Human Rights Watch ស្នើ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ប្រមូល​បំណុល​ពី​ពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព​សង

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) រក​ឃើញ​ថា វិធានការ​ដោះ​បំណុល​ដែល​ដាក់​ចេញ​ដោយ​អ្នក​ផ្ដល់​កម្ចី​ខ្នាត​តូច​ មិន​បាន​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ​ដែល​ជំពាក់​បំណុល និង​ដែល​កំពុង​រង​គ្រោះ​ដោយ​ជំងឺ​កូវីដ-១៩ ឡើយ។ អង្គការ​ដដែល​រក​ឃើញ​ទៀត​ថា គ្រួសារ​ដែល​ជំពាក់​បំណុល​ត្រូវ​ប្រឈម​នឹង​ការ​លក់​ដី និង​ផ្ទះ ដែល​ពួកគេ​ពឹង​អាស្រ័យ ដើម្បី​បាន​រស់រាន​បន្ត​ទៅ​ទៀត។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​ថា រដ្ឋាភិបាល​ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា ត្រូវ​តែ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រមូល​បំណុល​ និង​ការ​ប្រាក់​សម្រាប់​អ្នក​ខ្ចី​ប្រាក់​ខ្នាត​តូច ដែល​មិន​អាច​ទូទាត់​បំណុល​បាន​ដោយសារ​តែ​ជំងឺរាតត្បាត​កូវីដ-១៩។ អង្គការ​​អន្តរជាតិ​មួយ​នេះ​វាយ​តម្លៃ​ថា ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​មិន​គ្រប់គ្រាន់​ដើម្បី​ការពារ​អ្នក​ខ្ចី​ប្រាក់​ឡើយ ហើយ​បាន​រំលោភ​លើ​សិទ្ធិ​រស់​នៅ​ដោយ​ថ្លៃថ្នូរ ជាពិសេស​ការ​ទទួល​បាន​លំនៅឋាន​សមរម្យ។ ចំណែក អ្នក​ផ្ដល់​កម្ចី​ខ្នាត​តូច​វិញ ក៏​ដូច​គ្នា​នេះ​ដែរ គឺ​មិន​បាន​ទទួល​ខុស​ត្រូវ​ផ្នែក​សិទ្ធិ​មនុស្ស​ចំពោះ​អ្នក​ខ្ចី​ប្រាក់​នោះ​ទេ។

នាយក​រង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី១៤ កក្កដា​ថា ពលរដ្ឋ​ខ្មែរ​ជាច្រើន​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដីធ្លី ជាង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ព្រោះ​ពួក​គាត់​គ្មាន​លទ្ធភាព​សង​បំណុល ហើយ​រដ្ឋាភិបាល​បាន​ជួយ​ពួកគាត់​តិច​តួច​បំផុត។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ចេញ​បទបញ្ជា​ឱ្យ​បង្កក​ការ​ប្រមូល​បំណុល​ និង​ការប្រាក់​ចំពោះ​អ្នក​ដែល​រងគ្រោះ​ដោយ​ជំងឺ​កូវីដ-១៩ ហើយ​អនុវត្ត​តាម​ច្បាប់​ចំពោះ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ណា​ដែល​មិន​អនុវត្ត​តាម​បទ​បញ្ជា​នេះ។

អង្គការ​ Human Rights Watch អះអាងថា ពលរដ្ឋ​ខ្មែរ​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​មធ្យម​ខ្ពស់​ជាង​គេ​បំផុត​លើ​ពិភពលោក គឺ​សរុប​ដល់​ទៅ​ជិត ៤ ពាន់​ដុល្លារ (៣.៨០៤) ក្នុង​ពលរដ្ឋ​ម្នាក់។ អង្គការ​ដដែល​នេះ​បន្ត​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដែល​ជា​ស្ថាប័ន​ផ្តល់​អាជ្ញាប័ណ្ណ និង​គ្រប់គ្រង​អ្នក​ផ្តល់​កម្ចី​ខ្នាត​តូច​ មិន​ដែល​បាន​ចេញ​បទ​បញ្ញត្តិ​តឹងរ៉ឹង​ណា​មួយ​ ដើម្បី​ការពារ​អ្នក​ខ្ចី​ប្រាក់​ពី​ការ​ផ្តល់​កម្ចី​ដែល​គ្មាន​ក្រមសីលធម៌​នោះ​ឡើយ។ ជាង​នេះ​ទៅទៀត លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថែម​ទាំង​ជំរុញ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​របស់​កូន​បំណុល​ណា ដែល​ធ្វើ​តាម​ការ​អំពាវនាវ​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី ដោយ​មិន​សង​បំណុល​ក្នុង​ពេល​ពួក​គេ​ធ្លាក់​ខ្លួន​ក្រ​នោះ​ទៀត​ផង។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់​ទុក​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ Human Rights Watch នេះ​ថា ខ្វះ​ការពិត និង​គ្មាន​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​តាម​រយៈ​ធនាគារ​ជាតិ​បាន​រៀបចំ​គោល​នយោបាយ​បន្ធូរ​បន្ថយ​ដល់​ពលរដ្ឋ​ដែល​ជា​​កូន​បំណុល​រួច​ហើយ៖ « យើង​បាន​ឱ្យ​ឯក​ឧត្ដម​អគ្គទេសាភិបាល​ធនាគារ​កណ្ដាល​ហ្នឹង បាន​រៀប​ចំ​គោល​នយោបាយ​ដើម្បី​បន្ធូរ​បន្ថយ​ការ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​កូន​បំណុល​ហ្នឹង នេះ​ជា​ចំណុច​ទី​មួយ។ ចំណុច​ទីពីរ ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​គេ​ជួយ​ដោះស្រាយ​យ៉ាង​សស្រាក់​សស្រាំ។ ដូច្នេះ ការ​លើក​ឡើង​ហ្នឹង គឺ​ជា​គំនិត​របស់​មនុស្ស​តែម្នាក់​ទេ មិន​មែន​តំណាង​ការពិត​នៅ​កម្ពុជា​ទេ »

ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​នេះ អង្គការ​ Human Rights Watch ពិនិត្យ​ឃើញ​ថា សារាចរ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ស្ដីពី​ការ​រៀប​ចំ​ឥណទាន​ឡើងវិញ​នោះ គ្មាន​ការ​ចង្អុល​បង្ហាញ​​ឱ្យ​ជាក់​លាក់​ឡើយ ហើយ​ទុក​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​អ្នក​​កំណត់​ថា តើ​កូន​បំណុល​ណាខ្លះ ជួប​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញ​វត្ថុ។ ជា​លទ្ធផល​ គឺ​ស្ថាប័ន​ហិរញ្ញវត្ថុ​មាន​សិទ្ធិ​អំណាច​តាម​ចិត្ត​ និង​មិន​ចាំបាច់​ផ្តល់​ការ​បន្ធូរ​បន្ថយ​បំណុល​នោះ​ឡើយ។

ទោះជាយ៉ាងណា ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​នៃ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា លោក កាំង តុងងី អះអាង​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បាន​រៀបចំ​កម្ចី​ឡើង​វិញ​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ជាក់​ស្ដែង​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ តាំងពី​ខែ​មីនា​មក​ម៉្លេះ។ លោក​បញ្ជាក់​ថា អតិថិជន​ខ្លះ​ទទួល​បាន​ការ​ផ្អាក​សង​ទាំង​ប្រាក់​ដើម និង​ការប្រាក់ ហើយ​ខ្លះ​ទៀត​អាច​បង់​​ត្រឹម​តែ​ការប្រាក់​ក្នុង​រយៈ​ពេល ៣ ទៅ ៦ខែ។ លោក​បញ្ជាក់​ថា វិធានការ​នេះ​នឹង​ត្រូវ​អនុវត្ត​រហូត​ដល់​ចុង​ឆ្នាំ២០២០។ លោ​កថា ការ​ស្នើ​របស់​អង្គការ Human Rights Watch មិន​អាច​អនុវត្ត​បាន​ឡើយ៖ « ទាក់ទង​នឹង​ការ​ផ្អាក​ការ​សង​ត្រឡប់​មក​វិញ​ពី​អតិថិជន​ រឿង​ហ្នឹង​គឺ​យើង​មិន​អាច​ធ្វើ​បាន​ទេ ដោយសារ​តែ​វា​ប៉ះពាល់​ទៅ​នឹង​ផ្លូវ​ច្បាប់​មួយ​ចំនួន ហើយ​ទន្ទឹម​នឹង​នេះ ក៏​យើង​ឃើញ​ជាក់​ស្ដែង​ថា មាន​អតិថិជន​មួយ​ចំនួន​ គាត់​នៅ​តែ​មាន​លទ្ធភាព​បង់​សង​ជា​ធម្មតា »

