ចលនាសេរីនិយមអន្តរជាតិ ថារបប​ភ្នំពេញ​កាន់តែធ្វើឲ្យខ្លួនក្លាយជារដ្ឋដែលអន្តរជាតិ លែងស្វាគមន៍

ប្រតិកម្មរបស់​ស្ថាប័ន​ចលនាសេរីនិយម​​អន្តរជាតិ​នេះ ធ្វើ​ឡើង​ក្រោយពី​​របបលោក ហ៊ុន សែន តាម​រយៈ​ក្រសួង​ការបរទេសកម្ពុជា កាលពីថ្ងៃទី ១៥​ ខែ កក្កដា បាន​ដាក់ជនបរទេសប្រាំមួយ​រូប​​ក្នុង​បញ្ជីខ្មៅ និង ណែនាំ​​ឲ្យ​ស្ថានទូខ្មែរ​ទាំងអស់ នៅក្រៅប្រទេស កុំចេញ​ទិដ្ឋាការ​ឲ្យ​ជនបរទេស​ទាំងនោះ។ ក្នុង​លិខិតដដែលនោះ ក្រសួង​បង្គាប់ឲ្យ​បដិសេធការ​ផ្តល់​ទិដ្ឋាការ​ ដល់​ជនបរទេស​ឯទៀតដែរ ដែល​មាន​បំណង​គាំទ្រ ឬ ការ​ពារ​លោក សម រង្ស៊ី។
ដោយ មួង ណារ៉េត
2019.07.20
MEPs រូបពីឆ្វេងទៅស្ដាំ៖ លោក ហាវ្យែរ ណាត (Javier Nart),​ អ្នកស្រី អាណា ហ្គោម៉េស (Ana Gomes), ហ្វៀល បិននៀន (Phil Bennion), អ្នកស្រី អាបៀ អាល់សាឡានី (Abir Al Sahlani), លោក យ៉ូហាណេះ ឃនេលីស វ៉ាន់បាឡិន (Johannes Cornelis van BAALEN), លោក អៀលហាន យូឈុក (Ilhan Kyuchyuk)
European Parliament and Liberal International Websites

ប្រធានចលនាសេរីនិយម​​អន្តរជាតិ ឬ Liberal International ថា​របបលោក​ ហ៊ុន សែន កាន់តែ​ងាកចេញ​​ឆ្ងាយទាំងស្រុង​ ​ពីគន្លង​នៃ​គោលការណ៍​​ប្រជាធិបតេយ្យ​សេរីពហុបក្ស និង ការ​គោរពសិទ្ធិមនុស្ស។

ប្រធានចលនានេះ គឺអ្នកស្រី ហាគីម៉ា អែល ហៃតេ (Hakima el Haité) ថ្លែង​នៅក្នុង​ញត្តិថ្កោលទោស​របបលោក ហ៊ុន សែន កាលពីថ្ងៃទី ១៩ ខែ កក្កដា ថា​ការ​ដាក់​សមាជិកសភាអឺរ៉ុប ០៦ រូប​ក្នុង​បញ្ជី​ខ្មៅ ដោយ​គ្រាន់តែពួកគាត់​ប្រកាស​ជំហរ​​ ថាពួកគាត់​ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បី​អមដំណើរ​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញនោះ ថាជាសក្ខីកម្ម​ បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថារបបលោក ហ៊ុន សែន កាន់តែ​លើកប្រទេសកម្ពុជា ដាក់លើជើងពាន នៃប្រទេសដែលអន្តរជាតិ​មិន​ស្វាគមន៍។

