មេដឹកនាំអង្គការ និងសមាគមខ្មែរនៅអូស្ត្រាលី កំពុងធ្វើការងារការទូត ដើម្បីជំរុញទៅរដ្ឋសភាអូស្ត្រាលីអនុម័តច្បាប់ដាក់ទណ្ឌកម្មលើក្រុមដឹកនាំរបបក្រុងភ្នំពេញ ដែលរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ រំលោភសិទ្ធិមនុស្ស និងធ្វើឲ្យប្រជាធិបតេយ្យធ្លាក់ចុះ។ អ្នកវិភាគថា អូស្ត្រាលី ដែលសម្ព័ន្ធមិត្តរបស់អាមេរិកនឹងយកគំរូតាមសហរដ្ឋអាមេរិក ដែលបានធ្វើច្បាប់ដាក់ទណ្ឌលើមន្ត្រីនៃរបបក្រុងភ្នំពេញមួយចំនួន នាពេលកន្លងមក។
តំណាងពលរដ្ឋខ្មែរនៅអូស្ត្រាលី រួមមាន មេធាវី តំណាងរាស្ត្រ រដ្ឋវិកតូរីយ៉ា (Victoria) ប្រធានសមាគម និងសកម្មជនគណបក្សសង្គ្រោះជាតិ ជាដើម កំពុងជំរុញទៅអ្នកនយោបាយ និងតំណាងរាស្ត្រអូស្ត្រាលីចូលរួមគាំទ្រ ក្នុងការធ្វើច្បាប់ដាក់ទណ្ឌកម្មលើក្រុមដឹកនាំរបបក្រុងភ្នំពេញ។
អតីតតំណាងរាស្ត្ររដ្ឋវ៉ិកតូរីយ៉ា (Victoria) ដើមកំណើតខ្មែរ លោក ហុង លីម ឱ្យអាស៊ីសេរីដឹងថ្ងៃទី២៦ ខែមិថុនា ចាប់តាំងពីមានសំណើធ្វើច្បាប់នេះមកលោកបានជួបជាមួយតំណាងរាស្ត្រអូស្ត្រាលីមួយចំនួន ដែលធ្លាប់ធ្វើការជាមួយលោកកន្លងមក ដើម្បីជំរុញទៅអ្នកទាំងនោះឱ្យយល់ពីសារសំខាន់ ដែលប្រទេសអូស្ត្រាលីត្រូវតែមានច្បាប់នេះ។ លោកបន្តថា សមាជិកសភា ដែលជួបបានពួកគេបង្ហាញឆន្ទៈគាំទ្រ និងចង់ឱ្យមានច្បាប់នេះ៖ « រដ្ឋសភាមែនទែនទៅ គេអត់ធ្វើការ ប៉ុន្តែសមាជិកសភាគេមិនស្រុកវិញយើងមានឱកាសតាមបញ្ឆេះគេ ដូចជាព្រឹកមិញជាដើមយើងបានជួបសមាជិកសភា»។
អតីតសមាជិកសភារូបនេះ ឱ្យដឹងថា ពេលនេះសំណើនៃការធ្វើច្បាប់នេះ កំពុងស្ថិតក្នុងដៃមន្ត្រីជំនាញរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលអ្នកទាំងនោះកំពុងរៀបចំធ្វើ និងចងក្រង។ ប៉ុន្តែលោកថា ពេលនេះដោយសារបញ្ហាជំងឺកូវីដ-១៩ ហើយសភាកំពុងសម្រាក (វ៉ាកង) ដូច្នេះមិនទាន់អាចបញ្ជូនសំណើច្បាប់នេះទៅរដ្ឋសភា ដើម្បីពិនិត្យនៅឡើយទេ ប៉ុន្តែ លោកសង្ឃឹមថា នៅពេលសមាជិកសភាចូលធ្វើការងាររដ្ឋសភា និងអនុម័តច្បាប់នេះ៖ «ខ្ញុំសង្ឃឹមថា រឿងហ្នឹងចេះតែទៅមុខហើយព្រោះយើងចេះតែទាមទារ»។
ទោះយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់ថា ការសម្រេចធ្វើច្បាប់ណាមួយរបស់អូស្ត្រាលី គឺសិទ្ធិរបស់ប្រទេសនេះ។ លោកថា សព្វថ្ងៃនេះទំនាក់ទំនងការទូតប្រទេសទាំងពីរនៅតែមានភាពល្អប្រសើរ៖ « ជាសិទ្ធិសេរីភាព ហើយនិងអធិបតេយ្យរបស់អូស្ត្រាលីយើងមិនហ៊ានលូកកកូរកកាយរឿងហ្នឹងទេ»។
សហរដ្ឋអាមេរិកបានឈានមុខគេក្នុងការអនុម័តច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ដាក់ទណ្ឌកម្មបុគ្គលពីរនាក់នៅកម្ពុជាគឺ មន្រ្តីជំនិតរបស់លោក ហ៊ុន សែន រួមមានមេកងអង្គរក្សរបស់លោក ហ៊ុន សែន នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយឧត្ដមសេនីយ៍ គន់ គីម ដែលជាទេសរដ្ឋមន្ត្រី និងលោក ទ្រី ភាព ជាឈ្មួញឈើនៅ កម្ពុជាកាលពីខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរនៅកម្ពុជា។
អ្នកវិភាគនយោបាយដែលកំពុងរស់នៅប្រទេសហ្វាំងឡង់ ( Finland) លោក គឹម សុខ យល់ថា រដ្ឋាភិបាលរដ្ឋាភិបាលអូស្ត្រាលីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាប្រទេស ដែលត្រូវធ្វើច្បាប់នេះ។ លោកពន្យល់ថា ប្រទេសអូស្ត្រាលីជាប្រទេសហត្ថលេខីមួយក្នុងចំណោមប្រទេសផ្សេងទៀតនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកិច្ចព្រមព្រៀងនេះជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោក គឹម សុខ យល់ថាបើ ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផ្សេងទៀត រួមគ្នាដាក់ទណ្ឌកម្មលើរបបក្រុងភ្នំពេញនឹងធ្វើឱ្យរបបនេះវិលមកគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ៖ «ជាដំបងដ៏ធំមួយទៀត ដែលត្រូវវាយលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ហើយបើដំបងនេះពីសហគមន៍អន្តរជាតិ និងពីសម្ព័ន្ធមិត្តប្រទេសប្រជាធិបតេយ្យ ជាពិសេស ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសកាន់តែច្រើន វាយលើក្រុមលោក ហ៊ុន សែន បើទោះបីក្រុមលោក ហ៊ុន សែន នៅតែមានៈរក្សាអំណាចទំនើងចិត្តបែបសព្វថ្ងៃក៏មិនបានរលូនដែរ»។
កាលពីក្នុងអំឡុងទសវត្សទី៩០ ប្រទេសអូស្ត្រាលីធ្លាប់ដើរតួសំខាន់ក្នុងការផ្ដួចផ្ដើមឱ្យមានដំណោះស្រាយចំពោះជម្លោះនយោបាយនៅកម្ពុជា ដែលមានអតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនាសម័យនោះ គឺលោក ហ្គារ៉េត អេវាន គឺជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
ខ្មែរនៅអូស្ត្រាលី និងអ្នកវិភាគ រំពឹងថា រដ្ឋាភិបាលប្រទេសនេះ និងធ្វើច្បាប់ដាក់ទណ្ឌកម្មលើក្រុមដឹកនាំរបបក្រុងភ្នំពេញ ដែល ពុករលួយ រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់នាពេលកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។