សមាជិកសភាអូស្រ្តាលីលោក ម៉ាក បាត់ល័រ (Mark Butler) ថ្លែងថា ពិភពលោកនឹងធ្វើជាសាក្សី នៃដំណើរវិលត្រឡប់ទៅកម្ពុជាវិញ របស់លោក សម រង្ស៊ី និង មន្រ្តីគណៈបក្សសង្គ្រោះជាតិដទៃទៀត នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនោះ ប្រសិនរបបលោក ហ៊ុន សែន ហ៊ានប្រព្រឹត្តអំពើហិង្សាណាមួយលើលោក សម រង្ស៊ី និងមន្រ្តីបក្សប្រឆាំង។
មួង ណារ៉េត៖ លោកយល់យ៉ាងណា ចំពោះស្ថានភាពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ នៅកម្ពុជាសព្វថ្ងៃ?
ម៉ាក បាត់ល័រ៖ ដើមខែកញ្ញានេះ គឺជាគម្រប់ខួប ២ ឆ្នាំនៃការឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា តាំងពីឃុំខ្លួននៅក្នុងពន្ធនាគារ រហូតដល់ឃុំខ្លួនក្នុងផ្ទះ។ ចំណាត់ការបែបនេះ ធ្វើឲ្យរបបលោក ហ៊ុន សែន លែងមានលេសអ្វី មកអួតប្រាប់ពិភពលោកថា កម្ពុជាក្រោមមេដឹកនាំផ្តាច់ការ មានប្រជាធិបតេយ្យ។ នេះរឹតតែបង្ហាញថា លោក ហ៊ុន សែន មិនចង់ឲ្យប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាព ក្នុងការធ្វើនយោបាយទេ។ លោក ហ៊ុន សែន កំពុងប្រឹងប្តូរផ្តាច់ ដើម្បីក្រាញអំណាច និងបន្តទាយាទទៅកូនប្រុសរបស់គាត់។ ស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ កំពុងតែយ៉ាប់យ៉ឺនខ្លាំងនៅកម្ពុជា។ សេរីភាពសំឡេងប្រឆាំង រងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត។ គណបក្សប្រឆាំងនៅតែមិនទាន់ត្រូវបានអនុញ្ញាតឲ្យបើកដំណើរឡើងវិញ។ មន្រ្តីបក្សប្រឆាំងជាច្រើន នៅតែបន្តរស់នៅនិរទ្ទេសខ្លួននៅក្រៅប្រទេស។ ស្ថានភាពបែបនេះ ទាមទារឲ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់បំផុត។
មួង ណារ៉េត៖ តើប្រទេសអូស្រ្តាលី មានករណីយកិច្ចអ្វីខ្លះ ជុំវិញវិបត្តិនយោបាយ នៅប្រទេសកម្ពុជានេះ?
ម៉ាក បាត់ល័រ៖ ប្រទេសអូស្រ្តាលីតូចមែនពិត ប៉ុន្តែ យើងបានចូលរួមចំណែកយ៉ាងច្រើន ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ យើងមានការទទួលខុសត្រូវមួយ ក្នុងការក្រោកឈរ ដើម្បីតតាំងនឹងរបបផ្តាច់ការនៅកម្ពុជា ព្រោះកម្ពុជាជាប់កាតព្វកិច្ចអនុវត្តឲ្យបានទៅតាមស្មារតីនៃកិច្ចព្រៀងនោះ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនមែននិយាយតែសុខសន្តិភាពមួយមុខនោះទេ គឺនិយាយអំពីសិទ្ធិប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យផងដែរ។ ខ្ញុំក្នុងនាមជាតំណាងរាស្រ្តមួយរូប ខ្ញុំតែងតែលើកអំពីបញ្ហានេះ នៅចំពោះមុខរដ្ឋសភាអូស្រ្តាលី។ តំណាងរាស្រ្តដទៃទៀត ដែលជាសហការីរបស់ខ្ញុំ ក៏មានជំហរដូចខ្ញុំដែរ។ យើងតែងតែស្នើឲ្យរដ្ឋាភិបាលអូស្រ្តាលី ធ្វើយ៉ាងណាដាក់សម្ពាធរបបលោក ហ៊ុន សែន ឲ្យងាកមករងគន្លងត្រឹមត្រូវ នៃប្រជាធិបតេយ្យវិញ។ ក្នុងពេលនេះ ខ្ញុំនិងតំណាងរាស្រ្តឯទៀត ក៏កំពុងតែតាមដាន និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ នូវជំហររបស់សហភាពអឺរ៉ុប រឿងព្យួរការអនុគ្រោះពន្ធ EBA និង សហរដ្ឋអាមេរិក រឿងច្បាប់ H.R 526 ដែលដាក់ទណ្ឌកម្មមន្រ្តីរបបលោក ហ៊ុន សែន។ នៅពេលសហភាពអឺរ៉ុប ចាត់ការព្យួរការអនុគ្រោះពន្ធ និង សហរដ្ឋអាមេរិកចាប់ផ្តើម ដាក់ទណ្ឌកម្មលើមន្រ្តីរបបលោក ហ៊ុន សែន ពេលនោះឯង ដែលយើងនឹងស្នើឲ្យរដ្ឋាភិបាលអូស្រ្តាលី ចាត់វិធានការស្រដៀងគ្នាដែរ។
មួង ណារ៉េត៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និង មន្រ្តីគណបក្សប្រឆាំងឯទៀត ប្តេជ្ញាវិលទៅស្រុកខ្មែរវិញ នៅខែវិច្ឆិកា។ តើលោកយល់យ៉ាងណាដែរ ចំពោះការប្តេជ្ញានេះ?
