អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ អំពាវនាវ​ដល់​សហភាព​អឺរ៉ុប​​​ឱ្យ​បន្ត​ដាក់​សម្ពាធ​​របប​​ក្រុង​​ភ្នំពេញ​ឱ្យ​​ទម្លាក់​​បទ​​ចោទ​​ប្រឆាំង​​លោក កឹម សុខា

0:00 / 0:00

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប ​បន្ត​ដាក់​សម្ពាធ​ឲ្យ​របប​ក្រុងភ្នំពេញ ទម្លាក់​បទ​ចោទ​ប្រឆាំង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​លោក កឹម សុខា និង​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​ជា​បន្ទាន់​ និង​ដោយ​ឥត​លក្ខខណ្ឌ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាលពី​ថ្ងៃ​ទី១០ ខែ​ធ្នូ បាន​ចេញ​សេចក្ដី​ថ្លែង​ការ ផ្ញើ​សារ​ទៅ​សហភាព​អឺរ៉ុប គាប់​ជួន​នឹង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ កុំ​ឲ្យសហភាព​អឺរ៉ុប ​ចាញ់បោក​ល្បិច​នយោបាយ​ប្រជាភិថុតិ​របស់​លោក ហ៊ុន សែន ដែល​ថ្មីៗ នេះ ធ្វើជាដោះលែងសកម្មជន​បក្ស​ប្រឆាំង​ជាង ៧០នាក់ ឲ្យ​នៅក្រៅឃុំ​ជា​បណ្តោះអាសន្ន ​ប៉ុន្តែមិន​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង ​លើ​ពួកគាត់​ទាំងអស់នោះ នោះ​ឡើយ។​ ជាងនេះទៅទៀត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​លោក កឹម​ សុខា ត្រូវ​របបនេះបន្ធូរ​បន្ថយ​លក្ខខណ្ខឃុំខ្លួនខ្លះ ប៉ុន្តែក៏​មិន​​ទម្លាក់​​ចោល​​បទ​​ចោទ​​ប្រកាន់​លើ​​​រូប​​​លោក និង​​​ថែម​​ទាំង​​​បញ្ជូន​​​រឿង​​លោក ​ទៅ​​​កាត់​​​ទោស​​ថែម​ទៀត​​​ផង។​

សកម្មជនគណៈបក្សសង្គ្រោះជាតិជាង ៨០នាក់ ត្រូ​វបាន​របបក្រុងភ្នំពេញ​ សម្រុក​ចាប់ខ្លួនជាទ្រង់​ទ្រាយ​ធំ ក្នុង​អំឡុងខែ​សីហា ដល់ដើម​​ខែ​វិច្ឆិកា ដោយ​អ្នកទាំងនោះ ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​​ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិលោក សម រង្ស៊ី ដែលប៉ុនប៉ង​វិលទៅ​ប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា។ ចំណែក​ឯលោក កឹម សុខា វិញ ​ត្រូវ​​បានលោក ហ៊ុន សែន ចេញ​​បញ្ជា​​ផ្ទាល់ ឲ្យ​​​ចាប់​ខ្លួន​​ទាំង​កណ្តាល​​យប់ ដោយ​ចោទពីបទក្បត់​ជាតិ​ កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ២០១៧ មុន​​របប​​នេះ​​រម្លាយ​​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រោយ​រម្លាយ​គណបក្សសង្គ្រោះជាតិ របបក្រុងភ្នំពេញ​​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ឥតស្រាកស្រាន្ត​លើ​មន្រ្តីបក្សប្រឆាំង បណ្តេញ​អង្គការ​​សង្គម​ស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ ធ្វើទុក្ខបុកម្នេញ​សហជីព​​​​កម្មករ​ សកម្មជន​ការពារ​​សិទ្ធិមនុស្ស និង​ដីធ្លី ហាមឃាត់​សិទ្ធិនយោបាយ​​មន្រ្តី​ជាន់​ខ្ពស់​​បក្ស​ប្រឆាំង ១១៨រូប រម្លាយ​​ក្របខ័ណ្ឌ​មន្រ្តី​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់​​ជាប់​​ឆ្នោត​​របស់​​​គណបក្ស​សង្គ្រោះ​​​​ជាតិ​​​ទាំង ៥០០៧​នាក់​ ដែល​អ្នកបោះឆ្នោតជាងបីលាននាក់ បោះឆ្នោត​គាំទ្រនិងទុកចិត្ត ឲ្យ​​បម្រើ​​ពួក​គាត់​នោះ មន្រ្តីជាន់ខ្ពស់​បក្សប្រឆាំង​ជាច្រើន រួមទាំង​ក្រុមប្រឹក្សា​ជាប់ឆ្នោត​បក្សនេះផង ដោយ​​មិន​​អាច​ស៊ូទ្រាំ និង​ការ​ធ្វើទុក្ខម្នេញ​ទាំងនេះបាន បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បីសុវត្ថិភាព និង​បន្ត​ជីវភាព​នយោបាយ​។