ប្រតិកម្មរបស់​ស្ថាប័ន​ចលនាសេរីនិយម​​អន្តរជាតិ​នេះ ធ្វើ​ឡើង​ក្រោយពី​​របបលោក ហ៊ុន សែន តាម​រយៈ​ក្រសួង​ការបរទេសកម្ពុជា កាលពីថ្ងៃទី ១៥​ ខែ កក្កដា បាន​ដាក់ជនបរទេសប្រាំមួយ​រូប​​ក្នុង​បញ្ជីខ្មៅ និង ណែនាំ​​ឲ្យ​ស្ថានទូខ្មែរ​ទាំងអស់ នៅក្រៅប្រទេស កុំចេញ​ទិដ្ឋាការ​ឲ្យ​ជនបរទេស​ទាំងនោះ។ ក្នុង​លិខិតដដែលនោះ ក្រសួង​បង្គាប់ឲ្យ​បដិសេធការ​ផ្តល់​ទិដ្ឋាការ​ ដល់​ជនបរទេស​ឯទៀតដែរ ដែល​មាន​បំណង​គាំទ្រ ឬ ការ​ពារ​លោក សម រង្ស៊ី និង មន្រ្តីគណបក្ស​សង្គ្រោះជាតិ ដែលត្រូវ​បាន​តុលាការនៃ​របបនេះ ផ្តន្ទាទោស ឬ កំពុងជាប់​ទោសដោយសាលដីកា​តុលាការ​។​

ជនបរទេសទាំងប្រាំមួយរូប​ ដែល​ស្ថិតក្នុង​បញ្ជីខ្មៅនោះ គឺសុទ្ធតែជាសមាជិកសភាអឺរ៉ុបទាំងអស់ រួមមានលោក ហ្វៀល ប៊ិននៀន (Phil Bennion) ជនជាតិ​អង់គ្លេស, អ្នកស្រី អាណា ហ្គោម៉េស (Ana Gomes)​ ជនជាតិ​ព័រ​ទុយហ្គាល់ (Portugal) លោក អៀលហាន យូឈុក (Ilhan Kyuchyuk) ជនជាតិ​ប៊ុក​ហ្គារី (Bulgaria) លោក យ៉ូហាណេះ ឃនេលីស វ៉ាន់បាឡិន (Johannes Cornelis van BAALEN) ជនជាតិ​ហុល្លង់ (Netherlands) អ្នកស្រី អាបៀ អាល់​សាឡានី (Abir Al Sahlani) ជនជាតិ​ស៊ុយអែត និង លោក ហាវ្យែរ ណាត (Javier Nart) ជនជាតិ​អេស្ប៉ាញ​។ អ្នកទាំងនេះ កាលពីសប្តាហ៍មុន សុទ្ធតែ​បាន​ប្រកាសជាសាធារណៈ ថាត្រៀម​ខ្លួន​ជាស្រេច ដើម្បី​អមដំណើរ​លោក សម រង្ស៊ី ត្រឡប់​ទៅកម្ពុជាវិញ។

មន្រ្តីនាំពាក្យ​របបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរីនៅថ្ងៃទី ២០ ខែ កក្កដា នេះ ដោយ​បញ្ជាក់ការ​គាំទ្រ​ខ្លឹមសារលិខិតនោះ និង​ថាកម្ពុជាមានសិទ្ធិគ្រប់គ្រាន់​ ក្នុង​ការ​ដាក់សមាជិកសភាអឺរ៉ុបទាំងនោះ ទៅ​​ក្នុងបញ្ជី​ខ្មៅ ដោយ​ហាមឃាត់ការធ្វើដំណើរទៅកម្ពុជា ព្រោះ​បុគ្គលទាំងនោះ ត្រូវ​ចាត់ទុកថា ជាជន​ដែល​មិន​ត្រូវ​បាន​ទទួល​ស្វាគមន៍ ឬ ភាសាឡាតាំងថា​ Persona non grata <<ក្នុង​ច្បាប់​អន្តរជាតិ​ គេ​មាន​និយាយ​ អាហ្នឹង​ non grata។ សាមញ្ញ​បំផុត​ កម្ពុជាជារដ្ឋ​អធិបតេយ្យ​​ ដែល​មាន​សិទ្ធិ​គ្រប់​គ្រាន់​ ចង់​ឲ្យ​អ្នកណា​មក៍ ទទួ​លស្វាគម៍ ហើយ​ក៏ មាន​សិទ្ធិ​មិន​ស្វាគមន៍​បុគ្គល​ណាមួយ​ដែរ>>។

