ពលករខ្មែរជាងដប់នាក់ ដែលធ្វើការនៅលើទូកនេសាទនៅក្នុងប្រទេសម៉ាឡេស៊ី បន្តអំពាវនាវដល់អាជ្ញាធរកម្ពុជា ជួយសម្របសម្រួលបញ្ជូនពួកគេមកកម្ពុជាវិញ ដោយសារតែថៅកែទូកនេសាទ បានផ្អាកការងារមួយរយៈហើយ ក្រោយផ្ទុះរីករាលដាលជំងឺកូវីដ-១៩នៅក្នុងប្រទេសម៉ាឡេស៊ី។ មន្ត្រីសង្គមស៊ីវិល យល់ថា រដ្ឋាភិបាលគួរតែពិនិត្យ និងឆ្លើយតបចំពោះសំណើរបស់ពលករទាំងនេះ។
ពលករ១២នាក់ អះអាងថា ពួកគេបានព្យាយាមទូរស័ព្ទទៅមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីជាច្រើនថ្ងៃមកហើយ ដើម្បីស្នើសុំឱ្យជួយអន្តរាគមន៍បញ្ជូនពួកគេមកកម្ពុជាវិញ ប៉ុន្តែមន្ត្រីទាំងនោះ ពុំទទួលទូរស័ព្ទរបស់ពួកគេនោះឡើយ។
ពលករលើទូកនេសាទម្នាក់ គឺលោក ជា វណ្ណៈ អាយុ៣៥ ឆ្នាំ រៀបរាប់ថា ពួកលោក នៅតែចង់ឱ្យអាជ្ញាធរកម្ពុជា ជួយសម្របសម្រួលឱ្យពួកលោកបានវិលត្រឡប់ទៅកម្ពុជាវិញ ព្រោះថៅកែទូកនេសាទ បានផ្អាកការងារមួយរយៈហើយ ដោយមិនដឹងថា ថៅកែនឹងបើកដំណើរការវិញពេលណានោះទេ។ លោកបន្តថា សព្វថ្ងៃ ថៅកែបានឱ្យពួកលោករស់នៅលើទូក និងបានជួយផ្គត់ផ្គង់បាយទឹកខ្លះដែរ ប៉ុន្តែពួកពុំមានការងារធ្វើ ដើម្បីបានប្រាក់ខែសម្រាប់ផ្គត់ផ្គង់គ្រួសារដូចមុនឡើយ។ ពលករលើទូកនេសាទរូបនេះ បន្តថា លោកនឹងព្យាយាមទូរស័ព្ទទៅសុំអន្តរាគមន៍ពីស្ថានទូតតទៅទៀត៖ «ខ្ញុំលឺតែគេថាដែរតាំងពីដើមមក គឺពិបាករហូត តែបើថា យើងមានលុយឱ្យគេ គឺគេទាក់ទងឱ្យលឿនណាស់។ ខ្ញុំឆ្ងល់ថា ធ្វើដល់ស្ថានទូត ប្រៀបដូចជាសមាគមមួយសម្រាប់ជួយពលរដ្ឋ ចុះហេតុអីចាំបាច់តែយកលុយអ៊ីចឹង។ តែខ្ញុំមិនដែលជួបប្រទះខ្លួនឯងទេ រឿងស្ថានទូតយកលុយនេះ គ្រាន់តែពេលនេះជួបប្រទះករណីខលទៅមិនលើក»។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រទេសម៉ាឡេស៊ី បានដាក់លេខទូរស័ព្ទបីខ្សែ (គឺលេខ (+60)017 79 45 066 ) សម្រាប់កិច្ចការពលករ និង(លេខ (+60)034 25 711 50 /017 79 42 368 ) សម្រាប់កិច្ចការកុងស៊ុល។ ប៉ុន្តែអាស៊ីសេរី បានព្យាយាមទាក់ទងលេខទូរស័ព្ទទាំងនេះជាច្រើនលើកដែរ ហើយពុំមានអ្នកទទួលនោះទេ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ក៏មិនទទួលទូរស័ព្ទដែរ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ស្ថានទូតកម្ពុជានៅក្រៅប្រទេស គឺតំណាងឱ្យរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដូច្នេះគួរតែធ្វើយ៉ាងណាអាចឱ្យពលរដ្ឋទាក់ទងបាន ហើយផ្តល់ព័ត៌មានអំពីលទ្ធភាព និងជម្រើសផ្សេងៗសម្រាប់ជួយដល់ពលករខ្មែរ៖ «ត្រូវតែផ្តល់ព័ត៌មានឬទាក់ទងជាមួយគាត់ដើម្បីផ្តល់នូវជម្រើសសម្រាប់គាត់ពីរដ្ឋាភិបាល ជាពិសេសគឺស្ថានទូតនៅម៉ាឡេស៊ីនោះ ដែលត្រូវមានអ្នកទទួល ទូរស័ព្ទជាប្រចាំ ដើម្បីអាចពួកគាត់ទាក់ទងបានគឺជារឿងមួយសំខាន់។ទោះបីជាយ៉ាងណាក៏ដោយ ការដែលទំនាក់ទំនងនេះគឺអាចជាការផ្តល់ព័ត៌មានផ្សេងៗទៀត ឬប្រាប់ពីលទ្ធភាពរបស់ រដ្ឋក្នុងការជួយគាត់ដើម្បីឱ្យគាត់ត្រឡប់មកកម្ពុជាវិញ ឬក៏នៅក្នុងកិច្ចសហការណាមួយជាមួយម៉ាឡេស៊ីគឺជារឿងមួយសំខាន់»។
ពលករខ្មែរទាំង១២ នាក់ គឺជាអ្នករស់នៅឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ ពួកគេ គឺជាអ្នករក ចំណូលដ៏សំខាន់សម្រាប់ជួយគ្រូសារក្រីក្ររបស់ពួកគេនៅឯស្រុកកំណើត។ ពួកគេថា ខំចំណាកស្រុក ប៉ុន្តែគ្មានការងារធ្វើដដែល គឺកាន់តែធ្វើឱ្យជួបការលំបាកក្នុងជីវភាពបន្ថែមទៀត ដូច្នេះហើយទើបចង់វិលទៅស្រុកវិញ ដើម្បីរកការងារធ្វើ ក្រែងបានប្រាក់ចំណូលខ្លះៗសម្រាប់ជួយគ្រួសារ។
ការស្នើសុំឱ្យរដ្ឋាភិបាលជួយសម្របសម្រួលបញ្ជូនពួកគេ វិលត្រឡប់ទៅកម្ពុជានេះ ដោយសារ រដ្ឋាភិបាលម៉ាឡេស៊ី បានបិទប្រទេសមិនឱ្យមានការចេញចូលចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី១៤ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
មាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនៅឯបរទេស ត្រូវបានរដ្ឋគាំពារ។ចំណែកមាត្រា៣៥ ចែងថា សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយដោយហ្មត់ចត់ដោយអង្គការរដ្ឋ៕