លោក ជា មុន្នី បន្តចោទប្រកាន់ថារដ្ឋាភិបាលជាប់ពាក់ព័ន្ធការបាញ់សម្លាប់បងប្រុសលោក
2016.01.22
ប្អូនប្រុសលោក ជា វិជ្ជា គឺលោក ជា មុន្នី នៅតែបន្តចោទប្រកាន់ថា រដ្ឋាភិបាលជាប់ពាក់ព័ន្ធនឹងការសម្លាប់ បងប្រុសរបស់លោក។ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលបដិសេធការចោទប្រកាន់នេះ ចំណែកមន្ត្រីបក្សប្រឆាំងថា បើរដ្ឋាភិបាល មិនចង់ឲ្យគេចោទប្រកាន់ទេ ត្រូវប្រញាប់រកឃាតកពិតមកផ្ដន្ទាទោស ដើម្បីលុបលាងការចោទប្រកាន់។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុន្នី ព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រសិនបើសមត្ថកិច្ច នៅរកមិនឃើញឃាតកបាញ់សម្លាប់ លោក ជា វិជ្ជា។ លោក ជា មុន្នី អះអាងថា សព្វថ្ងៃនេះ មានកម្មករជាង៦០ម៉ឺននាក់គាំទ្រសហជីព។ ការលើកឡើងរបស់ ជា មុន្នី បែបនេះ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធខួបទី១២ ថ្ងៃទី ២២ ខែមករា។
តំណាងសហជីព តំណាងកម្មករ កម្មការិនី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងព្រះសង្ឃ ប្រមាណ១០០នាក់ និងអង្គ ទៅជួបជុំគ្នានៅទីតាំងរូបសំណាកលោក ជា វិជ្ជា នៅឈៀងខាងលិច វិមានឯករាជ្យ រួចហើយទៅអុជធូប នៅមុខតូបលក់កាសែតមុខវត្តលង្កា ទើបពួកគេនាំគ្នា មកថ្លែងនៅមុខរូបសំណាកវិញ។
លោក ជា មុន្នី និយាយថា លោកនៅតែទិតៀនរដ្ឋាភិបាលរហូត ប្រសិនរដ្ឋាភិបាលចាប់ឃាតកមិនបាន។ លោកថា ប្រសិនសមត្ថកិច្ចសារភាពអស់លទ្ធភាពរកឃាតក និងលោកជួយផ្តល់ឯកសារពាក់ព័ន្ធដើម្បីឈានទៅចាប់ខ្លួនជនប្រព្រឹត្ត៖ «សំខាន់រឿងឆន្ទៈរបស់រដ្ឋាភិបាល បើគាត់គិតថា ដើម្បីស្តាមុខមាត់ត្រឹមផ្កាយពីផ្កាយបីចាប់ទៅ ប៉ុន្តែបើគិតហ្អែងជួយអញ អញជួយហ្អែងធ្វើអ៊ីចឹងទៀតទៅ»។
លោក ជា វិជ្ជា ជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កា ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា មកទល់ពេលនេះ សមត្ថកិច្ច មិនទាន់មានពន្លឺ នៃការស៊ើបអង្កេតស្វែងរកឃាតកពិតសម្លាប់លោកជា វិជ្ជា នៅឡើយ។ លោក អំពាវនាវឲ្យសាធារណជនទាំងអស់ ជួយសហការជាមួយសមត្ថកិច្ចក្នុងការស្វែងរកឃាតកនេះ៖ «កន្លងមកអ្វីដែលយើងធ្វើអាស្រ័យសាក្សី និងភស្តុតាង ប៉ុន្តែសាក្សីភាគច្រើនគាត់អត់នៅក្នុងប្រទេស»។
កន្លងមក ករណីឃាតកម្ម ការប្រើអំពើហិង្សា និងការគំរាមសម្លាប់ ព្រះសង្ឃ អ្នកការពារបរិស្ថាន មន្ត្រីបក្សប្រឆាំង គេកម្រឃើញសមត្ថកិច្ចចាប់ឃាតកបានណាស់។ ប៉ុន្តែ បើករណី គំរាមសម្លាប់ សម្លាប់មន្ត្រីរដ្ឋាភិបាល ឃើញសមត្ថកិច្ចចាប់ខ្លួនជនប្រព្រឹត្តបានលឿន។
តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការទី១ ទទួលបន្ទុកអង្កេត និងសិទ្ធិមនុស្សនៃរដ្ឋសភា លោក អេង ឆៃអ៊ាង និយាយថា ប្រសិនបើរដ្ឋាភិបាល មិនចង់អោយសាធារណៈមតិចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធករណីឃាតកម្មនេះ ត្រូវប្រញាប់រកឃើញឲ្យបានឆាប់។ លោក បន្តថា លោកនឹងកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សាកសួរនៅសភា ដើម្បីឆ្លើយបំភ្លឺនៃការអនុវត្តការងាររបស់ខ្លួន៖ «ខ្ញុំគ្រាន់តែស្នើសុំទៅរដ្ឋាភិបាលបើមិនចង់ឲ្យគេរិះគន់ទេ រកឲ្យឃើញទៅចប់ហើយ»។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ លោក ហ៊ុន សែន បានបញ្ជាឲ្យបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេស លើឃាតកម្មសម្លាប់លោក ជា វិជ្ជា និង មេសហជីពពីររូបផ្សេងទៀត ប៉ុន្តែមកទល់ពេលនេះសមត្ថកិច្ចមិនទាន់បាន បង្ហាញតម្រុយណាមួយពីការស៊ើបអង្កេតនេះនៅឡើយ។ លោក ជា មុនី អះអាងថា លោកទទួលបានឯកសារខ្លះ ហើយ មន្ត្រីប៉ូលិសជាន់ខ្ពស់មួយចំនួន លួចខ្សឹបប្រាប់លោក ពីអ្នកនៅក្រោយដែលបញ្ជាឲ្យបាញ់សម្លាប់ លោក ជា វិជ្ជា៕