ទោះជាយ៉ាងនេះក្តី សមាជិកសភាអឺរ៉ុប ដែលត្រូវ​របបលោក ហ៊ុន សែន ដាក់​ក្នុង​បញ្ជីខ្មៅ​ទាំងនោះ មិន​យល់ស្របដូច្នេះឡើយ។ សមាជិកសភា​អឺរ៉ុប​មក​ពី​ចក្រភព​អង់គ្លេស​លោក ហ្វីល ប៊ែននៀន (Phil Bennion) ដែល​ធ្លាប់​សន្យា​ជា​សាធារណៈ​ថា លោក​នឹង​អម​ដំណើរ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ធ្វើ​មាតុភូមិ​និវត្ត​មកកាន់​កម្ពុជា​វិញ ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ថា ករណី​របប​លោក ហ៊ុន សែន ដាក់​បញ្ចូល​ឈ្មោះ​លោក​ទៅ​ក្នុង​បញ្ជី​បដិសេធ​ផ្ដល់​ទិដ្ឋាការ​ឱ្យ​ចូល​កម្ពុជា​នោះ រឹតតែ​ស្ដែង​ឱ្យ​ឃើញ​ថា កម្ពុជា​គ្មានប្រជាធិបតេយ្យ និង មិន​គោរពសិទ្ធិមនុស្ស​ឡើយ​​។ លោក​សង្កត់​ធ្ងន់ៗ​ថា ការ​ធ្វើ​ដូច្នេះ នឹង​រឹតតែ​ពង្រឹង ​ឱ្យ​មាន​នូវ​ការ​អំពាវនាវ​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត ឱ្យ​មាន​ចំណាត់ការ​ប្រឆាំង​នឹង​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​នេះ ដែល​បាន​ធ្វើ​ទង្វើ​អកុសល​ទាំងនេះ។

ចំណែកឯអ្នកស្រី អាណា ហ្គោម៉េស (Ana Gomes) ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅនោះដែរ ដោយសារ​តែអ្នកស្រីគាំទ្រលោក សម រង្ស៊ី ប្រាប់​អាស៊ីសេរី តាមសារអេឡិចត្រូនិកកាលពីថ្ងៃទី ១៨ ខែ កក្កដា​ថា ចំណាត់ការ​របស់របបលោក ហ៊ុន សែន មិនចំណេញ​អ្វីដល់កម្ពុជានោះទេ គឺមានតែបង្កើនលទ្ធផល​អវិជ្ជមានច្រើនទៀត​ដល់របបនេះតែប៉ុណ្ណោះ។ អ្នកស្រីបញ្ជាក់ថា សមាជិកសភា​អឺរ៉ុបទាំងអស់ នឹង​រឹត​តែបង្កើនសន្ទុះ នៃការគាំទ្រអ្នកនិយមប្រជាធិបតេយ្យ និង ដំណើរវិលត្រឡប់​របស់មន្រ្តីជាន់ខ្ពស់​បក្សប្រឆាំង​ទៅកម្ពុជាវិញ និង បកអាក្រាតអំពី​អំពើ​ឧក្រិដ្ឋ អំពើពុករលួយ ការ​រំលោភសិទ្ធិមនុស្ស និង ចរិតនៃរបបផ្តាច់ការ​សព្វថ្ងៃនៃ​របបលោក ហ៊ុន សែន ឲ្យ​កាន់តែក្លាំង​ក្លាជាងនេះ។

​ចលនាសេរីនិយម​​អន្តរជាតិ ជាសហព័ន្ធ​ពិភពលោកនៃ​គណបក្សនយោបាយ​សេរីនិយម និង ប្រជាធិបតេយ្យ​ ដែលមានមូលដ្ឋាននៅទីក្រុងឡុង ប្រទេសអង់គ្លេស និង មាន​សមាជិកជាង ១០០ ប្រទេស (១០៦ ប្រទេស​ ត្រឹមខែ ធ្នូ ឆ្នាំ ២០១៨)។ លោក សម រង្ស៊ី ជាអនុប្រធានមួយរូប​របស់​ស្ថាប័នអន្តរជាតិនេះ។ ចលនានេះ កាលពីថ្ងៃទី ១៩ ខែ កក្កដា បានរៀបចំញត្តិមួយ ថ្កោលទោសរបបលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និង ការ​ហាមឃាត់សិទ្ធិធ្វើដំណើររបស់មន្រ្តីបរទេស ដែលនិយម​ប្រជាធិបតេយ្យ​ និង បានអំពាវនាវឲ្យ​របបលោក​ ហ៊ុន សែន ងាកមករកគន្លង​ប្រជាធិបតេយ្យ​ និង ការ​គោរពសិទ្ធិមនុស្ស​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។