លោក កាំង តុងងី ឱ្យ​ដឹង​ទៀត​ថា​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​រៀប​ចំ​ឥណទាន​ឡើង​វិញ ជូន​ដល់​អតិថិជន​ជាង ២សែន ៣ម៉ឺន​នាក់ ក្នុង​ទំហំ​កម្ចី​សរុប​​ជាង​ ១ពាន់​ ១រយ​លាន​ដុល្លារ​អាមេរិក។ ថ្វីបើ​សំណើសុំ​ផ្អាក​ការ​សង​បំណុល​មិន​អាច​អនុវត្ត​បាន​ក៏ដោយ ក៏​លោក​ កាំង​ តុងងី បញ្ជាក់​ថា សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​ទទួល​យក​ក្តី​បារម្ភ​របស់​អង្គការ Human Rights Watch ហើយ​ប្ដេជ្ញា​តាម​ដាន​ និង​ជំរុញ​ឱ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ជួយ​ដល់​អតិថិជន​របស់​ខ្លួន​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ-១៩។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ទទួល​ស្គាល់​ថា ពលរដ្ឋ​មួយ​ចំនួន​ពិត​ជា​ទទួល​បាន​ការ​អនុគ្រោះ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ជា​ម្ចាស់​បំណុល​មែន ក៏​ប៉ុន្តែ​ពួក​គាត់​នៅ​តែ​មាន​កាតព្វកិច្ច​សង​បំណុល​ជា​រៀង​រាល់​ខែ ដែល​ធ្វើ​ឱ្យ​ជីវភាព​​របស់​ពួក​គាត់​កាន់​តែ​យ៉ាប់យ៉ឺន។ លោក​យល់ថា ការ​ផ្អាក​សង​បំណុល​ចំពោះ​ពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព​សង គឺ​ជា​រឿង​ចាំបាច់​ ហើយ​វិធានការ​នេះ​មិន​អាច​ធ្វើ​ឱ្យ​វិស័យ​ធនាគារ ឬ​មីក្រូ​ហិរញ្ញវត្ថុ​ដួល​រំលំ​នោះ​ទេ ព្រោះ​ពលរដ្ឋ​ខ្លះ​នៅ​តែ​មាន​លទ្ធភាព​សងបំណុល​ដដែល៖ « ពីមុន​ គាត់​រក​បាន​ផ្គត់​ផ្គង់​មួយ​ពេលៗ ឥលូវ​នេះ​គាត់​មិន​អាច​មាន​លទ្ធភាព​រក​បាន​ផ្គត់ផ្គង់​មួយ​ពេល​ផង។ អ្នក​ខ្លះ​មាន​តែ​អង្ករ​សម្រាប់​បរិភោគ​ប្រចាំ​ថ្ងៃ​ ស្ទើរ​​តែ​មិន​គ្រាន់​ទៅ​ទៀត។ អ៊ីចឹង យើង​ចង់​ឱ្យ​រដ្ឋាភិបាល ក៏​ដូចជា​មីក្រូ​ហិរញ្ញវត្ថុ ស្ថាប័ន​ពាក់​ព័ន្ធ​ហ្នឹង​មាន​យន្តការ​បន្ថែម​ទៀត​ដើម្បី​ពន្យារ​ពេល​សម្រាល​បន្ទុក​កាតព្វកិច្ច​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​កម្ចី​ហ្នឹង។ មិន​មែនមាន​ន័យ​ថា ប្រជាពលរដ្ឋ​មិន​សង​ទេ ប៉ុន្តែ​យើង​ចង់​ឱ្យ​មាន​ការ​ពន្យារពេល​ក្នុង​លក្ខខណ្ឌ​ណា​មួយ ពេល​ណាមួយ​ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ពួក​គាត់​អាច​មាន​ឱកាស​ស្វែង​រក​ថវិកា ឬ​ប្រាក់​ចំណូល ដើម្បី​ផ្គត់​ផ្គង់​ក្នុង​ជីវភាព​ឱ្យ​បាន​សមស្រប​ ដើម្បី​គាត់​បន្ត​សន្សំ​សំចៃ​ ឬក៏​ស្វែង​រក​ថវិកា​ហ្នឹង​ ដើម្បី​បង់​សង​ត្រឡប់​នៅ​ពេល​ក្រោយ​ទៀត »

អង្គការ​ Human Rights Watch គូស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មាន​កាតព្វកិច្ច​ស្រប​តាម​​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម​ និង​វប្បធម៌ ដើម្បី​ការពារ​សិទ្ធិ​រស់នៅ​សមរម្យ​​​របស់​ពលរដ្ឋ​ម្នាក់ៗ​ រួម​ទាំង​សិទ្ធិ​ទទួល​បាន​លំនៅឋាន និង​អាហារ​សមរម្យ​ផង​ដែរ។ អំឡុង​ពេល​​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បែបនេះ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ផ្តល់​នូវ​កិច្ច​គាំពារ​ពិសេស​ដល់​អ្នក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​រងគ្រោះ ហើយនិង​ធានា​ថា វិធានការ​ជួយ​សង្គ្រោះ​បាន​ទៅ​ដល់​អ្នក​ដែល​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​បំផុត។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន ជឿ​ថា បើ​គ្មាន​ការ​ផ្អាក​ប្រមូល​បំណុល​ទេ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​កំពុង​វ័ណ្ឌក​នឹង​រឿង​បំណុល​នោះ នឹង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ការ​ខ្ចី​បំណុល​ខ្នាត​តូច​កាន់​តែ​ច្រើន​ថែម​ទៀត​ឡើយ។ លោក​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​ត្រូវ​តែ​បញ្ឈប់​ការ​អនុវត្ត​បែប​បង្ខិត​បង្ខំ​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​បង់​ដីធ្លី និង​លំនៅឋាន​ ជាពិសេស​រដ្ឋាភិបាល​ត្រូវ​តែ​គ្រប់​គ្រង​ការ​ផ្តល់​ប្រាក់​កម្ចី​មីក្រូ​ហិរញ្ញ​វត្ថុ​ឱ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​ធានា​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​ធ្វើ​សកម្មភាព ដើម្បី​ផល​ប្រយោជន៍​អតិថិជន​ ជាជាង​រុញ​ពួក​គាត់​ឱ្យ​ផុង​ខ្លួន​កាន់​តែ​ជ្រៅ​ក្នុង​វិបត្តិ​បំណុល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។