របាយការណ៍៖ ពលករ​ចំណាក​ស្រុក​ខ្មែរ​នៅ​ថៃ​បាន​ជួយ​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​យ៉ាង​សម្បើម

ដោយ ជី វិតា
2019.06.29
Share on WhatsApp
Share on WhatsApp
ពលករ​ខ្មែរ​នៅ​ថៃ 032719 ៦២២ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ទៅ​ទទួល​សេវា​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ ហៅ​កាត់​ថា អាយអូអិម (IOM) សហការ​ជាមួយ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អាស៊ី​ផ្នែក​ជន​ចំណាកស្រុក​នៃ​សកល​វិទ្យាល័យ​ជូឡាឡងកន (Chulalongkorn) បង្ហាញ​ថា ពលករ​ខ្មែរ​ចំណាកស្រុក​នៅ​ប្រ​ទស​ថៃ បាន​ជួយ​លើកស្ទួយ​សេដ្ឋកិច្ច​កម្ពុជា និង​ថៃ យ៉ាង​​សម្បើម។ របាយការណ៍​ក៏​​បង្ហាញ​​ដែរ​​ថា ក្នុងចំណោម​ពលករ​ខ្មែរ​ស្របច្បាប់​ចំនួន​ជាង ៦​សែន​នាក់ (៦៥០០០០) បាន​បញ្ជូន​កូនៗ​របស់​ពួកគេ​តិចតួច​ណាស់​ដែល​បាន​ទៅ​សាលារៀន។

ការស្រាវជ្រាវ​របស់​អង្គការ​អាយអូអិម (IOM) សហការ​ជាមួយ​សកល​វិទ្យាល័យ​ជុឡាឡងកន​(Chulalongkorn) បង្ហាញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា ចំនួន​មធ្យម​នៃ​ទឹកប្រាក់​ដែល​ពលករ​ខ្មែរ​ម្នាក់ៗ​ផ្ញើ​ទៅ​​ឱ្យ​សាច់ញាតិ​នៅ​ឯ​ស្រុកកំណើត គឺ ១.២២៨ ក្នុង​មួយឆ្នាំៗ។

ក្នុងចំណោម​ពលករ​ខ្មែរ​ជាង​ ៩០០នាក់ ពី​ខេត្ត​ចំនួន​ ក្នុង​ប្រទេស​ថៃ ដែល​ត្រូវ​បាន​សាកសួរ​ដោយ​ក្រុម​ស្រាវជ្រាវ​ធ្វើឡើង​ពី​ចន្លោះ​ខែ​កញ្ញា​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ និយាយ​ថា លុយ​ចំនួន​នេះ មាន​សារសំខាន់​ខ្លាំង​ណាស់​​សម្រាប់​ពួកគេ ព្រោះ​វា​បាន​​ជួយ​​ឱ្យ​ជីវភាព​គ្រួសារ​របស់​ខ្លួន​នៅ​ឯ​ស្រុក​ប្រសើរ​ឡើង​។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្លិប​អ្នកការ​សែត​បរទេស (FCC) នៅ​ទីក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ មិថុនា។

ទោះជា​យ៉ាងណា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ក្នុង​នោះ​រួមមាន ភាគច្រើន​នៃ​កូនៗ​របស់​ពួកគេ​មិនបាន​ទៅ​សាលារៀន ជាពិសេស​កូនៗ​របស់​កម្មករ​សំណង់ ដោយសារ​ត្រូវ​ផ្លាស់ប្ដូរ​កន្លែងធ្វើការ​ញឹក​ញាប់ និង​ដោយសារ​កង្វះ​ព័ត៌មាន។

ច្បាប់​ថៃ​អនុញ្ញាត​ឱ្យ​កូនៗ ​របស់​ពលករ​ចំណាកស្រុក​ទាំងអស់ មិន​ថា​ ជា​​ជន​ជាតិ​​ណា​​ទេ អាច​​ចូល​រៀន​សាលា​​ថៃ​​បាន​​នៅ​​តំបន់​ដែល​ឪពុកម្ដាយ​របស់​ក្មេងៗ ​ធ្វើការ។

