អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ទាមទារឱ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលបទចោទប្រកាន់បែបប្រឌិតប្រឆាំងនឹងអតីតអ្នកយកព័ត៌មានកាសែតខេមបូឌាដេលី (The Cambodia Daily) ពីររូប គឺលោក អូន ភាព និងលោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor)។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលតុលាការខេត្តរតនគិរីគ្រោងលើកយកសំណុំរឿងរបស់អ្នកទាំងពីរទៅជំនុំជម្រះនៅថ្ងៃទី២៥ ធ្នូខាងមុខ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ធ្នូថា ការសម្រេចលើកយកសំណុំរឿងអតីតអ្នកកាសែតខេមបូឌាដេលីទាំងពីររូបទៅជំនុំជម្រះនេះ ហាក់ដូចជាបង្កប់នូវចេតនាធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានទាំងឡាយនៅកម្ពុជា។ លោកថា ព្រះរាជអាជ្ញាត្រូវតែទម្លាក់ចោលបទចោទប្រកាន់បែបប្រឌិតនេះ ហើយរដ្ឋាភិបាលក៏ត្រូវបញ្ឈប់សកម្មភាពរឹតត្បិតសេរីភាពសារព័ត៌មានដោយប្រើប្រាស់បទឧក្រិដ្ឋប្រឆាំងនឹងសាព័ត៌មានឯករាជ្យដែរ។
សាលាដំបូងខេត្តរតនគិរីបានចោទប្រកាន់លោក អូន ភាព និងលោក ភីតធ័រ ហ្សមប៊័រ ពីបទ "ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍" កាលពីខែសីហា ឆ្នាំ២០១៧ កន្លងទៅ ពោលគឺមួយសប្ដាហ៍មុនពេលកាសែតខេមបូឌា ដេលីត្រូវបង្ខំចិត្តបិទទ្វារលែងដំណើរការ ដោយសារបញ្ហាពន្ធដារដ៏ចម្រូងចម្រាស់។ តុលាការបានចោទប្រកាន់អ្នកកាសែតទាំងពីររូប ក្រោយពេលពួកគេចុះសម្ភាសពលរដ្ឋក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អំពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។
អ្នកនាំពាក្យសាលាដំបូងខេត្តរនគិរី លោក កែវ ពិសុទ្ធ សវនាការរឿងក្តីនេះ នឹងប្រព្រឹត្តទៅដូចការគ្រោងទុក គឺនៅព្រឹកថ្ងៃទី២៥ ធ្នូ។ លោកថា ការស្នើសុំឱ្យទម្លាក់ចោលបទចោទក្នុងដំណាក់កាលនេះ គឺមិនអាចធ្វើទៅបាននោះទេ ព្រោះតុលាការបានកំណត់រួចហើយថា នឹងត្រូវបើកការជំនុំជម្រះ។ លោកបន្ថែមថា ការសម្រេចសេចក្តីបែបណានោះ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមជំនុំជម្រះ៖ «»
មេធាវីការពារក្តីឱ្យអតីតអ្នកកាសែតខេមបូឌាដេលី លោក សេក សុភ័ណ្ឌ ថ្លែងថា លោកនឹងចូលរូមក្នុងអង្គសវនាការនេះ ដើម្បីជួយការពារកូនក្តីរបស់លោក។ លោកបញ្ជាក់ថា កូនក្តីរបស់លោកទាំងពីរនាក់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះឡើយ ព្រោះពួកគាត់ជាអ្នកកាសែត ដែលតាមវិជ្ជាជីវៈតម្រូវឱ្យមានការសម្ភាស ហើយការឆ្លើយ ឬមិនឆ្លើយនោះ គឺជាសិទ្ធិរបស់ប្រភព។ លោកសង្កត់ធ្ងន់ថា ទង្វើនេះមិនរាប់ថា ជាការញុះញង់នោះឡើយ ដូច្នេះលោកសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោក៖ «»
លោក អូន ភាព និងលោក ភីតធ័រ ហ្សមប៊័រ គឺជាអ្នកកាសែតដ៏ស្វិតស្វាញ និងគោរពវិជ្ជាជីវៈខ្ជាប់ខ្ជូន។ ជាញឹកញាប់ អ្នកទាំងពីរសរសេរអត្ថបទអំពីការកាប់ព្រៃឈើខុសច្បាប់ និងអំពើពុករលួយរបស់រដ្ឋអំណាចក្នុងខេត្តរតនគិរី និងខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា។ អ្នកទាំងពីរបានឈ្នះពានរង្វាន់អត្ថបទស៊ើបអង្កេតដ៏ល្អឥតខ្ចោះពីស្ថាប័នជំនាញសារព័ត៌មាន Society of Publishers កាលពីមិថុនា ឆ្នាំ២០១៧។ ទោះជាយ៉ាងណា ពេលនេះអ្នកកាសែតទាំងពីរកំពុងរស់នៅក្រៅប្រទេស ដើម្បីគេចផុតពីការចាប់ឃុំខ្លួនតាមទំនើងចិត្តរបស់អាជ្ញាធរកម្ពុជា។
អង្គការ Human Rights Watch កត់សម្គាល់ថា រដ្ឋាភិបាលលោក ហ៊ុន សែន បានបង្កើនការវាយប្រហារឥតឈប់ឈរលើសារព័ត៌មានឯករាជ្យនៅរយៈពេល២ ឆ្នាំចុងក្រោយនេះ។ ករណីទាំងនោះ មានជាអាទិ៍ ការបិទកាសែតខេមបូឌា ដេលី ការបិទប្រេកង់វិទ្យុមួយចំនួនដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់ស្ថាប័នព័ត៌មានឯករាជ្យ ការធ្វើទុក្ខបុកម្នេញរហូតដល់វិទ្យុអាស៊ីសេរីបង្ខំចិត្តបិទការិយាល័យរបស់ខ្លួននៅភ្នំពេញ ជាពិសេសគឺការប្ដឹងអ្នកកាសែតជាច្រើននាក់ទៅតុលាការ ព្រមទាំងការចាប់ខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរពីររូប ក្រោមបទចោទប្រកាន់ខ្វះភស្តុតាងរឿងធ្វើចារកម្ម ជាដើម។
លោក ហ្វីល រ៉ូបឺតសុន ថ្លែងថា ការបៀតបៀនអ្នកកាសែតដោយអាជ្ញាធរកម្ពុជា ជាការផ្ញើសារមួយថា សារព័ត៌មានស៊ើបអង្កេត និងឯករាជ្យ មិនត្រឹមតែមិនទទួលបានការស្វាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរុញឱ្យអ្នកសារព័ត៌មានជាប់ពន្ធនាគារផងដែរ។ លោកអំពាវនាវដល់សហភាពអឺរ៉ុប និងរដ្ឋាភិបាលបរទេសទាំងឡាយ ទាមទារឱ្យមានការទម្លាក់ចោលបទចោទប្រកាន់ទាំងនេះ និងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យអ្នកសារព័ត៌មានអាចបំពេញការងារបានដោយគ្មានការយាយី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។