ប្រធានគណបក្សសង្គ្រោះជាតិ​លោក កឹម សុខា ដែលដំបូង​ត្រូវជាប់ឃុំក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្រោយ​មក​ជាប់ឃុំក្នុង​ផ្ទះ នៅតែគ្មាន​សេរីភាពធ្វើដំណើរទៅ​ព្យាបាលជំងឺនៅក្រៅប្រទេស ដោយ​តុលាការ​ហាមឃាត់​សិទ្ធិធ្វើដំណើរទៅក្រៅប្រទេស។ ជាងនេះទៅទៀត សិទ្ធិធ្វើ​នយោបាយ​របស់​លោក​ កឹម សុខា ត្រូវ​បាន​ហាម​ឃាត់​ទាំងស្រុងដែរ។

អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ ស្នើ​ឲ្យ​សហភាពអឺរ៉ុប ដាក់​សម្ពាធលើ​របបលោក ហ៊ុន សែន ដោយ​ធ្វើ​យ៉ាង​ណា ឲ្យរបបនេះ​ទម្លាក់ចោលរាល់បទចោទប្រកាន់ពីអំពើ​ក្បត់​ជាតិ ដែល​ប្រឌិត​ឡើង ប្រឆាំង​លើ​លោក​ កឹម សុខា នោះ​ជាបន្ទាន់​ និង​ដោយ​ឥត​លក្ខខណ្ឌ និងស្តារ​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​ឡើងវិញ។

នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​នៅតំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថ្លែងថា​សំណុំរឿង​ចោទប្រកាន់​លោក កឹម សុខា នេះ គឺ​គ្រាន់​តែ​ជា​លេស​ដែល​គ្មាន​មូលដ្ឋាន ដើម្បី​វាយ​ប្រហារ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​​គណបក្ស​​ប្រឆាំង​​តែ​​ប៉ុណ្ណោះ។

ស្របពេលដែលគណៈកម្មការ​អឺរ៉ុប កំពុង​ទុកឱសានវាទ ឲ្យ​របបលោក ហ៊ុន សែន កែខ្លួននេះ លោកបន្ត​ទៀតថា លោក ហ៊ុន សែន ត្រូវ​តែ​បង្ហាញ​សកម្មភាព ជាក់ស្តែង និង​ដោយ​ស្មោះ​ស​ពិត​ប្រាកដ​ថា ​នាយករដ្ឋ​មន្រ្តីនៃរបបឯកបក្សនេះ ពិតជាត្រៀម​ខ្លួន​រួច​រាល់​ ក្នុងការ​បញ្ឈប់​យុទ្ធនាការបង្ក្រាប និង​ធ្វើ​ទុក្ខបុកម្នេញ​សំឡេង​បក្ស​ប្រឆាំងតទៅទៀត។