សាស្ត្រាចារ្យ​សកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) អ្នកស្រីព្រឹមចៃ វង់សិរិភិសាន (Premjai Vungsiriphisal) មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មាន​កុមារៗ ​សរុប​ប្រមាណ​ ៩០.០០០នាក់ ដែល​ជា​កូនៗ ​របស់​ពលករ​ចំណាកស្រុក​មកពី​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា កម្ពុជា និង​ឡាវ កំពុង​រៀន​នៅ​ក្នុង​សាលា​ថៃ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​។ ទោះជា​យ៉ាងណា អ្នកស្រី​មិនដឹង​ថា ចំនួន​កូនៗ​ ពលករ​ខ្មែរ​មាន​ប៉ុន្មាន​នាក់​​នោះ​ទេ ​ដែល​បាន​ចូល​រៀន។ ប៉ុន្តែ​អ្នកស្រី​ដឹង​ថា មាន​តិចតួច​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​​ទៅ​​កូនៗ ​របស់​ពលករ​ជនជាតិ​ភូមា​។ អ្នកស្រី​ថា នៅ​ប្រទេស​ថៃ មាន​អង្គការក្រៅរដ្ឋាភិបាល​ភូមា​ជាច្រើន​ធ្វើ​សកម្មភាព​ជួយ​ដល់​ពលករ​ចំណាកស្រុក​ភូមា ជាពិសេស​បាន​បង្កើត​ម​ណ្ឌ​ល​សិក្សា​ក្រៅ​ប្រព័ន្ធ​ជាច្រើន​កន្លែង​ឱ្យ​កូនៗ​ របស់​ពលករ​ភូមា​​អាច​​រៀន​សូត្រ​​បាន​។ អ្ន​កស្រី​ថា សម្រាប់​ពលករ​ខ្មែរ នៅ​មិន​ទាន់​មាន​អង្គការក្រៅរដ្ឋាភិបាល​ខ្មែរ​ធ្វើ​បែប​នៅឡើយ​ទេ​។ ទោះ​យ៉ា​ងណា​ក្តី​អ្នកស្រី​ថា ឪពុកម្ដាយ​ពលករ​ខ្មែរ​គួរ​ទៅ​សុំ​ចុះឈ្មោះ​កូន​ៗ​នៅ​សាលារៀន​តាម​មូលដ្ឋាន​នីមួយៗ​ដែល​ពួកគេ​រស់នៅ។

សាស្ត្រាចារ្យ​សកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn)  អ្នកស្រី ព្រឹមចៃ វុងសិរិភិសាន (Premjai Vungsiriphisal)។
សាស្ត្រាចារ្យ​សកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) អ្នកស្រី ព្រឹមចៃ វុងសិរិភិសាន (Premjai Vungsiriphisal)។
RFA/Jeevita

ចំណែក​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក​វិញ អ្នកស្រី​ថា គួរ​ជួយ​ពលរដ្ឋ​ខ្លួន​ឱ្យ​ទទួល​បាន​ព័ត៌មាន​ចាំបាច់​នានា ដើម្បី​ឱ្យ​កូនៗ ​របស់​ពួកគេ​ចូលរៀន​សាលា​ថៃ​បាន ព្រោះថា ការ​រ​សិក្សា​សំខាន់​ណាស់​សម្រាប់​ក្មេង៖ «​ស្ថានទូត​គួរតែ​ជួយ​សម្រួល​ដល់​ដំណើរ​នៃ​ការ​ធ្វើ​ចំណាកស្រុក​របស់​ពលករ ឱ្យ​មាន​សុវត្ថិភាព មាន​ថ្លៃ​ចំណាយ​ទាប និង​ឆាប់រហ័ស​ជាង​មុន ដើម្បី​ឱ្យ​អ្នក​ដែល​ចង់​ចំណាកស្រុក​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​មិនសូវ​ជួប​ការ​លំបាក​ ហើយ​បើ​ពួកគេ​យក​កូន​មក​ជា​មួយ ស្ថានទូត​គួរ​ត្រួត​ពិនិត្យ​​សុខុមាលភាព​របស់​ពួកគេ ជាពិសេស​ការសិក្សា​រៀន​សូត្រ​របស់​ក្មេង ធានា​ថា​កូនក្មេង​ទាំងនោះ​ទទួល​បាន​ការអប់រំ​។ ពេល​ខ្ញុំ​និយាយ​ពី​ការអប់រំ មិនមែន​មានន័យថា យើង​ត្រូវតែ​បញ្ជូន​ពួកគេ​ទៅ​សាលា​ទេ គឺ​យើង​អាច​ផ្ដល់​ការអប់រំ​ណា​ដែល​សម​ស្រប​ទៅ​នឹង​តម្រូវការ​របស់​ពួកគេ​»​

អាស៊ីសេរី​បាន​ទាក់ទង​ស្ថានទូត​កម្ពុជា​នៅ​បាងកក​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ នៅ​ថ្ងៃ​សុក្រ ទី​២៨ មិថុនា ប៉ុន្តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​។