ម៉ាក បាត់ល័រ៖ ខ្ញុំយល់អំពីភាពអន្ទះសាររបស់លោក សម រង្ស៊ី និងមន្រ្តីបក្សប្រឆាំងឯទៀត ដែលទន្ទឹងរង់ចាំឱកាសវិលចូលប្រទេសវិញ ព្រោះគណបក្សប្រឆាំងបានតស៊ូនយោបាយជាច្រើនឆ្នាំណាស់មកហើយ ដើម្បីឲ្យមានការផ្លាស់ប្តូរវិជ្ជាមាននៅកម្ពុជា។ ជាងនេះទៅទៀត ពីរឆ្នាំចុងក្រោយនេះ ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា បានដើរថយក្រោយ។ ពេលលោក សម រង្ស៊ី វិលត្រឡប់ទៅប្រទេសខ្មែរវិញ ពេលនោះពិភពលោកនឹងធ្វើជាសាក្សី និងតាមដានរឿងនេះ។ បើលោក សម រង្ស៊ី រងអំពើហិង្សាពីសំណាក់របបលោក ហ៊ុន សែន ពេលនោះសហគមន៍អន្តរជាតិ ច្បាស់ជាមិននៅស្ងៀមនោះឡើយ។ ពួកគេនឹងចាត់វិធានការតបទៅរបបលោក ហ៊ុន សែន វិញ។
មួង ណារ៉េត៖ តើលោកយល់ថា អ្វីទៅគួរតែជាដំណោះស្រាយសមស្រប ដើម្បីឲ្យកម្ពុជារួចផុតពីវិបត្តិនយោបាយបច្ចុប្បន្ននេះ?
ម៉ាក បាត់ល័រ៖ ដំណោះស្រាយតែមួយគត់ សម្រាប់បញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ននៅកម្ពុជា គឺមានតែសហគមន៍អន្តរជាតិ ដាក់សម្ពាធឲ្យខ្លាំងលើរបបលោក ហ៊ុន សែន ឲ្យគោរពឆន្ទៈរាស្រ្តខ្មែរ និងជាពិសេសគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ មានន័យថារបបលោក ហ៊ុន សែន ត្រូវតែអនុញ្ញាតឲ្យប្រជាពលដ្ឋខ្មែរ គ្រប់និន្នាការនយោបាយ មានសិទ្ធិសម្រេចជោគវាសនាអនាគតប្រទេសជាតិរបស់ខ្លួន ដោយខ្លួនឯង មិនមែនរម្លាយគណបក្សប្រឆាំង មិនមែនចាប់មេគណបក្សប្រឆាំងដាក់គុក រួចហើយបន្តធ្វើទុក្ខបុកម្នេញមន្រ្តីគណបក្សប្រឆាំងឥតឈប់ឈរបែបនោះទេ។ របបលោក ហ៊ុន សែន ត្រូវអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោត ជាអ្នកសម្រេចរឿងនេះ ព្រោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចែងច្បាស់ណាស់អំពីរឿងនេះ។ ពេលនេះ សម្ពាធអន្តរជាតិពិតជាមានសារៈសំខាន់ ក្នុងការធ្វើឲ្យរបបលោក ហ៊ុន សែន ផ្លាស់ប្តូរឥរិយាបទ។ ដូច្នេះហើយ ទើបជាការសំខាន់ណាស់ ដែលប្រទេសប្រជាធិបតេយ្យក្នុងពិភពលោក រួមទាំងប្រទេសអូស្រ្តាលីផង តាមដានដោយយកចិត្តទុកដាក់ មើលអ្វីដែលសភាសហភាពអឺរ៉ុប និងសភាសហរដ្ឋអាមេរិកកំពុងចាត់ការ រឿងស្រុកខ្មែរនេះ។
មួង ណារ៉េត៖ សូមអរគុណលោក ម៉ាក បាត់ល័រ ចំពោះបទសម្ភាសន៍នេះ។
ម៉ាក បាត់ល័រ៖ សូមអរគុណ!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។