺរ៉ុប ត្រឹម​ថ្ងៃ​ទី​១២ ធ្នូ​។ លោក​ថា រាល់​ចម្លើយ​ទាំងអស់​នឹង​ផ្ដោត​លើ​ដំណើរ​វិវឌ្ឍ​ចុងក្រោយ និង​បញ្ហា​កង្វះខាត​នានា ដែល​បាន​លើកឡើង​ក្នុង​របាយការណ៍​នេះ៖ «ថា​តើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​នយោបាយ​នឹង​ធ្វើ​ដូច្នេះ​ដែរ​ឬ​ទេ​? ប្រាកដ​ណាស់ យើង​ប្ដេជ្ញា​ចិត្ត​កែ​លម្អ​ស្ថានភាព​ទាំងនេះ​។ ពាក់ព័ន្ធ​នឹង​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ យើង​ក៏​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ បន្តិច​ម្តងៗ ដោយ​ផ្អែក​តាម​សេចក្តី​ប្រកាស​របស់​យើង​កាល​ពី​ឆ្នាំ​ទៅ​។ ដំណើរការ​នីតិកម្ម មិនមែន​ជា​ដំណើរការ​ខ្លី​នោះ​ទេ វា​ត្រូវការ​ពេលវេលា។ យើង​ធ្វើការ​បន្តិច​ម្តងៗ ដើម្បី​កែ​លម្អ​លំហ​នយោបាយ និង​លំហ​សង្គម​ស៊ីវិល»

លោក ណុំ ពិសិដ្ឋ ពន្យល់​ប្រាប់​ទៅ​សមាជិក​សភា​អឺរ៉ុប និង​សមាជិក​គណៈកម្មាធិការ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សភាតំណាងរាស្ត្រ​អឺរ៉ុប ថា លោក​សង្ឃឹមថា តុលាការ​នឹង​ប្រកាស​ពេលវេលា​អំពី​ដំណើរការ​កាត់​ក្តី​សំណុំរឿង​លោក កឹម សុខា នា​ពេល​ឆាប់ៗ​នេះ​។ លោក​ថា លោក កឹម សុខា អាច​នឹង​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​ពេញលេញ លុះត្រាតែ​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស ប្រសិនបើ​តុលាការ​រក​ឃើញ​ថា លោក​ពិតជា​មានទោស​ពាក់ព័ន្ធ​នឹង​បទ ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស​មែន​នោះ​។ ដោយឡែក​ចំពោះ​បញ្ហា​សង្គម​ស៊ីវិល​វិញ លោក​ថា រដ្ឋាភិបាល បាន​បើក​កិច្ច​ពិគ្រោះ​យោបល់​ពីរលើក​ជាមួយ​សង្គម​ស៊ីវិល ដើម្បី​ចាប់​ផ្តើម​ធ្វើ​វិសោធនកម្ម​ច្បាប់​កែ​លម្អ​សិទ្ធិ​របស់​សង្គម​ស៊ីវិល​។ ដូចគ្នា​នេះ ដែរ​ចំពោះ​ច្បាប់​ស្ដីពី​សហជីព​វិញ លោក​ថា ឥឡូវនេះ រដ្ឋសភា​កំពុង​ដំណើរ​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​នេះ។

ការ​ពន្យល់​ប្រាប់​សមាជិកសភា​អឺរ៉ុប​នេះ ពី​សំណាក់​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​សហភាព​អឺរ៉ុប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​នៅសល់​ពេល​តែ​៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដើម្បី​ដាក់​របាយការណ៍​ពន្យល់​ទៅ​គណៈកម្មការ​អឺរ៉ុប យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​១២ ធ្នូ ដ៏​ខ្លី​ខាងមុខនេះ​។ របាយការណ៍​វាយតម្លៃ​បឋម​របស់​គណៈកម្មការ​អឺរ៉ុប​រក​ឃើញ​ថា មានការ​រំលោភបំពាន​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​ទៅលើ​សិទ្ធិ​សំខាន់ៗ​ចំនួន ៥ ជាពិសេស​គឺ សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។