របបលោក ហ៊ុន សែន រងការថ្កោលទោស​ជុំទិសពីសហគមន៍អន្តរជាតិ ដែលប្រកាន់​​លទ្ធិ​ប្រជាធិបតេយ្យ ជា​ពិសេស​​សហរដ្ឋ​​អាមេរិក និង​សហភាព​​អឺរ៉ុប។ សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា តាម​​រយៈ​គណៈកម្មការ​​អឺរ៉ុប បាន​​បញ្ជូន​​របាយការណ៍​បឋម ​ស្តីពី​ការ​​ព្យួរ​​ការ​អនុគ្រោះ​ពន្ធ ដែល​​មាន​​កម្រាស់​ ៧០ទំព័រ​​ទៅ​​របប​ក្រុង​ភ្នំពេញ ដោយ​​ទុក​​ពេល​ ៣០ថ្ងៃ ដើម្បី​ឲ្យ​​របប​នេះ​​ឆ្លើយ​​តប ជុំវិញ​​ការ​​​រក​ឃើញ​អំពី​​ករណី​​រំលោភ​សិទិ្ធ​មនុស្ស និង​បំផ្លាញ​​ប្រជាធិបតេយ្យ​​ធ្ងន់ធ្ងរ​​នៅ​កម្ពុជា។

នៅក្នុង​របាយការណ៍នោះ គណៈកម្មការអឺរ៉ុប​លើក​ឡើង​ថា ការ​រំលោភសិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​​ធ្ងន់ធ្ងរ​នេះ គឺ​រំលោភ​លក្ខខណ្ឌ​​ក្នុង​​ការ​​បន្ត​​ផ្តល់​​ការ​​អនុគ្រោះ​ពន្ធ EBA ត​ទៅ​ទៀត​​ដល់​កម្ពុជា។ ឱសាននុវាទ ៣០ថ្ងៃ​នោះ នឹង​ចូលមកដល់​នៅ​ថ្ងៃ​ស្អែក​នេះ (ថ្ងៃ​ទី​១២ ខែ​ធ្នូ) ហើយ។ គណៈកម្មការ​អឺរ៉ុប នឹង​ព្យួរ​ការ​អនុគ្រោះ​ពន្ធនេះ​​ពី​​កម្ពុជា ប្រសិន​បើ​​របប​ក្រុង​ភ្នំពេញ នៅ​​តែ​​មិន​​ព្រម​ស្តារ​​​សិទ្ធិ​មនុស្ស និង​​ប្រជាធិបតេយ្យ​​ឡើង​វិញ។

ក្រោយ​សហភាព​អឺរ៉ុប បញ្ជូន​របាយការណ៍ទៅដល់​ដៃ​របបលោក ហ៊ុន សែន ភ្លាម ដោយទុកឱសានវាទ​ឲ្យ​ឆ្លើយតបក្នុង​រយៈពេល ៣០ថ្ងៃនោះ ស្រាប់តែលោក ហ៊ុន សែន បញ្ជា​ឲ្យ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ជាង ៧០នាក់​នោះ​​ភ្លាមៗ ទោះ​អាជ្ញាធរ​មិន​បាន​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​អ្នក​ទាំងនោះ ក៏ដោយ។ ទោះជាយ៉ាងនេះក្តី នៅសល់​សកម្មជនបក្សប្រឆាំងជិត ២០រូប​ផ្សេង​ទៀត ដែល​កំពុងតែ​​ជាប់​ឃុំ​នៅឡើយ។