ទាក់ទង​នឹង​ការធានារ៉ាប់រង​សុខភាព​របស់​ពលករ​ខ្មែរ​វិញ សាស្ត្រាចារ្យ ព្រឹមចៃ វុងសិរិភិសាន (Premjai Vungsiriphisal) មាន​ប្រសាសន៍​ថា ច្បាប់​ថៃ តម្រូវ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​នីមួយៗ​នៅក្នុង​ប្រទេស​ថៃ ផ្ដល់​ការធានារ៉ាប់រង​ផ្នែក​សុខភាព​ដល់​ពលករ មានន័យថា យ៉ាងហោចណាស់ ពួកគេ​អាច​ទទួល​បាន​ការ​ការពារ​ក្នុង​កម្រិត​ណ​មួយ​ល​​​៖ «ប៉ុន្តែ​បើសិនជា​ពួកគេ​មិន​ទទួល​បាន​ការធានារ៉ាប់រង​សុខភាព​ទេ នៅ​ពេល​ពួកគេ​ឈឺ ពួកគេ​ទៅ​មន្ទីរពេទ្យ ពួកគេ​អាច​នឹង​ត្រូវ​គេ​តម្រូវ​ឱ្យ​បង់ថ្លៃ​សេវា​ព្យាបាល​ដោយ​ខ្លួនឯង​។ ទោះជា​យ៉ាងណា បើ​មិន​មាន​លទ្ធភាព​បង់ថ្លៃ​សេវា​ក៏ដោយ ក៏​ពួកគេ​នៅតែ​អាច​ទទួល​បានការ​ព្យាបាល​ដែរ​។ ក៏ប៉ុន្តែ​ជា​ធម្មតា បើ​មិន​មាន​ធានារ៉ាប់រង​សុខភាព​ទេ ពួកគេ​នឹង​ត្រូវ​តម្រូវ​ឱ្យ​បង់ថ្លៃ​ព្យាបាល​សិន មុននឹង​ទទួល​បាន​ការ​ព្យាបាល​។ អង្គការក្រៅរដ្ឋាភិបាល​កំពុង​ព្យាយាម​ណែនាំ​នូវ​សេវា​ធានារ៉ាប់រង​ប្រភេទ​ផ្សេងៗ ដែល​មាន​តម្លៃ​​​ថោក តែ​នៅតែ​អាច​ឱ្យ​យើង​ទទួល​បាន​សេវា​សុខភាព​។ ប៉ុន្តែ​វា​អាស្រ័យ​លើ​ពលករ​ខ្លួនឯង ថា​តើ​ពួកគេ​យល់ដឹង​ពី​សារសំខាន់​នៃ​សេវា​ធានារ៉ាប់រង​ឬទេ ព្រោះថា ពួកគេ​ខ្លះ​មិន​ចង់​ចំណាយ​បន្ថែម​ពីលើ​ថ្លៃ​ចុះបញ្ជី​នោះ​ទេ​។ តាម​ការពិត សេវា​ធានារ៉ាប់រង មាន​ប្រយោជន៍​សម្រាប់​ពួកគេ​ទេតើ​។ ដូច្នេះ​ខ្ញុំ​យល់ថា ការ​យល់ដឹង​របស់​ពលករ​ក៏​សំខាន់​ដែរ»

របាយការណ៍ ៧០​ទំព័រ​របស់​អង្គការ​ អាយអូអិម (IOM) សហការ​ជាមួយ​សកល​វិទ្យាល័យ​ជុឡាឡុងកន នៅ​ទីក្រុង​បាងកក ស្នើ​ឱ្យ​រដ្ឋាភិបាល​ថៃ ធានា​ដល់​ពលករ​ចំណាកស្រុក​នូវ​ប្រាក់ខែ​គោល​ដែល​កំណត់​ក្នុង​ច្បាប់​ថៃ​។ ត្រូវ​ធានា​ដល់​ពលករ​ចំណាក​​ស្រុក​ទាំងអស់​នូវ​ការធានារ៉ាប់រង​សុខភាព និង​ការធានា​ថ្លៃ​ចំណាយ​លើ​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ។

សំរាប់​ការ​ជួយ​ដល់​ពលករ​ចំណាកស្រុក​ខ្មែរ​វិញ របាយការណ៍​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ហ្វឹកហ្វឺន​បង្រៀន​ពលករ​ខ្លួន​ដែល​ត្រៀម​ចាក​ចេញពី​កម្ពុជា​នូវ​ការ​យល់ដឹង​ចាំបាច់​នានា រួម​ទាំង​ការ​ចុះឈ្មោះ​កូន​ចូលរៀន​នៅ​ប្រទេស​ថៃ​។ បង្កើត​មូលនិធិ​ខ្ចី​ប្រាក់​សម្រាប់​ពលករ​ដើម្បី​កុំ​ឱ្យ​ពលករ​ទៅ​ខ្ចីបុល​ពួក​ឈ្មួញ​ដែល​យកការប្រាក់​ខ្ពស់​។ សហការ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​យក​ថ្លៃ​សេវា​ផ្ញើ​ប្រាក់​ទៅផ្ទះ​សមរម្យ​។ របាយការណ៍​ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ដល់​ពលករ​ដែល​ធ្វើ​មាតុ​ភូម​និវត្តន៍​មក​រស់នៅ​កម្ពុជា​វិញ ដើម្បី​សម្រួល​ឱ្យ​ពួកគេ​អាច​បង្កើត​មុខរបរ ឬ​ប្រើប្រាស់​ជំនាញ​របស់​ពួកគេ​ដែល​ទទួល​បាន​មក​ពី​ប្រទេស​ថៃ ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​កម្រិត​ខ្ពស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។