របាយការណ៍របស់​សហភាពអឺរ៉ុបនេះ ក៏ធ្វើ​ឲ្យ​របបលោក ហ៊ុន សែន ប្រញាប់​ប្រញាល់​ ចាត់​ការ​លើ​សំណុំរឿង​លោក កឹម សុខា ដែល​ជាង​ពីរឆ្នាំ​មុននេះ​ គ្មាន​តម្រុយ​ណាមួយ ដែល​ថា​សំណុំរឿង​នេះ នឹង​បិទបញ្ចប់​កិច្ចស៊ើបសួរ​ពេលណា ឬត្រូវ​ជំនុំជម្រះពេលណា​នោះឡើយ។ ពេលនេះកិច្ចស៊ើបសួរ​ក៏បាន​បិទបញ្ចប់។ ប៉ុន្តែ​លោក កឹម សុខា ត្រូវបាន​តុលាការ​បញ្ជូន​រឿងទៅកាត់ទោស ដោយ​​កំណត់​យក​ថ្ងៃទី១៥ ខែ​មករា ឆ្នាំ ២០២០ ជាថ្ងៃជំនុំជម្រះ។

មន្រ្តីរបបក្រុងភ្នំពេញ អះអាងថា​ចំណាត់ការ​លើ​សំណុំរឿង​លោក កឹម សុខា គឺជាសមត្ថកិច្ចរបស់​តុលាការ​ឯករាជ្យ​របស់កម្ពុជា។ អ្នកនាំពាក្យ​របបនេះ គឺ​លោក ផៃ ស៊ីផាន អះអាងថា លោក​មិនចាប់អារម្មណ៍នឹង​សារអំពាវនាវ​របស់​ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ​នេះ​ទេ៖ «តុលាការ​កម្ពុជា​ឯករាជ្យ​ចេញ​ពី​ស្ថាប័ន ឬបុគ្គល​ ឬអង្គការ​ណាទាំងអស់​ នៅ​លើ​ពិភពលោកនេះ​។ គ្មាន​នរណា​បង្គាប់​គេ​ឲ្យ​ធ្វើ​យ៉ាងម៉េចៗ តាម​តែ​ចិត្ត​នោះ​ទេ។ តុលាការ​ខ្មែរ ស្ថិត​ក្រោមការ​បង្គាប់​របស់​ខ្មែរ។ ដូច្នេះ ការ​អំពាវនាវ​ ការលើកឡើង​នោះ អត់​ប្រយោជន៍អ្វី​ សម្រាប់​យើង​ខ្ញុំ​រាជរដ្ឋាភិបាល​ យក​ទៅ​ពិចារណា​នោះទេ »

ជាងនេះទៅទៀត លោក ផៃ ស៊ីផាន បន្ថែមថា រឿង​ការព្យួរការអនុគ្រោះពន្ធ EBA ឬយ៉ាងណានោះ មិនពាក់ព័ន្ធនឹង​កិច្ចការ​តុលាការ​កម្ពុជានោះឡើយ។ ទោះជាយ៉ាងនេះក្តី លោកថារបបក្រុង​ភ្នំពេញ នៅតែបន្ត​ជជែក​គ្នា​ជាមួយ​សហភាពអឺរ៉ុប ជុំវិញបញ្ហា​ EBA នេះ។

ទោះបីជាលោក ផៃ ស៊ីផាន អះអាង​ថា តុលាការ​កម្ពុជាឯករាជ្យ ក៏ការ​ចាប់ខ្លួន​លោក កឹម​ សុខា គឺធ្វើឡើងតាម​បញ្ជារបស់​លោក ហ៊ុន សែន ដែលតុលាការ​គ្រាន់តែធ្វើ​បង្គ្រប់កិច្ច តែ​​ប៉ុណ្ណោះ។ ​លោក ហ៊ុន សែន ​ប្រកាស​ប្រាប់សាធារណៈជនយ៉ាង​ចំហដោយ​ខ្លួន​ឯងចំពោះរឿងនេះ​​ នៅចំពោះ​មុខ​និស្សិតខ្មែរ ដែល​រង់ចាំការ​ចែកសញ្ញាប័ត្រ កាលពី​ដើមឆ្នាំ២០១៨។ លោក​ចាត់​ទុក​លោក កឹម សុខា ថាជាពិរុទ្ធជនពេញៗមាត់​ មុន​តុលាការ​សម្រេច​ទៅទៀត៖ «ហើយ​ខ្ញុំ​មិន​ជឿ​ថា​គេ​នឹង​ដោះលែង​អាចោរ​​ក្បត់ជាតិ​នោះទេ ព្រោះនេះជាអំពើ​ក្បត់​ជាតិ​។ ហើយ​អ្នក​ដែល​ចាប់​ខ្លួន​ដំបូង អ្នក​ដែល​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ដំបូង​ គឺ​ ហ៊ុន សែន អ្នក​បញ្ជា​។ គ្មាន​នរណាផ្សេង​ទេ។ បើ​គ្មាន​បទបញ្ជាពី ហ៊ុន សែន​ គ្មាន​នរណា​ហ៊ាន​ចាប់​ទេ។ តែទោ​ស​ក្បត់​ជាតិ គឺ​ត្រូវ​ចាប់​ទាំង​យប់​ហ្នឹង»។

ក្រោយ​ការថ្លែងនេះ តុលាការ​របបលោក ហ៊ុន សែន សម្រេច​ក្តី​ឲ្យ​លោក កឹម សុខា​ ចាញ់ក្តី​គ្រប់​ពាក្យ​បណ្តឹង​មុន​អង្គសេចក្តី។

ចំណែកឯ​ជោគវាសនា នៃរឿង​ក្តី​លោក កឹម សុខា តទៅមុខទៀត ត្រូវ​ប្រើពេល​យូរ​ ឬឆាប់​ប៉ុនណា ក៏​លោក ហ៊ុន សែន ជា​អ្នក​អារ​កាត់​​នោះ​ដែរ មិន​មែន​​តុលាការ​​ទេ នេះ​បើ​​តាម​​សារ​​នា​​ពេល​​ថ្មីៗ នេះ​​របស់​​លោក ហ៊ុន សែន៖ «ដំណើរការ​ក្តីមួយនេះ គឺមិនមែន​​ត្រូវធ្វើ​ម្ង៉ៃ ពីរថ្ងៃ មួយ​ខែ ឬពីរ​ខែ​ទេ វា​ត្រូវ​ប្រើ​រយៈពេល​វែង​។ រួច​ហើយ​មាន​អ្នក​ខ្លះ ថា​បន្តិច​ទៀត​ព្រះ​មហាក្សត្រ​ លើក​លែង​ទោស​។ បើ​​មិន​​ទាន់​​កាត់​​ទោស​ផង​ តើ​​ព្រះ​មហាក្សត្រ​​មាន​​ទោស​​ឯ​ណា​​សម្រាប់​​លែង»។

ការចោទប្រកាន់លោក កឹម សុខា ពីបទ​សន្ទិដ្ឋិភាព ឬត្រូវ​រ៉ូវគ្នា​ជាមួយរដ្ឋ​បរទេស ដើម្បី​​ផ្តួល​រំលំ​​រដ្ឋាភិបាល​​កម្ពុជា ដែល​​ជា​ទោស​​ក្បត់​ជាតិ​នេះ រង​ការ​​រិះគន់​ជុំ​ទិស​​ពី​​សហគមន៍​អន្តរជាតិ​ ដែល​​ថា​របប​​​ក្រុង​​​ភ្នំពេញ យក​​​រឿង​នេះ​​ជា​​​លេស​​​នយោបាយ ដើម្បី​​​រម្លាយ​​គណបក្ស​​ប្រឆាំង​​តែ​​ប៉ុណ្ណោះ។

សូម្បីតែ​សហមេធាវី​ការពារក្តី​លោក កឹម សុខា ដែលតស៊ូក្តី​គ្រប់​ដំណាក់កាល និងគ្រប់​នីតិវិធីតុលាការ ប៉ុន្តែ​​នៅ​​តែ​​​មិន​​ឈ្នះ​​ក្តី​​នោះ​ ក៏​​ថា​​រឿង​​នេះ​​ជា​​រឿង​​នយោបាយ​​ដែរ ​គ្រាន់​​តែ​​គេ​​​​យក​​​​​តុលាការ​​​មក​ចាត់​​ការ​​​ប៉ុណ្ណោះ។ លោក ចាន់ ចេន សហ​មេធាវី​មួយ​រូប​ ក្នុង​​ចំណោម​សហ​មេធាវី​បួន​​រូប​ ដែល​​ការពារ​​ក្តី​លោក កឹម សុខា ថ្លែង​​កាល​ពី​ថ្ងៃ​ទី៩ ខែ​​ធ្នូ ពោល​គឺ​ភ្លាមៗ ​ក្រោយ​​សាលា​ឧទ្ធរណ៍​ ច្រាន​ចោល​​​បណ្តឹង​​ជំទាស់​ដីកា​បញ្ជូន​​រឿង​​លោក កឹម សុខា ទៅ​កាត់​​ទោស ថា​ក្រុម​មេធាវី​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​បំពេញ​​កិច្ច​​តាម​​ផ្លូវ​​តុលាការ ដើម្បី​ភាព​​ស្អាតស្អំ​​របស់​​លោក កឹម សុខា ទោះ​​បី​​ជា​​ពួក​លោក​​​ដឹង​​​អំពី​​​លទ្ធផល​ថ្ងៃ​នេះ​​ជា​មុន​យ៉ាង​ណា​ក៏​ដោយ​ចុះ៖ «យើង​គិត​ថា​រឿង​នេះ ជា​រឿង​​នយោបាយ ជម្លោះ​​អ្នក​ន​យោបាយ។ អ៊‍ីចឹង​​គួរ​​តែ​​ដោះ​ស្រាយ​​តាម​​ផ្លូវ​​នយោបាយ​ វា​​ល្អ​​ជា​ ដើម្បី​​រក្សា​​ឧត្តម​ផល​ប្រយោជន៍ សម្រាប់​​ប្រទេស​​ជាតិ​​របស់​​យើង»។

ចំណាត់​ការ​រំលោភសិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ របស់​របបក្រុងភ្នំពេញនេះ ត្រូវ​បាន​សហគមន៍អន្តរជាតិ មិន​បន្ធូរ​ដៃឡើយ ក្នុងការ​ថ្កោលទោស និងដាក់ទណ្ឌកម្ម។ គ្រាន់​តែ​គ្រាន់​តែ​​​​ទណ្ឌកម្ម​​​ខ្លះ ដូច​ជា ការ​​ព្យួរ​ការ​​អនុគ្រោះ​ពន្ធ​ជា​ដើម​នោះ ត្រូវ​​ការ​​ពេល​វេលា ដោយ​​សហគមន៍​​អន្តរជាតិ​​ទុក​​ឱកាស​​ឲ្យ​​របប​​លោក ហ៊ុន សែន កែ​ខ្លួន។

ទោះជាយ៉ាងនេះក្តី លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) អំពាវនាវ​​ដល់​សហភាពអឺរ៉ុប​ថា ត្រូវ​តែ​បន្ត​ដាក់សម្ពាធ​​លើ​​របប​ក្រុង​ភ្នំពេញ រហូត​ដល់​​របប​នេះ​​ស្តារ​សិទ្ធិមនុស្ស និង​​ប្រជាធិបតេយ្យ​ឡើង​​​វិញ ដើម្បី​អនុញ្ញាត​​ឲ្យ​​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​និរទ្ទេស​ខ្លួន​​នៅ​ក្រៅ​ប្រទេស អាច​​ធ្វើ​​ដំណើរ​​ត្រឡប់​​ទៅ​​ស្រុក​ខ្មែរ​​វិញ​​ដោយ​​សុវត្ថិភាព ដើម្បី​​ចូលរួម​​ក្នុង​ដំណើរ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​​ត្រឹម​ត្រូវ​​មួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។